ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាលស្រុកសូទ្រនិគមបានប្រាប់ ឱ្យដឹងថា មានករណីប្រទះឃើញបុរសម្នាក់ដេកបាត់បង់ជីវិតនៅក្នុងអង្រឹងក្រោមផ្ទះ បង្កភ្ញាក់ផ្អើលពេញភូមិ ហើយត្រូវបានគេសង្ស័យថា ជនរងគ្រោះលេបថ្នាំហួសកម្រិត ។
ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
បើតាមការអះអាងពីសមត្ថកិច្ចនគរបាលស្រុកបានបញ្ជាក់ទៀតថា ជនរងគ្រោះឈ្មោះ ហែម ស៊ីណាង ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់បន្តថា ជនរងគ្រោះមានជំងឺសរសៃប្រសាទ ហើយបានលេបថ្នាំសរសៃប្រសាទជាប្រចាំផងដែរ ។ លុះនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ស្រាប់តែបងប្អូនប្រទះឃើញជនរងគ្រោះដេកបាត់បង់ជីវិតក្នុងអង្រឹងក្រោមផ្ទះ ខណៈប្រហែលបានលេបថ្នាំសរសៃប្រសាទហួសកម្រិតអស់មួយកំប៉ុង ។
តាមការពិនិត្យ និងធ្វើកោសល្យវិនិច័្ឆយរបស់មន្ត្រីជំនាញទៅលើសពជនរងគ្រោះបានសន្និដ្ឋានថា ជនរងគ្រោះពិតជាលេបថ្នាំហួសកម្រិត បណ្តាលឱ្យបាត់បង់ជីវិតប្រាកដមែន ក្រៅពីនេះពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងករណីបទល្មើសឡើយ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានកម្លាំងជំនាញប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ