ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ទៅ​ម៉េច​បាន បើ​ទេសភាព​ស្រស់​ស្អាត​យ៉ាងនេះ​! «​ទឹកធ្លាក់​អន្លង់​ស្វាយ»

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ «​ទឹកធ្លាក់​អន្លង់​ស្វាយ​» គឺជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ ដែល​ត្រួ​វ​បាន​បង្កើត​ឱ្យ​មាន​សហគមន៍ ថែរក្សា ការពារ នៅ​ឆ្នាំ​២០០២ ប៉ុន្តែ​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មានការ​អភិ​វឌ្ឍន៍…

ខេត្តកំពង់ឆ្នាំង ៖ «​ទឹកធ្លាក់​អន្លង់​ស្វាយ​» គឺជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ ដែល​ត្រួ​វ​បាន​បង្កើត​ឱ្យ​មាន​សហគមន៍ ថែរក្សា ការពារ នៅ​ឆ្នាំ​២០០២ ប៉ុន្តែ​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មានការ​អភិ​វឌ្ឍន៍ ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​ភ្ញៀវ​ទៅ​កំសាន្ត​នៅឡើយ​។ បញ្ហា​សំខាន់ គឺ​ផ្លូវ សេ​វ៉ា​កម្ម​សម្រាប់​ភ្ញៀវ ដូច​ជា​ម្ហូបអាហារ ការ​រៀបចំ​ឱ្យ​មាន​កន្លែង​អង្គុយ​កំសាន្ត និង​ចំណត​រថយន្ត​-​ម៉ូតូ​ជាដើម ។

រមណីយដ្ឋាន​ដ៏​ស្រស់​ស្អាត​មួយ​នេះ ស្ថិត​ក្នុងភូមិ​ដូង​ស្លា ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស មាន​ចម្ងាយ​ជាង​៧០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង​។

ប្រធាន​សហគមន៍​ទេស​រណ៍​ធម្មជាតិ​ទឹកធ្លាក់​អន្លង់​ស្វាយ លោក នុ​ត ហេង នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៨ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សហគមន៍​ទេសចរណ៍​បាន​កើតឡើង​នៅ​ឆ្នាំ​២០០២ ដែល​មាន​ប្រជាពលរដ្ឋ​៤​ភូមិ​ជា​សមាជិក គឺ​មាន​ភូមិ​ដូង​ស្លា ភូមិ​តាំង​ខ្សាច់ ភូមិ​មោង និង​ភូមិ​ក្រសាំង​ដុះ​ឡើង ។ កន្លង​ទៅ អាជ្ញាធរ​ឃុំ បាន​ចំណាយ​ប្រាក់​បដិភាគ​របស់​ឃុំ ជួសជុល​ផ្លូវលំ​ប្រវែង​ជាង​៤​គីឡូ​ម៉ែ​ត ពី​ផ្លូវជាតិ​មក​កាន់​តំបន់​ទឹកធ្លាក់​អន្លង់​ស្វាយ ដើម្បី​ជួយ​សម្រួលការ​ធ្វើ​ដំណើរ​​​ទៅ​លេង​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរណ៍ ។

ដោយឡែក​កន្លង​មក ក៏​មាន​អង្គការ​មួយ​ចំនួន​បាន​ជួយ​ឧបត្ថម្ភ​ថវិការ​ភ្ជាប់​ប្រព័ន្ធ​ទុយោ​ទឹក​ពី​ចង្កេះភ្នំ​ឱ​រ៉ា​ល់ មក​កាន់​ភូមិដ្ឋាន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​រដូវប្រាំង​និង​រដូវវស្សា និង​បាន​ជួយ​កសាង​ទីស្នាក់ការ​សហគមន៍ និង​បាន​ជួយ​កសាង​បន្ទប់ទឹក​មួយ​ចំនួន នៅ​លើ​ទីតាំង​កំសាន្ត​តំបន់​ទឹកធ្លាក់​អន្លង់​ស្វាយ នេះ​ផង​ដែរ ។

ប្រធាន​សហគមន៍ រូប​នោះ​បន្ត​ថា កន្លង​មក ដោយសារ​មាន​ភ្ញៀវ​ទេសចរណ៍​មក​លេង​កំសាន្ត​តិច​តួច គួប​ផ្សំ​នឹង​មាន​ជំងឺ​កូ​វី​ដ​-១៩ ផង​នោះ សហគមន៍​ពុំ​មាន​ចំណូល​កសាង​ខ្យូ​ស សម្រាប់​ភ្ញៀវ​អង្គុយ​លេង​ឡើយ ។ ចំពោះ​សេវាកម្ម​លក់ដូរ​ចំណីអាហារ​វិញ សហគមន៍​ក៏​មិន​ទាន់​រកបាន​ដៃគូ​វិនិយោគ​បាន​នៅឡើយ ។ ហេតុនេះ​ហើយ សហគមន៍​សូម​សំណូមពរ​ដល់​អាជ្ញាធរ ស្ថាប័ន​ពាក់ព័ន្ធ សប្បុរស ឬ​ក្រុមហ៊ុន​វិនិយោគ មេត្តា​ជួយ​សហការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ក្នុង​ទីតាំង​តំបន់​ទឹកធ្លាក់​អន្លង់​ស្វាយ ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​ភ្ញៀវ​ទេសចរណ៍ ដែល​បាន​មក​លេង​កំសាន្ត ។

តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ ដែល​បាន​មក​លេង​កំសាន្ត ទឹកធ្លាក់​អន្លង់​ស្វាយ នៅ​ថ្ងៃអាទិត្យ​នេះ​ថា ពួក​គាត់​ធ្លាប់​បាន​មក​លេង​កំសាន្ត​នៅ​ទី​នេះ​ម្តង​ហើយ កាលពី​៣​ឆ្នាំ​មុន ។ ប៉ុន្តែ​ថ្ងៃនេះ គឺ​៣​ឆ្នាំ​ក្រោយ នៅ​ទី​នេះ​ពុំ​មាន​ឃើញ​អ្វី​ប្លែក​ឡើយ គឺ​នៅ​តែ​ដដែល​ដូច​ជា​គ្មាន​ឃើញ​ការ​អភិវឌ្ឍន៍​អ្វី​សោះ គ្រាន់តែ​បាន​ផ្លូវ​ចូល​ស្រួល​ជា​មុន​បន្តិច​ប៉ុណ្ណោះ ។

ពួក​គាត់​បាន​បញ្ជាក់​ថា​៖ តាម​ពិត​ទៅ​រមណីយដ្ឋាន​ទឹកធ្លាក់​អន្លង់​ស្វាយ ពិតជា​មាន​ធម្មជាតិ​ស្រស់​បំព្រង​ណាស់ មានព្រៃ​ភ្នំ មាន​អន្លុង​ទឹកធ្លាក់​ជា​ច្រើន​កន្លែង មាន​ម្លប់ឈើ គ្រប​លើ​ថ្មដា​ធំ​ៗ ដែល​អាច​ឱ្យ​ភ្ញៀវ អង្គុយ​លេង​កំសាន្ត​បាន ព្រម​ជាមួយ​គ្នា​នេះ ក៏​មាន​ទឹកធ្លាក់​ថ្លា​ដូច​កញ្ចក់ មើល​ឃើញ​ដល់​បាតដី ។ ទិដ្ឋភាព​ដ៏​ល្អ​ត្រកាល​បែប​នេះ គួរតែ​អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍ រក​ដៃគូ មក​ធ្វើការ​អភិវឌ្ឍន៍ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​លេង​កំសាន្ត ដើម្បី​មាន​ចំណូល​ដល់​សហគមន៍ និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​ផង​ដែរ​៕ (​កែស​ម្រួ​ឡ​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ