ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាលអាមេរិក​នឹង​ផ្តល់​ហិរញ្ញប្បទាន ប្រមាណ​ជា​៥៦​លាន​ដុល្លារ​ដល់​វិស័យចំនួន​​៤

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជា​ធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​រដ្ឋាភិបាល​សហ​រដ្ឋអាមេរិក តាម​រយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USIAD) បាន​ចុះហត្ថលេខា នៅ​ថ្ងៃ​ទី​២៥ ខែមិ​ថុនា…

រាជា​ធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​រដ្ឋាភិបាល​សហ​រដ្ឋអាមេរិក តាម​រយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USIAD) បាន​ចុះហត្ថលេខា នៅ​ថ្ងៃ​ទី​២៥ ខែមិ​ថុនា ឆ្នាំ​២០២០ លើ​កិច្ចព្រមព្រៀង​វិសោធនកម្ម ស្តី​ពី​ហិរញ្ញប្បទាន​សហ​ប្រ​តិ​បត្ត​ិ​ការ​អភិវឌ្ឍន៍ សម្រាប់​ឆ្នាំ​២០២០ ដែល​ជា​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៥៦ លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ក្នុង​នោះ​ចំនួន​៣៨​លាន​ដុល្លារ សម្រាប់​វិស័យ​សុខាភិបាល និង​អប់រំ រីឯ​ចំនួន​១៨​លាន​ដុល្លារ​ទៀត​សម្រាប់​វិស័យ​កសិកម្ម និង​បរិស្ថាន​។

លោក ជិន ប៊ុ​ន​ស៊ា​ន ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​មាន​ប្រសាសន៍​ថា «​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ទ្វេភាគី​នេះ គឺជា​មាន​សំខាន់​ក្នុង​ការ​លើកកម្ពស់ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​រវាង​ប្រទេស​ទាំង​ពីរ​»​។

តាម​រយៈ​សហប្រតិបត្តិការ​ជាមួយ​ក្រសួងសុខាភិបាល ការ​គាំទ្រ​នេះ​នឹង​បន្ត​រួមចំណែក​កាត់​បន្ថយ​អត្រា​មរណៈភាព​មាតា និង​ទារក​ដែល​មាន​អាយុ​ក្រោម​៥​ឆ្នាំ ក៏​ដូច​ជា​ផ្តល់​ការ​គាំទ្រ​លើ​កម្មវិធី​នានា​ក្នុង​ការ​កាត់​បន្ថយ ជំងឺ​ក្រិន និង​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​របស់​កុមារ និង​ស្ត្រី និង​កាត់​បន្ថយ​អត្រា​ប្រេ​វ៉ាឡង់​នៃ​ជំងឺអេដស៍ ជំងឺរបេង និង​ជំងឺគ្រុនចាញ់​នៅ​កម្ពុជា​។

ចំពោះ​វិស័យ​អប់រំ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ទីភ្នាក់ងារ USAID នឹង​បន្ត​គាំទ្រ កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​ការ​អាន​របស់​កុមារ កាត់​បន្ថយ​អត្រា​បោះបង់​ចោលការ​សិក្សា នៅ​ថ្នាក់​វិទ្យាល័យ និង​បំពាក់បំប៉ន​បន្ថែម​ដល់​ប្រជាជន​កម្ពុជា ក្នុង​ការ​ឈាន​ចូល​ទៅ​ក្នុង​ទីផ្សារពលកម្ម​។

ក្នុង​ឱ​កាស​នោះ​ដែរ លោក​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក W. Patrick Murphy ក៏​បាន​គូសបញ្ជាក់​ដែរ​ថា «​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ប្តេជ្ញា​បន្ត​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ប្រជាជន​កម្ពុជា ក្នុង​ការ​សម្រេច​​ឱ្យ​បាន​នូវ​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​មួយ​ប្រកបដោយ​ចីរភាព បរិ​យា​ប័ន្ន និង​សមធម៌​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គិត​ត្រឹម​ខែមីនា ឆ្នាំ​២០១៦ បូក​រួម​ទាំង​កិច្ចព្រមព្រៀង​ដែល ទើប​ចុះហត្ថលេខា​នា​ថ្ងៃនេះ ភាគី​អា​មេ​រិ​កបាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សរុប​២៥៣​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​​គាំ​​ទ្រ​ដល់​វិស័យ​អាទិភាព​ទាំង​៤​នេះ​។ បន្ថែម​ពីលើ​នេះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ផ្តល់​ការ​គាំទ្រ​អង្គការ​សង្គម​ស៊ី​វិល​ដែល​បាន​ធ្វើការ ផ្តោត​លើ​សិទ្ធ​មនុស្ស ការ​ប្រឆាំង​ការ​ជួ​ញ​ដូរ​មនុស្ស និង​គណនេយ្យ​ភាព និង​តម្លាភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ