ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​ស្ម​គ្រ័​ចិត្ត បាន​ជាង​១១​លាន​ដុល្លារ

3 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​នឹង​ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​ស្ម័គ្រ​ចិត្តបាន​ថវិកា​ចំនួន ១១,៦ លាន​ដុល្លារ…

ខេត្តកោះកុង ៖ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​នឹង​ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​ស្ម័គ្រ​ចិត្តបាន​ថវិកា​ចំនួន ១១,៦ លាន​ដុល្លារ សហរដ្ឋអាមេរិក ហើយ​កម្ពុជា​បាន និង​កំពុង​ស្វះ​ស្វែងរក​ដៃគូ​ផ្សេង​ៗ​ទៀត​ដើម្បី​បន្ត​ទិញ ឥណទាន​កាបូន​នេះ​បន្ថែម​ទៀត ខណៈ​កាបូន​ដែល​បាន​បំ​ភាយ​ចេញ ពី​ព្រៃឈើ​នៅ​តាម​តំបន់ ការពារ​ធម្មជាតិ​នានា​ដែល​កម្ពុជា​មាននៅ​សេសសល់​បរិមាណ​ច្រើន​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ឲ្យ​ដឹង​ដូច្នេះ ក្នុង​ឱកាស​ដែល​លោក និង​ប្រតិភូ​ក្រសួងបរិស្ថាន​ចុះ​ពិនិត្យ​ការ​គ្រប់គ្រង និង​អភិរក្ស​តំបន់​ដែនជម្រកសត្វព្រៃ​តា​តៃ ក្នុង​ខេត្តកោះកុង​កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២០ ខណៈ​ដែល​លោក​ក៏​បាន​គូសបញ្ជាក់​ថា តំបន់​ដែនជម្រកសត្វព្រៃ​តា​តៃ​ជាទី​តាំង​មួយ​ក្នុង​ចំណោម​ទីតាំង​៣ ដែល​កម្ពុជា​លក់​កាបូន បាន​ក្នុង​នោះ​ក៏​មាន​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រ​វ៉ា​ញ​ខាងត្បូង​។

លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​បញ្ជាក់​ថា ក្រុមហ៊ុន​ដែល​បាន​ទិញ​ឥណទាន ការ​បូ​ន​ក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត​មាន​ក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និង​ក្រុមហ៊ុន Gucci​។ រហូត​មក​ដល់​ពេល​នេះ មាន​តែ​ប្រទេស​កម្ពុជា និង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ប៉ុណ្ណោះ ក្នុង​ចំណោម ប្រទេស​អាស៊ាន ដែល​បាន​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​នេះ​។ លោក នេត្រ ភក្ត្រា បាន​បន្ត​ទៀត​ថា មុន​នឹង​ទិញ​ឥណទាន​កាបូន​នេះ​មានការ​វាយតម្លៃ​ច្បាស់លាស់​ពី​អ្នកជំនាញ​លើ សមត្ថភាព​នៃ​ការ​ផលិត​កាបូន និង​យន្តការ​ផ្សេង​ៗ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត ដើម្បី​ធានា​ការពារ និង​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​លើ​តំបន់ការពារធម្មជាតិ​ដែល​សម្បូរ​ណ៍​ដោយ​ព្រៃឈើ សត្វព្រៃ និង​ជីវៈចម្រុះ​ផ្សេង​ទៀត​។

លោក​ថា ការ​សម្រេច​ទិញ​ឥណទាន​កាបូន​ពី​កម្ពុជា​របស់​ក្រុមហ៊ុន​នានា គឺ​បាន​បង្ហាញ​ថា កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ការពារ បាន​នូវ​ធនធានធម្មជាតិ នៅ​ក្នុង​តំបន់​នោះ ហើយ​ធនធានធម្មជាតិ​ត្រូវ​បាន​អភិរក្ស​ប្រកបដោយ​ប្រសិទ្ធភាព​។ លោក នេត្រ ភក្ត្រា ក៏​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា កម្ពុជា​នឹង​អាច​លក់​ឥណទាន​កាបូន បាន​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​បន្តបន្ទាប់​។ ទន្ទឹម​នោះ​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងបរិស្ថាន បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដោយ​ថែរក្សា​ឈើ​ឈរ ដើម្បី​លក់​តួនាទី​ព្រៃឈើ​ដែល​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ភព​ផែនដី តាម​រយៈ​ការ​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត ហើយ​ថវិកា​ដែល​បាន​មក​ពី ការ​លក់​ឥណទាន​កាបូន​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​គាំពារ​លើ​ការងារ​អភិរក្ស និង​ការ​បង្កើត​សេដ្ឋកិច្ច​សម្រាប់​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​នៅ​ក្នុង​តំបន់​នោះ​។

ឯកឧត្តម​បន្ថែម​ថា ទន្ទឹម​នឹង​នេះ​ក្រុម​មន្ត្រី​ជំនាញ​កំពុង​សិក្សា​បន្ថែម​ដើម្បី​លក់​កាបូន​ក្នុង ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​ផង​ដែរ​។ គួរ​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា មាន​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដ៏​សម្បូរ​បែប​។ ព្រៃឈើ​គ្របដណ្តប់​ប្រមាណ​៥០% នៃ​ផ្ទៃ​ប្រទេស ដែល​ជា​អត្រា​ខ្ពស់​បំផុត នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ មក​ទល់​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់ ការពារ​ធម្មជាតិ​ដែល​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​របស់​ក្រសួងបរិស្ថាន រហូត​ដល់​ប្រមាណ ៤១% នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា​គឺ​ស្មើនឹង​ប្រមាណ ៧,៣ លាន​ហិ​កតា​ដែល​ក្នុង​នោះ​មាន​ឧទ្យាន​ជាតិ ដែនជម្រកសត្វព្រៃ តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​តំបន់​រ៉ា​ម​សារ​តំបន់​ការពារ​បេតិកភណ្ឌ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​សរុប​ចំនួន ៦៩​កន្លែង និង​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ១ ២៦០ នាក់​ដោយ​សហការ​ជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិ និង​អង្គការ​ដៃគូ​នានា បាន និង​កំពុង​ឈរជើង​ការពារ​។

ទន្ទឹម​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ទិស​ដៅ​ប្រែក្លាយ​តំបន់​ការពារ ធម្មជាតិ​ទៅ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ បង្កើន​សក្តានុពល​ទេសចរណ៍ និង​ធ្វើ​យ៉ាងណា​ឱ្យ​សហគមន៍​មាន ចំណូល​បន្ថែម​និង​បង្កើត​ជម្រើស​ថ្មី​សម្រាប់​ការ​ប្រកប មុខរបរ​ចិញ្ចឹមជីវិត ដើម្បី​កាត់​ផ្តាច់​ពី​ការ​ពឹង​អាស្រ័យ​លើ​អនុ​ផល​ព្រៃឈើ ដែល​ជា​ទម្លាប់ មាន​ពី​យូរលង់​ណាស់​មក ហើយ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​មូលដ្ឋាន តាម​រយៈ​នៃ​ការ​បង្កើត​មុខរបរ​ថ្មី​បម្រើ​ឱ្យ​វិស័យ​អេកូ​ទេសចរណ៍ ព្រមទាំង​ការ​បណ្តុះបណ្តាល សហគមន៍​ឱ្យ​ចេះ​គ្រប់គ្រង និង​ការ​ចិញ្ចឹមសត្វ​ផ្គត់ផ្គង់​ទីផ្សារ ការ​ដាំ​ដំណាំ រួម​ផ្សំ​ផ្សេង​ទៀត មាន​បន្លែបង្ការ​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ខ្លួនឯង​ផង និង​សម្រាប់​បម្រើសេវា កម្ម​ដល់​ភ្ញៀវ ទេសចរ​ដែល​ទៅ​ទស្សនា​កម្សាន្ត​នៅ​ក្នុង​តំបន់​សហគមន៍​របស់​ពលរដ្ឋ​ផង​ដែរ​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ