ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​​ជាង​២០នាក់​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​​មកវិញ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​សៀម​រា​ប ៖ ​ប្រជាពលរដ្ឋ​ខេត្ត​សៀម​រាប​​ចំនួន​២២នាក់​ដែល​ឆ្លង​ដែន​ខុសច្បាប់​ ត្រូវ​បាន​សមត្ថកិច្ច​ការពារ​ព្រំដែន​ប្រទេស​ថៃ ចាប់​បញ្ជូន​ឲ្យ​សមត្ថកិច្ច​អាជ្ញាធរ​កម្ពុជា​នៅ​ប្រចាំ​ច្រក​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា…

ខេត្ត​សៀម​រា​ប ៖ ​ប្រជាពលរដ្ឋ​ខេត្ត​សៀម​រាប​​ចំនួន​២២នាក់​ដែល​ឆ្លង​ដែន​ខុសច្បាប់​ ត្រូវ​បាន​សមត្ថកិច្ច​ការពារ​ព្រំដែន​ប្រទេស​ថៃ ចាប់​បញ្ជូន​ឲ្យ​សមត្ថកិច្ច​អាជ្ញាធរ​កម្ពុជា​នៅ​ប្រចាំ​ច្រក​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ នេះ​ដែរ ដោយ​លោក​ជំទាវ យូ សុភា អភិបាលរង​ខេត្តសៀមរាប និង​ជា​គណៈកម្មការ​ទទួល​ប្រជា​ពលករ​មក​ពី​ក្រៅប្រទេស ដឹកនាំ​ប្រតិភូ​ចុះ​ទៅ​ទទួល​យក​បងប្អូន​ដែលជា​ពលករ​​ទាំង​២២​នាក់​វិល​ត្រឡប់​មក​កាន់​ខេត្តសៀមរាប ក្នុង​នោះ​ក៏​មាន​វត្តមាន​របស់​លោក​អភិបាលស្រុក​អូរ​ជ្រៅ​ចូលរួម​ផង​ដែរ ។

តាម​ការ​បញ្ជាក់​របស់​កម្លាំង​សមត្ថកិច្ច និងក្រុមការងារ​ទទួល​ពលករ​ប្រចាំ​ច្រក​អូរ​បី​ជាន់​បាន​ឲ្យ​ដឹង​ថា ពលករ​ទាំង​២២​នាក់​ខាងលើ​នោះ​ (​ស្រី​១០​នាក់) ដែល​បាន​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​​តាម​រយៈ​មេខ្យល់ ចូល​តាម​ច្រករបៀង​ក្នុងភូមិ​សាស្ត្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ​ទៅ​ប្រទេស​ថៃ កាលពី​យប់​ថ្ងៃ​ទី​២២ មិថុនា ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការពារ​ព្រំ​ដែន​ថៃ​បាន​ចាប់ និង​បញ្ជូន​ឲ្យ​កម្លាំង​សមត្ថកិច្ច​ប្រចាំការ​ច្រក​អូរ​បី​ជាន់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា​នេះ ហើយ​ក៏​ត្រូវ​ធ្វើការ​ប្រគល់​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀម​រាប​ផង​ដែរ ។

លោក​ជំទាវ យូ សុភា អភិបាលរង​ខេត្ត ក៏​បាន​ធ្វើការ​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ស្រុក​អូរ​ជ្រៅ និងកម្លាំង​សមត្ថកិច្ច​ប្រចាំ​ច្រក​អូរ​បី​ជាន់ រួម​ទាំង​អង្គការ​សង្គម​ស៊ី​វិល ដែល​បាន​យកចិត្តទុកដាក់​ពី​សុវត្ថិភាព​សន្តិសុខ និង​ផ្គត់ផ្គង់​អាហារ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ពលករ​ដែល​បាន​វិល​ត្រឡប់​មក​ពី​ក្រៅប្រទេស រួម​ទាំង​​បង​ប្អូនជា​​ពលករ​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ក្នុង​ពេល​នៅ​លើ​ពិភពលោក ក៏​ដូច​ប្រទេស​ជិតខាង និង​នៅ​កម្ពុជា កំពុង​ជួប​នូវ​វិបត្តិ​នៃ​ជម្ងឺ​កូ​វិ​ដ​១៩ ​ហើយ​ប្រទេស​ជិតខាង​កម្ពុជា​បាន​កំពុង​តែ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នៅឡើយ ។

ក្នុង​នោះ​ដែរ​ លោក​ជំទាវ​ក៏​បាន​​ណែនាំ​ដល់​បងប្អូនពលករ​ទាំងអស់ ដែល​បាន​ចាញ់​បោក​មេខ្យល់​ឲ្យ​ចូល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ជិតខាង​ដោយ​ខុសច្បាប់ ក្នុង​គ្រា​ប្រទេសជិតខាង​បាន​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​នៅឡើយ ។ ម្យ៉ាងទៀត​ការ​ធ្វើ​ចំណាកស្រុក​របស់​បងប្អូន​ទៅ​ដោយ​ប្រថុយប្រថាន មិន​បាន​គិត​ពី​សុ​វ​ត្ថិ​​ភាព ​និង​សន្តិសុខ​របស់​ខ្លួន ហើយ​ក៏​ជា​អំពើ​ជួញដូរ​មនុស្ស​ទៀត​ផង ។

លោកអភិបាល​ស្រុក​អូរ​ជ្រៅ​ក៏​បាន​នាំ​យក​នូវ​គ្រឿង ឧ​ប​ភោគ​បរិភោគ ប្រគល់​ជូន​ដល់​បងប្អូន កម្លាំង​សមត្ថកិច្ច​ប្រចាំការ​នៅ​ច្រក​អូរ​បី​ជាន់​នូវ​អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និង​ថវិកា​២​លាន​រៀល​ផង​ដែរ ។

​នា​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ​ លោក ជំទាវ យូ សុភា ក៏​បាន​បន្តដំណើរ​ទៅ​ទទួល​បងប្អូន​និស្សិត​ចំនួន​១៦​នាក់ ដែល​បាន​វិល​ត្រឡប់​មក​ពី​ការ​ធ្វើ​កម្មសិក្សា​នៅ​តាម​រោងចក្រ​របស់​ក្រុមហ៊ុន​នៃ​ព្រះរាជា​ណា​ចក្រ​ថៃ តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

តាម​ការ​បញ្ជាក់​របស់​លោក​នាយករង​នៃ​សាលា​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ សែន សៀមរាប បាន​ឲ្យ​ដឹង​ថា ក្រុម​និស្សិត​ទាំង​១៦​នាក់​នេះ បាន​ទៅ​ធ្វើ​កម្មសិក្សា​នៅ​តាម​រោងចក្រ​នៃ​ប្រទេស​ថៃ តាម​រយៈ​ក្រុម​ហ៊ុន​ចាប់តាំងពី​ខែ​កុ​ម្ភៈ ឆ្នាំ​២០២០ ហើយ​ដល់​ពេល​ផ្ទុះ​នូវ​វិបត្តិ​ជម្ងឺ​កូ​វិ​ដ​១៩ ត្រូវ​បាន​ប្រទេស​ថៃ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន បាន​ធ្វើ​ឲ្យ​ខក​ខាត​ដល់​ក្រុម​និស្សិត​ទាំង​មិន​អាច​វិល​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ​បាន​ឡើយ ។

តាម​ការ​បញ្ជាក់​របស់​លោក​ជំទាវ យូ សុភា បាន​ឲ្យ​ដឹង​ថា បងប្អូន​ដែល​បាន​វិល​ត្រឡប់​មក​ពី​ក្រៅប្រទេស ក៏​ដូច​បង ប្អូន​ដែល​បាន​ឆ្លង​ដែន​ខុសច្បាប់ អាជ្ញាធរ​ខេត្ត​បាន​យក​រថយន្ត​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប មក​ដឹក​ជញ្ជូន​យក​ទៅ​ដាក់​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​សាលា​គរុ​កោ​ស​ល្យ​ខេត្ត ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​សុខភាព និង​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក ក្នុង​រយៈពេល​១៤​ថ្ងៃ មុន​នឹង​ចូល​ទៅ​ដល់​លំនៅ​ដ្ឋា​ន​ជួបជុំ​ក្រុម​គ្រួសារ​ ៕​​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ