ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ម៉ែ​ន សំ​អន ជួប​សំណេះ​សំណាល​ជាមួយ​ប្រជា​ការពារ​ភូមិ​412​នាក់

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែងប្រាប់​ប្រជា​ការពារ​ភូមិ​ត្រូវ​បម្រើប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ ពេល​មាន​ករណី​បទល្មើស​ផ្សេង​ៗ​កើត​មាន​ឡើង…

ខេត្តស្វាយរៀង ៖ លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែងប្រាប់​ប្រជា​ការពារ​ភូមិ​ត្រូវ​បម្រើប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ ពេល​មាន​ករណី​បទល្មើស​ផ្សេង​ៗ​កើត​មាន​ឡើង ត្រូវ​នៅ​ជាប់​និងជួយ​ដល់​ប្រជាពលរដ្ឋ​ជា​ប្រចាំ ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​ឡើយ ។

លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​បែបនេះ ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​​ប្រជា​ការពារ​ភូមិ​ចំនួន​៤១២​នាក់ នៃ​ស្រុកកំពង់​រោទ៍ ដែល​បាន​រៀបចំ​ឡើង​នៅ​វិទ្យាល័យ ហ៊ុន សែន កំពង់​រោទ៍ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ ។

លោក​ជំទាវ​បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ដោយក្តី​នឹករឭក​ពី​សំណាក់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី
ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូ​ទាំង​ខេត្ត​ស្វាយ
រៀង ដែល​សម្តេច​ទាំង​ទ្វេ​តែងតែ​គិតគូរ​ខ្ពស់​ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ។

លោក​ជំទាវ​មាន​ប្រសាសន៍​ថា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព និង​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​ច្រើន ក្នុង​ន័យ​ពង្រឹង​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ភូមិ ឃុំ​មាន​សុវត្ថិ​ភាព ក៏​ដូច​ជា​គោលនយោបាយ​គាំពារ​សង្គមផ្សេង​ៗ ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង ។ ជា​ពិសេស ការ​ដាក់ឲ្យ​អនុវត្ត​នូវ​ការ​ផ្តល់​សាច់ប្រាក់​ជូន​ដល់​ប្រជា​ពលរដ្ឋ​ក្រ​កម្រិត​១ និង​ក្រ​កម្រិត​២ អំឡុង​ពេល​ដែល​មេរោគ​កូ​វី​ដ​-១៩ បាន​និង​កំពុង​រា​ត្បា​ត​នៅ​លើ​ពិភពលោក ។

សម្រាប់​តួនាទី​ប្រជា​ការពារ​វិញ លោក​ជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន បាន​ចាត់ទុកជា​កម្លាំង​ដ៏​សំខាន់​បំផុត ដើម្បី​រក្សា​សុវត្ថិភាព សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ ឃុំ របស់​យើង ហើយ​កម្លាំង​នេះ​ក៏​ជា​សេនាធិការ​របស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស ដែល​កើត​មាន​ឡើង​ក្នុង​មូលដ្ឋាន ។

លោក​ជំទាវ ក៏​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជាគ្រប់​រូប ត្រូវ​បន្ត​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​បង្ការ និង​ការពារ​នូវ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​នៃ​រលក​ទី​២ ដោយ​គោរព​និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​រក្សា​គម្លាត​សង្គមនិង​វិធានការ​នានា​តាម​ការ​កំណត់​របស់​ក្រសួង
សុខាភិបាល ។

លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី បាន​អំពាវនាវឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ត្រូវ​បង្កើន​ការ​ផលិត​ផ្នែក​កសិកម្ម តាម​រយៈ​ការ​ដាំ​ដុះ ការ​ចិញ្ចឹមសត្វ​ជាដើម ។ ចំណែកឯ​អាជ្ញាធរ ត្រូវ​តែ​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​ភូមិ ឃុំ មាន​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ។ក្នុង​ពិធី​សំណេះសំណាល​នោះ លោក​ជំទាវ ម៉ែ​ន សំ​អន ក៏​បាន​ផ្តល់​សម្លៀក​បំពាក់​មួយ​សម្រាប់ និង​ប្រាក់​មួយ​ចំនួន​ដល់​ប្រជា​ការពារ​ទាំង​៤១២​នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ