រាជធានីភ្នំពេញ ៖ បុរស៤នាក់ជិះក្នុងរថយន្តម៉ាកព្រូសមួយគ្រឿងសង្ស័យបើកបរក្នុងល្បឿនលឿន លុះមកដល់ផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុកជាមួយរថយន្តស៊េរីទំនើបមួយគ្រឿងទៀត បណ្ដាលអោយរថយន្តស៊េរីទំនើបក្រឡាប់ជាច្រើនត្រឡប់រងការខូចខាតស្ទើរតែទាំងស្រុង ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ចំណុចផ្លូវបែកជាបួន ស្ថិតនៅតាមដងផ្លូវលេខ១៦៩ កែងផ្លូវលេខ៦១៩ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ភាគីខាងរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ ២BF-៥៨៤៨ បើកបរដោយ បុរសម្នាក់ និងបុរស៣នាក់ទៀតជាអ្នករួមដំណើរ មិនស្គាល់អត្តសញ្ញាណនោះទេ ។ ចំណែកភាគីខាងរថយន្តមួយគ្រឿងទៀត ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ២AR-៩៨៩៤ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ស្ក បើកបរដោយបុរសម្នាក់ និងបុរស៣នាក់ទៀតអ្នករួមដំណើរ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦១៩ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងទៀត ពណ៌ប្រផេះ កំពុងធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៦៩ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចគ្នា ក៏ជ្រុលបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តពណ៌ប្រផេះ ក្រឡាប់ជាច្រើនត្រឡប់ផ្ងារជើងទ្រមេឃ ភ្លាមនោះបុរសទាំង៤នាក់ដែលជិះក្នុងរថយន្តម៉ាកព្រូសបានប្រញ៉ាប់ប្រញ៉ាល់ ឡើងជិះកង់បីគេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចខណ្ឌដូនពេញបានចុះមកដល់ចំណុចកើតហេតុ និងបានទំនាក់ទំនងបន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែងដើម្បីយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ