ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុគ្គសម័យ​កូ​វី​ដ​ជា​ឱកាស​បង្កើត​មុខរបរ​ថ្មី ឬ​គួរ​ពង្រឹង ឬ​ពង្រីក​អាជីវកម្ម ?

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ខណៈ​អាជីវកម្ម​និង​មុខ​ជំនួញ​មួយ​ចំនួន​នៅ​កម្ពុជា​ហាក់​កំពុង​រង​ផល​ប៉ះពាល់ ដោយសារ​តែ​ជំងឺ​កូ​វី​ដ ១៩ ទីប្រឹក្សា​សេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​ផ្តល់​ជា​មតិ​ថា ការ​មាន​ចក្ខុវិស័យ​ច្បាស់លាស់ គឺជា​រឿង​ចាំបាច់​បំផុត ជា​ពិសេស​នោះ​មិន​គួរ​បង្កើត​មុខរបរ​មួយ​ជា​លក្ខណៈ​ឱកាសនិយម​នោះ​ទេ ។ លោក ង៉ែត…

រាជធានី​ភ្នំពេញ​៖ខណៈ​អាជីវកម្ម​និង​មុខ​ជំនួញ​មួយ​ចំនួន​នៅ​កម្ពុជា​ហាក់​កំពុង​រង​ផល​ប៉ះពាល់ ដោយសារ​តែ​ជំងឺ​កូ​វី​ដ ១៩ ទីប្រឹក្សា​សេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​ផ្តល់​ជា​មតិ​ថា ការ​មាន​ចក្ខុវិស័យ​ច្បាស់លាស់ គឺជា​រឿង​ចាំបាច់​បំផុត ជា​ពិសេស​នោះ​មិន​គួរ​បង្កើត​មុខរបរ​មួយ​ជា​លក្ខណៈ​ឱកាសនិយម​នោះ​ទេ ។

លោក ង៉ែត ជូ អ្នកជំនាញ​អចល​ទ្រព្យ និង​ជាទី​ប្រឹក្សា​សេដ្ឋកិច្ច​លេចធ្លោ​មួយ​រូប បាន​និយាយ​ថា ដើម្បី​ឲ្យ​ប្រាកដ​ថា ពេល​មាន​កូ​វី​ដ ១៩ ជា​ឱកាស​បង្កើត​មុខរបរ​ថ្មី ឬ​ពង្រឹង​មុខរបរ ដើម្បី​រក​ចំណូល យើង​ត្រូវ​សម្លឹង​ទីផ្សារ​អនាគត មិនមែន​ទីផ្សារ​បែប​ឱកាសនិយម​ដូច​ជា ពេល​នេះ​គេ​ត្រូវការ​អាល់កុល និង​ម៉ាស់ យើង​បែរជា​បង្កើត​អាជីវកម្ម​ផលិត​អាល់កុល និង​ម៉ាស់​សម្រាប់​ពាក់​នោះ​ទេ ព្រោះ​ទីផ្សារ​វា​មិន​ស្ថិតស្ថេរ​ឡើយ ព្រោះថា វិបត្តិ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ មិន​ស្ថិត​នៅ​ជា​អចិន្ត្រៃយ៍​ឡើង ដូច្នេះ​ពេល​កូ​វី​ដ ១៩ ធូរស្បើយ​នោះ​តម្រូវការ​នឹង​ធ្លាក់​ចុះ ។

លោក ង៉ែត ជូ បាន​បន្ត​ថា «​ការ​បង្កើត​មុខរបរ​ថ្មី​យើង​ត្រូវ​តោង​យល់​ថា បញ្ហា​វិបត្តិ​កូ​វី​ដ​១៩ គឺជា​វិបត្តិ​បណ្តោះអាសន្ន​ទេ វា​មិនមែន​ជា​វិបត្តិ​អចិន្ត្រៃយ៍ ឬ​ជា​រៀង​រហូត​នោះ​ទេ វា​អាច​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ថា​យូរ​បំផុត ២ ឬ ៣​ឆ្នាំ​ខាង​មុខ​» ។

«​អ៊ីចឹង​យើង​គួរ​តោង​ថា ពេល​បង្កើត​មុខរបរ​អី​មួយ​នុង គឺ​យើង​ត្រូវ​សម្លឹង​ទៅ​មើល​អនាគត​វែង​ឆ្ងាយ យើង​មិនមែន​បង្កើត​មុខរបរ​មួយ​ជា​លក្ខណៈ​ឱកាសនិយម ។ ឧទាហរណ៍​ថា​ដល់​ពេល គេ​ត្រូវការ​ប្រើ​អាល់កុល ប្រើ​ម៉ាស់​អី​នុង​បាន​យើង​រិះរក​វិធី ផលិត​ម៉ាស់ ផលិត​អាល់កុល​ហ្នឹង​ទេ ព្រោះតែ​បន្តិចទៀត ពេល​កូ​វី​ដ ចប់​នោះ​តម្រូវការ​នឹង​ធ្លាក់​ចុះ ។ អ៊ីចឹង​យើង​ត្រូវ​សម្លឹង​មើល​ទីផ្សារ​ធម្មតា​ត្រូវការ​អី​» ។ លោក ង៉ែត ជូ បន្ថែម ។

ទីប្រឹក្សា​សេដ្ឋកិច្ច​ដែល​និយម​តុបតែង​កាយ​សាមញ្ញ​ៗ​បាន​និយាយ​បន្ត​ថា ទីផ្សារ​ធម្មតា​នៅ​ពេល​ដែល កូ​វី​ដ ១៩ វា​បាត់​ទៅ​វិញ អ​ញ្ចឹ​ង​យើង​ត្រូវ​ពិនិត្យ​មើលទៅ​លើ​អ្វី​ដែល​ជា​តម្រូវការ​ពិតប្រាកដ ។ ទាមទារ​ឲ្យ​មាន​ចក្ខុវិស័យ​មិនមែន​គ្រាន់តែ​និយាយ​ថា ទីផ្សារ​ត្រូវការ​ម៉ាស់ ត្រូវការ​អាល់កុល យើង​ត្រូវ​ផលិត​វា​នោះ​ទេ ព្រោះ​វា​ត្រឹម​មាន​ទីផ្សារ​ក្នុង​ពេល​កើត​មាន​វិបត្តិ​មួយ​រយៈ​តែ​ប៉ុណ្ណោះ ។ ដូច្នេះ​នៅ​ពេល​ស្ថានភាព​មក​ជា​ធម្មតា​វិញ តើ​ទីផ្សារ​ត្រូវការ​អី ? ឧទាហរណ៍​ជាក់ស្តែង ខ្ញុំ​សង្កេត​ឃើញ​មាន​សាលារៀន ទោះបីជា​សាលារៀន​នា​ពេល​បច្ចុប្បន្ន​មាន​បញ្ហា​ក៏​ពិតមែន តែ​សាលា​មួយ​ចំនួន​គេ​បន្ត​វិនិយោគ​សាងសង់​អាគារ​បន្ត​ទៀត ដើម្បី​ថា​នៅ​ពេល​កូ​វី​ដ​ចប់ គឺ​គេ​បម្រើសេវា​អប់រំ​បន្ត​ទៀត »​។

លោក​សង្កត់ធ្ងន់​ថា «​ប៉ុន្តែ​បញ្ហា​ធំ​នៅ​ស្រុក​ខ្មែរ​យើង​នឹង​គឺថា សហគ្រិន​វ័យក្មេង​ច្រើន​ចម្លង​តាម​គេ​តាម​ឯង ។ ឧទាហរណ៍​លក់​ឡេ​អន​ឡាញ កំពុង​ពេញ​និយម ក៏​ចម្លង​តាម​គ្នា​ទៅ ។ ឧ​ទារ​ហរ​ណ៍ លក់​ដី​ឡូ​តិ៍​ច្រើន ក៏​នាំ​គ្នា​លក់​ដី​ពុះ​ឡូ​តិ៍​តាម​គ្នា​ទៅ ដោយ​មិន​មានការ​ច្នៃប្រឌិត​ប្រមើល​មើល​ថា ឥឡូវ​ស្ថានភាព សេដ្ឋកិច្ច​មិនសូវ​ល្អ​មែន ចំណូល​ពលរដ្ឋ​មិនសូវ​ល្អ​ពេល​នេះ ។ តែ ៥ ឆ្នាំទៅ​មុខ តើ​អ្វី​ដែល​ជា​តម្រូវការ​ជាក់ស្តែង ដែល​អាច​ជា​និន្នាការ​នៅ​ថ្ងៃ​អនាគត អ៊ីចឹង ត្រឡប់​មក​វិញ​ការ​អប់រំ​នៅ​តែ ជា​ចំនុច​សំខាន់​ណាស់ ព្រោះ​ជា​តម្រូវការ​ចាំបាច់ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ