ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ប្រជាជន​កម្ពុជា ៖ ៤១​ឆ្នាំ​ក្នុង​អំណាច និង​បេសកកម្ម​ចំពោះ​មុខ

3 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ថ្ងៃអាទិត្យ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ធ្វើ​ខួ​ន​លើក​ទី​៦៩​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​របស់​ខ្លួន ទន្ទឹម​ជាមួយនឹង​ការ​បង្ហាញ​អគារ​ទីស្នាក់ការ​ដ៏​ស្កឹមស្កៃ ដែល​បញ្ជាក់​អំពី​អំណាច​នៃ​គណបក្ស​នេះ នៅ​ពេល​បច្ចុប្បន្ន​ក៏​ដូច​ជា​ពេល​អនាគត​។ ចាប់តាំងពី​បាន​រំដោះប្រទេស​ជាតិ កាលពី​ឆ្នាំ​១៩៧៩ ចេញពី​របប​ប៉​ល​ពត​មក គណបក្ស​ប្រជា​ជន​កម្ពុជា បាន​បន្ត​កាន់​អំណាច​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។…

នៅ​ថ្ងៃអាទិត្យ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ធ្វើ​ខួ​ន​លើក​ទី​៦៩​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​របស់​ខ្លួន ទន្ទឹម​ជាមួយនឹង​ការ​បង្ហាញ​អគារ​ទីស្នាក់ការ​ដ៏​ស្កឹមស្កៃ ដែល​បញ្ជាក់​អំពី​អំណាច​នៃ​គណបក្ស​នេះ នៅ​ពេល​បច្ចុប្បន្ន​ក៏​ដូច​ជា​ពេល​អនាគត​។

ចាប់តាំងពី​បាន​រំដោះប្រទេស​ជាតិ កាលពី​ឆ្នាំ​១៩៧៩ ចេញពី​របប​ប៉​ល​ពត​មក គណបក្ស​ប្រជា​ជន​កម្ពុជា បាន​បន្ត​កាន់​អំណាច​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។ សូ​ម្បី​តែ​អង្គការ​សហប្រជាជាតិ​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ជា​លក្ខណៈ​ប្រជាធិបតេយ្យ និង​សេរី​នៅ​កម្ពុជា​កាលពី​ឆ្នាំ​១៩៩៣ ដោយ​បាន​នាំ​ភាគី​ជម្លោះ​នានា​ចូលរួម​ការ​បោះ​ឆ្នោត​ក្តី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​អាច​រក្សា​អំណាច​របស់​ខ្លួន​ហើយ​បន្ត​ដឹកនាំ​ប្រទេស រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។

៤១​ឆ្នាំ​នៃ​ការ​ដឹកនាំ​ប្រទេស គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​បង្ហាញខ្លួន​ថា ជា​គណបក្ស​ដ៏​រឹង​មាំ ហើយ​មាន​យុទ្ធសាស្ត្រ​នយោបាយ​យូរអង្វែង ដើម្បី​ធានា​ការ​ដឹកនាំ​របស់​ខ្លួន​ទៅ​មុខ​យូរអង្វែង​ទៀត​។

ស្ថានភាព​នយោបាយ​បច្ចុប្បន្ន វា​ប្រហែលជា​ផ្តល់​ឱកាស​ជា​ជាង ការ​គំរាមកំហែង ដល់​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​ម្ពុ​ជា​។

ទោះបីជា​កម្ពុជា​រៀបចំ​ការ​បោះ​ឆ្នោត​ជា​រៀង​រាល់​៥​ឆ្នាំ​ម្តង ដើម្បី​ជ្រើសរើស​តំណាងរាស្ត្រ​ដែល​បោះ​ឆ្នោត​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ក្តី ស្ថានភាព​បច្ចុប្បន្ន​គេ​មិនឃើញ មាន គណបក្ស​ណា​ខ្លាំង​ដែល​ជា​ការ​គំរាមកំហែង​សម្រាប់​គណបក្សកាន់អំណាច​នេះ​ឡើយ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​កាលពី​ឆ្នាំ​២០១៧ ដោយសារ​តែ មេដឹកនាំ​គណបក្ស​នេះ គឺ​លោក​កឹ​ម សុខា ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ជាប់​ពាក់ព័ន្ធ​ផែន ការ​ក្បត់ជាតិ​។

ខណៈ​ដែល​អ្នកនយោបាយ​ប្រឆាំង​បាន​កាន់តែ​ធ្លាក់ដៃ​នោះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រឹង​ប្រែង​គ្រប់​បែប​យ៉ាង​ដើម្បី​ធ្វើ​អោយ​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីក​ចម្រើន​គួរ​អោយ​កត់សម្គាល់​ប្រមាណ​​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ក្នុង​រយៈពេល​ជាង​ពីរ​ទស្សវត្សរ៍ ហើយ​ប្រជាជន​កម្ពុជា​បាន​មាន​ជីវភាព​កាន់តែ​ធូរធា​។

ប៉ុន្តែ​ជំងឺ​កូ​វី​ដ​១៩ ដែល​រាតត្បាត​ទូ​ទាំង​ពិភពលោក និង​បាន​ចម្លង​មនុស្ស​ជាង​៩​លាន​នាក់ ព្រម​ទាំង​បាន​សម្លាប់​មនុស្ស​ជិត​កន្លះ​លាន​នាក់ ហើយ​ធ្វើ​អោយ​សេដ្ឋកិច្ច​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ បាន​បញ្ចប់​ការ​រីក​ចម្រើន​រយះ​ពេល​ជាង ពីរ​ទស្សវត្សរ៍​នេះ និង ទម្លាក់​ប្រជាជន​កម្ពុជា​ជា​ច្រើន​អោយ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ ដោយសារ​បាត់បង់​ការងារ​ធ្វើ ឬ​ក៏​ដោយសារ​បាត់បង់​មុខរបរ​រកស៊ី​ចិញ្ចឹមជីវិត​។

បេសកកម្ម​ចំពោះ​មុខ​សម្រាប់​គណបក្សកាន់អំណាច​គឺ​ត្រូវធ្វើ​យ៉ាងណា​ស្រោចស្រង់​សេដ្ឋកិច្ច​កម្ពុជា​ចេញពី​ភាព​លិចលង់​ដែល​បណ្តាល​មក​ពី​ជំងឺ​កូ​វី​ដ​១៩​ហើយ​ធ្វើ​អោយ​ប្រជាជន​កម្ពុជា​ចេញពី​ភាព​ក្រីក្រ​។

រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាត់វិធានការ​មិន​ធ្លាប់​មាន ដើម្បី​ជួយ​ដល់​អ្នក​ក្រីក្រ​ធ្ងន់ធ្ងរ​ចេញពី​ភាព​អត់ឃ្លាន​តាម​រយៈ​ការ​ប្រកាស​គម្រោង​ជំនួយ​ជា​សាច់​ប្រាក់​ដល់​អ្នក​ក្រីក្រ​ចំនួន​ប្រមាណ​៥៦០ ០០០ គ្រួសារ និង ការ​ចំណាយ​ប្រចាំខែ​ប្រមាណ​ជា​២៥​លាន​ដុល្លារ ទៅ​៣០​លាន​ដុល្លារ​។

នេះ​ជា​វិធានការ​មួយ​គួរ​លើកទឹកចិត្ត ហើយ​វិធានការ​នេះ​ត្រូវ​តែ​ធ្វើ​អោយ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​​ដើម្បី​ធានា​ថា នឹង​មិន​មាន​ប្រជាជន​កម្ពុជា​ណា​ម្នាក់​ត្រូវ​បាន​ទុក​ចោល​អោយ​រស់នៅ​ក្នុង​ភាព​អត់ឃ្លាន​ឡើយ ដោយ​មិន​គិត​អំពី​និន្នាការ​នយោបាយ​។

ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ហើយ​ថា វិធានការ​នេះ​គឺ​គ្រាន់តែ​ដើម្បី​ជួយ​ប្រជាជន​នៅ​ក្នុង​គ្រា​លំបាក​ប៉ុណ្ណោះ ហើយ​ប្រជាជន​មិន​ត្រូវ​គិត​ថា វា​ជា​ការ​ចិញ្ចឹម​ជា​អចិន្ត្រៃយ៍​ឡើយ​។

ដូច្នេះ​ការងារ​ចំពោះ​មុខ​ដែរ​នោះ រដ្ឋាភិបាល​ត្រូវធ្វើ​យ៉ាងណា​អោយ​សេដ្ឋកិច្ច កម្ពុជា រីក ចម្រើន​ខ្លាំង​ដូច​មុន ហើយ​សេដ្ឋកិច្ច​កម្ពុជា​មាន​សកម្មភាព​រស់​រវើក​ដែល​នឹង​ផ្តល់​ការងារ​ដល់​មនុស្ស​ជា​ច្រើន និង​បង្កើត​បាន​មុខរបរ​ជា​ច្រើន​សម្រាប់​ប្រជាជន​កម្ពុជា​។

សំខាន់​ដូច​គ្នា​នេះ​ដែរ ក្នុង​តួនាទី​ជា​អ្នកដឹកនាំ​រដ្ឋាភិបាល​នោះ គណបក្ស​ប្រជាជន​កម្ពុជា ក៏​មាន​បេសកកម្ម​មួយ​ដើ​ម្បើ​ធានា​អោយ​បាន​ផង​ដែរ​ថា រាល់​កា​រីក​ចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស គឺ​ត្រូវ​តែ​បាន​បែក​ចែក​ប្រកបដោយ​សមភាព​ទៅ​កាន់​ប្រជាជន​កម្ពុជា​គ្រប់​រូប ពិសេស​អ្នក​ក្រីក្រ​ដោយ​មិន​ត្រូវ​អោយ​ផលប្រយោជន៍​នៃ​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​នោះ​ក្លាយជា​ប្រភព​មានបាន​យ៉ាង​ស្តុកស្តម្ភ​របស់​មនុស្ស​មួយ​ក្តាប់​តូច​ឡើយ​។

សំខាន់​ដូច​គ្នា​នេះ រាល់​អំពើ​អសកម្ម​ក្នុង​សង្គម​ទាំងអស់​ដូច​ជា​អយុត្តិធម៌​សង្គម អំពើ ពុក​រលួយ បក្សពួក​និយម​ជាដើម​ត្រូវ​តែ​គាស់​រំលើង ចេញ​អោយ អស់ពី កម្ពុជា ដើម្បី ជា​ប្រយោជន៍​ដល់​ការ​រស់នៅ​របស់​ប្រជាជន​ប្រកបដោយ​ភាព​សុខសាន្ត​។

រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​ធ្វើ​កំណែទម្រង់​ជា​ច្រើន​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ​នេះ​។

សំខាន់​ដូច​គ្នា​នេះ សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន ក៏​មាន​សារសំខាន់​ផង​ដែរ សម្រាប់​សង្គម​ប្រជាធិបតេយ្យ ហើយ​វា​ក៏​ត្រូវ​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ​។

ខណៈ​ដែល​ការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​នឹង​អាច​ធ្វើ​អោយ​មានការ​រិះគន់​ដល់​ភាព​អសកម្ម​ក្នុង​សង្គម​នោះ វា​ក៏​នឹង​ជួយ​ផង​ដែរ​ដល់​រដ្ឋាភិបាល ក្នុង​ការ​ដោះ ស្រាយ បញ្ហា​ទាំងឡាយ​ដែល​ជា​កង្វល់​របស់​ប្រជាជន​កម្ពុជា​។ ការ​ធានា សេរីភាព បញ្ចេញ មតិ និង​សេរីភាព​សារព័ត៌មាន វា​នឹង​អាច​ធ្វើ​អោយ​រដ្ឋាភិបាល​មើលឃើញ កាន់តែ​ច្បាស់ និង​គ្រប់​ជ្រុងជ្រោយ​រាល់​បញ្ហា​ដែល​ប្រជាជន​កំពុង​ប្រឈម​មុខ ហើយ​ដោះស្រាយ​ជូន​ប្រជាជន​បាន​ទាន់​ពេលវេលា​។ ក្នុង​ន័យ​នេះ វា​នឹង​ធ្វើ​អោយ​រដ្ឋាភិបាល ដោះ ស្រាយ​បញ្ហា​កាន់តែ​មាន​ប្រសិទ្ធភាព ហើយ​ជា​លទ្ធផល​ប្រជាជន​នឹង​កាន់តែ សប្បាយចិត្ត ហើយ​បន្ត​គាំទ្រ​ដល់​គណបក្សកាន់អំណាច​។

សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​យកចិត្តទុកដាក់​ដល់​សេរីភាព​នេះ​ដោយ​បាន​ធ្វើការ​ជួបជុំ​ប្រចាំឆ្នាំ​ជាមួយនឹង​សារព័ត៌មាន​។

ការ​ទទួលស្គាល់​រាល់​បញ្ហា​ទាំងអស់​ក្នុង​សង្គម គឺជា​ជំហាន​ដ៏​សំខាន់​មួយ​សម្រាប់​អ្នកនយោបាយ និង​គណបក្ស​នយោបាយ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ប្រជាជន​កំពុង​ប្រឈម​មុខ​អោយ​បាន​ទាន់​ពេលវេលា មុន​ពេល​ដែល​បញ្ហា​ទាំងនោះ​ផ្ទុះ ចេញ​ជា​បញ្ហា សង្គម​ធ្ងន់ធ្ងរ​។

ទោះបីជា​ជា​ចង់ ឬ​មិន​ចង់ ការ​រីក​ចម្រើន​ខាង​បច្ចេកវិទ្យា​បាន​រុញច្រាន​អោយ រដ្ឋាភិបាល នៅ​ក្នុង​ពិភពលោក​កាន់តែ​មាន​តម្លាភាព និង​ការ​ទទួលខុសត្រូវ​ចំពោះ​ប្រជាជន​កម្ពុជា ខណៈប​ចេ្ច​ក​វិទ្យា ពិសេស​បណ្តាញ​សង្គម​ដូច​ជា​ហ្វេ​ស​ប៊ុ​ក​ជាដើម បាន​ផ្តល់​អំណាច​កាន់តែ​ច្រើន​ដល់​ប្រជាជន​ក្នុង​ការ​សម្តែង​មតិ​នូវ​អ្វី​ដែល​ពួក​គេ​មិន​សប្បាយចិត្ត​នៅ​ក្នុង​សង្គម​។ បញ្ហា​ដែល​បញ្ចេញ​នៅ​ក្នុង​បណ្តាញ​សង្គម​នោះ ក៏​រាលដាល​យ៉ាង​ឆាប់ រហ័ស ហើយ​បង្កើត​ជា​សម្លេង​មួយ​ដែល​រដ្ឋាភិបាល​នានា​លើ​ពិភពលោក​ពិបាក​នឹង​មិន​យកចិត្តទុកដាក់​ដោះស្រាយ​។

នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា អាច​បំពេញ​បេស​កម្ម​ចំពោះ​មុខ​ទាំង​អស់នេះ​បាន​នោះ ប្រជាជន​កម្ពុជា​នឹង​បន្ត​គាំទ្រ​គណបក្សកាន់អំណាច​បន្ត​ទៀត​។ ដូច្នេះ គណបក្ស​ប្រជាជន​កម្ពុជា នឹង​អាច​ដឹកនាំ​ប្រទេស​ក្នុង​រយៈពេល​យូរអង្វែង តទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ