ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​ក្រសួងសុខាភិបាល​រក​ឃើញ​អ្នក​​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន​២​នាក់​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ខណៈ​ព្យាបាល​ជា​សះស្បើយ​១២៩​នាក់ និង​អ្នក​ឆ្លង​សរុប​នៅ​ទូ​ទាំង​ប្រទេស​១៤១​នាក់ ។ យោង​​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០​ថា…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ខណៈ​ព្យាបាល​ជា​សះស្បើយ​១២៩​នាក់ និង​អ្នក​ឆ្លង​សរុប​នៅ​ទូ​ទាំង​ប្រទេស​១៤១​នាក់ ។

យោង​​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០ ស្ថានភាព​ស្ថាន​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា ចំនួន​អ្នកជា​សះស្បើយ​សរុប​ទាំង​ទូ​ទាំង​ប្រទេស​មាន​ចំនួន​១២៩​នាក់ ស្មើនឹង​៩១.៤៩​ភាគរយ ធៀប​នឹង​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វី​ដ​១៩ ទាំងអស់ នៅ​ក្នុង​ចំនួន​នេះ​មាន​ស្ត្រី​៣៩​នាក់ និង​បុរស​៩០​នាក់​។

ក្រសួងសុខាភិបាល​បន្ត​ថា អ្នក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​មាន​ចំនួន​១២​នាក់ (​ស្រី​១​នាក់ និង​បុរស​១១​នាក់​) ៖ បុរស​ជនជាតិ​ខ្មែរ​៨​នាក់ ស្ត្រីជន​ជាតិខ្មែរ​១​នាក់ និង​បុរស​ជនជាតិ ឥណ្ឌូ​នេ​ស៊ី​១​នាក់ ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ បុរស​ជនជាតិ​ខ្មែរ​២​នាក់ ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី កំពុង​សម្រាក​ព្យាបាល​នៅ​ម​ណ្ឌ​សុខភាព ចាក់​អង្រែ​រាជរដ្ឋាភិបាល​។

ក្រសួង​បាន​បញ្ជាក់​ថា ៖ «​អ្នកមាន​វីរុស​កូ​វី​ដ​១៩ ដែល​បាន​រក​ឃើញ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​សរុប​ចំនួន​១៤១​នាក់ (​ស្ត្រី​៤០​នាក់ និង​បុរស​១០១​នាក់​)»​។

ក្រសួង​បាន​លើក​ឡើង​ថា អ្នក​ដែល​រក​ឃើញ​ថ្មី​ចំនួន​២​នាក់ គឺជា​បុរស​ជនជាតិ​ខ្មែរ​អាយុ​២៣​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​អំពិល ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ និង​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត​អាយុ​១៥​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​ភូមិ​ព្រែក​តា​ខ្មៅ ឃុំ​ដើម​មាន ខេត្តកណ្តាល ជា​អ្នក​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី តាម​ជើងហោះហើរ​ត្រង់​បាន​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០ ទទួល​បាន​លទ្ធផល​តេស្ត វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ។ បច្ចុប្បន្ន​អ្នកជំងឺ​ទាំង​២​នាក់ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ​។

ក្រសួង​បាន​គូស​សម្គាល់​យ៉ាង​ដូច្នេះ​ថា ៖ «​ជើងហោះហើរ​នេះ មាន​អ្នកដំណើរ​សរុប​ចំនួន​១០៧​នាក់ (​ស្ត្រី​៣៨​នាក់ និង​បុរស​៦៩​នាក់​) ហើយ​ក្នុង​ចំនួន​នេះ​មាន​ជនជាតិ​ខ្មែរ​ចំនួន​១០៥​នាក់ (​ស្ត្រី​៣៦​នាក់​) និង​ជនជាតិ​ខ្មែរ​ម៉ា​ឡេ​ស៊ី​ចំនួន​២​នាក់ (​ស្ត្រី​)​។ អ្នកដំណើរ​ជនជាតិ​ខ្មែរ​១០៣​នាក់ ដែល​មាន​លទ្ធផល​តេស្ត​អ​វិ​ជ្ជ មាន​វីរុស​កូ​វី​ដ​១៩ ត្រូវ​បាន​បន្ត​ដាក់​ស្នាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជម្ពូ​វ័ន​១ រាជធានី​ភ្នំពេញ ។ (​សម្រាប់​អ្នក​ដែល​មិន​មាន​លទ្ធភាព​បង់ថ្លៃ​សណ្ឋាគារ​) ដើម្បី​រស់នៅ គឺ​ចាំ​ការ​ដឹក​ជញ្ជូន​ទៅ​បន្ត​ធ្វើ​ច​ត្តា​លី​ស័ក នៅ​តាម​បណ្តាល​ខេត្ត​ដែល​ពួក​គាត់​រស់នៅ​រៀង​ៗ​ខ្លួន និង​បុរស​ជនជាតិ​ម៉េ​ឡេ​ស៊ី ២​នាក់ បន្ត​ស្នាក់​នៅ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ (​សម្រាប់​អ្នក​ដែល​ជ្រើសរើស​យក​ការ​បង់ថ្លៃ​សណ្ឋាគារ​) ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​បន្ត​ទៀត​»​។

លោក​សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ធ្វើការ​ក្រើនរំលឹក​អំពាវនាវ ហើយ​អំពាវនាវ​ទៀត ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បន្ត​កិច្ច​ការពារ​ខ្លួន​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល កុំ​ភ្លេចខ្លួន​ឲ្យ​សោះ ដោយ​ត្រូវ​ចេះ​ផ្លាស់​ប្តូរ​ទម្លាប់​របស់​ខ្លួន​ឲ្យ​សម​ស្រប​តាម «​ការ​រស់នៅ​ធម្មតា តាម​បែប​គន្លង​ថ្មី​»​។ ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ គឺ​យើង​មិន​ត្រូវ​មើល​រំលង​នោះ​ទេ ដោយ​វីរុស​កូ​វី​ដ​១៩ នេះ អាច​វៃ​លុក​ផ្លូវដង្ហើម​យ៉ាង​សាហាវ ដែល​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ដង្ហើម​ណាស់ រហូត​ដល់​ត្រដរខ្យល់​ដោយ​ខ្វះ​អុកស៊ីហ្សែន ឈាន​ដល់​ការ​បាត់បង់​ជីវិត​បាន ដែល​ក្រុម​គ្រូពេទ្យ​ក៏​ពិបាក​នឹង​ជួយ​សង្គ្រោះ​ឲ្យ​ផុត​ពី​សេចក្តីស្លាប់​នេះ​បាន​ដែរ​។

លោក​បញ្ជាក់​ថា ៖ «​ជ្រោះ​មរណៈ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ស្ថិត​នៅ​ចំពោះ​មុខ​ក្នុង​ស្ថានភាព​គួរ​ឲ្យ​មានការ​ព្រួយបារម្ភ​ណាស់​នៅ​លើ​សកលលោក នៅ​ក្នុង​តំបន់ នៅ​តាម​បណ្ត​ប្រទេស នៅ​តាម​សហគមន៍ និង​សម្រាប់​បុគ្គល ។ ដូច្នេះ​ដូច​បងប្អូន​ប្រជាពលរដ្ឋ​យើង ជា​ពិសេស បុគ្គល​គ្រប់​រូប ត្រូវ​តែ​ខិតខំ​បន្ត​កិច្ច​ការពារ​ខ្លួន​ពី​ការ​ចម្លង​វីរុស​សាហាវ​នេះ ដើម្បី​សុខភាព​ផ្ទាល់ខ្លួន ក្រុម​គ្រួសារ​ខ្លួន និង​សហគមន៍​របស់​ខ្លួន គ្មាន​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩»​។

ជាមួយ​គ្នា​នោះ លោក​រដ្ឋមន្ត្រី​សូម​ចូលរួម​អនុវត្តន៍​ការ​រស់នៅ​ធម្មតា តាម​បែប​គន្លង​ថ្មី ជាមួយនឹង​ការ​អនុវត្តន៍​កិច្ច​ការពារ​ខ្លួន​ជាប់​ជា​ប្រចាំ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ចៀស​ផុត​ពី​ជ្រោះ​មរណៈ ដោយ​សារ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ លោក​រដ្ឋមន្ត្រី​ក៏​សូម​ថ្លៃ​អំណរ​គុណ​ចំពោះ​រាល់​ការ​ចូលរួម​ទាំងអស់​របស់​លោក​អ្នក ដើម្បី​រួម​គ្នា​ទប់ស្កាត់​រលក​ទី​២ នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩ នៅ​កម្ពុជា​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ក៏​បាន​លើក​ឡើង​ថា អង្គការ​សុខភាព​ពិភពលោក បាន​បញ្ជាក់​ថា យើង​មិន​ទាន់​ដឹង​បាន​អំពី​វីរុស​កូ​វី​ដ​១៩ នេះ​មាន​អត្ត​ច​រិ​ក​បែប​ណា នឹង​នៅ​កន្លែង ណា​ឡើយ តែ​អ្វី​ដែល​យើង​អាច​ដឹង​បាន​នោះ គឺ​ការ​ចម្លង​របស់​វា​បណ្តាល​មក​ពី​ការ​ប៉ះពាល់​ផ្ទាល់​ទៅ​នឹង​តំណក់​ទឹកមាត់​តូច​ៗ ឬ​ទឹករំអិល​ផ្លូវដង្ហើម​របស់​អ្នកមាន​ផ្ទុក​វីរុស​កូ​វី​ដ​១៩ ហើយ បុគ្គល​មិន​បាន​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន​បាន​ត្រឹមត្រូវ ជា​ពិសេស​ហានិភ័យ​ក្នុង​ការ​ចម្លង​វីរុស​ដ៏​កាច​សាហាវ នេះ​គឺ​មាន​ខ្ពស់ នៅ​ពេល​ដែល​បុគ្គល​ចល័ត​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដោយ​ភ្លេច ឬ​មិន​បាន​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន ។ ការ​ចម្លង គឺ​អាច​នឹង​កើត​មាន​ឡើង​សម្រាប់​បុគ្គល​នៅ​គ្រប់​កាលៈទេសៈ គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ