ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​ពិភពលោក​មានការ​ព្រួយបារម្ភ​ចំពោះ​គ្រឿង ញៀន ខណៈ​ការ​ចរាចរណ៍​គឿ​ង​ញៀន​មិន​ថយ​ចុះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ដ្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ថ្លែង​ថា ប្រទេស​កម្ពុជា​ក៏​ដូច​ជា ពិភពលោក​មានការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា…

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ដ្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ថ្លែង​ថា ប្រទេស​កម្ពុជា​ក៏​ដូច​ជា ពិភពលោក​មានការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា គ្រឿងញៀន ខណៈ​ពិភពលោក​មិន​មានការ​ថយ​ចុះ​ឡើយ ចំពោះ​ការ​ចរាចរណ៍​គ្រឿងញៀន ។

ថ្លែង​ក្នុង​ពិធី​ដុត​បំផ្លាញ​ចោល​គ្រឿងញៀន​ជិត​៥០០​គីឡូក្រាម នា​ឱកាស​អបអរសាទ​ទិវា​អន្ដរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​កោះ​ពេទ្យ ។

លោក កែ គឹ​ម​យ៉ា​ន បាន ឲ្យ​ដឹង​ថា ទោះបី​មានការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ​អាជ្ញាធរ​នូវ​តែ​បន្ដ​មាន​វិធានការ​នានា ដើម្បី​ទប់ស្កាត់​គ្រឿងញៀន​នៅ​តាម​ព្រំដែន ។

លោក​បាន​បញ្ជាក់​ថា ៖«​បើ​យើង​មើល​ស្រុក​ខ្មែរ​យើង​បារម្ភ​ខ្លាំង ខ្ញុំ​ក៏​បារម្ភ អស់លោក​ក៏​បារម្ភ ។ ប៉ុន្ដែ​យើង​មើល​ស្ថានភាព​ទូទៅ ពិភពលោក​អត់​មាន​ថយ​ទេ គ្រឿងញៀន ហើយ​ការ​បារម្ភ​របស់​យើង ត្រឹមត្រូវ​ណាស់ រាជរដ្ឋាភិបាល​មិន​ដែល​មើល​ស្រាល​រឿង​គ្រឿង ញៀន​ទេ​» ។

លោក​ថា ៖ ប្រទេស​កម្ពុជា​មិនមែន​កន្លែង​ផលិត​គ្រឿងញៀន​ឡើយ គ្រាន់តែ​ជា​ប្រទេស​ឆ្លងកាត់​តែ​ប៉ុណ្ណោះ ខណៈ​អាជ្ញាធរ កំពុង​មាន​វិធានការ​តឹង​រឹង នៅ​តាម​តំបន់​ព្រំដែន​ផង​ដែរ ។ លោក​ថា ប្រទេស​កម្ពុជា​មាន​វិធានការ​យ៉ាងច្រើន ដើម្បី​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន ។

ឆ្លៀតឱកាស​នោះ នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន បាន​ធ្វើការ​ណែនាំ​បន្ថែម​លើ​ចំណុច​មួយ​ចំនួន​នៃ​ការ​ណែនាំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ដូច​ជា ទី​១-​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​អនាម័យ​ផ្ទាល់ខ្លួន ក្រុម​គ្រួសារ សហគមន៍ និង​ទីកន្លែង​ការងារ​ស្រប​តាម​ការ​ណែនាំ របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក និង​មិន​ត្រូវ​ធ្វេសប្រហែស​ចំពោះ​បញ្ហា​គ្រឿងញៀន​នោះ​ដែរ ។

ទី​២-​មន្ត្រីរាជការ កងកម្លាំង​អនុវត្ត​ច្បាប់​គ្រប់​ប្រភេទ ត្រូវ​យកចិត្តទុកដាក់​ថែទាំ និង​ថែរក្សា​ខ្លួន ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ដោយ​បង្ការ​ការពារ​ខ្លួន​មិន​ឲ្យ​ឆ្លង និង​បង្ការ​មិន​ឲ្យ​ឆ្លង​រាល​ត្បា​ត​ចូល​ដល់​កន្លែង​ការងារ និង​ពិសេស ទីកន្លែង​ព្យាបាល និង​ស្តារ​នីតិសម្បទា អ្នក​ញៀន​គ្រឿងញៀន និង​ពន្ធនាគារ ។

ទី​៣-​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន រាជធានី​ខេត្ត ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ស្តី​ពី​ការ​ពង្រឹង​វិធានការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​គោ​លន យោ​បាយ «​ភូមិ​ឃុំ​មាន​សុវត្ថិភាព​» ។

ទី​៤-​គ្រប់​ក្រសួង ស្ថាប័ន អង្គភាព និង​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ពាក់ព័ន្ធ​ទាំងអស់​ត្រូវ ធ្វើការ គាំទ្រ និង​បំផុស​ឱ្យ​គ្រប់​សមាសភាព​សង្គម ក្នុង​មូលដ្ឋាន​ចូលរួម​ក្នុង​ចលនា​នៃ​ការ​ព្យាបាល និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន ក្នុង​សហគមន៍​ឱ្យ​ទទួល​បាន​ជោគជ័យ ។

ទី​៥-​វិស័យ​ឯកជន​អ្នក​វិនិយោគ ឬ​អាជីវករ ដែល​មាន​មុខរបរ​ពាក់ព័ន្ធ​នឹង​ទីកន្លែង ដែល​ងាយ នឹង​ទទួល​រង​នូវ​ការ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ដាច់ខាត​មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។

ទី​៦-​ដូចដែល​នឹង​ឃើញ​នា​ពេល​បន្តិចទៀត​នេះ​គ្រឿងញៀន​ជា​ច្រើន​នឹង ត្រូវ​ដុត​បំផ្លាញ ដែល​នេះ​ជា​សារ​មួយ​បញ្ជូន​ដល់​ឧក្រិដ្ឋជន​គ្រឿងញៀន​ឱ្យ​ឃើញ​ពី​ឆន្ទៈ មុតមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន ។ និង​ទី​៧- សូម​អំពាវនាវ​ដល់​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ដៃគូ​អភិវឌ្ឍ អង្គការ​ជាតិ និង​អន្តរជាតិ សូម​ចូលរួម​ជាមួយ​រាជរ​ដ្ឋា​ភិ​បា​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង បញ្ហា​គ្រឿងញៀន​។

សូម​រំលឹក​ថា ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០២០ សមត្ថកិច្ច​កម្ពុជា បង្ក្រាប​គ្រឿងញៀន បាន​៤.៥១០​ករណី ឃាត់ខ្លួន​ជនសង្ស័យ ៨.៩២៧​នាក់ រឹបអូស​គ្រឿងញៀន បាន​ជាង​២០៩​គីឡូក្រាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ