ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ផ្ទះ​ប្រចៀវ​»ភ្នំសំពៅ​ត្រូវរុះ​ចោល​ទាំង​ចម្រូង​​​ចម្រាស់​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ «​ផ្ទះ​ប្រចៀវ​» ដែល​អាជ្ញាធរ​អះអាង​ថា បាន​សាងសង់ ដើម្បី​ធ្វើ​អាជីវកម្ម​ជា​លក្ខណៈ​ឯក ជន ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​​នៅ​ក្បែរ​ជើងភ្នំ​សំពៅ ដែល​ជា​តំបន់​ទេសចរ​ណ៍​ដ៏​ល្បី​នៅ​ក្នុង​ឃុំ​ភ្នំ​សំពៅ ស្រុក​​បាណ​ន់ ពេល​នេះ​…

ខេត្តបាត់ដំបង​៖ «​ផ្ទះ​ប្រចៀវ​» ដែល​អាជ្ញាធរ​អះអាង​ថា បាន​សាងសង់ ដើម្បី​ធ្វើ​អាជីវកម្ម​ជា​លក្ខណៈ​ឯក ជន ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​​នៅ​ក្បែរ​ជើងភ្នំ​សំពៅ ដែល​ជា​តំបន់​ទេសចរ​ណ៍​ដ៏​ល្បី​នៅ​ក្នុង​ឃុំ​ភ្នំ​សំពៅ ស្រុក​​បាណ​ន់ ពេល​នេះ​ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​សម្រេច​បញ្ជា​ឲ្យ​រុះរើ​ចោល​វិញ​ទាំង​ចម្រូងចម្រាស់ បន្ទាប់​ពី​ធ្វើ​អាជីវកម្ម​លក់ដូរ និង​ទ​ទួល​ស្វា​គម​ន៍​ភ្ញៀវ​គ្រប់​ជាតិ​សាស​ន៍បាន​រយៈពេល​ប្រហែល​២​ឆ្នាំ ​។

ក្រុម​​ជាង​ដែល​កំពុង​រុះរើ​«​ផ្ទះ​ប្រចៀវ​»​នេះ បាន​និយាយ​ថា ពួក​គេ​បាន​ធ្វើការ​រុះរើ​«​ផ្ទះ​ប្រចៀវ​» នេះ​ជាង​មួ​យស​ប្ដា​ហ៍​​ហើយ​។ ប៉ុន្តែ​ពួក​គេ​មិន​បាន​ប្រាប់​អំពី​មូលហេតុ​នៃ​ការ​រុះរើ​ផ្ទះ​ប្រចៀវ​នេះ​ចោល​នោះ​ទេ​។ ហើយ​ពួក​គេ​ក៏​មិន​បាន​ប្រាប់​ពី​ឈ្មោះ​ម្ចាស់​កម្ម​សិទ្ធ​ិកាន់កាប់​ផ្ទះ​ប្រចៀវ​នេះ​ឲ្យ​បាន​ច្បាស់លាស់​ដែរ តែ​បាន​បង្ហើប​តិច​ៗ​ថា « អ្នក​ធ្វើ​ផ្ទះ​ប្រចៀវ​នេះ គឺជា​បុរស​ម្នាក់​សំបូរ​លុយ​ម្នាក់ នៅ​ម្ដុំ​ផ្សារ​ភ្នំ​សំពៅ ឈ្មោះ ម៉ា​ន់ ដែល​គាត់​ស្គាល់​ស្និទ​ជាមួយ​មន្ត្រី​ទេសចរ​ណ៍​ខេត្ត និងអាជ្ញាធរ​ស្រុក​បាណ​ន់​។

«​ផ្ទះ​ប្រចៀវ​» ត្រូវ​បាន​សាងសង់​ឡើងមាន​ចម្ងាយ​ប្រហែល​២០​ម៉ែត្រ​ ពី​ជើងភ្នំ​សំពៅ ប៉ែក​ខាងកើត ឈម​និង​រូបចម្លាក់​ព្រះពុទ្ធ​លើ​ជញ្ជាំង​ភ្នំ និងល្អាង​ប្រចៀវ ដើម្បី​ធ្វើ​អាជីវកម្ម​លក់​ម្ហូបអាហារ និងគ្រឿង​ស្រវឹង​ផ្សេង​ៗ ជូន​ដល់​ភ្ញៀវ​ទេសចរ​​ជាតិ និងអន្តរា​ជាតិ ដែល​ធ្វើ​ដំណើរ​ទៅ​ទស្សនា​តំបន់​ទេសចរ​ណ៍​«​ភ្នំ​សំពៅ​»​នោះ​ ។ «​ផ្ទះ​ប្រចៀវ​» នេះ ​ត្រូវ​បាន​គេ​តុបតែង​លំអ​​ទៅ​ដោយ​ផ្កា​ភ្ញី បំពាក់​ភ្លើង​គ្រប់​ព​ណ៌​បំភ្លឺ​នៅ​ពេល​រាត្រី ដែល​ផ្នែក​ខាងលើ​មាន​សរសេរ​ថា «​ផ្ទះ​ប្រចៀវ​» ដែល​មាន​លក្ខណៈ​ទាក់ទាញ​ភ្ញៀវ​បំផុត​ ។ នៅ​ជាន់​ផ្ទាល់​ដី និងផ្នែក​ខាង​មុខ មាន​តុ​កៅអី សម្រាប់​ទ​ទូល​ផង និងនៅ​ខាងក្នុងជា​ច្រក​ឡើង​ទៅ​ខាងលើ​។ ភ្ញៀវ​ទេសចរ​​​នានាអាច​អង្គុយ​មើល​ហ្វូង​សត្វ​ប្រចៀវ​នៅ​ខាងក្រោម​ក៏​បាន ឬ អាច​ឡើង​ទៅ​ជាន់​ខាងលើ ទ​ទួល​ទាន​អាហារ និងផឹកស្រាទស្សនា​ហ្វូង​សត្វ​ប្រចៀវ​ក៏​បាន​ ។ ភាគច្រើន នៃ​ភ្ញៀវ​ទេសចរ​​តែង​មាន​វត្តមាន​កកកុញ​នៅ​ជាន់​ខាងលើនៃ​ផ្ទះ​ប្រចៀវ​នេះ នា​ពេល​ថ្ងៃ​ហៀ​បលិច ដើម្បី​មើល​ហ្វូង​សត្វ​ប្រចៀវ រាប់រយ​លាន​ក្បាល​ហោះ​ចេញពី​ក្នុង​ល្អាង​យ៉ាង​សប្បាយ​ភ្នែក​។

ពាក់ព័ន្ធ​នឹង​សំណង់ផ្ទះ​ប្រចៀវ​នេះ បើ​តាម​មន្ត្រី​មួយ​រូប​បាន​និយាយ​ថា «​ផ្ទះ​ប្រចៀវ » នេះ ​បាន​សាងសង់​ឡើង​នៅ​លើ​ដី​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អ​ប្សា​រា ដែល​ធ្វើ​នៅ​ក្នុង​អំឡុង​រាជ​កាល លោក​ជុំ ញ៉ ជា​អធិរាជនៃ​អភិបាលស្រុក​បាណ​ន់ (​បច្ចុប្បន្ន​ចូល​និវត្ត​ន៍)​។ គេ​សង្ស័យ​ថា លោក​ជុំ ញ៉ ជា​អ្នក​អនុញ្ញាត​​ឲ្យ
ធ្វើ «​ផ្ទះ​ប្រចៀវ​» នេះ ហើយ​ក៏​មានការ​ផ្ដល់​សញ្ញា​ភ្លើង​ខៀវ​ពី​មន្ទីរ​ពាក់ព័ន្ធ​ខ្លះ​ៗ​ផង​ដែរ ដើម្បី​ប្រមូល​ផល​ប្រ​យោ​ជ​សម្រាប់​បុគ្គល​ឬ​មន្ត្រី​មួយ​ចំនួន​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា កាល​ចាប់ផ្ដើម​កសាង​ដំបូង ក៏​មាន​ភាព​ចម្រូងចម្រាស​ខ្លះ​ៗ​ដែរ តែ​ក្រោយមក​ក៏​ស្ងាត់​ទៅ​វិញ ទំនង​អាច​ត្រូវរ៉ូវ​គ្នា ទើប​ផ្ទះ​ប្រចៀវ​នេះ បាន​សង់​រួចរាល់ និងបើក​ធ្វើ​អាជីវកម្ម​រហូត​មក​ដល់​ថ្ងៃ​រុះរើ​នេះ​ ។ ប៉ុន្តែ​លោក ជុំ ញ៉ អតីត​អភិបាលស្រុក​បាណ​ន់ ត្រូវ​បាន​គេ​ស្រង់​សំដី​ថា គាត់​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សំណង់ផ្ទះ​ប្រចៀវ​នោះ​ទេ​។

លោក​ប៉ែន សារី​យូ អភិបាលស្រុក​បាណ​ន់ ដែល​កំពុង​កាន់​ដំណែង​សព្វ​ថ្ងៃនេះ បាន​ថ្លែងប្រាប់​កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ទី​២៥ មិថុនា នេះ​ថា «​ផ្ទះ​ប្រចៀវ​» នេះ ​គ្មាន​ច្បាប់​អនុញ្ញាត​ត​ឲ្យ​សាងសង់​ទេ​។ ពេល​នេះ​ ត្រូវ​បាន​លោក​អភិបាលខេត្ត សម្រេច​ឲ្យ​រុះរើ​ចោល​ហើយ​។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា តើ​ក្រោយ​ពី​ធ្វើ​ការ​រុះរើ​ផ្ទះ​ប្រចៀវ​នេះ​ចោល ត្រូវ​សាងសង់​អ្វី​ឲ្យ​ប្រាកដ ដើម្បី​ជំនួស​ផ្ទះ​ប្រចៀវ​នោះ​ទេ ?​។ លោក​អភិ​បាល​ស្រុក​រូប​នេះ ក៏​មិន​បាន​ប្រាប់​ឈ្មោះ ម្ចាស់​កម្ម​សិទ្ធិនៃ​ផ្ទះ​ប្រចៀវ​នេះ​ដែរ ដោយ​គ្រាន់តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា «​អ្នក​ធ្វើ​ផ្ទះ​ប្រចៀវ​នេះ គឺ អ្នក​នៅ​ភ្នំ​សំពៅ​នោះ​តែ​ម្ដង ហើយ​កាល​ណោះ​អាជ្ញាធរ​មិន​បានដឹង​ពី​សកម្មភាព​សាងសង់​នោះ​ទេ ដោយសារ​តែ​គេ​លួច​ធ្វើ​»​។

នៅ​ពេល​សួរ​ថា ផ្ទះ​ប្រចៀវ​នេះ​ធំ ហើយ​សាងសង់​នៅ​ក្នុង​តំបន់​ទេសចរ​ណ៍ (​ដី​រដ្ឋ​) ទៀត ហើយ​ដំណើរការ​យ៉ាង​រលូន​រហូត​មក​ដល់​ពេល​នេះ តើ​ហេតុ​អ្វី​បានជា​អាជ្ញាធរ​មិនដឹង ? លោក​ប៉េ​ន សា​រិ​យូ បាន​ឆ្លើយ​យ៉ាង​ដូច្នេះ​ថា «​នេះ​ជា​ការ​ខ្វះចន្លោះ​របស់​អាជ្ញាធរ ដែល​មិន​បាន​ត្រួតពិនិត្យ​ឲ្យ​បាន​ដិត​ដល់​»​។ ចំពោះ​សំនួ​រថា ម្ចាស់ផ្ទះ​ប្រចៀវ​មាន​ប្រតិកម្ម និងទាមទា​រសំណង​យ៉ាងតិច​២​ម៉ឺន​ដុល្លា​ផង តើ​រឿង​នេះ​យ៉ាងម៉េច​ដែរ ? លោក​អភិបាលស្រុក​រូប​នេះ ហាក់​ស្ទាក់​ស្ទើរនឹង​ការ​ផ្ដល់​ចម្លើយ តែ​យ៉ាងណា លោក​បាន​ប្រាប់​ថា «​ខ្ញុំ​មិន​ច្បាស់លាស់​ដែរ តែ​រឿង​នេះ​ប្រហែល​ខាង​ខេត្ត ដោះស្រាយ​រួច​ហើយ ទើប​ម្ចាស់​សំណង់​នេះ​ព្រម​រុះរើ​ចេញ ដូច្នេះ​ទាល់តែ​សួរ​ទៅ​ខាង​ខេត្ត ទើប​ដឹង​ច្បាស់​»​។

នៅ​លើ​ទីតាំងនៃ​សំណង់ផ្ទះ​ប្រចៀវ​នេះ បើ​តាម​ព័​ត៌មាន​នានាបាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ធ្វើការ​រុះរើ​ផ្ទះ​ប្រចៀវ​នេះ​​ចោល ទំនង​អាជ្ញាធរ​អនុញាត​ឲ្យ​មានការ​សាងសង់​សាសនា សម្រាប់​ជាទី​គោរព​បូជា​។ ប្រភព​បាន​បញ្ជាក់​ថា សំណង់​នោះ​ជា​«​សាលាឆទាន​» ដ៏​ធំ​មួយ​ នៅ​ទល់មុខ​ចម្លាក់​ព្រះ​ពុទ្ធរូប​ដ៏​ធំ​សម្បើម​នៅ​លើ​ជញ្ជាំង​ថ្មភ្នំ​សំពៅ​។ ជាមួយ​គ្នា​នោះ គេ​ឃើញ​គំនូស​ប្លង់​សំណង់​«​សាលាឆទាន​»​ដ៏​ធំ​មួយ ត្រូវ​បាន​គេ​តាំង​បង្ហាញ​ជា​សាធារណៈ​នៅ​ក្បែរ​ទីតាំង​នោះ​។ គំនូស​ប្លង់​នោះ ​ត្រូវ​បាន​គេ​សរសេរ​នៅ​ផ្នែក​ខាងលើ នៃ​រូប​សំណង​​ថា «សាលា​សម្រាប់​គោរព​បូជា ចំពោះ​ព្រះពុទ្ធ និងពុទ្ធប្រវត្តិ ជើងភ្នំ​សំពៅ​»​។

យ៉ាងណា​ក៏​ដោយ ពាក់ព័ន្ធ​នឹង​សំណង់​«​ផ្ទះ​ប្រចៀវ​» នេះ បើ​តាម​ព័​ត៌មាន ដែល​កោះសន្តិភាពទទួលបាន​​​ចុង​ក្រោយ ប្រភព​បាន​បង្ហើប​ឲ្យ​ដឹង​ថា អ្នក​ភ្នំ​សំពៅ ម្នាក់​ឈ្មោះ ម៉ា​ន់ ដែល​បាន​សាងសង់​ផ្ទះ​ប្រចៀវ​នៅ​លើ​ដី​តំបន់​ទេសចរ​ណ៍នេះ ក៏​មានការ​អនុញាត​ពី អតីត​អភិបាលស្រុក​បាណ​ន់​មុន គឺ​លោក ជុំ ញ៉ ដែល​គេ​អះអាង​ថា កាលនោះ​មាន​ធ្វើ​កិច្ចសន្យា​ទៀត​ផង​។ ពេល​នេះ​កិច្ចសន្យា​នោះ ត្រូវ​បាន​លោក​ប៉ែន សារី​យូ អភិ​បាល​ស្រុក​បាណ​ន់ សព្វថ្ងៃ​និ​រាករ​ចោល​ហើយ មុន​ពេល​អាជ្ញាធរ​ខេត្ត ចេញ​សេចក្ដីសម្រេច​ឲ្យ​រុះរើ​ចោល​។

ដោយឡែក​ ចំពោះ​សំណង​ការ​ខូចខាត បើ​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ម្ចាស់​សំណង់​បាន​ទាម​ទា​រ​សំណង​​រហូត​ដល់​ទៅ​៣​ម៉ឺន​ដុល្លារ ហើយ​ទំនង​អាជ្ញាធរ​បាន​ដោះស្រាយ​បញ្ចប់​រួចរាល់​ហើយ ទើប​ម្ចាស់​សំណង់​នេះ​យល់ព្រម​រុះរើ​ចេញ​ ។ ប៉ុន្តែ​យ៉ាងណា នេះ​គ្រាន់តែ​ជា​ប្រភព​ព័​ត៌​មាន​ដែល​បាន​ចង្អុលបង្ហាញ បែប​ព្រាវ​ៗ​តែ​ប៉ុណ្ណោះ​។ ព្រោះ​កោះសន្តិភាព មិន​ទាន់​អាច​ស្វែងរក​ម្ចាស់ផ្ទះ​ប្រចៀវ ឈ្មោះ ម៉ា​ន់ នោះ ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ ៕

អត្ថបទសរសេរ ដោយ