បើកសវនាការសំណុំរឿងនាយកក្រុមហ៊ុនម្នាក់ពាក់ព័ន្ធករណីឆបោកប្រាក់១៥មុឺនដុល្លារ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ វាសនានាយកក្រុមហ៊ុន EAMILO EMPORT. EXPO RT CO. Ltd សាលក្រមត្រូវផ្តន្ទាទោសនៅថ្ងៃទី២…
រាជធានីភ្នំពេញ ៖ វាសនានាយកក្រុមហ៊ុន EAMILO EMPORT. EXPO RT CO. Ltd សាលក្រមត្រូវផ្តន្ទាទោសនៅថ្ងៃទី២…
រាជធានីភ្នំពេញ ៖ វាសនានាយកក្រុមហ៊ុន EAMILO EMPORT. EXPO RT CO. Ltd សាលក្រមត្រូវផ្តន្ទាទោសនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ លើសំណុំរឿង ឆបោកប្រាក់ចំនួន១៥មុឺនដុល្លារអាមេរិក ពាក់ព័ន្ធករណីលក់ក្រុមហ៊ុនឲ្យគេហើយ មិនបញ្ចូលឈ្មោះថ្មីឲ្យទៅអ្នកទិញ ។
កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងព្រហ្មទណ្ឌមួយមកបើកសវនាការជនុំជម្រះក្តី ដើម្បីផ្តន្ទាទោសលើជនជាប់ចោទ ដែលសវនាការនោះដឹកនាំដោយលោក កូយ សៅ អនុប្រធានសាលាដំបូងជាចៅក្រមជំនុំជម្រះ និងលោក ឡុង ជាប ព្រះរាជអាជ្ញារងជាតំណាងឲ្យស្ថាប័នអយ្យការ ។
សវនាការនោះបានធ្វើឡើងចំពោះមុខជនជាប់ឈ្មោះ ឡូ ឬទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជានាយកក្រុមហ៊ុន EAMILO EMPORT. EXPORT CO. Ltd មានទីលំនៅផ្ទះលេខ២១ ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនជាប់ចោទឈ្មោះ ឡូ ឫទ្ធី ត្រូវបានតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់.ឆបោក.ដែលបទល្មើសនេះមានចែងតាមបញ្ញាតមាត្រា ៣៧៧ មាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។
នៅក្នុងសវនាការជនជាប់ចោទឈ្មោះ ឡូ ឬទ្ធី ក៏បានឆ្លើយសាភាពផងដែរថា ខ្លួនពិតជាបានយកប្រាក់ចំនួន១៥មុឺនដុល្លារអាមេរិកពីឈ្មោះ អ៊ួច លក្ខណា កាលពីនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ដែលជាប្រាក់ព្រមព្រៀងទិញលក់ភាគហ៊ុន ១៥ % របស់ក្រុមហ៊ុន EAMILO EMPORT. EXPORT CO. Ltd ពិតប្រាកដមែន ហើយក្នុងពេលនោះខ្លួនមិនទាន់បានកែប្រែលក្ខន្តិកៈក្រុមហ៊ុនដើម្បីបញ្ជូលឈ្មោះ អ៊ួច លក្ខណា ឲ្យទៅជាម្ចាស់ភាគហ៊ុនថ្មីទេ ។
ជនជាប់ចោទបានឆ្លើយសារភាពបន្តថា លុះដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ឈ្មោះ អ៊ួច លក្ខណា បានឲ្យខ្លួនដាក់បញ្ចូលឈ្មោះគេជាម្ចាស់ភាគហ៊ុន១៥% ជាថ្មីម្ដងទៀត តែខ្លួនមិនអាចធ្វើបានដោយសារជាប់ពាក់ព័ន្ធ និង នីតិវិធីស្មុគ្រស្មាញរបស់អង្គភាពពន្ធដា ។ បន្ទាប់មកនៅថ្ងៃទី៨ សីហា ឆ្នាំ២០១៨ ខ្លួនបានឲ្យទីប្រឹក្សាផ្នែកច្បាប់បើកការប្រជុំជាមួយឈ្មោះ អ៊ួច លក្ខណា ដើម្បីពិភាក្សាគ្នារឿងមុខតំណែងក្នុងក្រុមហ៊ុន និងប្រាក់ខែ ប៉ុន្តែឈ្មោះ អ៊ួច លក្ខណា មិនបានចូលរួមប្រជុំទេ ហើយការប្រជុំនោះត្រូវអាក់ខានរហូតមក ដោយមិនបានកែប្រែលក្ខន្តិកៈក្រុមហ៊ុនដើម្បីបញ្ចូលឈ្មោះ អ៊ួច លក្ខណា ជាម្ចាស់ភាគហ៊ុនថ្មីឡើយ ។
ចំណែកមេធាវីតំណាង ដោយអណត្តិឲ្យដើមបណ្ដឹងរដ្ឋប្បវេណីបានលើកឡើងថា ទង្វើរបស់ជនជាប់ចោទ ជាចេតនាទុច្ចរិតឆបោកប្រាក់កូនក្តីលោក ក្រោមរូបភាពលក់ភាគហ៊ុនយកប្រាក់មុនអស់ហើយ តែមិនព្រមបញ្ជូលឈ្មោះម្ចាស់ភាគហ៊ុនថ្មីក្នុងរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនទេ ។ ដូច្នេះក្នុងនាមមេធាវីឲ្យដើមបណ្ដឹង សូមស្នើឲ្យតុលាការផ្ដន្ទាទោសលើជនជាប់ចោទឈ្មោះ ឡូ ឬទ្ធី តាមច្បាប់កំណត់ និង ចេញដីកាចាប់ឃុំខ្លួនបង្ខំលើរូបរាងកាយ ដើម្បីទាមទារប្រាក់ដើមចំនួន១៥ មុឺនដុល្លារអាមេរិក និងជំងឺចិត្ត១០ មុឺនដុល្លារ សងទៅដើមបណ្តឹងវិញ ។
តំណាងអយ្យការក៏បានធ្វើសេចក្ដីសន្និដ្ឋានបញ្ជាក់ដែរថា ទង្វើរបស់ជនជាប់ចោទពិតជាមានចេតនាទុច្ចរិតឆបោក គប្បីតំណាងអយ្យការតម្កល់ ទុកការចោទប្រកាន់លើជនត្រូវចោទដដែល និងស្នើសុំឲ្យចៅក្រមជំនុំជម្រះសម្រេចក្តី ទៅតាមគតិយុទ្ធ និងគតិច្បាប់ ។ ដោយឡែកលោក មួន សៀងលី មេធាវីការពារផ្លូវច្បាប់ឲ្យជនជាប់ចោទឈ្មោះ ឡូ ឬទ្ធី បានធ្វើការសន្និដ្ឋានសេចក្តី ដោយបានស្នើសុំឲ្យតុលាការលើកលែងការចោទប្រកាន់លើកូនក្ដីរបស់លោក ព្រោះរឿងនេះជារឿងកិច្ចសន្យា ដើម្បីទុកពេលឲ្យភាគីទាំងពីររកដំណោះស្រាយវិញ ។
សវនាការបានសាកសួរដេញដោលរហូតដល់ទីបញ្ចប់ម៉ោងប្រមាណជាង១២ព្រឹកថ្ងៃដដែល ទើបចៅក្រមជំនុំជំរះក្តីសម្រេចកំណត់យកថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០២០ ជាថ្ងៃប្រកាសសាលក្រមលើជោគវាសនាផ្តន្ទាទោសនាយកក្រុមមួយនេះ ទៅតាមអំពើរបស់ជនជាប់ចោទបានប្រព្រឹត្ត ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ