Liverpool ថ្កោលទោស​ទ​ង្វើ​អ្នកគាំទ្រ​ ដែល​បង្ក​ភាព​វឹកវរ​ពាសពេញទី​ក្រុង


ប្រទេស​អង់គ្លេស ៖ ក្លិប​ហង្ស​ក្រហម Liverpool បាន​ថ្កោលទោស ចំពោះ​ការ​ប្រព្រឹត្ដ​របស់​អ្នកគាំទ្រ​ខ្លួន​មួយ​ចំនួន ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​ទីក្រុង Liverpool ដើម្បី​អបអរ​ការ​ឈ្នះ​ពានរង្វាន់​ក្រប​ខណ្ឌ Premier League ជា​លើក​ដំបូង​របស់​ខ្លួន​ក្រោយ​ខកខាន​អស់​រយៈពេល ៣០​ឆ្នាំ​​។

បើ​យោង​តាម​ប្រភព​ពី BBC បានឱ្យ​ដឹង​ថា មនុស្សចំនួន ៣៤​នាក់​បាន​រង​របួស ខណៈ ៣​នាក់​​ធ្ងន់ធ្ងរ ​នៅ​ពេល​ដែល​មនុស្ស​រាប់​ពាន់​នាក់ ​បាន​ប្រមូលផ្តុំ​គ្នា​ក្នុង​ទីក្រុង បើ​ទោះបីជា​មានការ​រឹតត្បិត​លើ​ការ​ប្រមូលផ្តុំ​ពី​រដ្ឋាភិបាល​យ៉ាងណា​ក៏​ដោយ​។ ក្នុង​ហេតុការណ៍​នោះ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ក៏​បាន​ពន្លត់ភ្លើង​កាំជ្រួច​តូច​ៗ​ នៅ​ឯ​ក្រៅ​អាគារ​សំខាន់​ៗ​មួយ​ចំនួន។

អភិបាលក្រុង Liverpool លោក Joe Anderson បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​នានា​បាន​ធ្វើ​ឱ្យ​ក្លិប​បាល់ទាត់ និង​ទីក្រុង Liverpool បាត់បង់កត្តិយស និង​ភាព​វឹកវរ។ ក្រុម​សង្គ្រោះ​បន្ទាន់​បាន​និយាយ​ថា មនុស្ស ៣​នាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​ឯ​មន្ទីរពេទ្យ​។ ហើយ​មនុស្ស ២៤​នាក់​ផ្សេង​ទៀត​ក៏​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង​ដែរ។ ខណៈ​ដែល ៧​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ទទួល​ការ​ព្យាបាល​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។

របាយការណ៍​ពី​មន្ត្រី​ប៉ូលិស​បានឱ្យ​ដឹង​ថា បុរស​វ័យ ១៩​ឆ្នាំ​ម្នាក់​មក​ពី​តំបន់ Scarisbrick ត្រូវ​បាន​ចាប់ខ្លួនសង្ស័យ​ពី​បទ​​បង្ក​ឱ្យ​មាន​អគ្គី​ភ័យ​ឆាបឆេះ ដែល​ផ្តើម​មក​ពី​ការ​ដុត​កាំជ្រួច​។ ប៉ូ​លី​សបាន​បញ្ជាក់​ថា ការ​ឆាបឆេះ​នេះ​បណ្តាល​ឱ្យមានការ​ខូចខាត​ គិត​ជា​ទឹកប្រាក់​យ៉ាង​ហោច​ណាស់ ១​ម៉ឺន​ផោន​។

លោក Andy Cooke ប្រធាន​ប៉ូ​លី​ស​ប្រចាំ​តំបន់​បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម Twitter ថា​មនុស្ស​ចំនួន ១៥​នាក់​ត្រូវ​បាន​ចាប់ខ្លួន ដោយសារ​ការ​បង្ក​ឱ្យ​មាន​ភាព​ច្របូកច្របល់​យ៉ាង​ខ្លាំង ហើយ​ក៏មាន​ការ​ប្រឈម​មុខ​គ្នា​ដោយ​ហិង្សា​ជា​ច្រើនផង​ដែរ។

សូម​រំលឹក​ជូន​ថា ក្រុម​ហង្ស​ក្រហម Liverpool បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ Premier League កាលពី​ថ្ងៃ​ព្រហស្បតិ៍ ពោល​គឺ​នៅ​ក្រោយ​ក្រុម Manchester City រង​បរាជ័យ​ដោយ​ក្រុម Chelsea ដោយ​លទ្ធផល ២-១ ៕ (ដកស្រង់​ចេញពី៖ BBC)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ