ព្រមាន​ជា​ថ្មី​! តារា​ៗ TikTok ប្រយ័ត្ន​ក្រុមហ៊ុន​ទាញ​យក​ព័ត៌មាន​ឯកជន​ភាព​អត់​ដឹងខ្លួន


រាជធានី​ភ្នំពេញ ៖ រាជធានី​ភ្នំពេញ ៖ យើង​បានដឹង​ហើយ​ថា កម្មវិធី TikTok គឺជា​កម្មវិធី​ដ៏​ពេញ​និយម​មួយ​សម្រាប់​ថត និង​ចែកចាយ​វី​ដេ​អូ​ឃ្លី​ប​ខ្លី​ៗ​ជា​របៀប​ច្រៀង​តាម (lip-syncing video) មិន​ត្រឹមតែ នៅ​ក្រៅប្រទេស​នោះ​ទេ ថែម​ទាំង​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ផង​ដែរ ជា​ពិសេស​ក្នុង​ចំណោម​ក្មេង​ៗ ដែល​មិន​ទាន់​គ្រប់​អាយុ​។

យោង​តាម​ប្រភព​ពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ បានអោយ​ដឹង​ថា ភាព​ជា​ឯកជន ពិតជា​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​ម្នាក់​ៗ​ ក្នុង​ការ​រស់នៅ​ដើម្បី​ការពារ​សិទ្ធិ​ផ្ទាល់ខ្លួន​របស់​ពួក​គេ ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ​ ក៏​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន ដែល​ត្រូវ​បាន​រង​ការ​ចោទប្រកាន់​ពី​ការ​លួច​យក​ព័ត៌មាន​ឯកជន​ភាព​របស់​អ្នក​ប្រើប្រាស់ ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ដូច​ជា​យក​ទៅ​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឬ​ក៏​លក់​ព័ត៌មាន​ទាំងនោះ​ទៅ​ឱ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ប្រព័ន្ធ​ប្រតិបត្តិការ iOS 14 ដែល​ទើបតែ​ដាក់​ឱ្យ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ប្រើប្រាស់​សាកល្បង​ហើយ​មិន​ទាន់​បាន​ចេញ​ជា​ផ្លូវការ​នៅឡើយ​ផង​នោះ ក៏​បាន​រក​ឃើញ​ថា មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ទាញ​យក​ទិន្នន័យ​ឯកជន​ភាព​ពី Clipboards របស់​អ្នក​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ពួក​គេ​។ ការ​រក​ឃើញ​នេះ​ក៏​ដោយសារ​ការ​បន្ថែម​មុខងារ​សុវត្ថិភាព​ថ្មី​របស់ iOS 14 សម្រាប់​តាមដាន​កម្មវិធី​ណា​ដែល​ទាញ​យក​ទិន្នន័យ​ពី Clipboards ហើយ​ធ្វើការ​ជូនដំណឹង​រាល់ពេល​ដែល​វា​កើតឡើង​ដល់​អ្នក​ប្រើប្រាស់​ដើម្បី​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​។ សូម​បញ្ជាក់​ផង​ដែរ​ថា Clipboards គឺជា​កន្លែង​ដែល​កុំព្យូទ័រ​រក្សា​ទុក​ទិន្នន័យ​ជា​បណ្ដោះអាសន្ន មុន​ពេល​ត្រូវ​បាន​យក​ទៅ​ចម្លង​ឱ្យ​ទីតាំង​ផ្សេង​ៗ​ទៀត​។

កន្លង​ទៅ​ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​បាន​ធ្វើការ​ទាញ​យក​ទិន្នន័យ​ឯកជន​ភាព​របស់​អ្នក​ប្រើប្រាស់​តាម​រយៈ​វិធី​នេះ ប៉ុន្តែ​គេ​រក​ឃើញ​ថា​ក្រុមហ៊ុន TikTok ដែល​ជា​ក្រុមហ៊ុន​ចែករំលែក​វី​ដេ​អូ​ខ្លី​ៗ កំពុង​តែ​ពេញ​និយម​និង​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​ក្នុង​បណ្ដាញ​សង្គម បាន​ទាញ​យក​ទិន្នន័យ​យ៉ាង​សម្បើម​ពី​អ្នក​ប្រើប្រាស់​របស់​ខ្លួន បើ​ប្រៀបធៀប​ទៅ​នឹង​ក្រុមហ៊ុន​ដទៃ​ទៀត ដែល​មាន​ហ្គ៊េ​ម និង​កម្មវិធី​ដ៏​ពេញ​និយម​មួយ​ចំនួន ដូច​ជា Bejeweled, Fruit Ninja, Plants vs Zombies Heroes និង Viber ជាដើម​។

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Jeremy Burge ជា​ប្រធាន​ផ្នែក នៅ​ឯ Emojipedia បាន​បង្ហាញ​ថា​កម្មវិធី TikTok បាន​ទាញ​យក​ទិន្នន័យ​ពី Clipboards រាល់ពេល​ដែល​លោក​អ្នក​បាន​ថតចម្លង (copy) អ្វីមួយ សូ​ម្បី​តែ​ពេល​អ្នក​កំពុង​ប្រើ​កម្មវិធី​ផ្សេង​ទៀត​ដូច​ជា Instagram ក៏​ដោយ​។ ក្រុមហ៊ុន TikTok បាន​ធ្វើការ​កែសម្រួល​បញ្ហា​នេះ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ក៏​ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា​តើ​ក្រុមហ៊ុន​នេះ​នឹង​មានការ​កែសម្រួល​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android នៅឡើយ​ទេ ព្រោះថា​ប្រព័ន្ធ​ប្រតិបត្តិការ Android មិន​មានការ​តាមដាន​ពី​បញ្ហា​នេះ​ដូច​ប្រព័ន្ធ​ប្រតិបត្តិការ iOS ទេ ៕

គួរបញ្ជាក់ដែរថា ក្មេង​មិន​ទាន់​គ្រប់​អាយុ​ប្រើ​បណ្តាញ​សង្គម TikTok ឪពុក​ម្តាយ​គួរ​ប្រុង​ប្រយ័ត្ន​!

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ