ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់បានបាត់បង់ជីវិត រីឯស្វាមីរបស់គាត់រងរបួសធ្ងន់ ដោយសាររថយន្តបុកពីក្រោយ ពេលគាត់កំពុងជិះម៉ូតូសណ្ដោងរ៉ឺម៉កស្របទិសគ្នា កាលពីម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី២៤ មិថុនា នៅចំណុចភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល តែអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនក្រោយបង្កហេតុ។
លោកសុខ សារិន អធិការស្រុកបវេល បានឱ្យដឹងថា រថយន្តបង្កនោះម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ បាត់ដំបង 3.A 3503 អ្នកបើកបរបានរត់គេចខ្លួនក្រោយបង្កគ្រោះថ្នាក់។ លោកថា រថយន្តនេះ បានបុកម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1.M6597 ដែលមានសណ្តោងរ៉ឺម៉កផង បណ្ដាលឱ្យរបួសម្នាក់ និងបាត់បង់ជីវិតម្នាក់ដែលជាប្ដីប្រពន្ធ។
លោកអធិការស្រុកបន្តថា ជនរងគ្រោះខាងលើឈ្មោះ សី ឌីណា អាយុ៤០ឆ្នាំ (ប្ដី) រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស រងរបួសធ្ងន់ និងប្រពន្ធឈ្មោះទូច ឌីណា អាយុ៣៨ឆ្នាំ បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។
បើតាមសាក្សីបាននិយាយថា រថយន្តនឹងអ្នកជិះម៉ូតូបានធ្វើដំណើរស្របទិសគ្នា ពីខាងកើតឆ្ពោះទៅខាងលិច ប៉ុន្តែពេលដល់ចំណុចកើតហេតុ គេឃើញរថយន្តនោះបានបន្ថែមល្បឿនឡើងជែងម៉ូតូ តែមិនផុតក៏ជ្រុលបុកម៉ូតូនោះតែម្ដង។
ប្រភពដដែលបញ្ជាក់ថា ពេលបុកភ្លាមរថយន្តមិនព្រមឈប់នោះទេ ហើយបានប្រឹងបើករត់ខ្លួន តែក្រោយមកទើបត្រូវសមត្ថកិច្ចតាមចាប់បាន។
លោកសុខ សារិន អធិការស្រុកបវេល បញ្ជាក់ដែរថា រថយន្តបង្កបានព្យាយាមបើកគេចពីកន្លែងកើតហេតុ តែត្រូវបានសមត្ថកិច្ចតាមរកឃើញ ខណៈអ្នកបើកបរបានរត់គេចខ្លួនបាត់ទៅហើយ បន្សល់ទុកតែរថយន្តប៉ុណ្ណោះ។
យ៉ាងណា មន្ត្រីជំនាញរបស់លោកបាននាំយករថយន្តបង្កនេះ ជាមួយនឹងម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការស្រុក ដើម្បីដោះស្រាយតាមនីតិវិធី៕
ចែករំលែកព័តមាននេះ