ប្រឆាំង​គ្រឿងញៀន​នាយក​រដ្ឋមន្ត្រី​ណែ​នាំ​មន្ត្រី​អនុវត្ត​គោលការណ៍​ «​បី​កុំ មួយ​រាយ​ការណ៍​»


រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឱ​កាស​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្ងៃ​២៦ ខែ​​មិថុនា សម្តេច​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ជំរុញ​មន្ត្រី​បន្តសកម្មភាព​ឲ្យ​បាន​ខ្លាំងក្លា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​។

សម្តេច​គូសបញ្ជាក់​ថា សមត្ថកិច្ច​ត្រូវ​យកចិត្តទុកដាក់​និង​អនុវត្ត​ឲ្យ​បាន​ពេញលេញ ​និង​មាន​ប្រសិទ្ធ​ភាព​នូវ​ទិស​ស្លោក​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន «​បី​កុំ មួយ​រាយការណ៍​» ដែល​មាន​ន័យ​ថា កុំ​ពាក់ព័ន្ធ គឺ​កុំ​ជួញដូរ កុំ​ចែកចាយ កុំ​ធ្វើ​ខ្នងបង្អែក កុំ​ឃុបឃិត និង​កុំ​ប្រើប្រាស់​គ្រឿងញៀន​។

សម្តេច​បាន​មាន​ប្រសាសន៍​បន្ត​ថា ​កុំ​ពីរ គឺ​កុំ​អន្តរាគមន៍ មាន​ន័យ​ថា​កុំ​រារាំង​ការ​អនុវត្ត​ច្បាប់​ចំពោះ​ឧក្រិដ្ឋជន​គ្រឿងញៀន ទោះបីជា​ក្រុម​គ្រួសារ​សាច់ញាតិ ឬ​មិត្តភក្តិក៏​ដោយ​។ ចំពោះ​កុំ​ទី​៣​នោះ ​គឺ កុំ​លើកឡែង ដែល​មាន​ន័យ​ថា ​កុំ​បន្ធូរបន្ថយ​ការ​អនុវត្ត​ច្បាប់​ចំពោះ​ឧក្រិដ្ឋជន​គ្រឿងញៀន សមត្ថ​កិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​អនុវត្ត​ច្បាប់​ដោយ​ម៉ឹង​ម៉ាត់ ​និង​ស្មោះត្រង់​វិជ្ជាជីវៈ​របស់​​​ខ្លួន ​ហើយ​ជន​គ្រប់​រូប​ត្រូវ​គោរព ​និង​អនុវត្ត​ច្បាប់។

ប្រមុខ​រដ្ឋាភិបាល​ពន្យល់​ចំពោះ​ពាក្យ​ថា ​មួយ​រាយការណ៍ គឺ​ត្រូវ​រាយការណ៍ ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​កិច្ច​អំពី​មុខសញ្ញា​ជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំង​ផលិត កែ​ច្នៃ និង​ទីតាំង​ស្តុក​ទុក គ្រឿងញៀន​ខុសច្បាប់​ដល់​សមត្ថកិច្ច​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ដល់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន គណៈ​បញ្ជា​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ និង​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន រាជធានី ខេត្ត​ទាំងអស់ ពង្រឹង​ការ​អនុវត្ត​ផែនការ «​ស​» គឺ​គ្មាន​គ្រឿងញៀន​នៅ​ទូ​ទាំង​ប្រទេស​។

ទិវា​អន្តរជាតិ​ប្រឆាំង​គ្រឿង​ថ្ងៃ​២៦ ​មិថុនា ជា​ស្មារតី​មហាសន្និបាត​អង្គការ​សហ​ប្រជា​តិ កាលពី​ឆ្នាំ​១៩៨៧ ​ទិវា​នេះ​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​បន្ត​ពញាក់​ស្មារតី និង​ដាស់តឿន​ដល់​ជន​គ្រប់​រូប​ឲ្យ​យកចិត្តទុកដាក់​ជា​ប្រចាំ ​និង​ចូលរួម​ឲ្យ​កាន់តែ​សកម្មភាព​ថែម​ទៀត​ក្នុង​ការ​បង្ការ ទប់ស្កាត់ បង្ក្រាប និង​ដោះស្រាយ​រាល់​បញ្ហា​ដែល​មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ