យោងទៅតាមសារព័ត៌មានក្នុងប្រទេសជាច្រើនបានឲ្យដឹងថា លោកសានីនូ ឡេហ្សឺ (Saniniu Laizer) ដែលជាអ្នកជីករ៉ែជនជាតិតាន់ហ្សាន់នៀម្នាក់បានក្លាយជាសេដ្ឋីក្នុងពេលមួយយប់បន្ទាប់ពីលក់ត្បូង Tanzanite ធំៗពីរក្នុងតម្លៃ៣.៤លានដុល្លារ។ ត្បូងទាំងពីរជាត្បូងមានទំហំធំជាងគេក្នុងប្រទេស។
ត្បូងទាំងពីរមានទម្ងន់ ៩.២គីឡូក្រាម និង ៥.៨គីឡូក្រាម ហើយលោកឡេហ្សឺបានរកឃើញវាកាលពីសប្តាហ៍មុន មុននឹងលក់វានៅថ្ងៃពុធ។
លោកឡេហ្សឺដែលជាឪពុករបស់កូនៗច្រើនជាង ៣០នាក់ទៅទៀត បានប្រាប់ដល់សារព័ត៌មាន BBC ថាលោកមានគម្រោងយកលុយទាំងនោះទៅសាងសង់ផ្សារទំនើប និងសាលារៀនក្នុងសហគមន៍របស់លោកនៅ Simanjiro ដែលជាសង្កាត់មួយក្នុងតំបន់ Manyara។
លោកបានប្រាប់ដល់សារព័ត៌មានខាងលើថា «ខ្ញុំចង់សាងសង់សាលារៀននៅជិតផ្ទះរបស់ខ្ញុំ។ មានមនុស្សក្រីក្រជាច្រើននៅតំបន់នេះដែលមិនអាចឲ្យកូនទៅរៀននៅសាលាបាន។
»
លោកបានបន្ថែមទៀតថា «ខ្ញុំមិនមានការអប់រំខ្ពស់ទេ ប៉ុន្តែខ្ញុំចូលចិត្តការគ្រប់គ្រងដែលមានជំនាញច្បាស់លាស់។ ដូច្នេះខ្ញុំចង់ឲ្យកូនៗរបស់ខ្ញុំគ្រប់គ្រងអាជីវកម្មដោយមានជំនាញផងដែរ។»
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងគេគឺ ទោះជាលោកមានលុយរាប់លានដុល្លារពិតមែនក្តី លោកបានប្រាប់មកថាលោកនឹងបន្តចិញ្ចឹមមើលថែគោទាំង ២ពាន់ក្បាលរបស់លោក ហើយនឹងកាប់គោមួយក្បាលដើម្បីអបអរខ្លួនឯង និងប្រារព្ធពិធីជប់លៀងដ៏ធំមួយផងដែរ។
លោកចន មាហ្គូហ្វ៊ូលី (John Magufuli) ដែលជាប្រធានាធិបតីរបស់ប្រទេសតាន់ហ្សាន់នៀបានអបអរលោកឡេហ្សឺតាមទូរស័ព្ទ និងបាននិយាយថា ការរកឃើញត្បូងទាំងពីរខាងលើនេះបង្ហាញពីអត្ថប្រយោជន៍នៃការមានអ្នកជីករ៉ែទ្រង់ទ្រាយតូច និងបង្ហាញប្រាប់ពិភពលោកថាប្រទេសតាន់ហ្សាន់នៀជាប្រទេសសំបូរស្តុកស្តម្ភ៕
ចែករំលែកព័តមាននេះ