ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ដឹងអត់ថា ស្នាព្រះហស្ថព្រះបាទសូរ្យវរ្ម័នទី១ មានអ្វីខ្លះ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលណា​យើង​នឹក​ដល់​ព្រះមហាក្សត្រ​ខ្មែរ​ដែល​ល្បីល្បាញ កាលពី​សម័យ​បុរាណ គេ​ប្រាកដជា​នឹកឃើញ​មុនគេ​ដល់ «​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧» (​គ​.​ស​.១១៨១ – ១២២០) ព្រោះ​គេ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ កាលណា​យើង​នឹក​ដល់​ព្រះមហាក្សត្រ​ខ្មែរ​ដែល​ល្បីល្បាញ កាលពី​សម័យ​បុរាណ គេ​ប្រាកដជា​នឹកឃើញ​មុនគេ​ដល់ «​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧» (​គ​.​ស​.១១៨១ – ១២២០) ព្រោះ​គេ​ដឹង​ថា ទ្រង់​បាន​រំដោះប្រទេស​ជាតិ​ចេញពី​ការ​ឈ្លានពាន​របស់​ចាម្ប៉ា និង​បាន​កសាង​នូវ​សម្មិទ្ធិ​ផល​ជា​ច្រើន ជា​ពិសេស គឺ​ប្រាង្គ​ប្រាសាទ​ដែល​ឧទ្ទិស ដល់​ព្រះពុទ្ធ​សាសនា​មហាយាន ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពាសពេញ​ដែនដី​កម្ពុជា​សព្វថ្ងៃ ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​ចេញផ្សាយ​នា​ថ្ងៃ​ទី​២៧ ខែមិថុនា​នេះ ។

ប៉ុន្តែ បើ​យើង​គិត​ថយក្រោយ​មុន​ដល់​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ បន្តិច យើង​នឹង​ឃើញ​ព្រះមហាក្សត្រ​មួយ​អង្គ​ដែល​គេ​គិត​ថា ទ្រង់​ក៏​ជា​ព្រះមហាក្សត្រ​ឆ្នើម ស្ទើរ​លើស​ពី​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ក៏​អាច​ថា​បាន ព្រោះ​សម្មិទ្ធិ​ផល​ដែល​សាង​ក្នុង​រាជ្យ​របស់​ទ្រង់ សព្វថ្ងៃ​មាននៅ​រាយ​ប៉ាយ​ពាសពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ហើយ​នៅ​បណ្តា​ប្រទេស​ជិតខាង​យើង​មាន​សៀម លាវ ដែល​មួយ​ផ្នែក​ជា​អតីត​ដែនដី​ខ្មែរ​កាលពី​បុរាណ ក៏​មាននូវ​សេស​សស់​សំណង់​ប្រាសាទ​ក្នុង​រាជ្យ​ទ្រង់​ច្រើន​ក្រាស់ក្រែល​ណាស់​ដែរ នោះ​គឺ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ ។

ចង់​ដឹង​ថា តើ​សាវតារ​, ព្រឹត្តិការណ៍​នយោបាយ​, ស្នា​ព្រះ​ហ​ស្ថ​ទ្រង់មាន​លក្ខណៈ​អស្ចារ្យ​យ៉ាងណា​នោះ សូម​អាន​អត្ថបទ​ខាងក្រោម​ជា​បន្តបន្ទាប់ និង​គយគន់​នូវ​រូបភាព​នៃ​ប្រាសាទ​ដែល​ជា​ស្នា​ព្រះ​ហ​ស្ថ​ទ្រង់​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ចែករំលែក​ជូន​។

បន្ទាប់​ពី​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៥ សោយ​ទិវង្គត​នៅ​ព្រះ​ជន្ម​៤០​វស្សា​ជាង ព្រះបាទ​ឧទ័យ​ទិ​ត្យ​វរ្ម័ន​ទី​១ បាន​ឡើង​សោយរាជ្យ​បន្ត​នៅ​គ​.​ស​.១០០១​។ ព្រះ​អង្គ​ត្រូវជា​ក្មួយ​មហេសី​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៥​។

ទ្រង់​ឡើង​សោយរាជ្យ​ពុំ​មាន​អ្វី​ជា​សម្មិទ្ធិ​ផល​ច្រើន​ឡើយ ដ្បិត​ព្រះ​អង្គ​សោយរាជ្យ​បាន​តែ​មួយ​ឆ្នាំ ក៏​សោយ​ទិវង្គត​វិញ​នៅ​គ​.​ស​.​ឆ្នាំ​១០០២​។ ម្ល៉ោះហើយ សិទ្ធិ​ក្នុង​ការ​ស្នងរាជ្យ​បន្ត​ពិតជា​មានការ​តវ៉ា ហើយ​បញ្ចប់​ទៅ​វិញ​ដោយ​ការ​បង្កើត​សន្តិ​វង្ស​ថ្មី​មួយទៀត​។
ភាព​ក្សេមក្សាន្ត​បាន​ចុះ​ថយ​ខ្លាំង​នៅ​ដើម​ស​.​វ​.​ទី​១១ ចាប់ពី​ពេល​ដែល​ព្រះបាទ​ជ័យ​វីរ​វរ្ម័ន​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​១០០២​។ គេ​ពុំ​ដឹង​ថា​ព្រះ​អង្គ​មាន​ខ្សែស្រឡាយ​ខាង​ណា​ទេ ហើយ​ក៏​មិនដឹង​ថា​ទ្រង់មាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​ស្នងរាជ្យ​សម្បត្តិ​ឬ​យ៉ាងណា​ទេ? តែ​ព្រះ​អង្គ​ត្រូវ​គេ​កំចាត់​ចេញពី​អង្គរ​នៅ​ឆ្នាំ​១០០៦​។ សិលាចារឹក​ក្នុង​រាជ្យ​ព្រះ​អង្គ​ឃើញ​មាន​ចន្លោះ​ឆ្នាំ ១០០៣ ដល់ ១០០៦ នៅ​តំបន់​អង្គរ និង​នៅ​តំបន់​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្តកំពង់ធំ បាត់ដំបង សៀមរាប​។ ក្នុង​ពេល​នោះ​មាន​ក្សត្រ​មួយ​អង្គ (​អនាគត​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១) ជំទាស់​មិន​ទទួលស្គាល់​រាជ្យ​របស់​ទ្រង់ ហើយ​ប្រកាស​ធ្វើសង្គ្រាម​ដណ្តើម​រាជ្យសម្បត្តិ​អស់​រយៈពេល​ច្រើន​ឆ្នាំ​។ រជ្ជកាល​របស់​ព្រះបាទ​ជ័យ​វីរ​វរ្ម័ន​បាន​បញ្ចប់​ដោយ​ការ​ច្បាំង​ដណ្តើម​រាជ្យ​ពី​សំណាក់​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១​។

អ្នក​ស្រាវជ្រាវ​មិន​បានដឹង​ច្បាស់លាស់​អំពី​រាជ្យ​របស់​ព្រះបាទ​ជ័យ​វីរ​វរ្ម័ន​នោះ​ទេ ប៉ុន្តែ​គេ​យល់​ថា ប្រហែលជា​នៅ​ចន្លោះ​ឆ្នាំ​១០០៦-១០១០ ព្រះ​អង្គ​បាន​បាត់​ពី​ឆាកនយោបាយ ហើយ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១​បាន​ឡើង​សោយរាជ្យ​បន្ត​នៅ​តំបន់​អង្គរ​។

លោក George Coedes ជា​អ្នក​ប្រ​វ​តិ្ត​វិទូ​បារាំង និង​លោក L.P. Briggs យល់​ថា​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ ជា​ស្តេច​ចម្បាំង​វាតទី​ទឹកដី​មួយ​អង្គ យាង​មក​ពី​ឧបទ្វីប​ម៉ា​ឡេ​ស៊ី ព្រោះ​លោក​ទាំង​ពីរ​បាន​សិក្សា​សិលាចារឹក​ក្នុង​រាជ្យ​ព្រះ​អង្គ​ឃើញ​មាន​គោ​រម្យ​ងារ​ព្រះ​អង្គ​ថា «​កំ​ត្វ​ន៑​» ដែល​ពាក្យ​ម៉ា​ឡេ​ស៊ី «​តួន​» ប្រែ​ថា «​លោក​ម្ចាស់​»​។ ក្រោយមក ទើប​លោក Coedes បានដឹង​ថា​ពាក្យ «​កំ​ត្វ​ន៑​» ជា​ពាក្យ​ខ្មែរ​បុរាណ​ដែល​ចង់​និយាយ​អំពី​ការ​បន្ត​ទាយាទ​ខាង​ស្រី (​តោន៑​, ត្វ​ន៑ ត្រូវ​នឹង​ពាក្យ​ខ្មែរ​ទំនើប​ថា «​ដូន​»​។

ក្រោយមក​លោក Michael Vickery បាន​សិក្សា​បន្ថែម​លើ​សិលាចារឹក​ជា​ច្រើន​ក្នុង​រាជ្យ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ ហើយ​បាន​ស​និ្ន​ដ្នា​ន​ថ្មី​ថា ព្រះ​អង្គ​ទំនងជា​មនុស្ស​នៅ​ក្នុង​គ្រួសារ​ដ៏​មាន​អំណាច​មួយ ដែល​មាន​ប្រវត្តិ​ចាស់​ជាង​គ្រួសារ​ដែល​ទើប​ចាប់ផ្តើម​សកម្មភាព​ពី​រាជ្យ​ស្តេច​ជ័យ​វរ្ម័ន​ទី​២ (K.១៣៦) ហើយ​ព្រះ​អង្គ​ទំនង​មានស្រុក​កំណើត​នៅ​ខាងត្បូង​ឬ​ឦសាន​តំបន់​អង្គរ (​ក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម​)​។

សិលាចារឹក​ក្នុង​រាជ្យ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ ចាប់ផ្តើម​ដំបូង​ៗ​នៅ​ក្រុម​ប្រាសាទ​របង​រមាស ខេត្តកំពង់ធំ (K.១៥៣) នៅ​ក្រចេះ (K.១២៥) នៅ​ជីក្រែង (K.៤៦៨) និង​មាននៅ​កំពង់ចាម (K.៨៩ និង K.១៦១) ចន្លោះ​គ​.​ស​.​ឆ្នាំ​១០០១ ដល់ ១០០៣​។

រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ ចាប់ផ្តើម​ជាមួយ​សង្គ្រាមស៊ីវិល​មួយ​នៅ​ដើម​ស​.​វ​.​ទី​១១ ដោយ​ព្រះ​អង្គ​ផ្ទាល់ ជាមួយនឹង​ស្តេច​ជ័យ​វីរ​វរ្ម័ន ប្រហែល​ក្នុង​ពេល​ដែល​ព្រះបាទ​ឧទ័យ​ទិ​ត្យ​វរ្ម័ន​ទី​១​ស្នងរាជ្យ​បន្ត​ពី​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៥ ក្នុង​ឆ្នាំ​១០០១ ។ ដូច្នេះ សង្គ្រាម​ដំបូង​ប្រហែល​កើតឡើង​រវាង​បក្ខពួក​បី​ក្រុម គឺ​ខាង​ព្រះបាទ​ឧទ័យ​ទិ​ត្យ​វរ្ម័ន​ទី​១ ជាមួយនឹង​អ្នកដឹកនាំ​គ្រួសារ​មន្ត្រី​ពីរ​ក្រុម ហើយ​គ្មាន​បញ្ជីរាយនាម​សន្តិ​វង្ស​ច្បាស់លាស់​ទេ ទាំង​ព្រះបាទ​សូរ្យ​វរ្ម័ន និង​ព្រះបាទ​ជ័យ​វីរ​វរ្ម័ន ហើយ​ប្រហែល​ស្តេច​ទាំង​ពីរ​អង្គ​នៅ​ក្រៅ​រាជវង្ស​ស្តេច​សំខាន់​ពី​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ ដល់​ជ័យ​វរ្ម័ន​ទី​៥ ។

នៅ​ក្រោយ​ឆ្នាំ​១០០៦ ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ គង់នៅ​រាជធានី​អង្គរ ហើយ​ក្នុង​ឆ្នាំ​១០១១ នៅ​ពេល​ដែល​ព្រះ​អង្គ​បាន​ឈ្នះ​សង្គ្រាម​ជា​ស្ថាពរ ទ្រង់​បាន​ឲ្យ​គេ​ចារ​សិលាចារឹក​យ៉ាង​វែង​ដែល​និយាយ​ពី​ពាក្យ​សម្បថ​របស់​មន្ត្រី​តាម​ខេត្ត ចារឹក​នៅ​ប្រាសាទ​ភិ​មាស​អាកាស និង​ប្រាសាទ​ឃ្លាំង (K.២៩២, K.៤៦៦-៤៦៨, K.៥៥១-៥៥២)​។ ក្នុង​ឃ្លា​មួយ​នៃ​សម្បថ​នោះ​បាន​សរសេរ​ថា «​នឹង​មាន​ភក្តីភាព​តែ​ចំពោះ​ព្រះ​អង្គ​តែ​មួយ​អង្គ​គត់ បើ​នរណា​ហ៊ាន​ក្បត់ សូម​ឲ្យ​ធ្លាក់​ទៅ​នរក ដរាបណា​លែង​មាន​ព្រះចន្ទ្រ និង​ព្រះអាទិត្យ​»​។

ក្នុង​រជ្ជកាល​របស់​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ ទ្រង់​បាន​ពង្រីក​វិសាលភាព​ទឹកដី​អង្គរ​ទៅ​កាន់តែ​ឆ្ងាយ ។ មាន​សិលាចារឹក​មួយ​នៅ​លពបុរី (​ស្រុក​សៀម​សព្វថ្ងៃ​) បាន​និយាយ​រៀបរាប់​អំពី​អំណាច​របស់​ទ្រង់​។

ចំណែក នៅ​ក្នុង​សិលាចារឹក​សម្បថ​ក៏​មាន​និយាយ​អំពី​មន្ត្រី​មួយ​ចំនួន​ដែល​មាន​ងារ​ថា «​ម្រ​តា​ញ​» មក​ពី «​ស្រុក​» នៅ «​ប្រមាណ​» ល្វោ មិន​ឆ្ងាយ​ប៉ុន្មាន​ខាងជើង​អយុធ្យា រាជធានី​ថៃ​សម័យ​ក្រោយ​អង្គរ​។ លោក Vickery បាន​សិក្សា​សិលាចារឹក​ជា​ច្រើន​នៅ​សម័យ​មុន​អង្គរ និង​អង្គរ បាន​បញ្ជាក់​ថា ការ​ពង្រីក​វិសាលភាព​ទឹកដី​របស់​ទ្រង់​ទៅ​កាន់​តំបន់​រៀបរាប់​ខាងលើ​នេះ ពុំ​មែនមាន​ន័យ​ថា​ខ្មែរ​យើង​ទៅ​ឈ្លានពាន​ទឹកដី​ជនជាតិ​ថៃ​ទេ ។ ពោល គឺ​តំបន់​នោះ​ជា​តំបន់​ដែល​ជនជាតិ​ខ្មែរ​នា​សម័យ​នោះ​រស់នៅ​យូរណាស់​មក​ហើយ ដែល​គេ​រក​ឃើញ​ថា ខ្មែរ​យើង​រស់នៅ​ទីនោះ​ចាប់ពី​ស​.​វ​.​ទី​៧ ក្នុង​រជ្ជកាល​ព្រះបាទ​ឦសាន​រ្ម័​នទី​១​មក​ម្ល៉េះ ហើយ​សិលាចារឹក​មួយ​នៅ​ស​.​វ​.​ទី​៧ ក៏​បាន​បញ្ជាក់​ថា បុត្រា​ច្បង​របស់​ព្រះបាទ​ឦសាន​វរ្ម័ន​ទី​១ ឈ្មោះ​ថា «​សី​វ​ទត្ត» ជា​អ្នកដឹកនាំ ឬ​ជា​ចៅហ្វាយខេត្ត​នៅ​ទីនោះ​ផង​ដែរ​។ ពោល គឺ​ការ​ពង្រីក​ទឹកដី​នេះ ជា​ទំនាក់ទំនង​មួយ​ប្រកបដោយ​សន្តិភាព ព្រោះ​ប្រជាជន​ដែល​រស់នៅ​ទីនោះ​គឺ​សុទ្ធសឹងតែ​ជា​ខ្មែរ ។

សិល្បៈ​នៅ​ក្នុង​រជ្ជកាល​របស់​ទ្រង់ គេ​បាន​ចាត់​ចូល​ក្នុង​សិល្បៈ​អន្តរកាល​រវាង​រចនាបថ​ឃ្លាំង និង​រចនាបថ​បា​ភួ​ន ។ នៅ​ក្នុង​សម័យ​កាលនោះ គេ​និយម​សាងសង់​ប្រាសាទ​អំពី​ថ្មភក់ និង​ប្រាសាទ​ធ្វើ​ពី​ឥដ្ឋ​ក៏​នៅ​តែ​បន្ត​មាន ។ លក្ខណៈ​ស្ថាបត្យកម្ម​នៅ​ក្នុង​រាជ្យ​របស់​ទ្រង់មាន​ដូច​តទៅ​៖ ប្រាសាទ​មាន​ខឿន​ច្រើន​ថ្នាក់ និង​មាន​ប្រាង្គ​នៅ​ខាងលើ​, មាន​ថែវ​នៅ​ព័ទ្ធ​ជុំវិញ​, ថែវ​មាន​ដំបូល​ធ្វើ​អំពី​ថ្ម​, ប្រាង្គ​មាន​ប្លង់​បាត​រាង​កាកបាទ និង​មាន​ទ្វារ​ចេញចូល​នៅ​គ្រប់​ទិស​ទាំង​៤​។ ប្រាសាទ​សំខាន់​ក្នុង​រាជ្យ​របស់​ទ្រង់មាន​ដូច​ជា​៖ ប្រាសាទ​ឃ្លាំង​ខាងជើង ឃ្លាំង​ខាងត្បូង តាកែវ ភិ​មាន​អាកាស ក្លោ​ង​ទ្វារ​រាជវាំង (​ខេត្តសៀមរាប​) ផ្នែក​ខ្លះ​នៃ​ប្រាសាទតាកែវ (​សៀមរាប​) របង​រមាស (​កំពង់ធំ​) ផ្នែក​ខ្លះ​នៃ​ប្រាសាទព្រះវិហារ (​ព្រះ​វិហារ​) ផ្នែក​ខ្លះ​នៃ​ប្រាសាទ​បាកាណ (​ព្រះ​វិហារ​) ផ្នែក​ខ្លះ​នៃ​ប្រាសាទ​វត្ត​ភូ (​ឡាវ​) ប្រាសាទភ្នំជីសូ​រ្យ (​តាកែវ​) ចៅស្រី​វិបុល (​សៀមរាប​) ស្រី​គ្រប់​ល័ក្ខណ​(​កំពង់ធំ​) មឿង​តាំ (​សៀម​) ស្នឹង​, វត្ត​បា​សែត​, ឯក​ភ្នំ (​បាត់ដំបង​) បន្ទាយស្រី (​ដំ​ដែក សៀមរាប​) ភ្នំ​ជើងព្រៃ​ឬ​ភ្នំ​ធំ (​កំពង់ចាម​) ។​ល ៕