ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពែង​អង្គរធំ​៧​កន្លែង​ជួសជុល​ផុត​ពី​ទ្រុឌទ្រោម

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖​កំពែង​ក្រុង​អង្គរធំ​ចំនួន​៧​កន្លែង​ក្នុង​ចំណោម​១៨​កន្លែង​ដែល​រង​ការ​ខូចខាត​ដោយ​គ្រោះ​ធម្មជាតិ បរិយាកាស អាយុកាល​ថ្ម រចនាសម្ព័ន្ធ​សំណង់​ទ្រុឌទ្រោម និង​ដី​កណ្តៀរ ត្រូវ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​បាន​សម្រេច​ប្រវែង​១៣៥​ម៉ែត្រ ក្នុង​៣​ដំណាក់កាល​ផ្សេង​គ្នា​ដោយ​ប្រើប្រាស់​ប្រាក់​ជាតិ​ទាំងស្រុង ។ ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៥…

ខេត្តសៀមរាប ៖​កំពែង​ក្រុង​អង្គរធំ​ចំនួន​៧​កន្លែង​ក្នុង​ចំណោម​១៨​កន្លែង​ដែល​រង​ការ​ខូចខាត​ដោយ​គ្រោះ​ធម្មជាតិ បរិយាកាស អាយុកាល​ថ្ម រចនាសម្ព័ន្ធ​សំណង់​ទ្រុឌទ្រោម និង​ដី​កណ្តៀរ ត្រូវ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​បាន​សម្រេច​ប្រវែង​១៣៥​ម៉ែត្រ ក្នុង​៣​ដំណាក់កាល​ផ្សេង​គ្នា​ដោយ​ប្រើប្រាស់​ប្រាក់​ជាតិ​ទាំងស្រុង ។

ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ មិថុនា ២០២០ ថា ការ​ជួសជុល​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​អភិរក្ស និង​ពង្រឹង​កំពែង​ក្រុង​អង្គរធំ​ឱ្យ​កាន់តែ​រឹង​មាំ​ដើម្បី​រក្សា​សោភ័ណ​ភាព​កំពែង និង​ខ្លោងទ្វារ​អង្គរធំ​ទាំងអស់​ឱ្យ​នៅ​គង់វង្ស​យូរអង្វែង ។ ដំណើរការ​ជួសជុល​បាន​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៤ សរុប​បាន​ប្រវែង​១៣៥​ម៉ែត្រ ដែល​ក្នុង​នោះ​មាន​ប្រវែង​២០​ម៉ែត្រ​នៅ​ខាងកើត​ខ្លោងទ្វារ​ដី​ឆ្នាំង និង​ប្រវែង​១១៥​ម៉ែត្រ​នៅ​ខាងលិច​ខ្លោងទ្វារ​ទន្លេ​អុំ ។

លោក​ម៉ៅ សុខ​នី ប្រធាន​ការដ្ឋាន​ជួសជុល​កំពែង​ក្រុង​អង្គរធំ និង​ជា​មន្ត្រី​នាយ​ដ្ឋា​ន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បាន​លើក​ឡើង​ថា អាជ្ញាធរ​ជាតិ​អប្សរា​បាន​រើស​យក​កន្លែង​ដែល​មាន​ហា​នី​ភ័យ​ខ្ពស់​មក​ជួសជុល​មុន ព្រោះ​កន្លែង​ទាំងនោះ​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយ​ធម្មជាតិ ។

ក្នុង​ការ​ជួសជុល ក្រុមការងារ​បាន​ផ្តោត​សំខាន់​លើ​បច្ចេកទេស​ការ​រៀប​ជញ្ជាំង​ថ្មបាយក្រៀម​ទៅ​វិញ​ពី​មួយ​ស្រទាប់​ទៅ​មួយ​ស្រទាប់ ការ​បុក​បង្ហាប់ដី​ឱ្យ​មាំ ដើម្បី​ពង្រឹង​កំពែង​ឱ្យ​មាន​សុវត្ថិភាព​ខ្ពស់​ការពារ​ការ​ជ្រៀប​ទឹក បង្កើន​គុណភាព​សំណង់ សោភ័ណ​ភាព ដោយ​រក្សា​ទម្រង់​ដើម​នៃ​កំពែង និង​ស្រាវជ្រាវ​ប្រវត្តិ​នៃ​ការ​ជួសជុល​ពី​អតីតកាល ។ មិនតែប៉ុណ្ណោះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​គិតគូរ​ពី​សុវត្ថិភាព​សំណង់​ដើម្បី​រក្សា​ភាព​គង់វង្ស ដោយ​ការ​ធ្វើ​ជំរាល​ទឹក​ហូរ និង​ដាំ​ស្មៅ​តាម​ជើងទេរ​ដើម្បី​ទប់​ការ​ហូរ​ច្រោះ ។

ចំពោះ​ការ​ជួសជុល​កំពែង​អង្គរធំ​នេះ​គឺ​ត្រូវការ​ពេលវេលា​ច្រើន​ព្រោះ​ត្រូវការ​សិក្សា​ស្រាវជ្រាវ​ពី​រចនា​សម្ពន្ធ​សំណង់ ប្រវត្តិ​ជួសជុល និង​ចំណុច​ដែល​មាន​ហា​នី​ភ័យ​ខ្ពស់ ។ ពិសេស គឺ​ពេល​ជួសជុល​ទាមទារ​ត្រូវ​គោរព​តាម​ធម្មនុញ្ញ​អង្គរ ការ​ចុះ​តាមដាន​ការងារ​និង​វាយតម្លៃ​ពី​អ្នកជំនាញ​គណៈកម្មការ​ស៊ី​ស៊ី​-​អង្គរ រួម​ទាំង​ការ​ថែទាំ ការ​ទល់​ទ្រ កាត់​ក្រី​មែកឈើ និង​ដក​រុក្ខជាតិ​ដែល​ដុះ​លើ​ជញ្ជាំង​កំពែង​ផង​ទៀត​ផង ។

ចំពោះ​ផែនការ​អនាគត អាជ្ញាធរ​ជាតិ​អប្សរា​មាន​គម្រោង​ជួសជុល​កំពែង​អង្គរធំ​ដែល​រង​នូវ​គ្រោះថ្នាក់​ទាំងអស់​ឱ្យ​មាន​សុវត្ថិភាព​តាម​រយៈ​ការ​អភិរក្ស​ជា​ជំហាន​ៗ​ដើម្បី​លើក​តម្លៃ​មរតក​ដូនតា​ឱ្យ​នៅ​យូរអង្វែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ