ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ព្យា​រក​ណ៍​ថា​កំណើន​ក្នុង​អនុ​វិស័យ​នេះ​ធ្លាក់​ចុះ​យ៉ាង​កំ​ហុ​ក​មិន​ធ្លាប់​មាន​តែ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ប៉ះពាល់​ក្នុង​កម្រិត​មធ្យម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៥ ឬ​៦​ខែ​កន្លង​ទៅ​នេះ បន្ទាប់​ពី​កម្ពុជា​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ​-១៩ អ្នកជំនាញ​មើលឃើញ​ថា នៅ​វិស័យ​សំណង់ និង​អចលនទ្រព្យ​របស់​កម្ពុជា​បាន​នឹង​កំពុង​រង​ផល​ប៉ះពាល់ ស្ថិត​ក្នុង​កម្រិត​មធ្យម វា​មិន​ទាន់​ឈាន​ទៅ​ដល់​កម្រិត​ធ្ងន់ធ្ងរ​នៅឡើយ​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៥ ឬ​៦​ខែ​កន្លង​ទៅ​នេះ បន្ទាប់​ពី​កម្ពុជា​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ​-១៩ អ្នកជំនាញ​មើលឃើញ​ថា នៅ​វិស័យ​សំណង់ និង​អចលនទ្រព្យ​របស់​កម្ពុជា​បាន​នឹង​កំពុង​រង​ផល​ប៉ះពាល់ ស្ថិត​ក្នុង​កម្រិត​មធ្យម វា​មិន​ទាន់​ឈាន​ទៅ​ដល់​កម្រិត​ធ្ងន់ធ្ងរ​នៅឡើយ​នោះ​ទេ តែបើ​តាម​សេចក្តី​ព្រាង​ក្រប​ខណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ ឆ្នាំ​២០២១ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បង្ហាញ​ការ​ព្យាករណ៍​ថា កំណើន​នៅ​ក្នុង​អនុ​វិស័យ​ទាំងនេះ​បាន​ធ្លាក់​ចុះ​កំ​ហុ​ក​មិន​ធ្លាប់​មាន ។

លោក ច្រឹ​ក សុខ​នី​ម អ្នកជំនាញ និង​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា មាន​ប្រសាសន៍​ថា «​ខ្ញុំ​មើលឃើញ​វិស័យ​សំណង់ នា​ពេល​បច្ចុប្បន្ន​នេះ វា​កំពុង​រង​ផល​ប៉ះពាល់​រយៈពេល​ខ្លី ។ តែ​មក​ដល់​សព្វ​ថ្ងៃនេះ ខ្ញុំ​មើល​សន្ទុះ​អ្នកមាន​តម្រូវការ​ចាប់ផ្តើម​មាន​បន្តិច​ម្តង​ៗ ហើយ ។

បើ​តាម​អ្នកជំនាញ​រូប​នេះ នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ជា​ទូទៅ​វា​មាន​កម្រិត​កំណើន នៅ​ចន្លោះ​ពី​១០​ទៅ​១៥% ក៏​ប៉ុន្តែ​បើ​ឱ្យ​វា​ថយ​ចុះ​មិន​កើន​ថ្លៃ មើលទៅ​វា​មិន​ទាន់​ទេ នៅ​ពេល​បច្ចុប្បន្ន ។
ស្ថិត​ក្នុង​រយៈពេល​៥​ទៅ​៦​ខែ​កន្លង​ទៅ​នេះ សេដ្ឋកិច្ច​របស់​កម្ពុជា​រង​ផល​ប៉ះពាល​ពី​ជំងឺ​កូ​វី​ដ​-១៩ តែ​សម្រាប់​នៅ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ បើ​តាម​លោក​ច្រឹ​ក សុខ​នី​ម យល់​ឃើញ​ថា​«​វា​ចូល​ដល់​កម្រិត​ហាក់​ធ្ងន់ធ្ងរ នៅ​ពេល​បច្ចុប្បន្ន​នេះ ព្រោះ​ការងារ​មួយ​ចំនួន ជា​ពិសេស​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​មិន​បាន​ដំណើរការ​នូវ​គម្រោង​ថ្មី​នោះ​ទេ ។

ម្ចាស់​គម្រោង​ខ្លះ​គាត់​នៅ​បន្ត​គម្រោង​ចាស់​របស់​ពួក​គាត់​ដែល​រង​ផល​ប៉ះពាល់ ។ ក៏​ប៉ុន្តែ​ឱ្យ​ធ្លាក់​ចូល​ទៅ​ដល់​វិបត្តិ​ធ្ងន់ធ្ងរ​វា​មិន​ទាន់​ទៅ​ដល់​ទេ ។ ខ្ញុំ​មើលឃើញ​ថា វិស័យ​សំណង់​និង​អចលនទ្រព្យ​កម្ពុជា​ទទួល​រង​ផល​ប៉ះពាល់​កម្រិត​មធ្យម​» ។

លោក​បញ្ជាក់​ថា «​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩​នេះ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​សំណង់ និង​អចលនទ្រព្យ​នេះ​នៅ​ត្រង់​ថា ចំនួន​នៃ​ការ​ទិញ​- លក់​វា​មានការ​ថយ​ចុះ​ច្រើន បើ​ប្រៀបធៀប​គ្រា​ដូច​គ្នា​កាល​ឆ្នាំទៅ ។ អីចឹង​វា​ជា សញ្ញា​មួយ​ធ្វើ​ឱ្យ​យើង​រង​ផល​ប៉ះពាល់ ឬ​ជា​បញ្ហា​ប្រឈម​សម្រាប់​យើង ។ តែ​ដោយឡែក​បើ​ថា កូ​វី​ដ​-១៩ នេះ​វា​ធ្វើ​ឱ្យ​តម្លៃ​វា​ធ្លាក់​ថ្លៃ ខ្ញុំ​មើល​មិន​ទាន់​ឃើញ​ទេ​» ។

យោង​តាម​សេចក្តី​ព្រាង​ក្រប​ខណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​ឆ្នាំ​២០២១ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បង្ហាញ​ថា អនុ​វិស័យ​សំណង់​ត្រូវ​បាន​ប៉ាន់​ស្មានថា នឹង​មាន​កំណើន​អវិជ្ជមាន​៥,៣% ក្នុង​ឆ្នាំ​២០២០ និង​រំពឹង​ថា ងើបឡើង​វិញ​ជាមួយ និង​កំណើន​ទាប​ក្នុង​អត្រា​៣,៣% ក្នុង​ឆ្នាំ​២០២១ ។

តាម​ប្រភព​ដដែល​ព្យាករណ៍​ថា ក្នុង​ឆ្នាំ​២០២០ អនុ​វិស័យ​នេះ​មានការ​ធ្លាក់​ចុះ​យ៉ាង​កំ​ហុ​ក​មិន​ធ្លាប់​មាន ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​អំឡុង ឆ្នាំ​២០០៨-២០០៩ ដែល​បណ្តាល​មក​ពី​ការ​រំពឹង​ទុក​នៃ​ការ​ធ្លាក់​ចុះ​រំហូរ​ទុន​វិនិយោគ​ពី​បរទេស ជា​ពិសេស​ពី​ប្រទេស​ចិន និង​តម្រូវការ​សាងសង់​អគារ​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម ព្រមទាំង​ការ​ធ្លាក់​ចុះ​ទំនុកចិត្ត​វិនិយោគ​ក្នុងស្រុក ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ -១៩ ។

ក្នុង​ឆ្នាំ​២០២១ អនុ​វិស័យ​សំណង់​ត្រូវ​បាន​រំពឹង​ថា នឹង​ងើបឡើង​វិញ​ក្នុង​អត្រាកំណើន​ទាប ដោយហេតុ​ថា អនុ​វិស័យ​នេះ​ត្រូវការ​ពេលវេលា​ដើម្បី​ស្តា​ទំនុកចិត្ត​សម្រាប់​អ្នក​វិនិយោគ ។ ជាមួយ​គ្នា​នេះ អនុ​វិស័យ​នេះ​ពឹងផ្អែក​លើ​ទុន​វិនិយោគ​ពី​ខាងក្រៅ ដូចនេះ​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​វិ​បត្ត​កូ​វី​ដ​-១៩​និង​បញ្ហា​ណាមួយ​ដែល​បង្អាក់​ដល់​កំណើនសេដ្ឋកិច្ច​ពិភពលោក នឹង​បង្ក​ជា​ហានិភ័យ​ដល់​អនុ​វិស័យ​សំណង់​នៅ​កម្ពុជា​។

ក្នុង​ន័យ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ឃ្លាំមើល​ដោយ​យកចិត្តទុកដាក់ និង​ធ្វើការ​សិក្សា​ឱ្យ​បាន​ស៊ីជម្រៅ ពី​កា​រវិ​វត្ត​នៃ​អនុ​វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅ​កម្ពុជា​ដើម្បី​ដាក់​ចេញ​គោលនយោបាយ​អន្តរាគមន៍​បាន​ទាន់​ពេលវេលា​ក្នុង​ការ​បញ្ចៀស​ហានិភ័យ​ដែល​អាច​កើតឡើង​។

បើ​សេចក្តី​ព្រាង​ក្រប​ខ​ណ្ឌ័​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ខាងលើ​នេះ អនុ​វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​ព្យាករ​ថា​នឹង​មាន​កំណើន​អវិជ្ជមាន​ក្នុង​អត្រា​៥,១% ក្នុង​ឆ្នាំ​២០២០​និង​រំពឹង​ថា​ងើបឡើង​វិញ​ជាមួយ​អត្រាកំណើន​ទាប ២,៦% ឆ្នាំ​២០២១​។ នៅ​ក្នុង​ឆ្នាំ​២០២១ អនុ​វិស័យ​អចលនទ្រព្យ​ត្រូវ​រំពឹង​ថា​នឹង​ងើបឡើង​វិញ​កម្រិត​ទាប​ដោយសារ​តែ​ការ​រំពឹង​ទុក​នៃ​ការ​កើនឡើង​វិញ​យឺត​នៃ​រំហូរ​ទុន​វិនិយោគ និង​សកម្មភាព​សេដ្ឋកិច្ច​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែល​ជំរុញ​សកម្មភាព​អចលនទ្រព្យ និង​តម្រូវការ​ក្នុងស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ