បន្លែ​ និង​ផ្លែ​ឈើ​នាំ​ចូល​មាន​គីមី​តម្រូវ​ឱ្យ​ដឹក​ទៅ​វៀតណាម​វិញ


ខេត្តតាកែវ ៖ បន្លែ​ផ្លែ​ឈើ​ចំនួន​៤​មុខ​រួម​មាន ខ្ញី ម្ទេស ស្ពៃ និង​ផ្លែក្រូច​ឃ្វេច​សម្រាប់​លាយ​ជាមួយ​ទឹកអំពៅ មាន​ទម្ងន់​សរុប​៤​តោន ត្រូវ​បាន​ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្តតាកែវ សហការ​ជាមួយ​មន្ត្រី​ជំនាញ​អង្គភាព​ការពារ​អ្នក​ប្រើប្រាស់​និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​)​ខេត្ត​ចុះ​ត្រួត ពិនិត្យ​ការ​នាំ​ចូល​បន្លែ ផ្លែ​ឈើ​ទាំងនេះ​នៅ​ច្រក​ទ្វារ​ទ្វេភាគី​អន្តរជាតិ​ភ្នំ​ដិ​ន ដែល​សម្រេច​ឱ្យ​អាជីវករ​នាំ​ទៅ​ប្រទេស​វៀតណាម​វិញ​រួច​ឱ្យធ្វើ​កិច្ចសន្យា ។ ការ​តម្រូវ​ឱ្យ​អាជីវករ​ដែល​នាំ​ទំនិញ​ជា​បន្លែ និង​ផ្លែ​ឈើ​នេះ​ទៅ​វៀតណាម​វិញ ដើម្បី​សម្រាល​ការ​ខាតបង់​របស់​អជីវ​ករ​ខ្មែរ ។

ការ​រក​ឃើញ​មុខទំនិញ​ជា​ប្រភេទ​បន្លែ ផ្លែ​ឈើ​នេះ គឺ​មាន​ផ្ទុក​នូវ​សារ​ធាតុគីមី​ជា​ថ្នាំ​កាក​សំណល់​ជី​កសិកម្ម ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​កិច្ចសហការ​រវាង​លោក កែវ វ៉ា​ន្នី ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត រួម​ជាមួយ​លោក ប៉ោ លាង​គង់ ប្រធាន​ក​.​ប​.​ប (​កាំកុងត្រូល​) សាខា​ខេត្ត​ចុះ​ត្រួតពិនិត្យ​មុខទំនិញ​បន្លែ​ផ្លែ​ឈើ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ស្ថិត​នៅ​ស្រុក​គី​រី​វង់ ខេត្តតាកែវ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ឆ្នាំ​២០២០ ។

លោក កែវ វ៉ា​ន្នី ប្រធាន​សាខា​គយ និង​លោក ប៉ោ លាង​គង់ ប្រធាន ក​.​ប​.​ប បានឱ្យ​ដឹង​ថា ដោយ​អនុវត្តន៍​តាម​សេចក្តី​ប្រកាស​របស់​រាជរដ្ឋាភិបាល​ស្តី​ពី​កិច្ចសហការ​រវាង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង​អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ​នី​ហរ​ណ អហ​រ័​ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ទំនិញ និង​ទប់ស្កាត់​ការ​នាំ​ចូល​បន្លែ ផ្លែ​ឈើ ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ពី​ក្រៅប្រទេស​ចូល​មក​ធ្វើ​ចរាចរណ៍​នៅ​ក្នុងស្រុក ។

ដើម្បី​ការពារ​អំពី​ផល​ប៉ះពាល់​សុខភាព​ដល់​អ្នក​បរិភោគ និង​ជា​ការ​គិតគូរ​ពី​សុវត្ថិភាព​ចំណី អាហារ ដែល​បច្ចុប្បន្ន​កំពុង​គំរាមកំហែង​ពី​គ្រប់​រូបភាព​ដោយ​ការ​ប្រើ​ថ្នាំ​របស់​ក្រុម​ឈ្មួញ ។ ការ​ត្រួតពិនិត្យ នេះ​ដែរ ក្រុម​មន្ត្រី​ជំនាញ​បាន​ដកហូត​បន្លែ ផ្លែ​ឈើ​ចំនួន​២១​គំរូ យក​មក​ធ្វើការ​ពិនិត្យ​លើ​រថយន្ត​ពិសោធន៍​ចល័ត ដោយ​ក្នុង​ការ​ពិនិត្យ​នោះ​បាន​ធ្វើតេស្ត​រក​ឃើញ​បន្លែ​ចំនួន​៣​មុខ និង​ផ្លែ​ឈើ​១​មុខ​រួម​មាន ខ្ញី ម្ទេស ស្ពៃ និង​ផ្លែក្រូច​ឃ្វេច​ដែល​គេ​យក​ទៅ​កិន​ជាមួយ​ទឹកអំពៅ មាន​ផ្ទុក​នូវ​សារ​ធាតុគីមី​សំណល់​ថ្នាំ​កសិកម្ម ។

ក្រោយ​ការ​រក​ឃើញ បន្លែ​ផ្លែ​ឈើ​សរុប​ចំនួន​៤​តោន​នេះ មិន​បាន​យក​ទៅ​បំផ្លាញ​ចោល​នោះ​ទេ ដោយ​ឱ្យ​ក្រុម​អាជីវករ​ដែល​ជា​ជនជាតិ​ខ្មែរ​ទាំងនោះ​ធ្វើ​កិច្ចសន្យា និង​ឱ្យ​នាំ​បន្លែ​ផ្លែ​ឈើ​ទាំង​៤​មុខ​នោះ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ ទុក​ឱ្យ​វៀតណាម​ហូប​ខ្លួនឯង​ទៅ ដើម្បី​បន្ធូរបន្ថយ​ការ​ខាតបង់​របស់​អាជីវករ​ខ្មែរ​យើង ។

មន្ត្រី​ជំនាញ​ថា ចំពោះ​មុខទំនិញ​ដែល​ជា​ប្រភេទ​បន្លែ​ផ្លែ​ឈើ​ទាំង​៤​មុខ​ដែល​ហាមឃាត់​ការ​នាំ​ចូល​ជា​បណ្តោះអាសន្ន​នេះ​យើង​រង់ចាំ​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​អំពី​គុណភាព​ទំនិញ​ពី​ភាគី​វៀតណាម​ថា មិន​មាន​សារធាតុ​គីមី​សំណល់​ថ្នាំ​កសិកម្ម​ទើប​យើង​ធ្វើការ​ពិនិត្យ​សា​ជា​ថ្មី​ម្តង ទៀត ។ ប្រសិន បើ​បញ្ជាក់​ថា​មិន​មាន​សារធាតុ​គីមី នោះ​បន្លែ​ផ្លែ​ឈើ​ទាំង​៤​មុខ​ខាងលើ និង​អនុញ្ញាត​ឱ្យ​នាំ​ចូល​បង់​ពន្ធគយ​ទៅ​តាម​ច្បាប់ ។

សង្ស័យ​ណាស់​…​មតិ​ខ្លះ​គិត​ថា តិច​វិល​វិញ​ទៅ ?

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ