ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ជាច្រើន​​ស្វែងរក​ពងអង្ក្រង និង​មេ​ខ្មឹល ​លក់​​​​ធ្វើ​​ជា​មុខរបរ

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​នៅ​ភូមិ​ខ្វាវ ឃុំ​ចំ​ប៉ី ស្រុក​អង្គរ​ជ័យ ភាគច្រើន​មាន​របរ​អង្រួន​សំបុក​អង្ក្រង​យក​ពង ​និង​មេ​ខ្មឹ​លបោះ​ឱ្យ​ម៉ូយ​យក​លក់​បន្ត​ទៅ​ទី ប្រជុំជន​នានា ។ អ្នកស្រី…

ខេត្តកំពត ៖ អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​នៅ​ភូមិ​ខ្វាវ ឃុំ​ចំ​ប៉ី ស្រុក​អង្គរ​ជ័យ ភាគច្រើន​មាន​របរ​អង្រួន​សំបុក​អង្ក្រង​យក​ពង ​និង​មេ​ខ្មឹ​លបោះ​ឱ្យ​ម៉ូយ​យក​លក់​បន្ត​ទៅ​ទី ប្រជុំជន​នានា ។

អ្នកស្រី ឆាយ ដើ​ង អាយុ​៣៤​ឆាំ្ន នៅ​ភូមិ​ខ្វាវ​ឃុំ​ចំ​ប៉ី ​បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា​នេះ​ថា អ្នក​ភូមិ​ខ្វាវ​ជា​ច្រើន​នាក់​មានមុខ​របរ​ដើរ​អង្រួន​សំបុក​អង្ក្រង​យក​ពង​របស់​វា​លក់ ។

អ្នកស្រី ឆាយ ដើ​ង និយាយ​ថា ការ​ដើរ​​រុក​ឬ​ចាក់​សំបុក​អង្ក្រង​យក​ពង​នេះ គឺ​ពួក​អ្នក​ភូមិ​ដើរ​រក​សំបុក​​អង្ក្រង​ឆ្ងាយ​ៗ​ណាស់ តាម​ជួរ​ភ្នំ​ផ្សេង​ៗ​ស្គាល់​អស់ហើយ​ភ្នំ​និង​ព្រៃតូច​ធំ​ដូច​ជា​ភ្នំ​សែន​ហាន ភ្នំ​ច្រក​សៀម ក្នុងស្រុក​បន្ទាយមាស និង​ស្រុក​អង្គរ​ជ័យ ។ ស្ត្រី​រូប​នេះ​បាន​និយាយ​ថា​នៅ​ភ្នំ​វល្លិ​និង​ភ្នំ​កែប ក៏​ពួក​អ្នក​ភូមិ​ខ្វាវ​ធ្លាប់​ដើរ​រុករក​ដែរ គ្មាន​ចន្លោះ​ទេ ។

ស្ត្រី​រូប​នេះ​បាន​និយាយ​ប្រាប់​ថា ការ​ដើរ​រុករក​ចាក់​សំបុក​អង្ក្រង​យក​ពង​និង​មេនេះ​នៅ​ជួរ​ភ្នំ​ខេត្ត​កំពត គឺ​ពួក​គាត់​ដើរ​សព្វ​ដី​អស់ហើយ ។ ដោយ​យក​ម៉ូតូ​ជិះ​សម្រាប់​ជា​មធ្យោបាយ ។ ស្ត្រី​ឈ្មោះ ឆាយ ដើ​ង និយាយ​ថា តម្លៃ​ពងអង្ក្រង​គឺ​មិន​ដែល​ធ្លាក់​ថ្លៃ​ទេ ក្នុង​មួយ​គី​ឡូ​ក្រាម​តម្លៃ​២​ម៉ឺន​៥​ពាន់​រៀល ។ នេះ​បើ​លក់​សម្រាប់​តែ​ម៉ូយមក​ចាំ​ទទួល​ទិញ ហើយ​គេ​អាច​លក់​បន្ត​នៅ​លើ​ទីផ្សារ​ក្នុង​១​គីឡូ​ក្រាម​៣​ម៉ឺ​ន​៥​ពាន់​រៀល ។

អ្នក​ភូមិ​និយាយ​ប្រាប់​ថា អ្នក​ដើរ​រក​ចាក់​សំបុក​អង្ក្រង​យក​ពង​និង​មេ​លក់​មិន​ក្រោម​ពី​១០​នាក់​ទេ​ក្នុង​មួយ​ក្រុម​ៗ ហើយ​គ្រួសារ​នីមួយ​ៗ​រក​ចំណូល​បាន​ពី​លក់​ពងអង្ក្រង​មិន​ក្រោម​ពី​១០​ម៉ឺន​រៀល​ទេ​ក្នុង​១​ថ្ងៃ​ៗ ។

រីឯ​អ្នក​ភូមិ​ម្នាក់​ទៀត​ក៏​បាន​និយាយ​ថា ពួក​អ្នក​ភូមិ​ខ្វាវ​ដែល​មាន​របរ​ដើរ​ចាក់​សំបុក​អង្ក្រង​យក​ពង​នេះ ម្នាក់​ៗ​មិន​តិច​ជាង​៣​ឆាំ្ន​ទេ មាន​ជំនាញ​និង​ថ្នឹក​អស់ហើយ​ខាង​រក​ពង​អ​ង្រ​ង​លក់ ។ ចំណែក​អ្នកខ្លះ​ទើបតែ​ដើរ​ចាក់​សំបុក​អង្ក្រង​យក​ពង​ទេ ដោយ​ពី​មុន​គាត់​ទៅ​រក​ការងារ​ផ្សេង​ៗ តែ​ដល់​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​នេះ​កើតឡើង ពួក​គាត់​មិន​មាន​របរ​អី​ទៀត​ក៏​នាំ​គ្នា​ទាំង​ប្ដី​ទាំង​ប្រពន្ធ​ជិះ​ម៉ូតូ​ដើរ​ចាក់​សំបុក​អង្ក្រង​យក​ពង​លក់​ដូច​គេ​ដូច​ឯង​តែ​ម្ដង​ទៅ ។ អ្នក​ភូមិ​ខ្វាវ​នៅ​តែ​ត្អូញត្អែរ​ក​សំបុក​អង្ក្រង​មិនឃើញ ដោយសារ​តែ​អស់​ព្រៃឈើ ។

ពួក​គេ​រក​អង្ក្រង​លក់​និយាយ​ថា មុខរបរ​នេះ​ចំណាយ​តែ​កម្លាំង និង​ពេលវេលា​ពេញ​មួយ​ថ្ងៃ​ដើរ​តាម​ព្រៃ​ស្វែងរក​សំបុក​អង្ក្រង ។ គាត់​ថា ទោះ​មាន​ប៉ុន្មាន​ក៏​អត់​សល់​ដែរ ព្រោះ​ពងអង្ក្រង ​និង​មេ គេ​ពេញ​និយម​ធ្វើ​ម្ហូប​ច្រើន​មុខ​ណាស់ ។

ចំពោះ​ឧបករណ៍​អង្រួន​អង្ក្រង​គេ​ធ្វើ​បែប​នេះ គឺ​មាន​ឫស្សី​មួយ​ដើម​ប្រវែង​ពី​៤​ទៅ​៥​ម៉ែត្រ ដោយ​ចង​ធុង​ជ័រ​ឬ​ថង់​មួយ​នៅ​ខាង​ចុង​ទម្លាក់​ខ្សែ​ត្រឹម​កន្លះ​ម៉ែត្រ​ពី​ចុង​ឫស្សី ។ នៅ​ក្នុង​ធុង​មាន​ដាក់​ទឹក​ប្រមាណ​កន្លះ​ផ្តិល ។ បើ​ប្រើ​ថង់​ត្រូវ​យក​ថង់​ជ្រលក់​ទឹក​ឱ្យ​ជោក ។ ពេល​ឃើញ​សំបុក​អង្ក្រង គេ​យក​ឫស្សី​នោះ​ទៅ​ចាក់​ចំ​សំបុក​ពី​ខាងក្រោម​ហើយ​រុក​អង្រួន​ខ្លាំង​ៗ ។

ទោះបី​ពង​និង​មេ​កូន​មាន​ប៉ុន្មាន​ក៏​ធ្លាក់​ចូល​ក្នុង​ធុង​ដែល​មានទឹក​ផ្អឹប​ជាប់​ពីក្រោយ​សំបុក​នោះ​ដែរ ហើយ​យក​មក​ផ្ទេរ​ដាក់​ថង់​មួយ​ផ្សេង​ទៀត និង​ធ្វើ​បែប​នេះ​ជា​បន្ត ដរាបណា​មាន​សំបុក​ត្រូវ​ចាក់​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ