ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត ទៅ​ពិនិត្យ​សហគមន៍​ធ្វើ​នំ​បញ្ចុក​​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលខេត្តរួម​នឹង​គណៈ ប្រតិភូ…

ខេត្តសៀមរាប ៖ ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលខេត្តរួម​នឹង​គណៈ ប្រតិភូ បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើលសកម្មភាព​ប្រជា​សហគមន៍​ធ្វើ​នំ​បញ្ចុក​ប្រកបដោយ​ភាព​អនា ម័យ នៅ​ក្នុងភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ព្រមទាំង​បាន​ទទួលទាន​នំ​បញ្ចុក​ដែល​ជា​ស្នាដៃ​របស់​កូន​ខ្មែរ​អង្គរ​ទៀត​ផង ។ បន្ត​មក គណៈប្រតិភូ​បាន​ទៅ​ពិនិត្យមើល​ការងារ​កសិកម្ម ដែល​អាជ្ញាធរ​ស្រុក​បាន​ធ្វើស្រែ​បង្ហាញ នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រះ​ដាក់​នេះ​ផងដែរ ។

លោក ឃឹម ហ្វី​ណ​ង់ អភិបាលស្រុក​បន្ទាយស្រី ក៏​ដូច​ប្រជា​កសិករ​ដែល​ជា​ម្ចាស់​ស្រែ បាន​ឲ្យ​ដឹង​ថា ការ​ដែល​អាជ្ញាធរ​ធ្វើស្រែ​បង្ហាញ​នៅ​លើ​ដីស្រែ​របស់​បងប្អូន​នា​រដូវវស្សា​នេះ គឺជា​ការ​ក្រើនរំឭក​ដល់​បងប្អូន​នៅ​ក្នុង​ឃុំ​ព្រះ​ដាក់​ទាំងមូល សុំ​កុំ​ពឹងផ្អែក​ទៅ​លើ​វិស័យ​ទេសចរណ៍​ខ្លាំង​ពេក យើង​ត្រូវ​គិត​ពី​ការងារ​បង្កបង្កើន​ផល​ផង មិន​ត្រូវ​ទុក​ឲ្យ​ដី​ទំនេរ​គ្មាន​ទទួល​បាន​ផល​អ្វី​នោះ​ទេ ។

ម្យ៉ាងទៀត ដោយនៅ​លើ​ពិភពលោក​បាន​ជួប​នូវ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប សំខាន់​បងប្អូន​ស្ថិត​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​តែ​ម្តង ។

លោក​អភិបាលស្រុក ថ្លែង​ទៀត​ថា ដោយ​កត្តា​នេះ​ហើយ​បាន​អាជ្ញាធរ​ស្រុក​ធ្វើការ​ក្រើន រំឭក​ដល់​បងប្អូន​ឲ្យ​ប្រកបការងារ​បង្កបង្កើន​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​របស់​ដូនតា​យើង ដោយ​ប្រើ ប្រាស់​នូវ​ជីធម្មជាតិ​ជា​ចម្បង ក្នុង​ការ​បង្កើន​ទ​ន្និ​ផល​ស្រូវ បន្ទាប់​ពី​ការងារ​ប្រចាំ​ថ្ងៃ​របស់​បងប្អូន ។

ឯកឧត្តម ទៀ សីហា បាន​កោតសរសើរ​បង ប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចាប់​យក​ការ​ធ្វើ​នំ​បញ្ចុក​ជា​របរ​ប្រចាំ​គ្រួសារ បន្ទាប់​ពី​ការងារ​ធ្វើស្រែ​ចម្ការ ក្នុង​ការ​លើកកម្ពស់​ជីវភាព​ក្រុម​គ្រួសារ ក្នុង​ពេល​ដែល​ខេត្តសៀមរាប​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ។

ឯកឧត្តម​អភិបាលខេត្ត បាន​ធ្វើការ​ណែនាំ​បងប្អូន​ប្រជា​កសិករ​ទាំងអស់ ដោយ​បញ្ជាក់​ថា ទោះបី​បងប្អូន​មិន​បាន​ទទួល​ចំណូល​ពី​វិស័យ​ទេសចរណ៍ ក្នុង​ពេល​ជួប​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​ក៏​ពិតមែន តែ​បងប្អូន​មាន​ដីស្រែ​ធ្វើការ​បង្កបង្កើន ផល​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ក្រុម​គ្រួសារ ប្រសើរ​ជាង​អ្នក​ដែល​គ្មាន​ដី​បង្កបង្កើន​ផល ។

ម្យ៉ាងទៀត លើ​ការងារ​បង្កបង្កើន​ផល សូម​បងប្អូន​គោរព​ទៅ​តាម​បច្ចេកទេស​របស់​មន្ត្រី​បច្ចេក ទេស​កសិកម្ម​ដែល​បាន​ណែនាំ ដើម្បី​ធានានូវ​គុណភាព​ដីស្រែ​កុំ​ឲ្យ​រេចរឹល​ខ្សោះ​ជីជាតិ ដែល​នាំ​ឲ្យ​ទិន្នផល​ស្រូវ​មានការ​ធ្លាក់​ចុះ ព្រមទាំង​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​មិន​លូតលាស់​បាន​ល្អ ដោយ​ការ​ប្រើប្រាស់​ជីគីមី​លើស​កំណត់ និង​ខុស​បច្ចេកទេស​របស់​កសិកម្ម ។

បន្ទាប់​មក ឯកឧត្តម​អភិបាលខេត្ត និង​ប្រ​តិភូ បាន​បន្តដំណើរ​ទៅ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​មាន់ នៅ​ក្នុងភូមិ​ត្បែង​ខាងជើង ឃុំ​ត្បែង ស្រុក​បន្ទាយ ស្រី បន្ទាប់​ពី​ការ​ដាំ​ដុះ​បន្លែ​រួម​ផ្សំ ។

តាម​ការ​រៀបរាប់​របស់​ម្ចាស់​កសិដ្ឋាន ដើម​ឡើយ​គឺ​ចិញ្ចឹម​ក្នុង​រូបភាព​ជា​គ្រួសារ​ទេ តែ​ដោយ​បាន​ឆ្លងកាត់​ការ​សិក្សា​រៀនសូត្រ​ពី​បច្ចេកទេស​នៃ​ការ​ចិញ្ចឹម​មាន់ គាត់​ក៏​ពង្រីក​ការ​ចិញ្ចឹម​មាន់​នេះ​រហូត​ក្លាយជា​កសិដ្ឋាន​មួយ​នៅ​ក្នុង​ឃុំ​ត្បែង ។ មិនតែប៉ុណ្ណោះ គាត់​ថែម​ទាំង​បាន​ធ្វើការ​បង្កាត់​ពូជ​ជា​លក្ខណៈ​មាន់​ស្រែ ភ្ញាស់​បានជា​កូន​លក់​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ដែល​មាន បំណង​ចិញ្ចឹម​មាន់​នេះ ។ និយាយ​រួម ចាប់​តាំងពី​មាន​ការដ្ឋាន​ចិញ្ចឹម​មាន់​នេះ​មក ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​គាត់​ប្រែប្រួល​ខ្ពស់​ឡើង​ថែម​ទៀត ។

ឯកឧត្តម ទៀ សីហា បាន​ធ្វើការ​កោត​សរសើរ​ក្រុម​គ្រួសារ​ម្ចាស់​កសិដ្ឋាន​ខាងលើ ដែល​មាន
គំនិត​កែ​ច្នៃ​ការ​ចិញ្ចឹម​មាន់ ចាប់តាំងពី​ជា​លក្ខណៈគ្រួសារ រហូត​បង្កើត​បានជា​កសិដ្ឋាន​មួយ ដោយ​មិន​បាន​នាំ​យក​ពូជ​មាន់​ពី​ខាងក្រៅ​មក​ចិញ្ចឹម​ឡើយ គឺ​ធ្វើការ​ភ្ញាស់​កូន​ដោយ​ខ្លួនឯង និង ផលិតពង​ពូជ​នៅ​ក្នុង​កសិដ្ឋាន​ផ្ទាល់ ព្រមទាំង​ចែកចាយ​ដល់​ប្រជា​កសិករ​ដែល​មាន​បំណង​ក្នុង​ការ​ចិញ្ចឹម​មាន់​ផង​ដែរ ។ ការ​ចិញ្ចឹម​មាន់​របស់​គាត់ ក៏​បាន​បង្កើន​នូវ​ចំណូល​គ្រួសារ​មួយ​កម្រិត​ថែម​ទៀត ។

ដើម្បី​ឲ្យ​បងប្អូន​ប្រជា​កសិករ​មាន​ភាព​ជឿជាក់​លើ​ការ​ចិញ្ចឹម​មាន់​នេះ ឯកឧត្តម​អភិបាលខេត្ត
ក៏​បាន​ធ្វើការ​ណែនាំ​មួយ​ចំនួន​ចំពោះ​លោក​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​រក​ទីផ្សារ​ជូន​ដល់​បងប្អូន​ប្រជា​កសករ​នូវ​គ្រប់មុខ​កសិផល​ដែល​បងប្អូន​ផលិត​បាន ។ ម្យ៉ាងទៀត ទោះបី​មាន​បញ្ហា​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​ក៏​ពិតមែន តែ​ការ​ដាំ​ដុះ​ដំណាំ និង​ការ​ចិញ្ចឹមសត្វ​នេះ មិន​បាន​ពាក់ព័ន្ធ​ទ​នឹង​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩​ទេ តែ​ការងារ​ចិញ្ចឹមសត្វ​នេះ​គឺ​ដើម្បី​បំពេញ​តម្រូវ
ការ​នៅ​តាម​ទីផ្សារ​របស់​ប្រជាពលរដ្ឋ​ទៀត​ផង ។

ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ណែនាំ​ម្ចាស់កសិដ្ឋាន ត្រូវធ្វើ​អនាម័យ​ឲ្យ​បានជា​ប្រចាំ ដើម្បី​ប្រយុទ្ធ​​ប្រឆាំង​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ ឬ​ជំងឺ​ផ្សេង​ៗ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ