ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ គី​ម ​ជុង​អ៊ុ​ន ​ផ្អាក​ផែនការ​សកម្ម​ភាព​​យោធា​ប្រឆាំង​កូរ៉េ​ខាងត្បូង

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA រាយការណ៍​នា​ថ្ងៃ​ទី​២៤ មិថុនា​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ជុងអ៊ុ​ន បាន​ដឹកនាំ​កិច្ចប្រជុំ​ពេញ​អង្គ​មួយ​របស់​គណៈ​ក​ម្មា​ធិ​ការ​យោធា​កណ្ដាល បក្ស​ពលករ​កូរ៉េ…

ប្រទេស​កូរ៉េ​ទាំង​២ ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA រាយការណ៍​នា​ថ្ងៃ​ទី​២៤ មិថុនា​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ជុងអ៊ុ​ន បាន​ដឹកនាំ​កិច្ចប្រជុំ​ពេញ​អង្គ​មួយ​របស់​គណៈ​ក​ម្មា​ធិ​ការ​យោធា​កណ្ដាល បក្ស​ពលករ​កូរ៉េ ហើយ​សម្រេច​ផ្អាក​បណ្ដា​ផែនការ​សកម្មភាព​យោធា
ប្រឆាំង​កូរ៉េ​ខាងត្បូង ។

កិច្ចប្រជុំ​នោះ​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃ​ទី​២៤ មិថុនា តាម​រយៈ​វី​ដេ​អូ​​ខេន​ហ្វេ​រេ​ន បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​គំរាម​ចាត់វិធានការ​សងសឹក​មួយ​ចំនួន​ប្រឆាំង​កូរ៉េ​ខាងត្បូង​ដែល​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​ពួក​អ្នក​រត់ចោលជួរ​កូរ៉េ​ខាងជើង​មិន​ឲ្យ​បញ្ជូន​បណ្ដា​ខិត្តប័ណ្ណ​ឃោសនា​ទៅ​កាន់​ប្រទេស​កុំ​មុ​យ​នី​ស្ត​នោះ ។ លោក​គី​ម ជុង​អ៊ុ​ន អះអាង​ថា ​ភាព​លម្អិត​ត្រូវ​កំណត់​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ របស់​គណៈកម្មាធិការ​យោធា​កណ្ដាល​ក្នុង​ពេល​ដ៏​ឆាប់​មួយ ។

KCNA បន្ត​ថា​កិច្ចប្រជុំ​ដំបូង​របស់​គណៈកម្មាធិការ​យោធា​កណ្ដាល​បក្ស​ពលករ​កូរ៉េ បាន​វាយតម្លៃ​សភាពការណ៍​បច្ចុប្បន្ន និង​បាន​ផ្អាក​ផែនការ​សកម្មភាព​យោធា​ប្រឆាំង​កូរ៉េ​ខាងត្បូង ដែល​គ្រោង​ដោយ​សេនាធិការដ្ឋាន កងទ័ព​ប្រជា​ជន​កូរ៉េ ។

កូរ៉េ​ខាងជើង​បាន​បង្កើន​ភាព​តានតឹង ដោយ​ចាត់​បណ្ដា​វិធានការ​សងសឹក​ប្រឆាំង​គូ​រ៉េ​ខាងត្បូង ដោយសារ​ការ​បញ្ជូន​សារ​ឃោសនា​ប្រឆាំង​ខ្លួន​ចេញពី​ដែនដី​ប្រទេស​នោះ ។ ក្រុង​ព្យុ​ង​យ៉ាង​បាន​ចាត់​ទុក​កូរ៉េ​ខាងត្បូង​ជាស​ត្រូវ​មួយ និង​កាត់​ផ្ដាច់​រាល់​ខ្សែ​ទាក់ទង​អន្តរ​កូរ៉េ និង​ដោយ​ព្រមាន​ពី​ផែនការ​ដាក់​ទណ្ឌកម្ម​ធំ​មួយ​នា​ពេល​ខាង​មុខ ។

កាលពី​ស​ប្ដា​ហ៍​មុន ក្រុង​ព្យុ​ង​យ៉ាង​បាន​បំផ្ទុះ​ការិយាល័យ​ទំនាក់​ន​ង​អន្តរ​កូរ៉េ​នៅ​កា​អឺ​សុង និង​គំរាម​ដាក់​ពង្រាយ​ជា​ថ្មី​កងទ័ព ក្នុង​បណ្ដា​តំបន់​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ហើយនឹង​ធ្វើ​ឡើង​វិញ​រាល់​សមយុទ្ធ​យោធា​ទៀងទាត់​នៅ​ជិត​ព្រំដែន ។ កូរ៉េ​ខាងជើង​នា​ពេល​ថ្មី​ៗ​នេះ​ក៏​ដាក់​ឡើង​វិញ បណ្ដា​ប្រដាប់​បំពង​សំឡេង​ឃោសនា​យោធា តាម​បណ្ដោយ​តំបន់​ហាម​មិន​ឲ្យ​មាន​កងទ័ព ក្រោយ​​ដក​យក​ចេញ​បន្ទាប់​ពី​កិច្ចព្រមព្រៀង​មួយ​ដែល​ចុះហត្ថលេខា​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​ឆ្នាំ២០១៨ ។ មុន​នេះ​ដែរ​ក្រុង​ព្យុ​ង​យ៉ាង​គ្រោង​បាច​ខិត្តប័ណ្ណ​ប្រមាណ​ជា​១២​លាន​តាម​រយៈ​បាល់​ឡុ​ង​ហោះ​ប្រមាណ​ជា​៣០០០​ទៅ​កាន់​កូរ៉េ​ខាងត្បូង ។

តាម​ព័ត៌មាន​ចុង​ក្រោយ​ថា​ប្រដាប់​បំពង​សំឡេង​ដែល​កូរ៉េ​ខាងជើង​ដាក់​ឡើង​វិញ​ត្រូវ​បាន​ដក​ចេញ​ដែរ​ហើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ