ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងផ្ដល់​ប្រាក់​ឧបត្ថម្ភជាង​៧​ពាន់​នាក់ ​​នៅ​រោងចក្រ សហគ្រាស​៤៤ ក្នុង​វិស័យ​​កាត់ដេរ និង​ទេសចរណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែ មិថុនា ឆ្នាំ ២០២០ នេះ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែ មិថុនា ឆ្នាំ ២០២០ នេះ ក្រសួង​បាន​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ (​លើក​ទី ៨) ជូន​បងប្អូន​កម្មករនិយោជិត​សរុប​ចំនួន ៧.០២៨​នាក់ នៅ​រោងចក្រ សហគ្រាស​ចំនួន​៤៤ ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍ ដែល​ត្រូវ​បាន​ព្យួរ​កិច្ចសន្យាការងារ​នេះ​។

យោង​តាម លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ថា ក្នុងអំឡុងពេល​ជំងឺ​កូ​វី​ដ​១៩ កំពុង​តែ​វាយប្រហារ​ជាស​កល បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​សេដ្ឋកិច្ច​សង្គម ដំណើរការ​នៃ​សង្វា​ក់​ផលិតកម្ម​ជាដើម មិន​ថា​បណ្តា​ប្រទេស​ជា​ច្រើន នៅ​លើ​ពិភពលោក​នេះ​ទេ​ដែល​ទទួល​រង​នូវ​ផល​ប៉ះពាល់​នេះ សូ​ម្បី​តែ​កម្ពុជា​ក៏​ទទួល​រង​ឥទ្ធិពល​អស់ទាំង​នេះ​ដែរ​។

លោក អ៊ិ​ត សំ​ហេង មាន​ប្រសាសន៍​ថា «​នៅ​ក្នុង​បរិបទ​នៃ​រីក​រាលដាល​ការ​ឆ្លង​ជាស​កល នៃ​ជំងឺ​កូ​វី​ដ​១៩ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​វិធានការ​បង្ការ ទប់ស្កាត់ នឹង​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​១៩ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​នូវ​សេចក្តីណែនាំ​បន្ថែម​ជា​បន្តបន្ទាប់ ថែម​ទាំង​បាន​ចាត់​ក្រុមការងារ​ឱ្យ​ចុះ​ធ្វើ សកម្មភាព​ផ្សព្វផ្សាយ​ពី​វី​ធី​បង្ការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩​នេះ នៅ​តាម​បណ្តា​រោងចក្រ សហគ្រាស និង​នៅ​តាម​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​ផង​ដែរ​»​។

ការ​លេចឡើង​នូវ​ជំងឺ​កូ​វី​ដ​-១៩ នា​ពេល​ថ្មី​ៗ​នេះ បាន​បង្ក​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយទៀត បន្ថែម​លើ​បញ្ហា​ដែល​មាន​ស្រាប់ ជា​ពិសេស​គឺ​សង្គ្រាម​ពាណិជ្ជកម្ម និង​ការ​ថមថយ​កំណើនសេដ្ឋកិច្ច សម្រាប់​សកលលោក​ក៏​ដូច​ជា​កម្ពុជា​យើង​។ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់ រក្សា​លំនឹង​អាជីវកម្ម និង លំនឹង​ជីវភាព​ជូន កម្មករនិយោជិត​ទាំងអស់ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​អន្តរាគមន៍​បន្ទាន់​ជា​បន្តបន្ទាប់ ដល់​វិស័យ​ដែល​ទទួលរ​ផល​ប៉ះពាល់​ធ្ងន់​ជាងគេ គឺ​វិស័យ​អាជីវកម្ម ទេសចរណ៍ និង​វិស័យ​កាត់ដេរ​សំលៀក​បំពាក់ ស្បែក​ជើង និង​កាបូប​។ លើស​ពី​នេះ​រាជរដ្ឋាភិបាល​ក៏​បាន​ត្រៀម​ដាក់​ចេញ​នូវ​វិធានការ​ថ្មី​ៗ​បន្ថែម​ទៀត ក្នុង​ករណី​ដែល​ស្ថានភាព​សេដ្ឋកិច្ច​រង​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​។

ទន្ទឹម​នេះ លោក​រដ្ឋមន្ត្រី ក៏​បាន​លើកទឹកចិត្ត និង​ជម្រុញ​ដល់ អង្គភាព​ពាក់ព័ន្ធ​គ្រប់​កម្រិត​របស់​ក្រសួង បន្ត​សហការ​គ្នា​ឲ្យ​ស្អិតរ​មួ​ត​បន្ថែម​ទៀត​ក្នុង​ការ​ជួយ​ដោះស្រាយ​នូវ​ការ​លំបាក ក៏​ដូច​ជា​ផ្តល់​សេវា​ជូន​ដល់​បងប្អូន​កម្មករនិយោជិត​បាន​ទាន់​ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

គូរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ក្នុង​ឱកាស​អញ្ជើញ ប្រកាស​អនុវត្ត​កម្មវិធី​ផ្តល់​សាច់ប្រាក់ ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រង​គ្រោះ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នៅ​វិមាន​សន្តិភាព សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី បាន​លើក​ឡើង​ថា «​រាជរដ្ឋាភិបាល​នឹង​បន្ត​តាមដាន និង​ធ្វើការ​វាយតម្លៃ​អំពី​សភាពការណ៍ និង​ផល​ប៉ះពាល់​ជាក់ស្តែង​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ តទៅ​ទៀត ប្រសិនបើ​សភាពការណ៍ និង​ផល​ប៉ះពាល់​ជំងឺ​កូ​វី​ដ​១៩ នៅ​តែ​បន្ត​អូស​បន្លាយ មិន​មាន​ភាពល្អ​ប្រសើរ កម្មវិធី​ជំនួយ​សង្គម​នេះ​នឹង​ត្រូវ​អនុវត្ត​ក្នុង​ជុំ​ថ្មី​បន្ត​ទៀត សម្រាប់​រយៈពេល​២​ខែ​។ ក៏​ប៉ុន្តែ បើ​ផល​ប៉ះពាល់​នៃ​ជំងឺ​នេះ បាន​ធូរស្បើយ រាជរដ្ឋាភិបាល​នឹង​បញ្ឈប់​នូវ​កម្មវិធី​ជំនួយ​សង្គម​មួយ​នេះ នឹង​បង្វែ​ថវិកា​ទៅ​វិនិយោគ​លើ​កិច្ច​ការងារ​ចាំបាច់​នានា ដើម្បី​ស្តារ​សេដ្ឋកិច្ច និង​លើកកម្ពស់​ជីវភាព​ប្រជាជន​ជា​រួម​វិញ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ