ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ស្នើ​ម្ចាស់​អគារ​កាត់​បន្ថយ​ប្រាក់​ជួល​អគារ​សម្រាប់​គ្រឹះស្ថាន​អប់រំ​ និង​ធនាគារ​រៀបចំ​ឥណទាន​ឡើង​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី ២៤ ខែមិថុនា​ឆ្នាំ​២០២០ បាន​ធ្វើការ​អំពាវនាវ​ទៅ​ដល់​ម្ចាស់​អគារ​ទាំងឡាយ​ដែល​បាន​ជួល​អគារ​ឲ្យ​ទៅ​គ្រឹះស្ថាន​អប់រំ​ឯកជន ឲ្យ​ជួយ​សម្រួល​កាត់​បន្ថយថ្លៃ​ជួល​អាគារ ក្នុងអំឡុងពេល​កូ​វី​ដ ១៩ នេះ ។…

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី ២៤ ខែមិថុនា​ឆ្នាំ​២០២០ បាន​ធ្វើការ​អំពាវនាវ​ទៅ​ដល់​ម្ចាស់​អគារ​ទាំងឡាយ​ដែល​បាន​ជួល​អគារ​ឲ្យ​ទៅ​គ្រឹះស្ថាន​អប់រំ​ឯកជន ឲ្យ​ជួយ​សម្រួល​កាត់​បន្ថយថ្លៃ​ជួល​អាគារ ក្នុងអំឡុងពេល​កូ​វី​ដ ១៩ នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​ស្នើ​ទៅ​ស្ថាប័ន​ធនាគារ​ឲ្យ​សម្រួល​ផង​ដែរ​ក្នុង​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​សម្រាប់​គ្រឹះស្ថាន​អប់រំ​ឯកជន ធ្វើ​យ៉ាងណា​ជួយ​ដល់​គ្រឹះស្ថាន​ឯកជន​អាច​ទទួល​បាន​ឥណទាន​បន្ថែម ដើម្បី​បាន​ទុន​យក​មក​រៀប​ចំការ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ក្នុង​ដំណាក់កាល​នៃ​វាយ​លុយ​ដោយ​ជំងឺ​កូ​វី​ដ ១៩ នេះ ។

«​គ្រឹះស្ថាន​អប់រំ​ឯកជន​ខ្លះ​មាន​ដី​ និង​អគារ​ខ្លួនឯង ប៉ុន្តែ​គ្រឹះស្ថានសិក្សា​ខ្លះ​ជួល​អាគារ​គេ អ​ញ្ចឹ​ង​ពេល​មាន​វិបត្តិ សូម​ម្ចាស់​អគារ​សូម​មាន​ភាព​ទន់ភ្លន់​សម្រួល​បន្ថយថ្លៃ​ឈ្នួល​ជួល​អគារ​» ។ នេះ​ជា​ការ​ស្នើ​សុំ​របស់​សម្តេច​តេ​ជោ នៅ​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រង​គ្រោះ​ក្នុងអំឡុងពេល​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ២៤ មិថុនា ។

ជាមួយ​គ្នា​នោះ​ផង​ដែរ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ស្នើ​ដល់​ធនាគារជាតិ​កម្ពុជា​និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​ជាមួយនឹង​ធនាគារឯកជន ក្នុង​ការ​ចាត់ចែង​រៀបចំ​ឥណទាន​ឡើង​វិញ​សម្រាប់​គ្រឹះស្ថានសិក្សា​នានា ដែល​កំពុង​រង​គ្រោះ​ព្រោះ​ជំងឺ​កូ​វី​ដ ១៩ នោះ​។ ព្រោះ​កន្លង​មក​គ្រឹះស្ថាន​ធនាគារ​ធ្លាប់​បាន​រៀបចំ​ឥណទាន​ឡើង​វិញ​សម្រាប់​អតិថិជន​ជាង ១០​ម៉ឺន​គ្រួសារ​រៀបចំ​ឥណទាន​ឡើង​វិញ​រួច​ហើយ ដូច្នេះ​សម្តេច «​សូម​រៀបចំ​ឥណទាន​ឡើង​វិញ​សម្រាប់​គ្រឹះស្ថានសិក្សា​» ។

សម្តេច​បាន​លើក​ឡើង​ថា ធនាគារឯកជន​ត្រូវ​រៀបចំ​ឥណទាន​ឡើង​វិញ​សម្រាប់​គ្រឹះស្ថាន​សិក្សាអប់រំ​ដោយ​ធ្វើការ​រៀបចំ​តាម​ករណី​ជាក់ស្តែង ឧទាហរណ៍ ថា​គ្រឹះស្ថានសិក្សា​មួយ ពី​ដើម​គាត់​បាន​ដាក់​ដី​ និង​អគារ​ដែល​តម្លៃ​ដី​ និង​អគារ ទៅ​ខ្ចី​ពី​ធនាគារ​បាន ៥០​ម៉ឺន អ​ញ្ចឹ​ង​រៀបចំ​ឥណទាន​ឡើង​វិញ​ដោយ​អាច​ពង្រីក​ទំហំ​ដែល​អាច​ខ្ចី​បាន​ដល់ ៨០​ម៉ឺន អ​ញ្ចឹ​ង​គាត់​អាច​បាន ៣០​ម៉ឺន​ដុល្លារ​បន្ថែម​ដើម្បី​ធ្វើ​ជាដើម​ទុន​រៀបចំ​ជា​ប្រព័ន្ធ​រៀន​តាម​អន​ឡាញ ព្រោះ​គ្រឹះស្ថាន​អប់រំ​ឯកជន​ខ្លះ​មិន​ទាន់​បាន​រៀបចំ​ការ​រៀន​តាម​អន​ឡាញ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ