ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហិរញ្ញប្បទាន៥៥​លាន​ដុល្លារ​ជា​គម្រោង​លើកកម្ពស់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាតក្នុង​ខេត្ត​ទាំង​៦

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ដឹកនាំ​ដំណើរការ​អនុវត្ត គម្រោង​លើកកម្ពស់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ ក្រោម​ឥណទាន​សម្បទាន​របស់​ធនាគារពិភពលោក បើក​កិច្ចប្រជុំ​ដំបូង​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ដឹកនាំ​ដំណើរការ​អនុវត្ត គម្រោង​លើកកម្ពស់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ ក្រោម​ឥណទាន​សម្បទាន​របស់​ធនាគារពិភពលោក បើក​កិច្ចប្រជុំ​ដំបូង​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​។

គួរ​កត់​សម្គាល់ថា គម្រោង​លើកកម្ពស់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ មាន​ហិរញ្ញប្បទាន ៥៥ លាន​ដុល្លារ​អា​មេ​រិ​ក បែងចែក​ជា​ពីរ​សមាស​ភាគ សមាស​ភាគ​ទី​១ ផ្នែក​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត អនុវត្ត​ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​គ្រោង​នឹង​សាងសង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ថ្មី​នៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ស្រុក​ស្ទោង និង​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ស្រុក​ប្រាសាទបាគង និង​ស្រុក​សូទ្រនិគម ខេត្តសៀមរាប ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ស្រុក​សាមគ្គី​មាន​ជ័យ និង​ស្រុក​ទឹកផុស ក្នុង​ខេត្តកំពង់ឆ្នាំង​។

លោក កឹ​ម បុរី អនុរដ្ឋលេខាធិការ នៃ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំ ដែល​ទាក់ទង​នឹង​ស្តង់ដារ​គុណភាព​បញ្ចេញ​ទឹក​កខ្វក់​ពី​ស្ថានីយ​ប្រព្រឹត្ត​កម្ម យន្តការ​កំណត់​តម្លៃ​សេវា​ទឹក​កខ្វក់ គំនិត​ផ្តួចផ្តើម​នៃ​ការ​ដាក់​បញ្ចូល​តម្លៃ​សេវា​ទឹក​កខ្វក់​ចូល​ក្នុង​វិក្កយបត្រ​ទឹក​ស្អាត និង​ការ​ពង្រឹង​ការ​ផ្តល់​សេវា​ការ​គ្រប់គ្រង​សំណល់​ភក់​ពី​បង្គន់​។

លោក កឹ​ម បុរី បាន​មាន​ប្រសាសន៍​ថា «​ដើម្បី​ធានា​ប្រយោជន៍​សុខភាព​សាធារណៈ អនាម័យ​នៅ​ក្នុង​ទីក្រុង និង​ដើម្បី​បំពេញបន្ថែម​លើ​ការ​វិនិយោគ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​សុំ​ការ​គាំទ្រ​ពី​ធនាគារពិភពលោក សម្រាប់​ការ​អភិវឌ្ឍ និង​សាងសង់​បណ្តាញ​លូ​ខ្នែង និង​ខ្នែង​រង​នៅ​ទូ​ទាំង​ទីក្រុង ដើម្បី​ចូលរួម​ចំណែក​ធានា​ឱ្យ​បាន​នូវ​បរិស្ថាន​ស្អាត សុខភាព​អនាម័យ​សាធារណៈ​ល្អ​ប្រសើរ លើកកម្ពស់​ជីវភាព​រស់នៅ ក៏​ដូច​ជា​ឆ្លើយ​តប​ទៅ​នឹង​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ ២០៣០ របស់​អង្គការសហប្រជាជាតិ ចំណុច​ទី ៦ ធានា​នូវ​ការ​ទទួល​បាន និង​ការ​គ្រប់គ្រង​ទឹក និង​អនាម័យ​ប្រកបដោយ​ចីរភាព​សម្រាប់​ទាំងអស់​គ្នា​»​។

លោក​បាន​បន្ថែម​ថា ចំណែកឯ​សមាស​ភាគ​ទី​២ ផ្នែក​អនាម័យ គឺ​អនុវត្ត​ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ និង​សាងសង់​បណ្តាញ​លូ​ខ្នែង ដែល​ត្រូវ​ត​ភ្ជាប់​ទៅ​ប្រព័ន្ធ​លូ​មេ​បច្ចុប្បន្ន​ក្នុង​ទីក្រុង​សៀមរាប ដើម្បី​ឱ្យ​លំនៅ​ឋាន និង​ទីតាំង​អាជីវកម្ម​អា​ចត​ភ្ជាប់​ដោយ​ផ្ទាល់​ទៅ​នឹង​ប្រព័ន្ធ​លូ​ក្រុង​។

លោក​ក៏​បាន​សង្កត់ធ្ងន់​ថា «​យើង​ត្រូវ​ស្វែងរក​ប្រភព​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​ក្នុង​ការ​សាងសង់​បណ្តាញ​លូ ស្ថានីយ​បូម និង​ស្ថានីយ​ប្រព្រឹត្ត​កម្ម ការ​ចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ និង​ភាព​ជា​ម្ចាស់ មានច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​គ្រប់គ្រង​សំណល់ សហការ​ជាមួយ​វិស័យ​ឯកជន និង​ពង្រឹងសមត្ថភាព​របស់​ប្រតិបត្តិ​ករ​»​។

លោក បាន​សម្តែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ធនាគារពិភពលោក ដែល​ជា​ដៃគូ​សហការ​យូរអង្វែង​សំខាន់​មួយ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ