ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន​ថ្កោលទោស​ក្រុម​ជនល្មើស​ដែល​បាន​សម្លា.ប់សត្វ​ខ្ទីង​ប្រភេទ​សត្វ​កម្រ

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ សត្វ​ខ្ទីង​ដែល​ជា​ប្រភេទ​សត្វ​កម្រ​នៅ​កម្ពុជា ដែល​ជាប់អន្ទាក់​ត្រូវ​បាន​ព្រានព្រៃ​សម្លាប់ និង​ពន្លះសាច់​ជា​ដុំ​ៗ ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ប្រទះ​ឃើញ​នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ នេះ​អំឡុង​ពេល​ចុះ​ល្បាត​ទប់ស្កាត់…

ខេត្តពោធិ៍សាត់ ៖ សត្វ​ខ្ទីង​ដែល​ជា​ប្រភេទ​សត្វ​កម្រ​នៅ​កម្ពុជា ដែល​ជាប់អន្ទាក់​ត្រូវ​បាន​ព្រានព្រៃ​សម្លាប់ និង​ពន្លះសាច់​ជា​ដុំ​ៗ ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ប្រទះ​ឃើញ​នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ នេះ​អំឡុង​ពេល​ចុះ​ល្បាត​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ​នៅ​ក្នុង​ឧទ្យាន​ជាតិ ជួរ​ភ្នំ​ក្រ​វ៉ា​ញ​ខាងត្បូង​ក្នុង​ខេត្តពោធិ៍សាត់ ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន នៅ​ល្ងាច ថ្ងៃ​ទី​២៣ ខែមិថុនា​នេះ ដោយ​លោក​បាន​បង្ហាញ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​បាត់បង់​សត្វ​ខ្ទីង​មួយ​ក្បាល​នេះ និង​ថ្កោលទោស​ចំពោះ​ក្រុម​ជនល្មើស​ដែល​តែង​តែង​លួច​ប្រព្រឹត្ត​បទល្មើស​ដាក់​អន្ទាក់​សត្វ និង​បរបាញ់​សត្វ​កម្រ បើ​ទោះបីជា​ក្រសួងបរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ការពារ​អភិរក្ស បង្កើន​ការ​ផ្សព្វផ្សាយ អប់រំ កុំឱ្យ​បរបាញ់​សត្វព្រៃ​យ៉ាងណា​ក៏​ដោយ ។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូប​នេះ​បាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បានដឹង ឬ​ស្គាល់​ពី​អត្ត​សញ្ញា​នៃ​ជនល្មើស​ជួយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​តាម​ច្បាប់ ។

លោក នេត្រ ភក្ត្រា បាន​ថ្លែង​ថា ក្រុម​ជនល្មើស​បាន​រត់គេច​ខ្លួន​បាត់​នៅ​ពេល​ដែល​ដឹង​ថា​ក្រុម មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដើរ​ល្បាត​នៅ​ក្នុង​តំបន់​នោះ ដោយ​បន្សល់​ទុក​នូវ​សាច់សត្វ​ខ្ទីង ដែល​បាន​ពន្លះ​ជា​ដុំ​ៗ​បម្រុង​នឹង​ដឹក​ចេញ ។

តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន សត្វ​ខ្ទីង ដែល​ត្រូវ​បាន​សម្លាប់ នេះ​មាន​ជើង​ជាប់អន្ទាក់ ហើយ​ស្នែង​របស់​វា​ត្រូវ​បាន​គេ​កាត់​យក​ទៅ​បាត់ បន្សល់​ទុក​ក្បាល និង​សាច់​ជា​ច្រើន​គីឡូក្រាម ។

លោក នេត្រ ភក្ត្រា បាន​បន្ត​ថា «​នេះ គឺជា​សត្វ​ខ្ទីង​ទី​២ ហើយ​ដែល​ត្រូវ​បានដឹង​ថា បាន​ស្លាប់​នៅ​ក្នុង​រយៈពេល ២​ខែ​ចុង​ក្រោយ​នេះ ។ ខ្ទីង​ពេញវ័យ​មួយ​ក្បាល​អាយុ​ប្រហែល ៥ ឆ្នាំ ត្រូវ​បានដឹង​ថា ត្រូវ​បាន​ព្រាន​បាញ់​សម្លាប់ ដោយ​បន្សល់​ទុក​តែ​ក្បាល​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា នៅ​ក្នុង​ខេត្តព្រះវិហារ​កាលពី​ខែឧសភា​កន្លង​ទៅ​» ។ នេះ គឺជា​ការ​ឱ្យ​ដឹង​របស់​លោក​នេត្រ ភក្ត្រា ជាមួយ​ការ​បញ្ជាក់​ថា អន្ទាក់ និង​កាំភ្លើង​កែ​ច្នៃ គឺជា​ឃាតក​លាក់​មុខ​សម្លាប់​សត្វព្រៃ​នៅ​កម្ពុជា ជា​រៀង​រាល់​ដែល​ចាំបាច់​ត្រូវ​ទប់ស្កាត់ និង​បង្ក្រាប​កុំឱ្យ​មានការ​យក​ចូល​ក្នុង​តំបន់ការពារធម្មជាតិ​។ លោក​បាន​ថ្លែង ថា​អន្ទាក់​ជាង​មួយ​ម៉ឺន​ត្រូវ​បាន​ដោះ​ចេញពី​តំបន់ការពារធម្មជាតិ និង​កាំភ្លើង​រួម​នឹង​កាំភ្លើង​កែ​ច្នៃ​ជាង ៣០០ ដើម​ត្រូវ​បាន​រឹបអូស​នៅ​ក្នុង​រយៈពេល ៤ ខែ​ដើមឆ្នាំ ២០២០ នេះ ។

យោង​តាម​ជីវសាស្ត្រ សត្វ​ខ្ទីង​អាច​រស់នៅ​បាន​ពី​តំបន់​ទំនាប រហូត​ដល់​រយៈកម្ពស់​ខ្ពស់​រហូត​ដល់​កម្ពស់​ជាង ២០០០ ម៉ែត្រ ហើយ​សត្វ​ខ្ទីង​រស់នៅ​ក្នុង​តំបន់​មួយ​ចំនួន​ដូច​ជា ភូមិភាគ​ឦសាន ភូមិភាគ​ខាងជើង ខេត្តកោះកុង ពោធិ៍សាត់ (​ជួរ​ភ្នំក្រវាញ​) និង​ក្នុង​ខេត្តកំពង់ស្ពឺ​ជាដើម ។

សត្វ​ប្រភេទ​នេះ​ចូល​ចិត្ត​រស់នៅ​ក្នុង​ព្រៃស្រោង ព្រៃ​ល្បោះ និង​វាលស្មៅ ហើយ​សត្វ​ខ្ទីង​តែងតែ​ចេញ​រកស៊ី​នៅ​ពេល​ព្រឹក​និង​ពេល ល្ងាច ។ សត្វ​ខ្ទីង​ចូល​ចិត្ត​រស់នៅ​ជា​ហ្វូង ហើយ​អាហារ​របស់​វា​គឺ​ល្បះ​ខ្ចី ទំពាំង ស្មៅ និង​វ​ល្លិ៍​ជាដើម ។ សត្វ​ខ្ទីង​ញី​អាច​បង្កើតកូន​បាន ១ បន្ទាប់​ពី​ពពោះ​រយៈពេល ៩ ខែ ។ លោក​បាន​មាន​ប្រសាសន៍​ថា «​សត្វ​ខ្ទីង​ជា​ប្រភេទ​សត្វ​កម្រ ដែល​ងាយ​ទទួល​រង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង ហើយ​ចំនួន​សត្វ​ខ្ទីង​ត្រូវ​បាន​គេ​ដឹង​ថា ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ថា ជា​ប្រភេទ​សត្វព្រៃ​ងាយ​រងគ្រោះថ្នាក់​ជាស​កល​នៅ​ឆ្នាំ​១៩៨៦ ហើយ​នៅ​ឆ្នាំ ២០១៦ សត្វ​ខ្ទីង​នៅ​លើ​ពិភពលោក​មាន​ចំនួន​ប្រមាណ ២១០០០ ក្បាល​ដែល​រស់នៅ​ក្នុង​ប្រទេស ឥណ្ឌា និង​តំបន់​អាស៊ី​អាគ្នេយ៍ ។ សត្វ​ខ្ទីង​ញី​អាច​មាន​ទម្ងន់​រហូត​ដល់​ជិត ១ តោន ខណៈ​ខ្ទីង​ឈ្មោល​អាច​មាន​ទម្ងន់​ដល់ ១​តោន​កន្លះ​»​។

ចំនួន​សត្វ​ខ្ទីង​មានការ​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់​ដោយសារ​តែ​ការ​បាត់បង់​ទីជម្រក ជា​ពិសេស គឺ​ការ​បរបាញ់​ដើម្បី​យក​សាច់ ស្នែង ឆ្អឹង​និង​ការ​ជួញដូរ​ផ្សេង​ទៀត ។ សត្វ​ខ្ទីង​ស្ថិត​នៅ​ក្នុង​ឧ​ប​សម្ព័ន្ធ​ទី​១ នៃ​អនុសញ្ញា​សាយ​តេស ។ ដើម្បី​ចូលរួម​ការពារ និង​អភិរក្ស​សត្វព្រៃ​ជា​ពិសេស​សត្វព្រៃ​កម្រ​ៗ​នៅ​លើ​ពិភពលោក​ដែល​មាន​វត្ត មាននៅ​កម្ពុជា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បញ្ឈប់​ការ​បរិភោគ សាច់សត្វ​ព្រៃ និង​កុំ​ជឿ​ថា បរិភោគ​សាច់សត្វ​ព្រៃ​ផ្តល់​នូវ​សុខភាព​ល្អ ។

លោក នេត្រ ភក្ត្រា ក៏​បាន​ស្នើ សុំ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ការពារ និង​អភិរក្ស​សត្វព្រៃ និង​សូម​និយាយ​ថា​ទេ ចំពោះ​ការ​ជួញដូរ​សត្វព្រៃ​គ្រប់​ប្រភេទ ព្រមទាំង​ចូលរួម​រាយការណ៍​ប្រាប់​សមត្ថកិច្ច ប្រសិនបើ​ឃើញ​មានការ​បរបាញ់​សត្វ ការ​ដាក់​អន្ទាក់​ចាប់​សត្វ និង​ចូលរួម​បណ្តុះ​ស្មារតី​ក្មេង​ៗ​ជំនាន់​ក្រោយ​ស្រឡាញ់​ធនធានធម្មជាតិ និង​សត្វព្រៃ​ដើម្បី​ផលប្រយោជន៍ សម្រាប់​អភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ បង្កើន​ចំណូល​ប្រជា​សហគមន៍​មូលដ្ឋាន កាត់​បន្ថយ​និង​លុប​បំបាត់​របរ ចូល​ព្រៃ​កាប់​ឈើ​និង​បរបាញ់​សត្វ ឬ​ដាក់​អន្ទាក់​ចាប់​សត្វ​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុង​ប្រកប​របរ​ដែល​ប្រឈម​នឹង​មុខ​ច្បាប់​នេះ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ