តើមានកត្តាអ្វីខ្លះដែលជួយឲ្យមនុស្សជោគជ័យ និងក្លាយជាបុគ្គលដែលអ្នកដទៃគោរពស្រលាញ់ ? លោកម៉ៃខល ស៊ីម៉ុន (Michael Simmons) ដែលបានចំណឫយពេលជាច្រើនឆ្នាំសិក្សាពីមហាសេដ្ឋី និងបុគ្គលជោគជ័យជុំវិញពិភពលោកបានប្រទះឃើញថា ទោះជាមនុស្សទាំងនេះមានទំនួលខុសត្រូវជាច្រើនពិតមែនក្តី ពួកគេតែងតែទុកពេលសម្រាប់សកម្មភាពដែលបង្កើនចំណេះដឹង ភាពច្នៃប្រឌិត និងកម្លាំងរបស់ពួកគេនៅថ្ងៃអនាគត។
ជាលទ្ធផល ពួកគេអាចនឹងសម្រេចបានតិចក្នុងរយៈពេលខ្លី តែពួកគេនឹងសម្រេចបានច្រើនលើសអ្នកដទៃនៅថ្ងៃមុខវិញ។ ខាងក្រោមគឺជាសកម្មភាពមួយចំនួនដែលអ្នកអាចសាកល្បងអនុវត្តដើម្បីបង្កើនឱកាសជោគជ័យក្នុងការងារ និងអាជីវកម្ម៖
១. ប្រើសៀវភៅកំណត់ត្រា
ជារៀងរាល់ព្រឹក លោកមហាសេដ្ឋីស្ទីវ ចបស៍ (Steve Jobs) ឈរមុខកញ្ចក់និងសួរខ្លួនឯអថា «ប្រសិនបើថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិតរបស់ខ្ញុំ តើខ្ញុំនឹងចង់ធ្វើអ្វីដែលខ្ញុំនឹងធ្វើនៅថ្ងៃនេះទេ?» ខណៈដែលមហាសេដ្ឋីរីដ ហហ្វមាន (Reid Hoffman) ព្យាយាមគិតពីដំណោះស្រាយសម្រាប់បញ្ហាធំៗដែលលោកបានជួបប្រទះ។
ការកត់ត្រាគំនិត ផែនការ និងបទពិសោធន៍ជួយឲ្យមនុស្សមើលឃើញអ្វីៗកាន់តែច្បាស់ និងអាចរក្សាស្មារតីបានមុត។ ក្រៅពីនេះហើយ វាជួយបង្កើនសមត្ថភាពក្នុងការគិតពីប្រធានបទពិបាកៗផងដែរ។
២. ការគេងសម្រាកមួយភ្លែត
អ្នកស្រាវជ្រាវបានប្រទះឃើញថា ការគេងសម្រាកប្រមាណមួយម៉ោងទៅមួយម៉ោងកន្លះផ្តល់នូវអត្ថប្រយោជន៍សម្រាប់ការរៀនសូត្រស្មើនឹងពេលដែលមនុស្សចូលដំណេកបាន៨ម៉ោងផងដែរ។ សូម្បីតែអ្នកប្រាជ្ញអាល់បឺត អាញស្តាញ (Albert Einstein) ក៏គេងសម្រាកបន្ទាប់ពីបរិភោគអាហារថ្ងៃត្រង់របស់លោកដែរមុននឹងក្រោកមកសិក្សា និងធ្វើការវិញ។
៣. ដើរឲ្យបានយ៉ាងតិច១៥នាទីក្នុងមួយថ្ងៃ
អ្នកដែលជោគជ័យ និងអាចសម្រេចបានកិច្ចការច្រើនក៏ជាមនុស្សដែលមានទម្លាប់ធ្វើលំហាត់ប្រាណល្អដែរ។ លោកមហាសេដ្ឋី ចាក ដរស៊ី (Jack Dorsey) ដែលជានាយកប្រតិបត្តិរបស់ Twitter ចូលចិត្តដើរប្រមាណ៥ម៉ាលជារៀងរាល់ព្រឹក ខណៈដែលលោកស្ទីវ ចបស៍ចូលចិត្តដើររាល់ពេលដែលលោកត្រូវនិយាយជាមួយនរណាម្នាក់ពីរឿងសំខាន់។
ការស្រាវជ្រាវបានប្រទះឃើញថា ការដើរជួយធ្វើឲ្យខួរក្បាល និងរាងកាយមានកម្លាំងឡើងវិញ និងបង្កើនភាពច្នៃប្រឌិតផងដែរ។ លើសពីនេះទៅទៀត វាជួយធ្វើឲ្យមនុស្សមានអាយុវែងថែមទៀត។
ចែករំលែកព័តមាននេះ