ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​មួយ​រីករាយ​នឹង​ការ​ដាំ​បន្លែ អាច​ធ្វើ​ឱ្យ​ជីវភាព​មិន​បារម្ភ​ពី​ការ​ខ្វះខាត​(វីដេ​អូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​បាន​និយាយ​រៀបរាប់​ទាំង​សេចក្តី​សប្បាយ​រីករាយ​ឱ្យ​ភ្នាក់ងារ​សារ ព័ត៌មាន​ដឹង​ចេញពី​ក្នុង​ចិត្ត​ថា ខណ​:​គាត់ និង​ប្តី​បាន​នាំ​គ្នា​ដាំ​បន្លែ​សណ្តែកកួរ​ជាង​៣០​រង លុះ​ក្រោយមក​ក៏​ដាំ​ត្រសក់ផ្អ (​ឬ​ទ្រើង​) ទទួលផល​បេះ​លក់​រាល់ថ្ងៃ​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ដោយ​មិន​ខ្វះមុខខ្វះក្រោយ​ដូច​ពី​មុន​ឡើយ…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​បាន​និយាយ​រៀបរាប់​ទាំង​សេចក្តី​សប្បាយ​រីករាយ​ឱ្យ​ភ្នាក់ងារ​សារ ព័ត៌មាន​ដឹង​ចេញពី​ក្នុង​ចិត្ត​ថា ខណ​:​គាត់ និង​ប្តី​បាន​នាំ​គ្នា​ដាំ​បន្លែ​សណ្តែកកួរ​ជាង​៣០​រង លុះ​ក្រោយមក​ក៏​ដាំ​ត្រសក់ផ្អ (​ឬ​ទ្រើង​) ទទួលផល​បេះ​លក់​រាល់ថ្ងៃ​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ដោយ​មិន​ខ្វះមុខខ្វះក្រោយ​ដូច​ពី​មុន​ឡើយ ។ ហើយ​ថែម​ទាំង​សល់​ថវិកា​អាច​សាងសង់​ផ្ទះ​ស្នាក់​នៅ​ជួបជុំ​ក្រុម​គ្រួសារ មិន​ភ័យ​ខ្លាច​អត់ឃ្លាន ឬ​ជំពាក់​បំណុល​គេ​អ្វី​នោះ​ឡើយ ។

ចំពោះ​ការ​ប្រកប​របរ​ដាំ​បន្លែ​លក់​នេះ គឺ​ពួក​គាត់ ទើបតែ​ប្រើ​រយ​:​ពេល​ត្រឹម​២​ឆ្នាំ​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​ជីវភាព​មានការ​ផ្លាស់​ប្រែ​យ៉ាង​ឆាប់រហ័ស ហើយ​ពួក​គាត់​ក៏​មិន​បោះបង់​មុខរបរ​មួយ​នេះ​ដែរ ។
បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ម្នាក់​ឈ្មោះ សុខ ភាព អាយុ​៥២​ឆ្នាំ និង​ប្តី​ឈ្មោះ ថេ​ន នូ អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន រៀបរាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​ដាំ​សណ្តែក​កួរ ចំនួន​៣២​រង​ក្នុង​រយៈពេល​១​ខែ​ជាង រួច​ប្រមូល​ផល​អស់ គាត់​ក៏​ដក​ដើម​ចេញ ហើយ​បន្ត​ដាំ​បន្លែ​ត្រសក់ផ្អ ឬ​ត្រសក់ទ្រើង ដោយ​ចំណាយពេល​ត្រឹមតែ​១​ខែ​១០​ថ្ងៃ​ប៉ុណ្ណោះ ក៏​ចាប់ផ្តើម​ប្រមូល​ផល​ជា​បណ្តើរ​ៗ ដោយ​ក្នុង​១​ថ្ងៃ ជួនកាល​បេះ​ផ្លែ​បាន​ចាប់ពី​៧០ ទៅ​៩០​គីឡូក្រាម ហើយ​ក្នុង​១​គីឡូក្រាម​គាត់​អាច​លក់ដុំ​នៅ​ផ្សារ​ចាប់ពី​១៥០០​ទៅ​២០០០​រៀល ។

គាត់​បន្ត​ទៀត​ថា មុន​នឹង​ទទួល​បាន​ផល​គាត់​ក៏​ចំណាយ​ដើមទុន ទិញ​ដើម​ឫស្សី​តូច​ៗ ធ្វើ​ទ្រើង និង​ទិញ​អំបោះ​មង​ក្រឡា​ធំ​ៗ យក​ទៅ​ដាក់​លាត​បញ្ឈរ​ឱ្យ​ដំណាំ​នេះ​ឡើងទ្រើង សរុប​ទៅ​រយ​:​ពេល​១​ឆ្នាំ ដោយ​ចំណាយ​ដើមទុន​អស់​ជាង​១​លាន​រៀល​ប៉ុណ្ណោះ ។ ចំពោះ​ការ​ដាំ​បន្លែ​ទាំងនេះ ពេល​ប្រមូល​ផល​តែ​ម្តង គឺ​រួចខ្លួន​ថ្លៃ​ចំណាយ​ទាំងអស់ ហើយ​ក្រៅពី​នេះ គឺ​ចំណេញ​ថវិកា​សម្រាប់​យក​ទៅ​សង​ជំពាក់​បំណុល​គេ និង​ទុក​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ ។

គាត់​បញ្ជាក់​ថា ការ​ដាំ​បន្លែ​នេះ គឺ​វិល​ជុំ ដោយ​បន្ទាប់​ពី​ប្រមូល​ផល​ផ្លែ​ត្រសក់​អស់ គាត់​ចាប់ផ្តើម​ជីកដី​ដាក់​ហាល​រយ​:​ពេល​ប្រហែល​១​ខែ រួច​ចាប់ផ្តើម​ដាំ​សណ្តែកកួរ​ជា​បន្តបន្ទាប់ ដោយ​ប្រើ​ជីធម្មជាតិ​លាមក​សត្វ​គោ មិន​ប្រើ​ជីគីមី​នោះ​ទេ ដើម្បី​សុខភាព​ខ្លួនឯង និង​អ្នកទិញ​យក​ទៅ​ទទួលទាន ។ ប៉ុន្តែ​នៅ​រដូវវស្សា ការ​ដាំ​បន្លែ​ក៏​អត់​សូវ​បាន​ផល​ច្រើន​ដែរ ព្រោះ​ភ្លៀង​ជោកជាំ នាំ​ឱ្យ​ជ្រួ​ច​ទឹក អត់ សូវ​ផ្លែ ។ ចំណែក​នៅ​រដូវប្រាំង ក៏​មានការ​លំបាក បើសិនជា​រាំង​ស្ងួត​ខ្លាំង​នោះ បណ្តាល​ឱ្យ​ខះទឹក​ស្រះ​អស់ អត់​មានទឹក​បូម​ស្រោច ។

តែ​ទោះបីជា​យ៉ាងណា គាត់​ក៏​បាន​បុក​អណ្តូងស្នប់​១ ទុក​ដល់​ពេល​ខ្វះខាត​ទឹក នឹង​បូម​ស្រោច​ដំណាំ​ទាំង​អស់នោះ ។ រហូត​មក​ដល់​ពេល​នេះ គាត់​ក៏​បាន​ប្រមូល​ផល​ផ្លែ​ត្រសក់​លក់​នៅ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី បាន​ច្រើន​សារ​ហើយ​ដែរ គឺ​មិន​ធ្លាប់​សល់​នោះ​ទេ ពោល​គឺ​ឱ្យ​តែ​មាន​ម៉ូយ​ទិញ​យក​ទាំងអស់​តែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ