ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំសំពៅ​៖ ប្រៀប​បាន​ឋាន​សួគ៌​លោកីយ​នៃ​សេចក្ដីសុខ ទាំង​ផ្លូវចិត្ត និង​​​ផ្លូវ​​កាយ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ «​ល្អាង​ល្ខោន ល្អាង​គក់​ទ្រូង ល្អាង​ផ្កាស្លា និង ល្អាង​ជា​ច្រើន​ទៀត​» ដែល​ស្ថិត​នៅ​លើ​កំពូលភ្នំ​នេះ គឺ​សុទ្ធ​សឹង​មាន​ប្រវត្តិ​ដំណាល​នៅ​ក្នុង​រឿងព្រេង​ខ្មែរ​ទាំងអស់​ ។…

ខេត្តបាត់ដំបង ៖ «​ល្អាង​ល្ខោន ល្អាង​គក់​ទ្រូង ល្អាង​ផ្កាស្លា និង ល្អាង​ជា​ច្រើន​ទៀត​» ដែល​ស្ថិត​នៅ​លើ​កំពូលភ្នំ​នេះ គឺ​សុទ្ធ​សឹង​មាន​ប្រវត្តិ​ដំណាល​នៅ​ក្នុង​រឿងព្រេង​ខ្មែរ​ទាំងអស់​ ។ ហើយ​ក៏​ប្រៀប​បាន​ឋាន​សួគ៌​លោកីយ នៃ​សេចក្ដីសុខ ទាំង​ផ្លូវចិត្ត ទាំង​ផ្លូវ​កាយ សម្រាប់​មនុស្សលោក ដែល​បាន​បង្ហាញ​ពី​អារ​ម្ម​ណ៍ភ្លឺ​ថ្លា តាម​រយៈ​រឿងព្រេង និងបទ​ចម្រៀង​នានា ដែល​ពិ​ព័រ​នា​យ៉ាង​រណ្ដំ​អន្លង់​អ​ន្លូ​ចអំពី​រឿងរ៉ាវ​នានា និងសម្រស់​ព្រៃ​ព្រឹក្សានៃ​តំបន់​ទេសចរ​ណ៍​​ភ្នំ​សំពៅ​នេះ​។​ បន្តពីរឿង៖ ​ចម្លាក់​ព្រះ​ពុទ្ធរូប​ដ៏​ធំ​មហិមា​លើ​ជញ្ជាំង​ថ្មភ្នំ​សំពៅ​​នឹង​ក្លាយជា​​ប្រវត្តិសាស្ត្រ​​ខ្មែរ

មិនតែប៉ុណ្ណោះ ភ្ញៀវ​ទេសចរ​អាច​អង្គុយ​ទស្សនា​កំសាន្ត​មើល​​ហ្វូង​សត្វ​ប្រចៀ​វ​រាប់រយ​លាន​ក្បាល ដែល​ហោះ​ហើរ​ចេញពី​ក្នុង ​«​ល្អាង​ប្រចៀវ​» មាន​លក្ខណៈ​ជា​បែបផែន​យ៉ាង​ចម្លែក​ភ្នែក នៅ​មុន​ពេល​សូ​រិ​យា​រៀប​​អស្ត​ង្គត់ ដែល​ល្អាង​ប្រចៀវ​នេះ ស្ថិត​នៅ​ជាប់​នឹង​ចម្លាក់​ថ្មភ្នំ​ដ៏​ធំ​មហិមា​នោះ​តែ​ម្ដង ​។ ទិដ្ឋភាព​ទាំង​អស់​នេះ​ហើយ ដែល​ជា​«​លក្ខណៈ​ពិសេស​» នៃ​រមណីយ​ដ្ឋា​ន​ភ្នំ​សំពៅ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរ​ជាតិ​លង់​អារ​ម្ម​ណ៍​​បំភ្លេច​មិន​បាន​។

ជាមួយនឹង​លក្ខណៈ​ពិសេស​ពី​ធម្មជាតិ​ដ៏​សំបូរ​បែបនៃ​ភ្នំ​សំពៅ​នេះ​។ បច្ចុប្បន្ន រម​នី​យ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​មួយ​នេះ​ ហាក់​កំពុង​មានការ​គាំទ្រ​យ៉ាង​ពេញលេញ​ពី​សំណាក់​ភ្ញៀវ​ទេសចរ​​ជាតិ និងអន្តរជាតិ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កំសាន្ត​ផង និងសិក្សារ​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​ផង​ ។ ដោយសារ​តែ​មាន​ប្រវត្តិ និងលក្ខណៈ​ពិសេស​គ្រប់​បែប​យ៉ាង​ដូច្នេះ​ហើយ ទើប​សប្បុរសជន​នានាស្ថាបត្យករ និងរាជរដ្ឋាភិបាល​កម្ពុជា បាន​ឯកភាព​ធ្វើ​ចម្លាក់​ព្រះ​ពុទ្ធរូប​ដ៏​ធំ​ជាប់​នឹង​ជញ្ជាំង​ថ្មភ្នំ​សំពៅ​នេះ​តែ​ម្ដង​ ។

ប្រវត្តិនៃ​ការ​ផ្ដូ​ច​ផ្ដើម​ចម្លាក់​រូប​ព្រះពុទ្ធ​បដិមានៅ​លើ​ជញ្ជាំង​ថ្មភ្នំ​សំពៅ​ ៖ បើ​តាម​លោកកែ ស៊ិ​ន ស្ថាបត្យករ ក្រុម​ជាង​ «​មរតក​អង្គរ​»បាន​ឲ្យ​ដឹង​ថា គម្រោងនៃ​ចម្លាក់​រូប​ព្រះពុទ្ធ​ដ៏​ធំ​នៅ​លើ​ជញ្ជាំង​ថ្មភ្នំ​សំពៅ​នេះ គឺជា​គំនិត​ផ្ដូ​ច​ផ្ដើម​ឡើង​របស់​លោកជឹ​ម វិជ្ជា ដែល​ជា​គ្រូ​ចម្លាក់​មួយ​រូប នៅ​ក្នុង​ក្រុម​ជាងចម្លាក់​«​មរតក​អង្គរ​» ដែល​បច្ចុប្បន្ន​គាត់​បាន​ទ​ទូល​មរណៈភាព​ហើយ ​។ កាលនោះ លោក​ជឹ​ម វិជ្ជា បាន​គូសវាស​ប្លង់​ចម្លាក់ រូប​ព្រះពុទ្ធ​ទាំង​០៣​ផ្ទាំង​នោះ យ៉ាង​ហ្មត់ចត់​និង​ច្បាស់លាស់​បំផុត ដើម្បី​ស្នើ​សុំ​ការ​អនុញាត​ច្បាប់​សាងសង់​ពី​ក្រសួង​វប្ប​ធ​ម៌ ​និង​វិចិត្រសិល្បៈ​។

លោក​កែ ស៊ិ​ន បាន​ប្រាប់​ថា ក្រោយ​ពី​មានការ​ឯកភាព​ពី​ក្រសួង​សាមី នៅ​អំឡុង​ឆ្នាំ​២០០៣ លោក ជឹ​ម វិជ្ជា ក៏​បាន​ដឹកនាំ​ក្រុម​ជាងចម្លាក់ ​«​មរតក​អង្គរ​»​របស់​លោក ចាប់ផ្ដើម​ដាប់​កំទេច​ជញ្ជាំង​ថ្មភ្នំ រំលំ​ដើមឈើ​មួយ​ចំនួន ដើម្បី​ស្ថាបនា​រូប​ព្រះពុទ្ធ​ទាំង​៣​ផ្ទាំង​នោះ ក្រោម​ការ​ជួយ​ជ្រ​ម​ជ្រែង​ឧបត្ថម្ភ​ថវិកា​ពី​សប្បុរសជន​នានា ក្នុង​នោះ ​ក៏​មាន​លោក​មហា​ឧបាសក តាំង ម៉េ​ង​ហ៊ុន លោក​ជំទាវ​ឧកញ៉ា ឌី ប្រឹ​ម និងលោក សំ តាំ​ហន ផង​ដែរ (ម្ចាស់​គម្រោង​សាងសង់​បច្ចុប្បន្ន )​។

បើ​តាម​មេជាង​ចម្លាក់​រូប​នេះ​បាន​បញ្ជាក់​ថា ការ​ចាប់ផ្ដើម​នា​ប៉ុន្មាន​ឆ្នាំ​ដំបូង​នោះ គឺ​ធ្វើ​បាន​ត្រឹម​តែ​ព្រះ​កេស​ខាងលើ​ប៉ុណ្ណោះ ស្រាប់តែ​លោក​ជឹ​ម វិ​ជ្ញា មាន​ជំងឺ និងម្យ៉ាងទៀត​ដោយសារ​ខ្វះខាត​ថវិកា​ឧបត្ថម្ភ​ពី​សប្បុ​រស​ជន​ផង ​ផែនការ​ចម្លាក់​ថ្មភ្នំ​នេះ ត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន​នៅ​ឆ្នាំ​២០១០​។ រហូត​ដល់​ឆ្នាំ​២០១៨ ទើប​គម្រោង​នេះ​ បាន​ចាប់ផ្ដើម​ដំណើរការ​ទាំងស្រុង​ឡើង​វិញ ក្រោម​គម្រោង​ឧបត្ថម្ភ​ថវិកា​​ទាំងស្រុង​ពី​លោក​ឧបាសក តាំង ម៉េ​ង​ហ៊ុន លោក​ជំទាវ​ឧកញ៉ា ឌី ប្រឹ​ម និង លោក​សំ តាំ​ហន​។

បច្ចុប្បន្នភាពនៃ​ការ​សាងសង់​​ បន្ទាប់​ពី​ចាប់ផ្ដើម​បន្ត​នូវ​គម្រោង​ថ្មី​នេះ លោកមាន វាសនា ហៅជាង​ស្នា មេជាង​ចម្លាក់​មួយ​រូប​នៅ​ក្នុង​ក្រុម​ជាង​«​មរតក​អង្គរ​» ដែល​ទ​ទួលតំណែង​បន្ត​ពី​ឪពុក​របស់​លោក ដែល​បាន​ទ​ទូល​មរណៈភាព​ទៅ ហើយ​រូប​លោក​ជា​អ្នក​មមារញឹក​ក្នុង​ការ​ត្រូ​ត​ពិនិត្យ​ផ្ទាល់​ក្នុង​ការងារ​ចម្លាក់​នេះ លោក​បាន​ប្រាប់​កោះសន្តិភាព​ថា រូប​បដិមា «​ព្រះ​អង្គ​ទ្រង់​ត្រាស់​ដឹង​» នេះ តួ​ព្រះ​អង្គ​ធ្វើ​រួចរាល់​ហើយ នៅឡើយ​តែ​តួ​ប​ល័​ង្ក​ខាងក្រោម និង ចម្លាក់​ដើម​ពោ​ធិ៍​នៅ​ផ្នែក​ខាងលើ​ព្រះ​កេស​ប៉ុណ្ណោះ ដែល​កំពុង​ធ្វើ​បន្ត​។ ប៉ុន្តែ​លោក​វាសនា បាន​សន្យា​ដែរ​ថា ចម្លាក់​ផ្ទាំង​ថ្ម​រូប​ព្រះពុទ្ធ​ដ៏​ធំ​សម្បើម​នេះ អាច​នឹង​រួចរាល់​ជា​ស្ថាពរ យ៉ាង​យូរ​រយៈពេល​១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។

ដោយឡែក ស្ថាបត្យករលោក​អ៊ុ​ន ជា វិញ ​ដែល​ទ​ទួលចម្លាក់​រូប​ចំនួន​០២​ផ្ទាំង គឺ​រូប «​ព្រះ​អង្គ​ទ្រង់​ប្រ​សូត្រ និង ព្រះ​អង្គ​ទ្រង់​ចូល​បរិនិព្វាន​» ហាក់​មានការ​សន្យា​លឿន​ជាង​លោក មាន វាសនា បន្តិច ដោយ​បញ្ជាក់​
ថា ចម្លាក់​រូប​ព្រះពុទ្ធ​ទាំង​០២​ផ្ទាំង​នោះ អាច​នឹង​កសាង​រួចរាល់​ជា​ស្ថាពរ​នៅ​ដំណាច់ឆ្នាំ​២០២០ នេះ​តែ​ម្ដង ព្រោះ​​សមិទ្ធផល​ហាក់​ធ្វើ​រួចរាល់​ច្រើន​ហើយ​ ។ ជាមួយនឹង​រូបចម្លាក់​ព្រះពុទ្ធ​សាសនា ដែល​គេ​ពិ​ពណ៌​នា​ពី​ដំណើរនៃ​កំណើត​ «​ព្រះ​ពោធិសត្វ​» នៅ​លើ​ជញ្ជាំង​ថ្មភ្នំ​សំពៅ ដែល​ជា​ស្នាដៃ​ស្ថាបត្យករ​ខ្មែរ​ក្នុង​យុគសម័យ​ថ្មី​ដ៏​អស្ចារ្យ​នេះ ក៏​មានការ​ចុះ​ត្រូ​ត​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​សំណាក់​មន្ត្រី​ជំនាញ នៃ​ក្រសួង​វប្ប​ធ​ម៌ ​និង​វិចិត្រ​សិល្បៈ និងមន្ត្រី​ជំនាញ មន្ទីរ​វប្ប​ធ​ម៌ខេត្ត ជា​បន្តបន្ទាប់​ផង​ដែរ​។ នេះ​បើ​តាម​ប្រសា​សលោក គឹ​ម សោភ័ណ ប្រធាន​ស្ដីទី មន្ទីរ​វប្ប​ធ​ម៌​និង​វិចិត្រសិល្បៈ​ខេត្តបាត់ដំបង ដែល​ធ្លាប់​អមដំណើរ​ផ្ទាល់​ចុះ​ពិនិត្យ​ជាមួយ​មន្ត្រី​ជំនាញ​មក​ពី​ក្រសួង​។

លោក គឹ​ម សោភ័ណ បាន​ប្រាប់​ថា នៅ​ក្នុង​ការ​ចុះ​ពិនិត្យ​នោះ ពិតមែនតែ​ចម្លាក់​ថ្មភ្នំ​នេះ ធ្វើ​មិន​បាន​ល្អ​ឥត​ខ្ចោះ​ក្ដី តែ​យើង​អាច​ទទួលយ​កបាន​។ ក្រុម​ជាង​បាន​កែតម្រូវ​ជា​ច្រើន តាម​ការ​ណែនាំ​របស់​មន្ត្រី​ក្រសួង​។ លោក​បាន​និយាយ​ថា ចំនុច​ខ្លះ​យើង​មើលទៅ​ហាក់​មានការ​ខុសឆ្គង តែ​ក៏​យើង​មិន​អាច​មើល​នឹង​ភ្នែក​ហើយ​ស្មាន​ត្រូវ​នោះ​ដែរ ព្រោះ​រូបចម្លាក់​ដែល​មាន​ទំ​ហំ​ធំខ្ពស់​ដែល​យើង​ពិបាក​ឈ​រមើល​បន្តិច ​។ លោក​គឹ​ម សោ​ភ័ណ ក៏​បាន​បង្ហាញ​ពី​មោទនភាព​ផង​ដែរ ដែល​លោក​យល់​ថា នេះ​ជា​ស្នាដៃ​ដ៏​ធំ​សម្បើម​ណាស់ ដែល​រូប​ព្រះពុទ្ធ ត្រូវ​បាន​ឆ្លាក់​ប្រកបដោយ​ក្បូរ​ក្បាច់រចនា​យ៉ាង​រស់​រវើក​នៅ​ជញ្ជាំង​ថ្មភ្នំ ដែល​បាន​បង្ហាញ​ជា​និម្មិត​រូប នៃ​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ​។

លោក សោភ័ណ បាន​បង្ហាញ​ទស្សនៈ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​រំពឹង​ថា ច​ម្លាក់​​ព្រះ​ពុទ្ធរូប​ដ៏​ធំ​អស្ចារ្យ​នៅ​លើ​ជញ្ជាំង​ផ្ទាំង​ថ្ម ភ្នំ​សំពៅ ដែល​មិន​ធ្លាប់​មាននៅ​ក្នុង​ប្រទេស​ខ្មែរ​យើង​នេះ នឹង​ជួយ​ទាក់ទាញ​ចំណាប់​អារ​ម្ម​ណ៍កាន់តែ​ខ្លាំង ពី​មនុស្សលោក គ្រប់​ជាតិ​សាស​ន៍ឲ្យ​មក​ទស្សនា​។ ហើយ​ចម្លាក់​ថ្មភ្នំ​នេះ នឹង​ក្លាយជា​រូបចម្លាក់​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​បំផុត ក្នុង​រយៈពេល​រាប់រយ​តទៅ​មុខ​ទៀត មិន​ខុស​ពី​ប្រាសាទអង្គរវត្ត របស់​កម្ពុជា​ឡើយ​។

ប៉ុន្តែ​ត្រង់​ចំណុច​ដែល​ចង់​រក្សា​នូវ​ភាព​ល្បីល្បាញ​នេះ លោក គឹ​ម សោភ័ណ ក៏​បាន​បង្ហាញផ្លូវ ក៏​ដូច​ជា​ការ​ផ្ដល់​ជា​មតិយោបល់​បន្ថែម​យ៉ាង​ដូច្នេះ​ថា «​ជាមួយនឹង​មោទនភាព​ដ៏​អស្ចារ្យ និង ភាព​ល្បី​ល្បាញ នៃ​ចម្លាក់​ថ្មភ្នំ​សំពៅ​នេះ​..! បើ​យើង​ចង់​ឲ្យ​វា​ស្ថិត​នៅ​ឲ្យ​បាន​យូរអង្វែង យើង​ចាំបាច់​ត្រូវ​តែ​ជួយ​ថែទាំ​ហ្វូង​សត្វ​ប្រចៀវ​រាប់រយ​លាន​ក្បាល នៅ​ក្នុង​ល្អាង​ក្បែរ​ចម្លាក់​ផ្ទាំង​ថ្ម​នោះ​ឲ្យ​បាន​គង់វង្ស​ផង​ដែរ​។

ព្រោះ​ហ្វូង​សត្វ​ប្រចៀវ​នេះ​ជាដើម​ចមនៃ​ការ​ទាក់ទាញ និងដាស់​អារ​ម្ម​ណ៍​ភ្ញៀវ​ជាតិ និងអន្តរជាតិ​ដ៏​ខ្លាំងក្លា​បំផុត​ឲ្យ​ធ្វើ​ដំណើរ​មក​ទស្សនា​រម​នី​យ​ដ្ឋា​ន​«​ភ្នំ​សំពៅ​» ដែល​ជា​តំបន់​ទេសចរ​ណ៍ប្រវត្តិសាស្ត្រ​ដី​ល្បី​រន្ទឺ​នៅ​ក្នុង​ខេត្តបាត់ដំបង​ ៕

អត្ថបទសរសេរ ដោយ