ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិលាចារឹក​មួយ​ផ្ទាំង​ចារ​ភាសាសំស្ក្រឹត​ប្រទះ​ឃើញ​ ពេល​ជួសជុល​ប្រាសាទ

3 ឆ្នាំ មុន

ខេត្តសៀមរាប ៖​ក្រុម​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រទះ​ឃើញ​សិលាចារឹក​ជា​​ភាសា​សំស្ក្រឹត​​ចារ​លើ​ផ្ទាំង​ថ្មភក់​ដែល​គេ​យក​មក​រៀប​ជា​គ្រឿង​បង្គុំ​ថ្ម​កម្រាល​ខ្លោងទ្វារ​ខាង​មុខ​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទទន្លេស្ងួត​ក្នុង​ពេល​លាង​សម្អាត​ថ្ម មុន​យក​ទៅ​រៀប​ផ្គុំ​នៅ​ទីតាំង​ដើម​វិញ​។ ថ្ម​ចារឹក​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​យក​មក​រក្សា​ទុក​ក្នុង​ទីស្នាក់ការ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ។ ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​ថា​តាម​ការ​បញ្ជាក់​របស់​លោក​អ៊ឹ​ម…

ខេត្តសៀមរាប ៖​ក្រុម​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រទះ​ឃើញ​សិលាចារឹក​ជា​​ភាសា​សំស្ក្រឹត​​ចារ​លើ​ផ្ទាំង​ថ្មភក់​ដែល​គេ​យក​មក​រៀប​ជា​គ្រឿង​បង្គុំ​ថ្ម​កម្រាល​ខ្លោងទ្វារ​ខាង​មុខ​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទទន្លេស្ងួត​ក្នុង​ពេល​លាង​សម្អាត​ថ្ម មុន​យក​ទៅ​រៀប​ផ្គុំ​នៅ​ទីតាំង​ដើម​វិញ​។ ថ្ម​ចារឹក​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​យក​មក​រក្សា​ទុក​ក្នុង​ទីស្នាក់ការ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២០ ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​ថា​តាម​ការ​បញ្ជាក់​របស់​លោក​អ៊ឹ​ម សុខ​រិ​ទ្ធី ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ ឱ្យ​ដឹង​ថា ផ្ទាំង​ថ្ម​ចារឹក​នេះ​អាច​ពុំ​មែន​ជា​របស់​មន្ទីរពេទ្យ​ទន្លេ​ស្ងួត​ទេ ប្រហែលជា​គេ​យក​ចេញពី​ប្រាសាទ​ណាមួយ​មក​ប្រើ​ធ្វើ​ជា​ថ្ម​កម្រាល ដោយ​រៀប​ដាក់​ផ្កាប់​ផ្ទៃ​មាន​អក្សរ​ចារឹក​ទៅ​ក្រោម ។ ចំណែក​ផ្ទៃ​ខាងក្រោយ​ពុំ​មាន​អក្សរ​គេ​ដាក់​ផ្ងារ​ឡើង​លើ ហើយ​ដាប់​ធ្វើ​ជា​ល្បាក់​សម្រាប់​ទ្រ​ថ្ម​ធ្នឹម​ទ្វារ ។

ករណី​នេះ​បាន​ធ្វើ​ឱ្យ​បាត់បង់​តួអក្សរ​មួយ​ផ្នែក តែ​ក៏​នៅ​មាន​សេចក្តី​ច្រើន​ដែល​អាច​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​បាន ហើយ​នេះ​ក៏​មិន​ចាត់ទុកជា​ករណី​បំផ្លាញ​ដែរ ព្រោះ​គេ​កាត់​តម្រឹម​ឱ្យ​ត្រូវ​ចន្លោះ​ដើម្បី​ធ្វើ​ជា​ថ្ម​កម្រាល​ក្នុង​ការ​ការ​សាង​ប្រាសាទទន្លេស្ងួត​ពី​បុរាណ ។ ការ​យក​ថ្ម​ចាស់​ពី​កន្លែង​ផ្សេង​មក​កសាង​ប្រាសាទ​ថ្មី​បន្ទាប់ ក៏​ជា​ទម្លាប់​ធម្មតា​នា​សម័យ​បុរាណ​ដែរ ។

លក្ខណៈ​ពិសេស​នៃ​សិលាចារឹក​នេះ គឺ​ពុំ​ទាន់​មានការ​សិក្សា​នៅឡើយ ដែល​សរសេរ​ជា​ភាសា​សំស្ក្រឹត មាន​ចំនួន​៥៥​បន្ទាត់ កម្ពស់​១០០​ស​.​ម ទទឹង​៤០​ស​.​ម និង​កម្រាស់​២០​ស​.​ម ។
បើ​​យោង​តាម​ការ​សន្និដ្ឋាន​ដំបូង​លើ​លក្ខណៈ​តួអក្សរ ឆ្មារ​ៗ និង​ពិចិត្រ ដែល​ប្រៀប​នឹង​សិលា​ចារឹក​នៅ​ប្រាសាទភ្នំដី ស្ថិត​នៅ​ខាងជើង​ប្រាសាទទន្លេស្ងួត​នោះ យើង​អាច​ស្មាន​បាន​ថា សិលាចារឹក​នេះ ប្រហែល​ចារ​នៅ​ចុង​ស​.​វ​.​ទី​១១ ដល់​ដើម​ស​.​វ​.​ទី​១២ ។

លោក​អ៊ឹ​ម សុខ​រិ​ទ្ធី បញ្ជាក់​ថា «​នៅ​ពេល​នេះ​យើង​មិន​ទាន់​ដឹង​ខ្លឹមសារ​នៅ​ក្នុង​សិលាចារឹក​នេះ​ទេ គឺ​ត្រូវការ​ពេលវេលា​ដើម្បី​ឱ្យ​អ្នកជំនាញ​ប្រែ​សម្រួល​ពី​ភាសាសំស្ក្រឹត ដើម្បី​ឈ្វេងយល់​ពី​រឿងរ៉ាវ ផ្សេង​ៗ និង​កាល​បរិ​ច្ឆ​ទ​នៃ​អក្សរ​ចារឹក​មួយ​ផ្ទាំង​នេះ ។

តែ​វា​បាន​ផ្តល់​ព័ត៌មាន​សំខាន់​មួយ​ឱ្យ​យើង​ដឹង​អំពី​ប្រវត្តិ​នៃ​ការ​សាងសង់​ប្រាសាទទន្លេស្ងួត និង​ភស្តុ​តាង​បុរាណវិទ្យា​ដែល​បង្ហាញ​អំពី​ការ​តាំងទី​មនុស្ស​សម័យ​អង្គរ​នៅ​ក្នុង​តំបន់​នេះ ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ (១១៨១ ដល់ ១២១៨ គ​.​ស​.)»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ