រាជធានីភ្នំពេញ ៖ វីរកីឡាការិនីប៉េតង់កែ ឡេង ម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ ទោះបីប្រកាសលាឈប់ពីអាជីពកីឡាប៉េតង់ដោយអះអាងថាដោយសារបញ្ហាសុខភាពក៏ដោយក៏អ្នកស្រីនៅមិនទាន់អស់អាល័យពីកីឡាប៉េតង់នៅឡើយ ។
ជាមន្ត្រីយោធាជាន់ខ្ពស់ដែលមានឋានន្តរសក្តិជាឧត្តមសេនីយ៍ទោក៏ពិតមែន ក៏អ្នកស្រីនៅបន្តភ្ជាប់ខ្លួនជាមួយកីឡាប៉េតង់ដដែល តែមិនមែនបន្តនៅក្នុងថានៈជាកីឡាការិនីនោះទេគឺបន្តនៅក្នុងថានៈជាគ្រូបង្វឹកក្រុមយុវជន ។ នរណាក៏មានជំនឿចិត្តដែរថា ក្នុងថានៈជាគ្រូបង្វឹក អ្នកស្រីកែ ឡេងនឹងប្រមូលនូវបទពិសោធន៍ទាំងអស់ដែលអ្នកស្រីមានយកមកផ្ទេរដល់អ្នកជំនាន់ក្រោយដោយមិនលាក់លៀមឡើយ ។
អ្នកស្រីកែ ឡេង បានបញ្ជាក់ពីមូលហេតុនៃការបញ្ចប់អាជីពជាកីឡាការិនីនោះថា គឺអាស្រ័យដោយស្ថានភាពសុខភាពរបស់អ្នកស្រីផ្ទាល់ចុះខ្សោយមិនអាចបន្តស៊ូទ្រាំនឹងការហ្វឹកហាត់ ដើម្បី
ត្រៀមការប្រកួតតទៅមុខទៀតបាន ។ អ្នកស្រីបន្តថា ក្មេងៗជំនាន់ក្រោយនឹងមានអ្នកពូកែជាងអ្នកស្រីទៀតក៏ថាបានដែរ ។
ស្ថិតនៅក្នុងវ័យ៥៧ឆ្នាំ អ្នកស្រី កែ ឡេង បានអះអាងថា បច្ចុប្បន្នវ័យកាន់តែចាស់ទៅហើយពុំអាចបន្តការចូលរួមប្រកួតនៅលើឆាកអន្តរជាតិ ដណ្តើមកិត្យានុភាពជាតិមេដាយមាស ដូចកាលពីមុនៗទៀតឡើយ ពីព្រោះការត្រៀមចូលរួមប្រកួតម្តងៗ ត្រូវតែមានការហ្វឹកហាត់ច្រើនម៉ោងក្នុង១ថ្ងៃៗ ។ ម្យ៉ាងទៀតលោកស្រីក៏ជាប់រវល់ច្រើននៅអង្គភាពរបស់ខ្លួនក្រោមចំណុះក្រសួងការពារជាតិ ក្នុងឋានៈជាមន្ត្រីយោធាផ្កាយពីរ។
កន្លងមក វីរកីឡាការិនីប៉េតង់កម្ពុជា អ្នកស្រី កែ ឡេង ដែលលេចធ្លោខ្លាំងលើវិញ្ញាសាវាយយកពិន្ទុតែងតែប្រាប់ថា ការហ្វឹកហាត់ និងការប្រកួតលក្ខណៈអន្តរជាតិម្តងៗអ្នកស្រីសម្លឹងមើលគោលដៅ (ប៊ី) ដើម្បីវាយឲ្យចំ ហើយអ្នកស្រីតែងតែទទួលបានការកោតសរសើរពីមហាជនថាម្ចាស់មេដាយមាស៤ជំនាន់ជាប់ៗគ្នារបស់ពិភពលោករូបនេះវាយចំគោលដៅបានយ៉ាងល្អបំផុតដោយមិនទាន់មានកីឡាការិនីអន្តរជាតិណាម្នាក់បំបែកកំណត់ត្រាគ្រប់គ្រងម្ចាស់មេដាយមាសពីការប្រកួតជើងឯកពិភពលោករហូតដល់៤សម័យកាលជាប់ៗគ្នាបែបនេះឡើយ ។ អ្នកស្រីបន្ថែមថា មកដល់ពេលនេះ អ្នកស្រីមិនទាន់សម្លឹងឃើញមានកីឡាការិនីប៊ូលនិងប៉េតង់កម្ពុជាណាម្នាក់អាចស្នងតំណែងរបស់អ្នកស្រីបាននៅឡើយទេ។
សូមរម្លឹកថា វីរកីឡាការិនីកែ ឡេង បានឈ្នះមេដាយមាសពីការប្រកួតជើងឯកពិភពលោក៤ជំនាន់ជាប់ៗគ្នាពោលគឺចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងរហូតដល់ឆ្នាំ២០១៩ ដែលភាពល្បីល្បាញនេះ បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា លើវិស័យកីឡាប៉េតង់មានភាពលេចធ្លោយ៉ាងខ្លាំង ហើយសហព័ន្ធកីឡាប៉េតង់អន្តរជាតិបានផ្តល់សិទ្ធិឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកពិភពលោក នៅក្នុងឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។
ក្នុងឋានៈជាម្ចាស់ផ្ទះជើងឯកពិភពលោកយុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១៩ កីឡាការិនីជម្រើសជាតិ កែ ឡេង បានឈ្នះមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុដែលជាមេដាយមាសពិភពលោកជំនាន់ទី៤ចុងក្រោយបង្អស់របស់អ្នកស្រី ។ ក្រៅពីការឈ្នះមេដាយមាសជើងឯកពិភពលោក អ្នកស្រីកែ ឡេង ក៏ធ្លាប់ឈ្នះមេដាយស៊ីហ្គេម និងការប្រកួតអន្តរជាតិមួយចំនួនទៀតដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ