មិនថាអ្នកមានលុយច្រើនប៉ុនណាទេ អ្នកមិនអាចយកលុយទៅទិញពេលវេលាបានមកវិញឡើយ ។ លោកមហាសេដ្ឋី ម៉ាក ឃ្យូបេន (Mark Cuban) ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភរហូតអាចទិញអ្វីៗស្ទើរតែគ្រប់យ៉ាងបានទទួលស្គាល់នូវចំណុចខាងលើនេះដែរ ។
លោកបានប្រាប់មកថា ពេលវេលាជាទ្រព្យដែលមានតម្លៃជាងគេដែលមនុស្សមាន ។ លោកបានបន្តថា «អ្នកមិនអាចទិញវាទេ ។ អ្នកមិនអាចរកវាបានទេ អ្នកមិនអាចសន្សំវាទុកទេ ។ អ្នកមិនអាចប្តូរយកវាបានទេ» ។
ដោយហេតុដូចនេះទើបលោកគិតថា គន្លឹះសំខាន់ក្នុងជីវិតគឺការប្រើប្រាស់ពេលវេលា ។
ក្នុងជីវិតរបស់លោកឃ្យូបេន ការសម្រេចចិត្តក្នុងការប្រើប្រាស់ពេលវេលាបានផ្លាស់ប្តូរជាច្រើនដង ។ ពេលលោកនៅវ័យក្មេង លោកជ្រើសរើសការប្តូរពេលវេលារបស់លោកដើម្បីប្តូរយកភាពសប្បាយ ។ ពេលដែលលោកចាប់ផ្តើមរកលុយបាន លោកបានជប់លៀង «ដូចមនុស្សឆ្គួត» អស់ប្រមាណ ៤ឆ្នាំពេញ ។
បន្ទាប់មកលោកបានទៅធ្វើការវិញដើម្បីបង្កើតក្រុមហ៊ុន Broadcast.com របស់លោក ដែលលោកបានលក់ឲ្យតៅ Yahoo ក្នុងតម្លៃជិត ៦ប៊ីលានដុល្លារកាលពីឆ្នាំ ២០០០ ។ បន្ទាប់ពីការលក់ហើយ លោកមានអាយុ ៥៨ឆ្នាំ និងបានផ្លាស់ប្តូរការប្រើប្រាស់ពេលវេលារបស់លោក ។
ពេលនោះលោកចាប់ផ្តើមកសាងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនឡើងវិញ និងបានបង្កើតគ្រួសារមួយ ។ ពេលដែលលោកក្លាយជាឪពុកម្នាក់ហើយ ការចំណាយពេលវេលាជាមួយក្រុមគ្រួសារមានតម្លៃជាងគេបង្អស់ និងជារង្វាន់ក្នុងជីវិតដែលល្អជាងគេសម្រាប់លោកផងដែរ ។
ក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ ២០១៧ បានឲ្យដឹងថា លោកឃ្យូបេនការពារពេលវេលារបស់លោកដោយមិនចូលរួមការប្រជុំផ្ទាល់ជាមួយមនុស្ស ឬប្រជុំតាមទូរស័ព្ទទេ ។ ផ្ទុយមកវិញ លោកគ្រប់គ្រងអាជីវកម្មរបស់លោកស្ទើរតែតាមអ៊ីមែលទាំងស្រុង ។ លោកមានទូរស័ព្ទដៃពីរគ្រឿងជាប់ខ្លួន ដែលមួយជាទូរស័ព្ទ Android និងមួយទៀតជា Apple ដើម្បីឲ្យអ្នកដទៃទាក់ទងលោកបានគ្រប់ពេល ។
លោកបានបន្ថែមមកទៀតថា លោកមានគំនិតអាជីវកម្មប្រមាណ ៥០ដែលលោកអាចចាប់ផ្តើមក្នុងពេលនេះ ប៉ុន្តែលោកមិនចង់លះបង់ពេលវេលាដែលលោកអាចចំណាយជាមួយក្រុមគ្រួសារបានទេ ៕
ចែករំលែកព័តមាននេះ