រាជធានីភ្នំពេញ ៖ បុរសម្នាក់បានក្លាយជាឃាតករវ័យក្មេង ដែលមានចិត្តសាហាវព្រៃផ្សៃបំផុត ទទួលនូវការថ្កោលទោស ដោយសារតែការប្រចណ្ឌប្រពន្ធយ៉ាងងប់ងុល ដោយខ្វះការពិចារណា និងភាពល្ងង់ខ្លៅ បានយកកាំបិតចិតត្នោត ចាក់ប្រហារប្រពន្ធដោយមិនញញើតដៃ ។
ក្រោយកើតហេតុ ទើបស្ត្រីជាម្តាយមីងខាងប្រពន្ធបានរំលឹកនូវពាក្យប្រាប់ពីសំណាក់បុរសជាប្តីកំណាចថា «មុននឹងខ្លួនចាកចេញពីផ្ទះត្រូវតែសម្លាប់ប្រពន្ធសិន» ជនកំណាចនេះ បានយកកាំបិតចិតត្នោតចាក់ទៅលើប្រពន្ធចំទ្រូង ខណៈក្រុមគ្រួសារមិននឹកស្មានថា មានរឿងដល់ថ្នាក់នេះឡើយ ។ ក្រោយពេលត្រូវប្ដីចាក់១កាំបិត នាងជាប្រពន្ធស្រែកបានតែ២ទៅ៣ម៉ាត់ក៏ដួលដេកនៅលើដីក្នុងថ្លុកឈាម និងបានស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ដល់ពាក់កណ្ដាលផ្លូវ ។ ចំណែកបុរសជាប្ដីដែលជាជនបាតដៃប្រឡាក់ឈាម បានជិះម៉ូតូ១គ្រឿងគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ។
ហេតុការណ៍នេះ បានកើតឡើងនិងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃ២២ មិថុនា ឆ្នាំ២០២០ នៅក្នុងភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនដៃដល់ជាប្ដីឈ្មោះ សុខ លីសម្បត្តិហៅវ៉េវ អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិទួលខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខត្តកណ្ដាល ។ ដោយឡែក ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ លាង ផល្លា អាយុ២៣ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ។ អ្នកទាំង២ មានកូនប្រុសម្នាក់អាយុ២ឆ្នាំហើយ ។
ក្រុមគ្រួសារជនរងគ្រោះបាននិយាយថា ចាប់តាំងពីរៀបការរយៈពេលប៉ុន្មានឆ្នាំមកនេះ ប្ដីប្រពន្ធ១គូនេះរស់នៅដោយពុំមានសុភមង្គលនោះឡើយ ។ នាងជាប្រពន្ធរស់ដោយគ្រាំគ្រាហ៍ចិត្ត ព្រោះតែប្ដីពូកែប្រច័ណ្ឌដោយគ្មានហេតុផល និងខ្វះការពិចារណា បំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដែលបង្កើតបានជារឿងទំនាស់ក្នុងគ្រួសារ ហើយត្រូវប្ដីនេះវាយដំជាញឹកញាប់ ។
ជាការកត់សម្គាល់ នៅពេលដែលប្រពន្ធទៅចូលរួមនៅក្នុងពិធីបុណ្យទាន ឬពិធីមង្គលការមិត្តភក្តិរួមការងារម្ដងៗ គឺមិនរួចខ្លួននោះឡើយ តែងតែត្រូវប្ដីរករឿងឈ្លោះទាស់វាយដំគ្មានមេត្តា ដោយហាមឃាត់មិនឲ្យដើរឡើយ ។ កន្លងមក ព្រោះតែខឹងប្រពន្ធទៅបុណ្យមិត្តភក្ដិ ប្ដីកំណាចរូបនេះធ្លាប់បានជិះម៉ូតូបំបុកប៉ងសម្លាប់ប្រពន្ធម្ដងរួចមកហើយ ដែលបណ្ដាលឲ្យនាងរងរបួសយ៉ាងដំណំទើបតែជាប៉ុណ្ណោះ ក៏ត្រូវចាក់សម្លាប់បែបនេះតែម្តង ។
ប្រភពដដែលបានបន្តទៀតថា ដោយឡែក នៅវេលាយប់ថ្ងៃកើតហេតុ អ្នកទាំង២បានមានទំនាស់គ្នាព្រោះតែរឿងប្ដីប្រច័ណ្ឌ ។ ពេលនោះអត់មាននរណានឹកស្មានថា ឈានដល់ការប្រើអំពើហឹង្សាធ្ងន់ធ្ងរបែបនេះទេ ព្រោះតែកន្លងមកអ្នកទាំង២តែងតែឈ្លោះប្រកែកគ្នារួចក៏ស្ងាត់ទៅ ពេលនេះស្រាប់តែឃើញនាងជាប្រពន្ធ រត់ចេញក្រៅផ្ទះនិងស្រែកថា «ម៉ែជួយកូនផង» ។ ស្រែកបានតែ២ទៅ៣ម៉ាត់ក៏ដួលដេកលើដីបាត់មាត់ឈឹង ។ ចំណែកឯជនដៃដល់ជាប្ដីបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ គេចខ្លួនបាត់ស្រមោល ហើយភ្លាមៗនោះស្ត្រីជាម្តាយរត់ទៅមើលស្មានថាកូនស្រីត្រូវប្ដីវាយ មិននឹកស្មានថាត្រូវប្ដីចាក់ទេ ។
ក្រោយពេលចូលទៅមើលជិតទើបដឹងថាកូនស្រីត្រូវប្ដីចាក់ចំទ្រូងរបួសធ្ងន់ឈាមហូរដូចទឹក ក្រុមគ្រួសារក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះ ប៉ុន្តែបានស្លាប់នៅពាក់កណ្ដាលផ្លូវ ។ ដោយសារមិនអស់ចិត្តទើបបញ្ជូនរហូតដល់មន្ទីរពេទ្យហើយគ្រូពេទ្យប្រាប់ថានាងស្លាប់បាត់ទៅហើយ ទើបនាំត្រឡប់មកផ្ទះវិញនិងបឹ្តងសមត្ថកិច្ចជួយអន្តរាគមន៍ ។
ប្រភពខាងលើបានឱ្យដឹងថា ជនដៃដល់រូបនេះគឺប្រច័ណ្ឌប្រពន្ធតពូជតែម្ដង ព្រោះឪពុករបស់គាត់ក៏ជាអ្នកប្រច័ណ្ឌប្រពន្ធយ៉ាងងប់ងុលគ្មានហេតុផលរហូតឈានដល់ការលែងលះបែកបាក់គ្រួសារដែរ ហើយមិននឹកស្មានថាជននេះមានឈាមជ័រពូកែប្រច័ណ្ឌប្រពន្ធដំណពូជយ៉ាងងុបងល់សោះ ។ ប៉ុន្តែខុសត្រង់ជននេះសាហាវឃោរឃៅដាច់ចិត្តលើកដៃចាក់សម្លាប់ប្រពន្ធ ។
តាមប្រភពថា នាពេលកន្លងមកដោយអត់ទ្រាំទៅនិងអំពើហិង្សាមិនបាន នាងជាប្រពន្ធធ្លាប់បានប្រាប់ម្ដាយថាចង់លែងលះប្ដីរូបនេះដែរ ប៉ុន្តែម្ដាយមិនចង់ឲ្យកូនមេម៉ាយ និងបែកបាក់គ្នាទើបបង្រួបបង្រួម ។ ចំណែកឯសាច់ញាតិក៏ធ្លាប់បានពន្យល់ជនដៃដល់ជាប្តីដែរថា «កុំឲ្យប្រច័ណ្ឌខ្លាំងពេក នាំឲ្យបែកបាក់គ្រួសារដូចជាឪពុកឯង» ប៉ុន្តែជននេះមិនស្ដាប់សោះរឹតតែប្រច័ណ្ឌលើសដើម ទាំងប្រពន្ធមានចិត្តស្មោះមិនដែលវៀចវេរឡើយ ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ឪឡោក រួមជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌកំបូលបានចុះទៅអន្តរាគមន៍ធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួន ប្តីកំណាចនេះនាំយកទៅសាកសួរនិងចាត់ការតាមច្បាប់ ។ សង្ឃឹមថា ឈាមស្រែកស្បែកហៅ នគរបាលនឹងចាប់ខ្លួនជននេះបានក្នុងពេលឆាប់ខាងមុខមិនខានដែលប្រឈមនឹងការដេកគុកអស់១ជីវិត ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ