ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ញ៉ាំ​អត់​! ម្ហូប​ប្រចាំ​ខេត្ត សម្ល «​បុក ឬ​ប្រូង​» សម្ល វិ និង​ម្ហូប​ជ្រូក​កណ្តុរ​​អាំង

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅ​ពេល​គេ​រំ​ឮ​ក​ពី​ខេត្តមណ្ឌលគិរី ប្រាកដ​ណាស់​ទឹកជ្រោះ​ប៊ូ​ស្រា គឺជា​រឿង​ទី​១ ដែល​គេ​នឹកឃើញ​ដំបូង ដែល​ទឹកជ្រោះ​នេះ​មាន​ភាព​ល្បីល្បាញ​ជា​ខ្លាំង ប៉ុន្តែ​នៅ​ពេល​នេះ​ក្រៅពី​តំបន់​ទេសចរណ៍​ដ៏​ស្រស់​ត្រកាល កោះសន្តិភាព​សូម​នាំ​អារម្មណ៍​ប្រិ​យ​មិត្ត​ឲ្យ​ស្គាល់​មុខ​ម្ហូប​៣​មុខ​ប្រចាំ​ខេត្ត​វិញ​ម្តង នោះ​គឺ​មាន…

ខេត្តមណ្ឌលគិរី ៖ នៅ​ពេល​គេ​រំ​ឮ​ក​ពី​ខេត្តមណ្ឌលគិរី ប្រាកដ​ណាស់​ទឹកជ្រោះ​ប៊ូ​ស្រា គឺជា​រឿង​ទី​១ ដែល​គេ​នឹកឃើញ​ដំបូង ដែល​ទឹកជ្រោះ​នេះ​មាន​ភាព​ល្បីល្បាញ​ជា​ខ្លាំង ប៉ុន្តែ​នៅ​ពេល​នេះ​ក្រៅពី​តំបន់​ទេសចរណ៍​ដ៏​ស្រស់​ត្រកាល កោះសន្តិភាព​សូម​នាំ​អារម្មណ៍​ប្រិ​យ​មិត្ត​ឲ្យ​ស្គាល់​មុខ​ម្ហូប​៣​មុខ​ប្រចាំ​ខេត្ត​វិញ​ម្តង នោះ​គឺ​មាន សម្ល​ប្រូង ឬ​ហៅ​ថា សម្ល​បុក​បំពង់​ឬ​ស្សី​, សម្ល វិ និង​ជ្រូក​កណ្តុរ​អាំង ។

សម្ល «​បុក ឬ​ប្រូង​» របស់​ជនជាតិ​ដើម​ភាគតិច រស់នៅ​តំបន់​ខ្ពង់រាប​នា​ភាគ​ឦសាន​ជា​ម្ហូបអាហារ​ដ៏​ពេញ​និយម​សម្រាប់​ប្រជាជន​ក្នុង​តំបន់ ហើយ​មិនតែប៉ុណ្ណោះ វា​កំពុង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នកទេសចរ​ខ្លាំង​ផង​ដែរ ។

បើ​តាម​បុរស​ឈ្មោះ​ផល្លា មាន​ទីលំនៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ ឲ្យ​ដឹង​ថា គាត់​បាន​ទៅ​រស់នៅ​ខេត្តមណ្ឌលគិរី ជាង​២០​ឆ្នាំ​ហើយ តាំងពី​មិន​ទាន់​មាន​ផ្លូវ​ធ្វើ​ដំណើរ​ស្រួល​ដូច​សព្វថ្ងៃ​ឡើយ ។ គាត់​ចេះ​ធ្វើ​ម្ហូប «​សម្ល​បុក ឬ​ប្រូង​» យ៉ាង​ស្ទាត់ជំនាញ ព្រោះ​មុខម្ហូប​នេះ​សម្បូរ​ទៅ​ដោយ​វីតាមីន ដោយសារ​គេ​ប្រើ​សុទ្ធ​សឹង​បន្លែ​បេះ​ពី​ព្រៃ​ធម្មជាតិ​ថ្មី​ៗ​តែ​ម្តង ។

ចំណែក​គ្រឿងផ្សំ​សម្រាប់​សម្ល​បុក ឬ​ប្រូង រួម​មាន សាច់​យាវ​គោ (​សាច់​ស្វិត ឬ​សាច់​ប្រភេទ​ងៀត​ក៏​បាន​) ប្រហុក ចុង​ផ្តៅ ស្លឹក​ម្ទេស ត្រប់ស្រួយ ស្លឹក​ខ្ចូ​ញ ស្លឹក​ជន្លង់ ទំពាំង និង​ស្លឹក​រុក្ខជាតិ​បៃតង​មួយ​ចំនួន​ទៀត ។ អ្វី​ដែល​គេ​មិន​អាច​អត់​បាន​នោះ គឺ​បំពង់​ឫស្សីព្រៃ ។ ឫស្សីព្រៃ ត្រូវ​រក​ឫស្សី​ដើម​ណា​ដែល​មាន​សាច់​វែង (​ថ្នាំង​វែង​) ធំ ទើប​អាច​ស្ល​បាន និង​ជួយ​បង្កើន​រសជាតិ​ទៀត​ផង ។

ចំពោះ​របៀប​នៃ​ការ​ស្ល គឺ​គេ​ត្រូវ​បេះ​បន្លែ​ទាំងនោះ​លាង​ទឹក​ឲ្យ​ស្អាត ហាន់សាច់​ជា​បន្ទះ​តូច​ៗ​ចិញ្ច្រាំ​ប្រហុក​ឲ្យ​ម៉ដ្ឋ លាយ​គ្រឿង​ស្ករស និង​ប៊ី​ចេ​ង​បន្តិច​ចូល​គ្នា​ក្នុង​ឆ្នាំង​តែ​មួយ រួច​ញាត់​គ្រឿងផ្សំ​ទាំងនោះ​ចូល​ទៅ​ក្នុង​បំពង់​ឫស្សី​ដែល​គេ​ត្រៀម​ទុក និង​យក​ទៅ​ដុត​ក្នុង​ភ្លើង​ប្រមាណ​ជិត​១​ម៉ោង​ជា​ការ​ស្រេច ហើយ​អាច​ញ៉ាំ​បាយ​ហើយ ពិតជា​ឆ្ងាញ់​ណាស់ ។

ហើយ​សម្ល «​បុក ឬ​ប្រូង​» នេះ គេ​សង្កេត​ឃើញ​អ្នកទេសចរ​បរទេស​ចូល​ចិត្ត​ឲ្យ​ម​គ្គុ​ទេ្ទ​ស​ទេសចរ​ដែល​នាំ​ពួក​គេ​ដើរ​លេង​កម្សាន្ត​ក្នុង​ព្រៃ ស្ល​ឲ្យ​ហូប​នៅ​តាម​មាត់​អូរ​ក្នុង​ព្រៃ និង​កន្លែង​ដែល​សម្បូរ​បន្លែ​ធម្មជាតិ​ផង​ដែរ ។

ចំណែក​សម្ល វិ គឺជា​មុខម្ហូប​មួយ​បែប​មាន​វិធី​ចម្អិន ដូច​ទៅ​នឹង​សម្លម្ជូរ​ស្រែ​ដែរ តែ​វា​មាន​រសជាតិ​ល្វីង​ៗ ហើយ​ពណ៌​សម្បុរ​របស់​វា គឺ​មាន​ទឹកខ្មៅ​វិ​តែ​ម្តង​។ ចំពោះ​គ្រឿងផ្សំ​ម្ហូប​នេះ​រួម​មាន សាច់​គោ ឬ​សាច់​លាយ​ឆ្អឹង គល់​ស្លឹកគ្រៃ ស្លឹក​ក្រូចសើច រំដេង ខ្ទឹមស ប្រហុក អំពិល​ទុំ គ្រឿងទេស​អំបិល​ប៊ី​ចេ​ង ហើយ​របស់​ដែល​គេ​មិន​អាច​ចោល ឬ​ភ្លេច​បាន​នោះ គឺ​គ្រឿងក្នុង​គោ ជា​ពិសេស​ពោះ​ខ្ចី យក​ទាំងអស់​មិន​ត្រូវ​ចោល​ឡើយ​។

របៀប​ស្ល ចុងភៅ​ត្រូវ​លីង​គ្រឿង​ប​ញ្ជូ​ល​គ្នា​ឲ្យ​ឡើង​ឈ្ងុយ រួច​ដាក់​សាច់​រំងាស់​ឲ្យ​ដាច់​ទឹកព្រៃ សឹម​ដាក់​ទឹក​បន្ថែម រួច​ដាក់​គ្រឿងក្នុង​គោ​ចូល​ទៅ​រំងាស់​ឲ្យ​ផុយ​សាច់ ជា​ការ​ស្រេច​។

មុខម្ហូប​ទាំង​ពីរ​ខាងលើ​នេះ សម្រាប់​អ្នក​ខេត្តមណ្ឌលគិរី ពិតជា​និយម​ធ្វើ​ទទួលទាន​ក្នុង​ក្រុម​គ្រួសារ​ខ្លាំង​ណាស់ ហើយ​ក៏​មាន​អ្នកទេសចរ​ដែល​ទៅ​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី តែងតែ​សាកល្បង​រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់​របស់​វា​ដែរ​។

សម្រាប់​មុខម្ហូប​ជ្រូក​កណ្តុរ​អាំង​នេះ គឺ​ងាយស្រួល​ចម្អិន​ជាងគេ​បំផុត គ្មាន​គ្រឿងផ្សំ​អ្វី​ជា​ចាំបាច់​ឡើយ ពោល​គឺ​ធ្វើ​ទៅ​តាម​ចំណូលចិត្ត​របស់​អ្នក​ទទួលទាន ព្រោះ​សាច់​ជ្រូក​នេះ វា​មាន​រសជាតិ​ឆ្ងាញ់​ស្រាប់​តាម​បែប​ធម្មជាតិ​។ ដោយ​គេ​អាច​ជ្រើសរើស​ជ្រូក​កណ្តុរ​ធំ ឬ​តូច តម្រូវ​ទៅ​តាម​ចំនួន​សមាជិក​អ្នក​បរិភោគ ហើយ​បើ​ចង់​ឲ្យ​មុខម្ហូប​នេះ​កាន់តែ​មាន​រសជាតិ​នោះ គឹ​អាច​បន្ថែមបន្លែ ជី គ្រប់មុខ ជាមួយ​ទឹកជ្រលក់ ទឹកត្រី​កោះកុង ឬ​ទឹក​តៅហ៊ូ​ជាដើម​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ