ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​ប្រណាំង​រទេះ​របស់​កសិករ​ខ្មែរ​ក្រោយ​ប្រមូល​ផល​ស្រូវ​រួច

9 ឆ្នាំ មុន

នេះ​ពុំ​មែន​ជា​អត្ថបទ​ដកស្រង់​យក​ពី​ស្នាដៃ​របស់​អ្នកនិពន្ធ​ណា​ឡើយ ប៉ុន្តែ​គឺជា​ឯកសារ​ដែល​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ សរសេរ​ចង.ក្រង​ឡើង ដោយ​ផ្អែក​ទៅ​លើ​ការ​សង្កេត​ផ្ទាល់​នៅ​ក្នុង​ស្រុកភូមិ​ដែល​គាត់​រស់នៅ​កាល​ស្ថិត​ក្នុង​វ័យ​កុមារ ។ ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ ជឿ​ថា នៅ​ខេត្ត ផ្សេង​ៗ​ទៀត​នៃ​ប្រទេស​កម្ពុជា​ក្នុង​

នេះ​ពុំ​មែន​ជា​អត្ថបទ​ដកស្រង់​យក​ពី​ស្នាដៃ​របស់​អ្នកនិពន្ធ​ណា​ឡើយ ប៉ុន្តែ​គឺជា​ឯកសារ​ដែល​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ សរសេរ​ចងក្រង​ឡើង ដោយ​ផ្អែក​ទៅ​លើ​ការ​សង្កេត​ផ្ទាល់​នៅ​ក្នុង​ស្រុកភូមិ​ដែល​គាត់​រស់នៅ​កាល​ស្ថិត​ក្នុង​វ័យ​កុមារ ។ ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ ជឿ​ថា នៅ​ខេត្ត ផ្សេង​ៗ​ទៀត​នៃ​ប្រទេស​កម្ពុជា​ក្នុង​សម័យ​មុន ពិតជា​មាន​ល្បែង​ប្រណាំង​រទេះ​ដូច​នៅ​ស្រុក​គិរីវង់ ខេត្តតាកែវ ជា​ស្រុក​កំណើត​គាត់​ដែរ ។

ល្បែង​ប្រណាំង​រទេះ ជា​ប្រភេទ​កីឡា​មួយ​បែប ដែល​ខ្មែរ​សម័យ​មុន​និយម​ចូល​ចិត្ត​យ៉ា​ង​ខ្លាំង ។ គេ​ច្រើន​លេង​កីឡា​ប្រណាំង​រទេះ​នៅ​រដូវប្រាំង បន្ទាប់​ពី​បាន​ច្រូតកាត់ បោក​បែន​ប្រមូល​ផល​ស្រូវ​រួច​ជា​ស្ថាពរ ។ មុន​នឹង​ប្រកាស​ប្រណាំង ភូមិ​នីមួយ​ៗ ពិសេស​អ្នក​ដែល​ចូល​ចិត្ត​ល្បែង​ប្រណាំង​នេះ បាន​ស្វះស្វែង​រកគោ​ដែល​មាន​លក្ខណៈសម្បត្តិ​ជា​គោ​លឿន​សម្រាប់​ប្រណាំងប្រជែង​យកជ័យ​ជម្នះ ។ ក្រោយ​ពី​ជ្រើសរើស​សម្រិតសម្រាំង​បាន​គោ​ប្រភេទ​នេះ​ហើយ គេ​ក៏​ចាប់​ចាត់ចែង​ហ្វឹកហាត់​បំបោល​សាកល្បង​ជា​ច្រើន​លើក​ច្រើន​សា នៅ​ក្នុង​ក្រប​ខណ្ឌ​ភូមិ​របស់​ខ្លួន ។ ការ​ហ្វឹកហាត់​ទាមទារ​ឱ្យ​មាន​មធ្យោបាយ និង​សម្ភារ​ចាំបាច់ ខ្លះ​ៗ​ដែល​មាន​ជា​អាទិ៍ ៖

១-​ផ្លូវ​ប្រណាំង
គេ​ច្រើន​ធ្វើ​ផ្លូវ​សម្រាប់​ប្រណាំង​នៅ​តាម​វាលស្រែ​នា​មុខ​ភូមិ ។ ដើម្បី​ស្ថាបនា​ផ្លូវ​ប្រណាំង មុន​ដំបូង​គេ​យក​បង្គោល​ឈើ​ទៅ​បោះតម្រុយ​ជា​ពីរ​ជួរ​យា​៉​ង​ត្រង់ តាម​រយៈ​ចម្ងាយ​ផ្លូវ​ពី​ដើម​ទី​ដល់​ចុង​ទី ។ ឯ​ទទឹង​ផ្លូវ​អាច​មាន​ប្រវែង​៣​ម៉ែត្រ ឬ​៤​ម៉ែត្រ ។ បន្ទាប់​មក​គេ​ចូក​ចាំង​ផ្លូវ​ឱ្យ​មាន​ផ្ទៃរាប​ស្មើ​ល្អ ដោយ​បោច​ជញ្ជ្រាំង​ដាក់​ចំ​កណ្តាល​ទ្រូងផ្លូវ​ជា​ជួរ​យា​៉​ង​ត្រង់ ។ គេ​កាប់​ចាំង​ភ្លឺស្រែ​ដែល​នៅ​តាម​ផ្លូវ​ប្រណាំង​ឱ្យ​រាបស្មើ​នឹង​ដី​ធម្មតា ។

២-​អំពី​រទេះ​ប្រណាំង
គេ​ច្រើន​ឱ្យឈ្មោះ​រទេះ​ប្រណាំង​ថា «​រទេះសាឡី​» នៅ​ស្រុក​គិរីវង់ គេ​និយម​ហៅ​ថា «​រទេះ​លន​» ។ រទេះ​លន គឺជា​ប្រភេទ​រទេះ​ធុន​តូច ដែល​កសាង​ឡើង​ឱ្យ​មាន​សោភ័ណ​ភាព​ផង និង​ឱ្យ​បាន​ជាប់​មាំ​ល្អ​ទៀត​ផង ។ គ្រឿង​ប្រដាប់ និង​ផ្នែក ផ្សេង​ៗ​នៃ​រទេះសាឡី សុទ្ធសឹងតែ​ធ្វើ​ឡើង​ពី​ឈើ​ជាប់​រឹង​មាំ (​កង់​, ទូក​, ប្រែកត្រង់​, ប្រែក​.​ង​, នឹម​, ដុំ​, ភ្លៅ​) ដើម្បី​ចៀសវាង​ការ​បាក់បែក​ខូចខាត​ក្នុង​ពេល​កំពុង​ប្រណាំង ។

គេ​ប្រើ​ខ្សែលួស​សម្រាប់​ចង​ប្រែកត្រង់ និង​ប្រែក​.​ង ហើយ​យក​ព្រ័ត្រ​ស្បែក​ក្របី​មក​ធ្វើ​ជា​ខ្សែ​ជ្រាម ចង​នឹម​ភ្ជាប់​ទៅ​នឹង​ក្បាលក្រពើ​រទេះ​។ ចំពោះ​រទេះ​ធម្មតា ដែល​មិន​ប្រើប្រាស់​ក្នុង​ការ​ប្រណាំង​ទេ​នោះ គេ​ប្រើ​តែ​វល្លិ ឬ​ផ្តៅ​សម្រាប់​ចង​ផ្នែក ផ្សេង​ៗ​នៃ​រទេះ ។ ដើម្បី​ច្នៃ​រចនា​រូបរាង​រទេះ​ឱ្យ​មាន​លក្ខណៈ​កាន់តែ​ពិសេស​ថែម​ទៀត គេ​យក​ថ្នាំ​ពណ៌​ធ្វើ​ពី​ជាតិ​ហឹ​ង្គុ​ល (​ពណ៌​ក្រហម​) មក​លាបលន​រំលេច​ផ្នែក ផ្សេង​ៗ​នៃ​រទេះ​ជាមួយ​ជ័រ​ម្រ​ក្សណ៍ និង​ថ្នាំ​ពណ៌​ទឹកមាស ។ ក្រោយ​ពី​បាន​ទឹប​លាបលន​ថ្នាំ​រួចរាល់​ហើយ រទេះសាឡី មាន​រូបរាង ទ្រង់ទ្រាយ​ល្អឆើត​ឆាយ​គួរ​ឱ្យ​ចង់​គយគន់ ។ ជា​ធម្មតា​នៅ​តាម​ខ្សែទាម និង​ប្រឡៅគោ គេ​តែង​ចង​កណ្តឹង​ចង្ក្រង់​តូច​ធំ​ដើម្បី​ឱ្យ​លាន់ឮ​សំឡេង​ច្រេ​វ​ច្រាវ (​នៅ​ពេល​ប្រណាំង​គេ​ដោះ​របស់​ទាំងនេះ​ចេញ​ដើម្បី​កុំឱ្យ​ធ្ងន់​ឥតប្រយោជន៍​) នៅ​ពេល​ដែល​រទេះ​បរ​ចេញ​ទៅ ។

៣-​អំពី​ខ្សែ និង​កន្លុះ​សម្រាប់​គោ​ប្រណាំង
ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ លើក​ឡើង​ថា សម្រាប់​គោ​ប្រណាំង គេ​មិន​ប្រើ​ខ្សែ​កន្លុះ​សាមញ្ញ​ធម្មតា ដូច​គោ​ផង​ទាំងពួង​ឡើយ ពិសេស​នៅ​ពេល​ប្រណាំង​តែ​ម្តង ។ ដើម្បី​ការពារ​ទុកជា​មុន មិន​ឱ្យ​ដាច់​ខ្សែ​កន្លុះ​ដែល​អ្នក​ជំនិះ​ចាត់​ទុកដូចជា​ខ្សែ​ហ្វ្រាំង​សម្រាប់​ទប់​ល្បឿន ឬ​បញ្ឈប់​គោ​នោះ គេ​ត្រូវ​ប្រើ​ខ្សែ​កន្លុះ​ម្យា​៉​ង​ជាប់​ស្វិត​ជាទី​បំផុត ។ គេ​ច្រើន​យក​សរសៃសូត្រ​ក្បាល​មក​វេញ​ធ្វើ​ជា​កន្លុះ និង​ប្រឡៅគោ ដោយ​គេ​បាន​ពិសោធន៍​ឃើញ​ថា សរសៃសូត្រ​មានគុណ​ភាព​ជាប់​ស្វិត​លើស​វត្ថុ​ធាតុ ផ្សេង​ៗ​ទៀត ។ ដោយឡែក​ពី​នេះ​សរសៃសូត្រ​ទន់ ហើយ​មិន​បណ្តាល​ឱ្យ​រលាក​ច្រមុះ​គោ​ទៀត​ផង ។ ប្រសិនបើ​ខ្សែ​កន្លុះ​ប្រឡៅ​ធ្វើ​ពី​វត្ថុ​ផុយ​នោះ អាច​បណ្តាល​ឱ្យ​ដាច់​នៅ​ពេល​អ្នក​ជំនិះ​ទាញ​គោ​ឱ្យ​ឈប់​ទាញ​ញាក់​ឆ្វេង ញាក់​ស្តាំ​តាម​បំណង ។ បើ​មានការ​ថ្លោះធ្លោយ​ដាច់​ខ្សែ​កន្លុះ​នោះ រទេះ​អាច​ជ្រុល​ទៅ​បុក​ដើមឈើ ធ្លាក់​រណ្តៅ ឬ​ឡើង​រំលង​ភ្លឺស្រែ ខ្ពស់​ៗ ពារ​ទៅ​លើ​ហ្វូង​មនុស្ស​ឈរ​ទស្សនា​យា​៉​ង​ច្រើន​កុះករ ដែល​នាំ​ឱ្យ​មាន​គ្រោះ​អន្តរាយ និង​នាំ​ទៅ​ដល់​សោកនាដកម្ម​ជាយថាហេតុ ។ ដូច្នេះ​នៅ​ពេល​ហប់​ខ្សែ​គោ​ប្រណាំង គេ​តែងតែ​បញ្ចូល​ខ្សែលួស​ហ្វ្រាំង​កង់​ដែល​ជាប់​ស្វិត​ពីរ ឬ​បី​សរសៃ​លាយ​ជាមួយនឹង​ជក់​ត្នោត ដែល​គេ​ជ្រើស​យក​តែ​សរសៃ ខ្មៅ​ៗ​ប៉ុណ្ណោះ ។ ខ្សែ​ប្រភេទ​នេះ​មិន​អាច​ដាច់​បាន​ឡើយ ទោះ​គេ​ប្រឹង​ទាញ​ខ្លាំង​យា​៉​ង​ណា​ក៏​ដោយ​។

៤-​អំពី​ជន្លួញ
ជន្លួញ​ជា​ឧបករណ៍​ធ្វើ​ពី​ឈើ ឬ​ឫស្សី​ប្រវែង​ប្រហែល​៧​តឹក​មាន​រាង​ក្ងក់​បន្តិច​នៅ​ខាង​គល់​។ នៅ​ផ្នែក​ខាង​ចុង​គេ​បង្កប់​ដែក​ស្រួច​ប៉ុន​ចង្កឹះ​សម្រាប់​ចាក់​គោ​ឱ្យ​រត់លឿន ។ គេ​ច្រើន​យក​ព្រឹ​ង​ដើម​ប៉េះ ឬ​ដើម​ក្រូចព្រៃ​មក​ធ្វើ​ជា​ជន្លួញ ។

គ្រប់​អ្នក​ជំនិះ​តែងតែ​ប្រើ​ជន្លួញ​ជា​ចាំបាច់ សម្រាប់​ចាក់​គោ​ឱ្យ​ឈឺ​ដើម្បី​បង្កើន​សន្ទុះ​ល្បឿន​បាន​ខ្លាំងក្លា ។ ក្រៅពី​នេះ​ជន្លួញ​ជា​ឧបករណ៍​ដែល​គេ​ប្រើ​សម្រាប់​វាយ​គោ​របស់​គូប្រកួត នៅ​ពេល​ដែល​វា​រៀបនឹង​ជាន់​រទេះ​ខ្លួន ក្នុង​ពេល​កំពុង​រត់ប្រណាំង ។ បើ​ពុំនោះ​ទេ​គោ​ជា​គូប្រណាំង​ខាងក្រោយ ដែល​មាន​ល្បឿន​លឿន​ជាង និង​ជាន់​បំបាក់​រទេះ​ខាង​មុខជា​មិន​ខាន ។

៥-​ហាត់​ដោ
ពាក្យ​ហាត់​ដោ (​ហត្ថ​ដៅ0x017d7​) នេះ​ពុំ​មាន​ចែង​នៅ​ក្នុង​វចនានុក្រម​ខ្មែរ​ទេ ប៉ុន្តែ​គឺជា​ពាក្យ​ដែល​ប្រើ​ក្នុង​ល្បែង​កីឡា​ប្រណាំង​រទេះ គឺជា​កំណាត់​ឫស្សី​ពីងពង់​ប្រវែង​ប្រមាណ​៥​ម៉ែត្រ​សម្រាប់​វាយ​កាត់​ទទឹង​ផ្លូវ​ប្រណាំង​កំណត់​ការ​ចាញ់​ឈ្នះ​របស់​រទេះ​មុខ និង​រទេះ​ក្រោយ ។

ហាត់​ដោ ជា​ឧបករណ៍​ម្យា​៉​ង​ធ្វើ​ពី​ឈើ មាន​ទំហំ​ប៉ុនកដៃ មាន​សណ្ឋាន​ត្រង់​ល្អ ប្រវែង​ប្រមាណ​ជា​៥​ម៉ែត្រ ។ គេ​ប្រើ​សម្រាប់​វាយ​កាត់​ចន្លោះ​រទេះ​មុខ និង​រទេះ​ក្រោយ ដើម្បី​កំណត់​ឱ្យ​ដឹង​ឈ្នះ​ចាញ់ ។ គេ​តម្រូវ​ឱ្យ​អ្នក​វាយ​ហាត់​ដោ​ឈរ​នៅ​ចម្ងាយ​ប្រមាណ​៨០ ឬ​១០០​ម៉ែត្រ ពី​ទិស​ដៅ ។

កាលណា​រទេះ​ទាំង​ពីរ​ទៅ​ដល់​ត្រង់​កន្លែង​អ្នក​វាយ​ហាត់​ដោ​ហើយ​នោះ គេ​ត្រូវ​ពិនិត្យ​មើល​ឱ្យ​បាន​ច្បាស់ និង​ត្រឹមត្រូវ​ថា រវាង​រទេះ​មុខ និង​រទេះ​ក្រោយ តើ​មាន​ចន្លោះ​អាច​វាយ​ហាត់​ដោ​បាន ឬទេ ? បើ​អាច​វាយ​បាន​នោះ អ្នក​កាន់​ហាត់​ដោ ត្រូវ​ផ្តួល​កំណាត់ឈើ​នោះ​យ៉ា​ង​រហ័ស​បំផុត​ទៅ​លើ​ដី​ត្រង់​ចន្លោះ​រទេះ​មុខ និង​រទេះ​ក្រោយ ។ ក្នុង​ករណី​នេះ​គេ​ចាត់​ទុក​ថា រទេះ​មុខ​ឈ្នះ​រទេះ​ក្រោយ ។ បើ​រទេះ​ក្រោយ​រត់​កៀក​ជាប់​ជិត នឹង​រទេះ​មុខ​ខ្លាំង​ពេក គឺ​ចន្ទោល​រទេះ​ក្រោយ​គង​គ្រប​ពីលើ​ក្បាល​អ្នក​ជំនិះ​រទេះ​មុខ​នោះ គេ​ពុំ​អាច​វាយ​ហាត់​ដោ​បាន​ឡើយ ។ ក្នុង​ស្ថានភាព​បែប​នេះ គេ​កំណត់​ថា រទេះ​ក្រោយ​ឈ្នះ​រទេះ​មុខ​ហើយ ។

អ្នក​វាយ​ហាត់​ដោ ត្រូវ​តែ​ជា​មនុស្ស​សុចរិត ទៀងត្រង់ ប្រកាន់​អព្យាក្រឹត​មិន​លំអៀង​ទៅ​ភាគី​ខាង​ណា ។ តែ​ទោះបីជា​យ៉ាងនេះ​ក៏​ដោយ ក៏​គេ​តែង​តម្រូវ​ឱ្យ​មាន​មនុស្ស​ម្នាក់ ឬ​ពីរ​នាក់​ទៀត (​ជា​ធម្មតា​អ្នក​វាយ​ហាត់​ដោ​ត្រូវ​មាន​ឧបការី​២​នាក់​ដែល​ចាត់​ទុកដូចជា​អ្នក​សង្កេតការណ៍​ចាត់​មក​ពី​ភាគី​ប្រណាំងប្រជែង​ទាំង​ពីរ​) ចាត់​ចេញ​មក​ពី​ភាគី​ប​ដិ​បក្ស​ជា​អ្នក​ពិនិត្យ សង្កេតការណ៍ នៅ​អែប​អង្គ នឹង​អ្នក​វាយ​ហាត់​ដោ​ជា​ដរាប ។

៦-​អ្នក​ជំនិះ
គួរ​កត់សម្គាល់​ផង​ដែរ​ថា មិនមែន​មនុស្ស​ណា​ក៏​អាច​ធ្វើ​ជា​អ្នក​ជំនិះ​បាន​ទាំងអស់​គ្នា​នោះ​ឡើយ ។ អ្នក​ជំនិះ​ត្រូវ​តែ​មាន​លក្ខណៈ​ពិសេស គឺ​រឹង​មាំ ស្វាហាប់ ទាំង​ផ្លូវ​កាយ និង​ផ្លូវ​បញ្ញា​។ គេ​ត្រូវ​មាន​សម្រែក​លាន់ឮ​ខ្លាំង មាន​ស្មារតី​រឹង​ប៉ឹ​ង មានចិត្ត​ក្លាយ​ហាន មោះមុត មិន​ខ្លាច​គ្រោះថ្នាក់ មិន​ចេះ​តក់ស្លុត​ក្នុង​គ្រប់​កាលៈទេសៈ ជា​មនុស្ស​ឈ្លាសវៃ រហ័សរហួន និង​ជា​អ្នក​ស្រឡាញ់​ល្បឿន ។ ពេល​ជិះរទេះ​ប្រណាំង​អ្នក​ជំនិះ​ស្លៀក​តែ​ខោខ្លី​ត្រឹម​ភ្លៅ​ប៉ុ​ណ្ណោះ​។ ជួនកាល​គេ​ជួត​ក្រមា ហើយ​ទុក​ដងខ្លួន​ឱ្យ​នៅ​ទទេ ។ នៅ​លើ​រទេះ​ប្រណាំង គេ​មើលទៅ​អ្នក​ជំនិះ​ឃើញ​ដូច​ជា​សង្ហា​ណាស់ ។ នៅ​ពេល​ប្រណាំង​អ្នក​ជំនិះ ត្រូវ​ប្រើ​ល្បិច​ច្រើន​យ៉ា​ង​មាន​ជា​អាទិ៍ ៖

-​អ្នក​ជំនិះ​រទេះ​ក្រោយ​ចាក់​បង្ខំ​គោ​ខ្លួន​ឱ្យ​ជាន់​បំបាក់​កម្ទេច​រទេះ​ខាង​មុខ នៅ​ពេល​ខ្លួន​បាន​បំបោល​រទេះ​មក​កៀក​កិត​នឹង​គូប្រជែង ។ ជួនកាល​គោ​រទេះ​ក្រោយ ជាន់​បំបាក់​រទេះ​ខាង​មុខ ហើយ​ជាន់​ទាំង​អ្នក​ជំនិះ​ខាង​មុខ​ឱ្យ​របួស ឬ​ដល់​ស្លាប់​ផង​ក៏​មាន ។

-​អ្នក​ជំនិះ​រទេះ​ខាង​មុខ ងាក​មក​វាយ​គោ​ខាងក្រោយ ការពារ​កុំឱ្យ​ជាន់​រទេះ​ខ្លួន​បាន ហើយ​ឆ្លៀតពេល​ដែល​គោ​ខាងក្រោយ​បង្អន់ល្បឿន ក៏​ចាក់​គោ​ខ្លួន​បង្កើន​ល្បឿន ដើម្បី​ឆ្លៀត​យកឈ្នះ ។

-​អ្នក​ជំនិះ​រទេះ​ខាងក្រោយ កាលបើ​បា​៉​ន់​ស្មានថា គោ​ខ្លួន​លឿន​ជាង​គោ​រទេះ​មុខ គេ​អាច​ចាក់​គោ​ញាក់​ជៀស​រទេះ​មុខ ហើយ​បំបោល​យ៉ាង​លឿន​ដោយ​បញ្ចេញ​សម្រែក ខ្លាំង​ៗ គំរាម​គោ​ខ្លួន​ឱ្យទៅ​ដល់​ទីដៅ​បាន​មុន​គូប្រកួត​របស់​ខ្លួន​ដើម្បី​ដណ្តើម​យកជ័យ​ជម្នះ ។

៧-​អំពី​ការ​ហ្វឹកហាត់​មុន​ពេល​ប្រណាំង
ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ លើក​ឡើង​ថា ដូច​ល្បែង​កីឡា​ដទៃ​ទៀត​ដែរ ការ​ប្រណាំង​រទេះ​តម្រូវ​ឱ្យ​មានការ​ហ្វឹកហាត់​យ៉ា​ង​ល្អិតល្អន់ ហ្មត់ចត់ និង​ស្ថិត​ស្ថិរ​ទៀងទាត់ ដើម្បី​ត្រៀមខ្លួន​ចូល​ប្រកួត​នៅ​ពេល​ខាង​មុខ ។ ភូមិ នីមួយ​ៗ បាន​ស្វះស្វែង​រកគោ​ដែល​មាន​គ្រប់លក្ខណៈ​ជា​គោ​លឿន សម្រាប់​យក​មក​ហ្វឹកហាត់ សម​ជើង ឱ្យ​ស្គាល់​របៀបរបប ស្គាល់​កតិកាសញ្ញា​ប្រកួត ស្គាល់​បច្ចេកទេស ផ្សេង​ៗ​ក្នុង​ការ​រត់ប្រណាំង ។ ជា​ធម្មតា​គេ​ច្រើន​បង្ហាត់​បំបោល​គោមួយ​ជើង​ក្នុង​មួយ​ថ្ងៃ ។ គេ​បង្ហាត់​ឱ្យ​គោ​រត់​ដើម្បី​ស្គាល់ផ្លូវ គឺ​ទី​ចេញដំណើរ តម្រាយ​ផ្លូវ និង​ទីដៅ ។ ដំបូង​គេ​បង្ហាត់​គោ​ឱ្យ​បោល​តែ​រទេះ​មួយ​ប៉ុណ្ណោះ គឺ​បំបោល​រទេះ​ទោល ។ លុះ​ហាត់​ហ្វឹក​រត់​រទេះ​ទោល​នេះ​បាន​ប្រមាណ​ជា​១០​ថ្ងៃ គេ​ក៏​ហាត់​បំបោល​ជាមួយនឹង​គូប្រជែង​ដោយ​ជ្រើសរើស​គោ​ក្នុងភូមិ​យក​មក​ហាត់​សម​ជើង ដើម្បី​បង្រៀន​គោ​ឱ្យ​មាន​ទម្លាប់​ប្រជែង​ចង់​ឈ្នះ​គ្នា ។ បើ​គោ​ណា​មានពុត​ត្បុត ឬ​ចិត្ត​មិន​ត្រង់ រត់​ប្រាស​ចេញពី​ផ្លូវ​នោះ គេ​ចាត់​មនុស្ស​ឱ្យ​ឈរ​កាន់ដំបង​នៅ​ត្រង់​កន្លែង​ដែល​វា​ធ្លាប់តែ​ងាក​ពី​ផ្លូវ ចាំ​ស្កាត់​វាយ​បំបែរ​ឱ្យ​ចូល​មក​កាន់​ផ្លូវត្រង់​វិញ ។

ការ​សម​ជើង​នេះ គឺ​ធ្វើ​សម្រាប់​បង្វឹក​ទាំង​សត្វ ទាំង​មនុស្ស និង​ទាំង​រទេះបំបោល​ផង​ដែរ​។ មនុស្ស​ត្រូវ​បាន​ពង្រឹង​ភាព​ស្វាហាប់ ពង្រឹងស្មារតី ពង្រឹង​សេចក្តី​ក្លាហាន ហាត់​ប្រឈម​មុខ​ទល់​នឹង​គ្រោះថ្នាក់ (​អ្នក​ជំនិះ ច្រើន​រង​គ្រោះ​ដោយ​ធ្លាក់​ពីរ​រទេះ​នៅ​ពេល​ដែល​គោ​រត់​ប្រាស​ចេញពី​ផ្លូវ​ប្រណាំង​ទៅ​ទង្គិច​នឹង​ភ្លឺស្រែ ខ្ពស់​ៗ ឬ​ដោយ​ត្រូវ​គោ​រទេះ​ក្រោយ​ជាន់​បំបាក់​រទេះ ត្រូវ​នឹង​ក្រចក​គោ ឬ​ត្រូវ​រទេះ​ក្រោយ​កិន​ពីលើ , អ្នក​ជំនិះ​អាច​រង​គ្រោះ​ដល់​ស្លាប់​ផង​ក៏​សឹង​មាន ។ ទម្លាប់​ដោះស្រាយ​បញ្ហា ភ្លាម​ៗ​ក្នុង​គ្រាអាសន្ន​ដូច​ជា ៖

-​ពេល​គោ​ប្រាស​ចូល​ព្រៃ​ទាញ​មិន​ជាប់ ត្រូវធ្វើ​យ៉ា​ង​ណា ?

-​ពេល​រទេះ​ទៅ​បុក​ទង្គិច​នឹង​ភ្លឺស្រែ ខ្ពស់​ៗ ត្រូវ​លោត​ចោល​រទេះ ឬ​ត្រូវ​នៅ​ជាប់​លើ​រទេះ ?

-​ពេល​រទេះ​ក្រឡាប់ របូត​កង់​ម្ខាង ឬ​របូត​កង់​ទាំង​ពីរ គោ​ម្ខាង​របូត​ចេញពី​នឹម រទេះ​ភ្លាត់​ប្រែក​ឆ្វេង ឬ​ស្តាំ ។​ល​។ និង ។​ល​។ ត្រូវ​សម្រេចចិត្ត​យា​៉​ង​ណា ? បញ្ហា​ទាំង​ប៉ុន្មាន​នេះ​សុទ្ធតែ​ត្រូវ​ទាមទារ​ការ​វាងវៃ ការ​រហ័សរហួន ទើបត្រូវ​ធានា​បាន​សន្តិសុខ​ផ្ទាល់ខ្លួន ។ មាន​អ្នក​ជំនិះ​មិន​តិច​ទេ​ដែល​រង​គ្រោះ​បាក់ដៃ បាក់ជើង បាក់ឆ្អឹង​ជំនីរ បែកក្បាល​…​រហូត​ដល់​ពិការ ឬ​ស្លាប់​ផង ដោយសារ​តែ​រងគ្រោះថ្នាក់ ផ្សេង​ៗ ដូច​បាន​ពោល​ខាង​ដើម ។ ការ​ហាត់​ប្រណាំង​សាកល្បង​ច្រើន​លើក​ច្រើន​សា ច្រើន​ខែ​ថ្ងៃនេះ អាច​ឱ្យ​គេ​ដឹង​ល្បឿន​ជើងគោ ដឹង​ថា តើ​គូ​ណា​មាន​ល្បឿន​ស្មើគ្នា គូ​ណា​អា​ឆ្វេង​លឿន​ជាង​អា​ស្តាំ ឬ​អា​ស្តាំ​លឿន​ជាង​អា​ឆ្វេង ។ ក្នុង​ករណី​ដែល​ល្បឿន​គោមួយ​នឹម​មិន​ស្មើគ្នា គេ​តែង​លៃលក​ដូរ​ដោះ​ស្វែងរក​ឱ្យ​ទាល់តែ​មាន​ល្បឿន​ប្រហាក់ប្រហែល​គ្នា ។ ឯ​គោ លឿន​ៗ ដែល​ជ្រើស​ចេញ​មក​ពី​ការ​ហាត់​សាកល្បង​នេះ គេ​ថែរក្សា​បំប៉នចំណី​ត្រៀម​សម្រាំង​ទុក​សម្រាប់​ការ​ប្រណាំង​នៅ​ពេល​ខាង​មុខ ។ មាន​គោ​ខ្លះ​លឿន​រហូត​ដល់​រក​គូ​ផ្ទឹម​មិន​បាន ទាល់តែ​យក​សេះ​មក​ទឹម (​ភាសា​អ្នកលេង​ប្រណាំង​រទេះ​គេ​ហៅ​ថា «​ច្រក​» យក​សេះ​មក​ច្រក​នឹង​គោ​) ជាមួយ ទើប​អាច​មាន​ល្បឿន​ស្មើគ្នា ដោយ​មក​ពី​មាន​ករណី​បែប​នេះ​ហើយ​បានជា​ភិក្ខុ​ភាសា​អ៊ូ (​ង៉ុ​យ​) បាន​ចែង​នៅ​ក្នុង​កំណាព្យ​ទូន្មាន​របស់​គាត់​ថា «​ទឹម​សេះ​នឹង​គោ​ចាក់​ហ៊ោ​លាន់​ៗ…» គេ​ច្រើន​ប្រទះ​ឃើញ​បញ្ហា​របៀប​នេះ​នៅ​ខេត្តកណ្តាល កំពង់ស្ពឺ និង​តាកែវ ។

៨-​ឆាក​ប្រណាំង​ភ្នាល់
ការ​ប្រណាំង​នេះ​មិន​គ្រាន់តែ​ជា​ល្បែង​កីឡា​កម្សាន្ត​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ល្បែងភ្នាល់​ដាក់​ប្រាក់​ដូច​ល្បែងស៊ីសង បញ្ជល់មាន់ បញ្ជល់ត្រីក្រឹម រត់ប្រណាំង ធួ​អាប៉ោង បៀ​…​ផង​ដែរ ។ ល្បែងភ្នាល់​ប្រណាំង​រទេះគោ ច្រើន​ប្រព្រឹត្ត​ទៅ​នៅ​អំឡុង​ខែមាឃ​ទៅ​ដល់​បុណ្យចូលឆ្នាំ​ខ្មែរ (​ខែចេត្រ​) ពោល​គឺ​នៅ​រដូវ​ទំនេរ​បន្ទាប់​ពី​ការងារ​ច្រូតកាត់ ប្រមូល​ផល​ស្រូវ​រួច ។ ពេល​ប្រណាំង​មក​ដល់ រទេះ​ទឹម​ដោយ​គោ​ប្រណាំង​ជា​ច្រើន​បាន​បរ​ចូល​ជា​បន្តបន្ទាប់ ឆ្ពោះទៅ​កាន់​ភូមិ​ដែល​គេ​បាន​ឯកភាព​កំណត់​យក​ធ្វើ​ជា​ទីលានប្រណាំង ។ ភូមិ​ដែល​នៅ​ឆ្ងាយ​ពី​ទី​ប្រណាំង ត្រូវ​ទៅ​ដល់​មុន​មួយ​ថ្ងៃ ហើយ​ដេក​ស្នាក់​នៅ​ក្នុងភូមិ​ជា​មជ្ឈមណ្ឌល​ប្រណាំង​នោះ​មួយ​យប់​ដើម្បី​រង់ចាំ​ការ​ប្រណាំង​ភ្នាល់ ។ មិនមែន​តែ ប្រុស​ៗ​ទេ ដែល​ចូល​ចិត្ត​មើល និង​ចូលរួម​ក្នុង​ការ​ប្រណាំង សូ​ម្បី​តែ ស្រី​ៗ​ក៏​បាន​រួមចំណែក​ក្នុង​ល្បែង​នេះ​មិន​តិច​ប៉ុន្មាន​ដែរ ពិសេស​ប្រពន្ធ​ម្ចាស់​គោ ដែល​ត្រូវ​ចូលរួម​ក្នុង​ការ​ប្រណាំង ។

ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ លើក​ឡើង​ថា កាលពី​ជំនាន់​ដើម​ដែល​គេ​នៅ​ចាយប្រាក់​សុទ្ធ (​សាច់ប្រាក់​ធ្វើ​អំពី​លោហធាតុ មាន​តម្លៃ​ពី​១​កាក់ ២​កាក់ ៥​កាក់ ១​រៀល រហូត​ដល់​១​ណែន (​ប្រាក់​ស្នូក​) ។ គេ​នៅ​ចាយប្រាក់​នេះ​ក្នុង​អំឡុង​មុន​គ្រឹ​ស្ត​សករាជ​១៩៤០) អ្នក​ភ្នាល់​ទាំងឡាយ​ស្ពាយ​ប្រាក់​រៀល ឬ​ប្រាក់ណែន​យក​មក​សម្រាប់​ភ្នាល់​។ នៅ​ថ្ងៃ​ណាត់​ប្រកួត​សង្វៀន​ប្រណាំង​សឹង​ពោរពេញ​ទៅ​ដោយ​មនុស្ស​ម្នា​មហាជន​រាប់រយ​ពាន់​នាក់ ។ ក្នុង​ចំណោម​នេះ ក្រៅពី​អ្នក​ភ្នាល់​ក៏​មាន​អ្នក​ទៅ​មើល​ការ​ប្រណាំង ទុកជា​ការ​កម្សាន្ត ព្រមទាំង​អ្នកលក់​នំចំណី ស្រា​ផង​ដែរ ។ នៅ​ពេល​ព្រឹក​គេ​ចាប់ផ្តើម​ផ្គូ​គោ​ដែល​ត្រូវ​ប្រកួតប្រណាំង​គ្នា ។ ដូច្នេះ​ម្ចាស់​គោ ម្ខាង​ៗ និង​អ្នក​ស្ម័គ្របក្សពួក​ដើរ​មើល​ពិនិត្យ​គោ​គូប្រជែង​ដើម្បី​ប៉ា​ន់​ស្មាន​អំពី​លក្ខណៈ ផ្សេង​ៗ ។ គេ​ខិតខំ​ធ្វើ​យ៉ា​ង​ណា ដើម្បី​ឱ្យ​គោ​ខាង​ភាគី​គេ​មាន​ប្រៀប​ជាង ទាំង​មាឌ ទាំង​ខាង​លក្ខណៈសម្បត្តិ​អ្វី ផ្សេង​ៗ សំដៅ​សម្រេច​ឱ្យ​បាន​ជ័យជម្នះ​នៅ​ពេល​ប្រណាំង ។ ក្នុង​ចំណោម​អ្នក​ដើរ​មើល​ឈូរ​ឆ​ពពាក់ពពូន​ចុះឡើង​នោះ គេ​មិន​ត្រូវ​ភ្លេច​អ្នក​ផ្ចាញ់ (​គឺ​អ្នក​ទទួល​ភារកិច្ច​ជា​សម្ងាត់​ដោយឡែក ដើម្បី​ផ្ចាញ់​គោ​របស់​គូប្រជែង ដោយ​ប្រើ​មន្ត​គាថា ឬ​លួច​លាយថ្នាំ​ពុល តិច​ៗ ក្នុង​ចំណី​គោ ។ ជួនកាល​គេ​សេព​មន្ត​គាថា តាម​រយៈ​ផ្សែង​បារី​ដែល​គេ​ផ្លុំ​បង្ហុយ​ទៅ​លើ​គោ​នោះ​។ ជួនកាល​គេ​កប់​យ័ន្ត​គាថា​នៅ​តាម​ផ្លូវ​ប្រណាំង ។​ល​។​) ឡើយ នេះ​ជា​ល្បិច​កល​របស់​ភាគី ម្ខាង​ៗ ដើម្បី​ឆ្លៀត​ដណ្តើម​យកជ័យ​ជម្នះ​តែ រៀង​ៗ​ខ្លួន ។ គេ​ឈ្នះ​ខាង​ផ្លូវ​សម្ភារ (​បាន​ប្រាក់​) ផង និង​ខាង​ផ្លូវ​ស្មារតី (​បាន​កេរ្តិ៍ឈ្មោះ​) ផង ។ ឯ​ភាគី​អ្នក​ចាញ់​ក៏​ត្រូវ​បាត់បង់​នូវ​ប្រកា​រទាំង​ពីរ​នោះ​ផង​ដែរ ។

ជា​ធម្មតា​គ្រប់​តែ​ល្បែងភ្នាល់ កម្រ​មានការ​ស្មោះត្រង់​ចំពោះ​គ្នា​ណាស់ ។ គេ​ត្រូវ​ផ្គូ​គ្នា​បាន​តិច ឬ​ច្រើន​គូ អាស្រ័យ​តាម​ចំនួន​គោ​ប្រណាំង​ដែល​បាន​ចូលរួម ។ ក្រោយ​ពី​បាន​សម្រេច​ក្នុង​ការ​ផ្គូ​នឹម (​គោ ១​នឹម​ៗ​ដែល​ត្រូវ​ប្រណាំង​គ្នា​) រួច​ហើយ​គេ​ត្រូវ​ពិភាក្សា​គ្នា​ដើម្បី​កំណត់​ថា តើ​នឹម​ណាបរ​មុខ នឹម​ណាបរ​ក្រោយ (​ជា​ធម្មតា​អ្នក​ប្រណាំង​ចូល​ចិត្តបរ​ក្រោយ​ជាង​បរមុខ​គេ​) ។ បើ​ការ​ពិភាក្សា​គ្នា​មិន​បាន​ដាច់ស្រេច ពោល​គឺ​ភាគី​ប្រណាំង​ទាំង​ពីរ​មិន​បាន​ចុះសម្រុង​គ្នា​អំពី​បញ្ហា​បរមុខ​បរ​ក្រោយ​ទេ​នោះ គេ​ត្រូវ​ចាត់តាំង​ពិធី​រក​យុត្តិធម៌​ដោយ​ផ្សងសំណាង គឺ​គេ​ចាប់ឆ្នោត ។ លុះ​គូប្រណាំង​បាន​ឯកភាព​គ្នា​នៅ​លើ​គ្រប់​ជ្រុងជ្រោយ​ហើយ ក្រុម​ឃោសនា​នៃ​ភាគី​ទាំង​ពីរ​បាន​ដើរ​ស្រែក​ប្រកាសប្រាប់​ទស្សនិកជន និង​អ្នកចូលរួម​ឱ្យ​ដឹង​អំពី​ឆាក​ប្រកួត​រវាង​គូ​ណា និង​គូ​ណា និង​ស្នើ​សួរ​យោបល់​ក្រែង​មាន​អ្នក​ណា​ចង់​ដាក់​ប្រាក់​ភ្នាល់​ដោយ​ប្រកាន់​យក​ខាង​ភាគី​ណា ។ គេ​កត់​ឈ្មោះ និង​ចំនួន​ទឹកប្រាក់​របស់​អ្នក​ស្ម័គ្រ​ភ្នាល់​ក្នុង​បញ្ជី​មួយ ។ ឯ​គូ​ម្ខាង​ទៀត​ក៏​ធ្វើ​តាម​របៀប​ដូច​គ្នា​នេះ​ដែរ ។ ក្រោយ​ពី​បានដឹង​ថា អស់​មាន​អ្នក​ស្ម័គ្រចិត្ត​ភ្នាល់​ហើយ គេ​យក​បញ្ជី​ភាគី​ទាំង​ពីរ​មក​ទូ (​ប្រៀបធៀប​ផ្ទៀងផ្ទាត់​) គ្នា​មើល​ឱ្យ​ដឹង​ថា តើ​ចំនួន​ទឹកប្រាក់​មាន​ស្មើគ្នា ឬទេ ។

បើ​មានការ​លើសខ្វះ​គ្នា ខ្លះ​ៗ​នោះ គេ​ត្រូវ​ប្រ​កូក​ប្រកាស​រក​អ្នក​ស្ម័គ្រចិត្ត​ភ្នាល់​មក​ដាក់​ប្រាក់​បង្គ្រប់​ឱ្យ​ទាល់តែ​ស្មើគ្នា ទើប​ប្រកាស​បិទ​បញ្ជី​ភ្នាល់ ។ បន្ទាប់​ភ្លាម​នោះ គេ​ក៏​ប្រកាស​ផ្តើម​ការ​ប្រណាំង ។ ដើម្បី​ឱ្យ​មាន​យុត្តិធម៌ និង​ជា​វិធានការ​ត្រឹមត្រូវ​មួយ​អាច​ឱ្យ​គូភាគី​ទាំង​ពីរ​ជ្រះស្រឡះ​ក្នុង​អារម្មណ៍ គេ​ចាត់​អ្នក​វាយ​ហាត់​ដោ​មួយ​នាក់​ជា​តំណាង​ឱ្យ​ភាគី ម្ខាង​ៗ​រួម​គ្នា​បង្កើត​បានជា​អ្នក​អាជ្ញាកណ្តាល​ពីរ ឬ​បី​នាក់ ដូច​បាន​ពោល​ខាង​ដើម ។ នៅ​ពេល​ដែល​រទេះ​ប្រណាំង​ជា​គូប្រកួត​ប្រជែង​បរ​ចេញ​ទៅ​កាន់​ក្បាល​ទី (​ទី ឬ​ចំណុច​ដែល​ចេញដំណើរ នេះ​ជា​ពាក្យ​ប្រើប្រាស់​ក្នុង​ភាសា​អ្នក​ប្រណាំង​រទេះ​) នោះ មនុស្ស​ម្នា​មហាជន​ទាំងឡាយ ទាំង​ទស្សនិកជន​សុទ្ធសាធ​ទាំង​អ្នកចូលរួម​ភ្នាល់ នាំ​គ្នា​តាម​មើល​ដំណើរ​នៃ​គោ​គូប្រណាំង​ទាំង​ពីរ ដើម្បី​កត់​សម្គាល់ថា តើ​គូ​ណា​សង្ហា​ជាង​គូ​ណា ។ តាម​រយៈ​ការ​កត់សម្គាល់​នេះ គេ​ចាប់ផ្តើម​វិនិច្ឆ័យ​ជា បណ្តើរ​ៗ​ចាប់ពី​ពេល​ចេញដំណើរ​ទៅ​កាន់​ក្បាល​ទី​នេះ​ទៅ​។ ចំណែកឯ​អ្នក​ឱ្យ​សញ្ញា​ចេញដំណើរ​ទាំង​ពីរ​នាក់​ក៏​ត្រូវ​បាន​ចាត់តាំង​ដោយ​គណៈកម្មការ​តំណាង​ទាំង​ពីរ​ភាគី​ផង​ដែរ ។

ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ លើក​ឡើង​ថា នៅ​ក្បាល​ទី គណៈកម្មការ​បាន​បញ្ជា​ឱ្យ​រទេះ​ទាំង​ពីរ​រៀបខ្លួន​តាម​លំដាប់​មុន​ក្រោយ​ទៅ​តាម​ការ​កំណត់ និង​ទៅ​តាម​ទំនៀមទម្លាប់ ។ គេ​ស្រែក​ឱ្យ​គូប្រណាំង​ទាំង​ពីរ​ប្រុងប្រៀប រួច​រាប់ មួយ​!​ពីរ​!​បី​!…​។ គ្រាន់តែ​បាន​ទទួល​សញ្ញា​ចេញដំណើរ​ភ្លាម គោ​ទាំង​ពីរ​នឹម ក្រោម​ការ​ញាក់​ខ្សែ​បញ្ជា ក្រោម​ទម្ងន់​ជន្លួញ​ដ៏​មុត​ស្រួច និង​ក្រោម​សម្រែក​សន្ធាប់​យា​៉​ង​ខ្លាំង​នោះ​មក គោ​ទាំង​ពីរ​នឹម​ស្ទុះ​បោល​យ៉ាង​លឿន​តាមតម្រាយ​ផ្លូវ​យា​៉​ង​ត្រង់ ។ អ្នក​ជំនិះ​បង្ហើប​គូទ​ផុត​ពី​រនាប​រទេះ ដៃ​ឆ្វេង​បួង​កន្ទុយ​ខ្សែ ដៃស្តាំ​កាន់​ជន្លួញ​លោ​ចាក់​ភ្លៅ ឬ​ឆ្អឹងជំនីរ​គោ​ឱ្យ​ស្ទុះ​រត់លឿន ដើម្បី​ដណ្តើម​យកជ័យ​ជម្នះ​ពី​គូប្រជែង ។ នៅ​អម​តាមតម្រាយ​ផ្លូវ​ប្រណាំង អ្នកគាំទ្រ​ភាគី ម្ខាង​ៗ​បាន​ឈរ​រាយ​បណ្តាក់​គ្នា​ចាំ​យាម​ការពារ​កុំឱ្យ​គោ​ខាង​ភាគី​ខ្លួន​ប្រាស​ចេញពី​ផ្លូវ​ប្រណាំង ។

លុះ​ទៅ​ដល់​ត្រង់​ចំណុច​ហាត់​ដោ អ្នក​ជំនិះ​ទាំង​ពីរ​ភាគី ប្រឹង​យោគ និង​ចាក់​គោ​របស់​ខ្លួន​បន្ថែម​ល្បឿន​យកឈ្នះ​ផ្តាច់ព្រ័ត្រ​តែ រៀង​ៗ  ខ្លួន ។ អ្នក​វាយ​ហាត់​ដោ​ទាំង​បី​នាក់​ខំ​សង្កេត​មើល​ស្ថានការណ៍​ដើម្បី​សម្រេច​វាយ​ហាត់​ដោ ឬ​ក៏​មិន​អាច​វាយ​បាន ទៅ​តាម​លក្ខណៈ​ជាក់ស្តែង​ដូច​បាន​លើក​ឡើង​នៅ​ចំណុច​ទី​៥ និយាយ​អំពី​ហត្ថ​ដោ ។ នៅ​ពេល​ដឹង​ឈ្នះ​ចាញ់​សំឡេង​ហ៊ោកញ្ជ្រៀវ​បន្លឺ​ឡើង​យា​៉​ង​កងរំពង​ពី​ភាគី​អ្នក​ឈ្នះ​។ ខ្លះ​បោះ​សំពាយ​ប្រាក់​ឡើង​ទៅ​លើ ខ្លះ​បោះ​មួក ខ្លះ​លោត រត់ ហក់​កញ្ឆេង​ដោយ​ស្រែក​អស់ទំហឹង​ថា ៖ «​ឈ្នះ​ហើយ​!​ឈ្នះ​ហើយ​!» ។

ខ្លះ​ទៀត​រាំ​ចាក់​ត្លុក​កំប្លែង​សប្បាយ​យ៉ា​ង​អឺងកង ។ មាន​តែ​ភាគី​អ្នក​ចាញ់​ទេ​ដែល​ពុំ​មាន​សម្តែង​នូវ​សកម្មភាព​អ្វី​គួរ​ឱ្យ​ចាប់អារម្មណ៍ ក្រៅពី​ធ្វើ​មុខជូរ​ដោយសារ​ចាញ់​ពីរ​ប្រការ គឺ​ចាញ់​ប្រាក់ ចាញ់​កេរ្តិ៍ឈ្មោះ ។ បន្ទាប់​ពី​គូ​ទី​មួយ​, គូ ផ្សេង​ៗ​ដទៃ​ទៀត ក៏​ចេះ​តែ​ចាប់​ប្រណាំងប្រជែង​បន្ត​ទៅ​រហូត​ដល់​ម៉ោង​៥​ល្ងាច​ទើប​ផ្អាក​។ ចំពោះ​គូ​ណា​ដែល​នៅ​ពុំ​ទាន់​ដល់​វេន​ប្រណាំង​នោះ គេ​ប្រកាស​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត​ដរាប​ទាល់តែ​អស់​គូ​ទើប​ឈប់ ។ ការ​ប្រណាំង មួយ​លើក​ៗ អាច​មាន​ថិរវេលា​ពីរ ឬ​បី​ថ្ងៃ ។

ល្បែង​ប្រណាំង​រទេះ មិន​សុទ្ធតែ​ទទួល​បាន​សេចក្តីសុខ​ស្ងប់​ក្នុង​របៀបរៀបរយ​ទាំង​អស់នោះ​ទេ ។ ជួនកាល​ក៏​បណ្តាល​ឱ្យ​មានការ​ឈ្លោះ​ទាស់ទែង​គ្នា​ដែរ ដោយសារ​មាន​អំពើ​អយុត្តិធម៌​កើត​ចេញ​មក​ពី​ភាគី​ម្ខាង​ទៀត​ដូច​ជា ៖

-​វាយ​ហាត់​ដោ​បញ្ឆិត (​តាម​ធម្មតា​គេ​ត្រូវ​វាយ​ហាត់​ដោ​ត្រង់​តាម​ទិស​បន្ទាត់​បញ្ឈរ ។ ក្នុង​ករណី​ដែល​វាយ​បញ្ឆាក​បញ្ឆិត​នោះ គេ​នឹង​សង្ស័យ​ថា មានការ​គប់គិត​ស៊ុមគ្រលុំ​ជាមួយ​រទេះ​បរមុខ​ហើយ​) ។
-​អ្នក​ជំនិះ​រទេះ​មុខ​វាយ​គោ​រទេះ​ក្រោយ ។

-​អ្នក​ជំនិះ​រទេះ​ក្រោយ ចាក់​បញ្ឆេះ​គោ​ឱ្យ​ជាន់​រទេះ​ខាង​មុខ ដោយ​បំពារបំពាន​លើ​កតិកាសញ្ញា​ប្រណាំង ។

-​ភាគី​ម្ខាង​ស្រែក​លើកដៃ​បង្អើល​គោ​គូប្រជែង​របស់​ខ្លួន​ឱ្យ​ប្រាស​ចេញពី​ផ្លូវ​រត់​ចូល​ព្រៃ ។​ល​។ និង ។​ល​។

កាលបើ​មាន​បញ្ហា​ទាំង​ប៉ុន្មាន​នោះ​កើតឡើង​អាច​នឹង​មាន​ទំនាស់​ដោយ​ភាគី​ចាញ់​មិន​ព្រម​ប្រគល់​ប្រាក់​ភ្នាល់​ទៅ​ឱ្យ​ភាគី​ឈ្នះ ។ ជម្លោះ​នេះ បើ​គេ​ពុំ​មាន​ច្រក​ណាមួយ​ដោះស្រាយ​បាន​ដោយ​សន្តិវិធី​ទេ​នោះ នឹង​អាច​នាំ​ទៅ​ដល់​ការ​វាយ​ប្រតាយប្រតប់​គ្នា ពពាក់ពពូន​ច្របូកច្របល់​បាត់បង់​អស់​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ប្រែក្លាយ​ល្បែង​កម្សាន្ត​ទៅ​ជា​សោកនាដកម្ម ។

ទីលាន​សម្រាប់​ការ​ប្រណាំង​លើក​ក្រោយ​នោះ ត្រូវ​បាន​សម្រេច​ឡើងជា​ឯកច្ឆន្ទ ដោយ​ភាគី​ទាំងអស់​ដែល​បាន​ចូលរួម ។ ជួនកាល​ភូមិ​ណា​ដែល​មា​នទី​តាំងនៅ​ចំ​កណ្តាល​បណ្តា​ភូមិ​ទាំងអស់ ហើយ​ដែល​មាន​ផ្លូវ​ប្រណាំង​ល្អ​ជាងគេ​នោះ គេ​ច្រើន​សម្រេច​យក​ភូមិ​នោះ​ធ្វើ​ជាទី​ប្រណាំង​ញឹកញាប់​ជាងគេ ព្រោះ​មាន​លក្ខណៈសម្បត្តិ​ងាយស្រួល​សម្រាប់​គ្រប់​គ្នា ។

គួរ​ឱ្យ​ស្តាយ​ពន់ពេក​ណាស់ បច្ចុប្បន្ន​នេះ​ល្បែង​កីឡា​ប្រណាំង​រទេះ​ស្ទើរតែ​សាបសូន្យ​អស់ពី​សង្គម​ខ្មែរ​ទៅ​ហើយ ។ តាម​ការ​ពិចារណា ល្បែង​នេះ​គ្មាន​អ្វី​ជា​ទំនាស់​ដល់​កា​រវិ​វ​ឌ្ឍ​រីក​ចម្រើន​របស់​សង្គម​ទេ ។ នៅ​ប្រទេស​អេ​ស្បា​៉​ញ គេ​នៅ​តែ​រក្សា​កីឡា​ប្រយុទ្ធ​ជាមួយ​គោឡើងក ដែល​មាន​តាំងពី​មជ្ឈិមសម័យ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ បើ​ពិនិត្យ​សព្វ​ជ្រុងជ្រោយ​ទៅ ល្បែង​ប្រណាំង​រទេះ​មិនជា​អាក្រក់​អ្វី​ទេ ប្រសិនបើ​ក្រសួង​មាន​សមត្ថកិច្ច (​ក្រសួង​វប្បធម៌ ឬ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ នៃ​ពុទ្ធ​សាសន​បណ្ឌិត្យ​) រៀបចំ​ចាត់ចែង​ដឹកនាំ​ផ្ទាល់ ដោយ​ហាមប្រាម​មិន​ឱ្យ​មានការ​ភ្នាល់​ដាក់​ប្រាក់ ។ យើង​គ្រាន់តែ​បំបែរ​ពី​ប្រណាំង​ភ្នាល់​មក​ជា​ប្រណាំង​ផ្តល់​រង្វាន់​ពី​រដ្ឋាភិបាល​វិញ គឺ​ធ្វើ​ឱ្យ​ដូច​ការ​ប្រណាំង​បង្ហោះ​ខ្លែង ប្រណាំង​ស៊ី​ក្លូ ប្រណាំងទូក ។ ចំពោះ​ការ​បង្ហាញ​ត្រឹមតែ​រូបភាព សើ​ៗ ដូចដែល​គេ​បានឃើញ​នៅ​រមណីយដ្ឋាន​បឹង​កក់ កាលពី​បណ្តា​ទស​វត្ស​ទី​៨០​នោះ នៅ​មិន​ទាន់​ចំ​បញ្ហា​នៅឡើយ​ទេ​។ គេ​អាច​ចាត់​ទុក​ប្រពៃណី​ប្រណាំង​រទេះ​នេះ​ថា ជា​ទំនៀមទម្លាប់​ល្អ​របស់​ជាតិខ្មែរ​យើង ព្រោះ​វា​ជា​កីឡា​មួយ​ប្រភេទ ។ បើ​យើង​ចេះ​ច្នៃ ចេះ​កំណត់ពេល​ឱ្យ​បាន​ទៀត​ទាត់ ហើយ​ប្រកាស​ផ្សាយ​ចេញ​ទៅ​ក្រៅប្រទេស​តាម​រយៈ​ព្រឹត្តិបត្រ​ទេសចរណ៍​នោះ យើង​ពិតជា​នឹង​បាន​ចំណូល​ជា​ប្រាក់​ព្រោះ​ល្បែង​នេះ​នឹង​ទាក់ទាញ​ទេសចរ​បរទេស​ឱ្យ​ចូល​មក​មើល​កុះករ​មិន​ខាន ៕