ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជបណ្ឌិត្យសភាកម្ពុជា​សិក្សា​ស្រាវ​ជ្រាវ នៅ​តំបន់​អង្គរបុរី​ដែនដី​អតីត​រាជ​ធានី​​ខ្មែរ

3 ឆ្នាំ មុន

ខេត្តតាកែវ ៖ ក្រុមការងារ​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ទៅ​សិក្សា​ស្រាវជ្រាវ​ដល់ទី​តាំង​ប្រវត្តិសាស្ត្រ​«​អង្គរបុរី ដែនដី​នៃ​អតីត​រាជធានី​ខ្មែរ​សម័យ​មុន​អង្គរ (​រាជធានី​វ្យា​ធ​បុ​រៈ​)» ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​ប្រមូល​ព័ត៌មាន ព្រមទាំង​ទិន្នន័យ ថ្មី​ៗ​បន្ថែម​ទៀត…

ខេត្តតាកែវ ៖ ក្រុមការងារ​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ទៅ​សិក្សា​ស្រាវជ្រាវ​ដល់ទី​តាំង​ប្រវត្តិសាស្ត្រ​«​អង្គរបុរី ដែនដី​នៃ​អតីត​រាជធានី​ខ្មែរ​សម័យ​មុន​អង្គរ (​រាជធានី​វ្យា​ធ​បុ​រៈ​)» ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​ប្រមូល​ព័ត៌មាន ព្រមទាំង​ទិន្នន័យ ថ្មី​ៗ​បន្ថែម​ទៀត សម្រាប់​ចងក្រង​ឯកសារ​ប្រវត្តិ​អតីត​រាជធានី និង​ទីក្រុង​បុរាណ​នៃ​អាច​ក្រ​ខ្មែរ ។ ទីតាំង​នេះ​ស្ថិត​ក្នុងស្រុក​អង្គរបុរី ខេត្ត​តាកែវ ។

លោក​បណ្ឌិត​ជូ ច័ន្ទ​ដា​រី និង​ក្រុមការងារ មាន​លោក​សាន សុ​រាវ​និ​ត លោក​ហៀ​ង លាង​ហុង លោក​​​បណ្ឌិត​ហេង ហុ​ក​វេន លោក សុង ចំណាន និង​លោក​ហូត រ៉ា បំពេញបេសកកម្ម​រយៈពេល​៤​ថ្ងៃ ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​៨ មិថុនា ២០២០ ដើម្បី​ប្រមូល​ព័ត៌មាន និង​ទិន្នន័យ​បន្ថែម​លើ​ការ​ស្រាវ​ជ្រាវ​ជាតិ និង​អន្តរជាតិ បាន​ធ្វើ​តាំងពី​មុន​សម័យ​សង្គ្រាម ឆ្នាំ​១៩៧០ និង​ការ​ចាប់ផ្ដើម​ស្រាវជ្រាវ​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩៥ សម្រាប់​រៀបចំ និង​ចងក្រង​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ មួយ​ស្ដី​ពី​«​ប្រវត្តិ​អតីត​រាជធានី និង​ទីក្រុង​បុរាណ​នៃ​អាណាចក្រ​ខ្មែរ​» ។

នេះ​បើ​តាម​ប្រភព​ពី​រាជបណ្ឌិត្យសភាកម្ពុជា​ហើយ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ដល់ទី​កន្លែង​នេះ ក្រុម​ស្រាវជ្រាវ​បាន​បំពេញការងារ​ដូច​ខាងក្រោម​៖

សកម្មភាព​ទី​១ គឺ​ការ​ប្រមូល​ទិន្នន័យ និង​ព័ត៌មាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តតាកែវ ។ លោក​បណ្ឌិត​ជូ ច័ន្ទ​ដា​រី បាន​ដឹកនាំ​ក្រុម​ស្រាវជ្រាវ​ជួប​ជាមួយ​លោក​ជេ​ត ពិ​សុ​ដ្ឋ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តតាកែវ ដើម្បី​ជជែក​ពិភាក្សា ស្វែងរក​ព័ត៌មាន និង​ទិន្នន័យ ផ្សេង​ៗ អំពី​កិច្ច​ការងារ​ស្រាវជ្រាវ និង​ការ​អភិរក្ស​រមណីយដ្ឋាន​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ នានា​នៅ​ក្នុង​ទឹកដី​ខេត្តតាកែវ ។ ការ​សិក្សា​ឈ្វេងយល់​ពី​បុរាណវត្ថុ​សិល្បៈ​តាំងនៅ​ក្នុង​សារមន្ទីរ​ខេត្តតាកែវ ។

សកម្មភាព​ទី​២ បាន​សិក្សា​ពិនិត្យ​នៅ​ទីតាំង​ធ្វើ​កំណាយ​ស្ថានីយ​បុរាណវិទ្យា​វត្ត​គំនូរ ។ ស្ថានីយ​វត្ត​គំនូរ​បាន​ធ្វើ​កំណាយ​ក្នុង​ឆ្នាំ​១៩៩៩​រក​ឃើញ​នូវ​វត្ថុ​សិល្បៈ​ជា​ច្រើន ហើយ​បច្ចុប្បន្ន​វត្ថុ​សិល្បៈ​ដែល​រក​ឃើញ​ទាំងនោះ​បាន​រក្សា​ទុក និង​ដាក់​តាំងនៅ​សារមន្ទីរ​អង្គរបុរី ។

សកម្មភាព​ទី​៣ ក្រុម​ស្រាវជ្រាវ​បាន​សិក្សា​ពិនិត្យ​កំពែង​ក្រុង​បុរាណ អង្គរបុរី ។
សកម្មភាព​ទី​៤ បាន​សិក្សា​នៅ​ប្រាសាទភ្នំដា និង​ប្រាសាទ​អាស្រម​មហាឥសី ។
បើ​តាម​ឯកសារ​មួយ​បរិយាយ​ថា​«​វ្យា​ធរ​បុ​រៈ​» អារ្យធម៌​ស្រុក​នេះ​ខ្ពង់ខ្ពស់​តាំង​តែ​ពី​បុ​រេ​អង្គរ​រៀង​មក ដែល​យើង​ប្រហែលជា​ពុំ​បានឮ​ពី​មុន​សោះ ។

«​អង្គរបុរី​» ត្រូវ​អ្នក​បុរាណ​វិទូ​ជា​ច្រើន​អះអាង​ថា ឈ្មោះ​«​វ្យា​ធ​បុ​រៈ​» ឬ​ក៏​«​វ្យា​ធ​បុរី​» ជា​អតីត​រាជធានី​ដ៏​ចំណាស់​មួយ​របស់​ខ្មែរ​តាំងពី​មុន​សម័យ​មុន​អង្គរ គេ​បាន​ស្គាល់​កាន់តែ​ច្បាស់​ក្នុង​សម័យកាល​អាណាចក្រ​ហ្វ៊ូ​ណ​ន ដែល​មាន​អារ្យធម៌​ដ៏​ចំណាស់​លាតសន្ធឹង​ទៅ​ទិស​ខាងកើត និង​ខាងត្បូង​ក្នុង​ទឹកដី​វៀតណាម​សព្វថ្ងៃ ខាងលិច​ក្នុង​ទឹកដី​ថៃ​រហូត​ទល់​នឹង​ឧបទ្វីប​ម៉ា​ឡេ​ស៊ី​សព្វថ្ងៃ ដោយ​អ្នក​ស្រាវជ្រាវ​រក​ឃើញ​តឹង​តាង​ជា​ច្រើន​នៅ​តាម​ស្ថានីយ សំខាន់​ៗ​បី នៃ​អាណាចក្រ​នេះ គឺ​ស្ថានីយ​អូរ​កែវ (​បច្ចុប្បន្ន​ក្នុង​ទឹកដី​វៀតណាម​ភាគ​ខាងត្បូង​) ស្ថានីយ​បាភ្នំ ក្នុង​ខេត្តព្រៃវែង និង​ស្ថានីយ​អង្គរបុរី​ក្នុង​ខេត្តតាកែវ ។

«​វ្យា​ធ​បុ​រៈ​» ទីក្រុង​បុរាណ​មួយ​នេះ អ្នក​ស្រាវជ្រាវ​រុករក​ឃើញ​ស្លាកស្នាម​ជា​គូ​ទឹក និង​កំពែង​ទីក្រុង​ធ្វើ​ពី​ឥដ្ឋ​មាន​កម្ពស់​ពី​៦​ទៅ​៨​ម៉ែត្រ ទទឹង​ប្រវែង​១​ម៉ែត្រ ដែល​មាន​ប្រវែង​ជិត​៦​គីឡូម៉ែត្រ ។ ហើយ​ពេល ថ្មី​ៗ​កន្លង​មក​នៅ​ស្រុក​អង្គរបុរី គេ​បាន​ប្រទះ​ឃើញ​វត្ថុ​បុរាណ ដូច​ជា អង្កាំ​ធ្វើ​ពី​កែវ និង​កុលាលភាជន៍ ព្រមទាំង​សំណល់​គ្រោងឆ្អឹង​សព្វ​មនុស្ស​បុរាណ​ដែល​បាន​ផ្ដល់​ជា​ភស្តុ​តាង​ថា «​អង្គរបុរី​»​មាន​អាយុកាល​តាំងពី​មុន​គ្រឹ​ស្ត​សករាជ​មក​ម្ល៉េះ ។

តាម​រយៈ​ការ​ស្រាវជ្រាវ​ទាំង​អស់នោះ​គេ​ក៏​បាន​ដឹងផង​ដែរ​ថា អង្គរបុរី​មាន​សំណង់​ប្រាសាទ​បុរាណ​​យ៉ាងតិច​ណាស់​ក៏​ចំនួន​១០​ដែរ ដែល​មាន​កាលបរិច្ឆេទ​ចាប់ពី​សតវត្សរ៍​ទី​១​នៃ​គ្រឹ​ស្ត​សក​រាជ​ទៅ ប៉ុន្តែ​សព្វ​ថ្ងៃនេះ​គេ​ឃើញ​នៅ​សល់​រូបរាង​ជា​ប្រាសាទបុរាណ​នៅ​ទីនោះ​តែ​២​គត់ គឺ​ប្រាសាទ​​អាស្រម​មហា​ប្ញ​ស្សី ឬ​អាស្រម​មហាឥសី និង​ប្រាសាទភ្នំដា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ