ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ជួបគ្រោះថ្នាក់ជាន់មីនផ្ទុះដាច់ជើងទាំង២ ខណៈដើរចូលទៅដាក់អន្ទាក់សត្វក្នុងតំបន់សនៃបន្ទាត់ព្រំដែន កើតឡើងកាលពីម៉ោងជាង៣រសៀលថ្ងៃទី២៣ មិថុនា ស្ថិតនៅភូមិទំនប់ដាច់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
ជនរងគ្រោះឈ្មោះញ៉ែម ឆឹម អាយុ៦០ឆ្នាំ មានទីលំនៅភូមិជោគជ័យឃុំនិងស្រុកកើតហេតុ ។ ប្រភពពីសមត្ថកិច្ចជួរមុខប្រាប់ថា ជនរងគ្រោះបានចូលទៅដាក់អន្ទាក់សត្វក្នុងតំបន់ហាមឃាត់ចម្ងាយពីទំនប់ក៥ប្រហែល២០០ម៉ែត្រ ក៏ជាន់មីនប្រភេទ៥៨ផលិតនៅប្រទេសរុស្សីបណ្តាលឲ្យដាច់ជើងទាំង២។
ប្រភពបន្តទៀតថា ក្រោយផ្ទុះមីនហើយ ជនរងគ្រោះក៏បានទូរស័ព្ទប្រាប់ប្រពន្ធថា «គាត់ជាន់មីនផ្ទុះដាច់ជើងហើយៗ ឱ្យគេជួយយកគាត់ផង» ។ ក្រោយទទួលបានព័ត៌មានពីប្រពន្ធជនរងគ្រោះសមត្ថកិច្ចព្រំដែនគោកលេខ៩១១សហការណ៍ជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល និងយោធាប្រចាំការក្បែរនោះចូលទៅសង្គ្រោះយកជនរងគ្រោះដឹកទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតភ្លាមៗ ។
ចែករំលែកព័តមាននេះ