ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តន្ត្រីករ​ហ្គី​តា​សូ​ឡូ​ដ៏​ចំណាន​មានជីវិត​នៅឡើយ រស់នៅ​ប្រទេស​ស្វុ​ី​ស

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ តន្ត្រីករ​ហ្គី​តា​សូ​ឡូ​ដ៏​ចំណាន នៅ​ខេត្តបាត់ដំបង អំឡុង​ទសវត្សរ៍​៦០-៧០​បានរ​សាត់អណ្តែត​ទៅ​ដល់​ប្រទេស​ស្វុ​ី​ស ហើយ​មាន​ក្ដី​នឹក​រឭកស្រុក​កំណើត​ជា​ខ្លាំង​ក្នុង​វ័យ​ចំណាស់ ដូច្នេះ​ហើយ​លោក​លៃ​ពេល​មក​លេង​ជា រឿយ​ៗ ។ ជាក់ស្ដែង​លោក​បាន​មក​លេង​ជា​ថ្មី…

ខេត្តបាត់ដំបង ៖ តន្ត្រីករ​ហ្គី​តា​សូ​ឡូ​ដ៏​ចំណាន នៅ​ខេត្តបាត់ដំបង អំឡុង​ទសវត្សរ៍​៦០-៧០​បានរ​សាត់អណ្តែត​ទៅ​ដល់​ប្រទេស​ស្វុ​ី​ស ហើយ​មាន​ក្ដី​នឹក​រឭកស្រុក​កំណើត​ជា​ខ្លាំង​ក្នុង​វ័យ​ចំណាស់ ដូច្នេះ​ហើយ​លោក​លៃ​ពេល​មក​លេង​ជា រឿយ​ៗ ។ ជាក់ស្ដែង​លោក​បាន​មក​លេង​ជា​ថ្មី មិន​ទាន់​បាន​ត្រឡប់​ទៅ​វិញ​នៅឡើយ ។ លោក​បាន​ឃ្លាត​ចាក​មាតុភូមិ​តាំងពី​អំឡុង​ឆ្នាំ​១៩៧៩​មក នោះ​គឺ​លោក​កែម ប៉ូ​ល (Paul Kem) ហៅ​ប៉ូ​ល សុ​ផា​ណា ។

លោក​កែម ប៉ូ​ល កើត​ឆ្នាំ​១៩៤៧ នៅ​ស្រុក​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ពេល​នេះ​មាន​វ័យ​៧៣​ឆ្នាំ​ហើយ ជា​តន្ត្រីករ​ជើង​ចាស់​សព្វថ្ងៃ​រស់នៅ​ប្រទេស​ស្វុ​ី​ស ។ ប្រពន្ធ​របស់​គាត់​បាន​ស្លាប់​ពេល​ទៅ​ដល់​ប្រទេស​ស្វុ​ី​ស បន្សល់​ទុក កូន​ៗ​ដែល​មាន​ប្រពន្ធ​រួច​អស់​ទៅ​ហើយ ។ ចំណែក​រូប​លោក​វិញ​បច្ចុប្បន្ន​បាន​ចូល​និវត្តន៍​ហើយ ។

លោក​កែម ប៉ូ​ល មាន​និស្ស័យ​ខាង​សិល្បៈ​តន្ត្រី​តាំងពី​នៅ​រៀន​អាយុ​១៣​ឆ្នាំ នៅ​សាលា​មជ្ឈិម​រហូត​ចូល​វិទ្យាល័យ​សង្កែ ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ ដោយ​មាន​ចំណង់​ចំណូលចិត្ត លោក​បាន​កាន់​ហ្គី​តា​ជាប់​ជា​ប្រចាំ​នៅ​ពេលទំនេរ​ពី​ការ​សិក្សា​សម័យ​នោះ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​កែម ប៉ូ​ល បាន​រំឭក​ប្រវត្តិ​កាលពី​យុវវ័យ​ក្លាយទៅជា​តន្ត្រីករ​កាន់​ហ្គី​តា​(Guitar solo) នៅ​សម័យ​សង្គមរាស្ត្រនិយម ។ ពេល​នោះ​លោក​ជា​ក្រុម​យុវ័ន រៀន​នៅ​ខេត្តបាត់ដំបង និង​ជា​បុគ្គលិក​បម្រើ​ធនាគារ​ងិ​ន ប្រ៉​ម (​នៅ​មុខ​រ៉ា​រថភ្លើង​) បានឃើញ​ឧបករណ៍​តន្ត្រី​ច្រើន​ប្រភេទ​របស់​ព្រះរាជអាជ្ញា​សាលាដំបូង​ក្នុង​អំឡុង​ឆ្នាំ​១៩៦៧-៦៨ ក៏​មានចិត្ត​ស្រឡាញ់ ។ ដូច្នេះ​ហើយ​ទើប​គាត់​ខិតខំ​ហាត់រៀន​បង្កើត​ជា​ក្រុម​ត​ន្រី្ត​ឯក​ភ្នំ​ក្នុង​សាលា និង​ក្រុម​សិង្ហ​តន្ត្រី​,​សង្កែ​តន្ត្រី​, ។

លុះ​ក្រោយមក​ចេញលេង​សាកល្បង​ខាងក្រៅ​ជាមួយ​ក្រុម​ឥន្ទ្រ​ទេវី ដែល​កាលនោះ​អ្នកស្រី​ប៉ែន រ៉​ន ,​អ្នកស្រី​ប៉ែន រ៉​ម ,​អ្នកស្រី​រស់ សេរី​សុទ្ធា​, អ្នកស្រី​ឃា​ម សុ​ភ័​ណ ,​អ្នកស្រី​ឃា​ម សុភាព នៅ​ជា​កូនសិស្ស​ច្រៀង​នៅ​បាត់ដំបង មិន​ទាន់​បាន​ច្រៀង​នៅ​ភ្នំពេញ​នៅឡើយ​ទេ ។

តន្ត្រីករ​រូប​នេះ​បន្ត​ថា​នា​ថ្ងៃមួយ​ត្រូវ​រៀបចំ​ទទួល​ព្រះមហាក្សត្រ​(​សម្តេចឪ​)​នៅ​បាត់ដំបង ក្រុម​តន្ត្រី​យោធា​ភិ​រម្យ​ពី​ភ្នំពេញ​បាន​រៀបចំ​ប្រគំ​តន្ត្រី​មួយ​កន្លែង និង​ក្រុម​ភ្លេង​បាត់ដំបង​រៀបចំ​នៅ​ជិត​នោះ​មួយ​កន្លែង​ទៀត ។ វា​ហាក់ដូចជា​ប្រឡងប្រណាំង​គ្នា ហើយ​មហាជន​ទស្សនា​ខាង​បាត់ដំបង​ច្រើន​ជាងគេ ព្រោះ​មាន​អ្នកចម្រៀង​ពីរោះ​ៗ ដូច្នេះ​ហើយ​ទើប​មាន​ចំណាប់អារម្មណ៍​យក​អ្នកស្រី​ប៉ែន រ៉​ន និង​រស់ សេរី​សុទ្ធា ទៅ​ច្រៀង​នៅ​ភ្នំពេញ រហូត​បាន​ល្បីឈ្មោះ ។

ដោយ​បាន​ប្រឡូក​ជា​ច្រើន​ក្រុម ហើយ​គេ​ឃើញ​លោក​កែម ប៉ូ​ល មាន​ស្នាដៃ​ល្អ​ក្នុង​ការ​កាន់​ហ្គី​តា​សូ​ឡូ នៅ​ឆ្នាំ​១៩៦៩ ភោជនីយដ្ឋាន​(​បារ​)​បើក​មុនគេ​នៅ​បាត់ដំបង​ឈ្មោះ​«​មេឃ​ស្រទុំ​» បាន​ឲ្យ​លោក​លេង​ជាប់​ជា​ប្រចាំ ។ បន្ត​មក​ទៀត​លោក​លេង​នៅ​ភោជនីយដ្ឋាន​(​បារ​)​ស្ទឹង​ខៀវ នៅ​ឆ្នាំ​១៩៧០​នា​សម័យ​លន់ ន​ល់ ។ លុះ​រហូត​ដល់​ឆ្នាំ​១៩៧៥​ពួក​ប៉ុ​ល ពត ចូល​កាន់កាប់​អំណាច លោក​ក៏​ក្លាយជា​ទាសករ​ដូច​ប្រជាជន​ទូទៅ​ដែរ​នៅ​ខេត្តបាត់ដំបង ។

នៅ​ក្រោយ​ថ្ងៃ​រំដោះ​៧ មក​រា ឆ្នាំ​១៩៧៩ លោក​កែម ប៉ូ​ល បាន​ស្គាល់​គ្នីគ្នា​សល់​ពី​ការ​ស្លាប់​ជំនាន់​ប៉ុ​ល ពត ក៏​បង្កើត​ជា​ក្រុម​ភ្លេង​មួយ​ក្រុម​ឈ្មោះ​«​សំណល់​មច្ចុរាជ​» នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​មិត្តភាព មាន​អ្នកស្រី​សេង បូ​ទុម ជា​អ្នកចម្រៀង ចេញលេង​ក្នុង​កម្មវិធី​តាម​វត្ត​អារាម ម្តង​ៗ គិត​ជា​អង្ករ ម្ដង​បាន​១​បាវ​យក​មក​ចែក​គ្នា មាន​អ្នកភ្លេង និង​អ្នកចម្រៀង​ប្រមាណ​ជាង​១០​នាក់ ។

ទោះជា​យ៉ាងណា​ក្ដី​លោក​កែម ប៉ូ​ល ថា​ក្រោយមក​ផ្អើល​នាំ​គ្នា​ទៅ​រកស៊ី​រត់ពន្ធ​ពី​ស្រុក​ថៃ បាន​លុយ​ច្រើន ។ ដូច្នេះ​ហើយ​ក៏​នាំ​គ្នា​ទៅ​នៅ​តាម​ជំរំ​ជាយ​ដែន ហើយ​ក៏​មានឱកាស​បាន​ចេញ​ទៅ​រស់នៅ​បរទេស​តាំងពី​ពេល​នោះ​មក ។

លោក​កែម ប៉ូ​ល បាន​បញ្ជាក់​ថា មុន​ពេល​ចេញពី​ជំរំ​ខាវ​អ៊ីដាង លោក​បាន​ជួប​អ្នកចម្រៀង​ជា​ច្រើន​នាក់​ចេញ​ទៅ​ក្រៅប្រទេស​ដែរ គឺ​អ្នកស្រី​ឈួ​ន ម៉ា​ល័យ អ្នកស្រី​ឡុ​ង ស៊ី​ដា អ្នកស្រី​សេង បូ​ទុម អ្នកស្រី​វ៉ា​ន់ ដេ​ត ,​អ្នកស្រី​ប៉ែន រ៉​ម ដែល​សព្វថ្ងៃ​កំពុង​រស់នៅ​ក្រៅប្រទេស ហើយ​ក្នុង​ចំណោម​នោះ​មាន​អ្នកខ្លះ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ ។

ដោយ​ទឹកចិត្ត​ស្រឡាញ់​សិល្បៈ​តន្ត្រី នៅ​ប្រទេស​ស្វ៊ីស លោក​កែម ប៉ូ​ល បាន​ចូល​សមាគម​ខ្មែរ​ក្នុង​ផ្នែក​តន្ត្រី តែ អ្វី​ៗ​នៅ​ប្រទេស​គេ មិន​ដូច​ជា​នៅ​កម្ពុជា​យើង​ឡើយ ។ លោក​ថា​«​នៅ​ឆ្នាំ​២០០៤ ជា​លើក​ដំបូង​ដែល​ខ្ញុំ​បាន​មក​មាតុភូមិ សំខាន់​ស្រុក​កំណើត​ខេត្តបាត់ដំបង​ដែល​បាន​ផ្តល់​អនុស្សាវរីយ៍​ច្រើន​ដល់​កូន​ខ្មែរ​នៅ​ក្រៅប្រទេស​មិន​អាច​បំភ្លេច​បាន ។

ពេល​នេះ​បាន​មក​ទៀត ឃើញ​ការ​រីក​ចម្រើន​ផ្ទាល់​ភ្នែក ពិតជា​រំភើបចិត្ត មិន​ចង់​ត្រឡប់​ទៅ​ស្រុក​គេ​វិញ​ឡើយ ព្រោះ​នៅ​ស្រុក​ខ្មែរ​មាន​សព្វគ្រប់​ទាំងអស់​នៃ​ការ​សប្បាយ​រីករាយ សំខាន់​វិស័យ​តូរ្យតន្ត្រី​ដែល​ខ្ញុំ​ចូល​ចិត្ត​តាំងពី​ក្មេង​មក​នោះ គឺ​ខ្ញុំ​មិន​អាច​បោះបង់​ចោល​វា​បាន​ឡើយ ហើយ​បាន​ត្រៀមខ្លួន​ទទួល​ការ​បណ្តុះបណ្តាល​តាម​គ្រប់​ស្ថាប័ន​ទាំង​រដ្ឋ ឬ​ឯកជន​បើ​ត្រូវការ​ខ្ញុំ​ជួយ​ដោយ​ស្មោះ ។ នៅ​ប្រទេស​គេ​អផ្សុក និង​នឹក​ស្រុក​កំណើត​ណាស់ » ។

លោក​កែម ប៉ូ​ល បាន​មក​លេង​ស្រុក​កំណើត​ជា​រៀង​រាល់​ឆ្នាំ ហើយ​មក​លើក​នេះ​មិន​ទាន់​បាន​ត្រឡប់​ទៅ​ស្វ៊ី​ស​វិញ ព្រោះតែ​បញ្ហា​វីរុស​កូ​វី​ដ​១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ