ខេត្តឧត្តរមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រជាពលរដ្ឋជាកសិករម្នាក់កំពុងតែភ្ជួដីស្រែសុខៗ ស្រាប់តែប្រទះឃើញគ្រាប់មីនតោនមួយគ្រាប់ដែលនៅសេសសល់កាលពីសម័យសង្គ្រាម ធ្វើឱ្យកសិករមានអារម្មណ៍ភ័យស្ទើរតែលស់ព្រលឹងទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅខាងលិច ភូមិតាប៉ែន ចម្ងាយ៣០០ម៉ែត្រ ពីឃុំពង្រ ស្រុកចុងកាល់ ។
ប្រជាពលរដ្ឋដែលប្រទះឃើញគ្រាប់មីនតោនខាងលើឈ្មោះ ហេង សំណាង ភេទប្រុសអាយុ៥៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើបានរៀបរាប់ថា មុនពេលកើតហេតុខ្លួនបានចេញពីផ្ទះទៅភ្ជួរស្រែ ស្រាប់តែប៉ះចំគ្រាប់មីនតោនមួយគ្រាប់ធ្វើឱ្យមានអារម្មណ៍ភ័យស្ទើរតែលស់ព្រលឹងតែម្តង ក្រោយមកក៏បានទៅរាយការណ៍ដល់ប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំពង្រ ដើម្បីឱ្យចុះមកធ្វើការពិនិត្យ។
បើតាមប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំពង្រ បានឱ្យដឹងថា ក្រោយពីបានទទួលព័ត៌មានរាយការណ៍ភ្លាម កម្លាំងសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យដល់ទីតាំងកើតហេតុ ហើយក៏បានយកខ្សែមកហ៊ុមព័ទ្ធជុំវិញគ្រាប់នោះ រួចក៏ទាក់ទងទៅអង្គការ ហេឡូត្រាស ដើម្បីមកយកគ្រាប់នោះទៅកម្ទេចចោលផងដែរ។
គួររំលឹកថា នេះមិនជាលើកទីមួយទេ ដែលត្រូវប្រជាពលរដ្ឋបានប្រទះឃើញកាកសំណល់ដែលនៅសល់សល់កាលពីសម័យសង្គ្រាម គឺត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញគ្រាប់ជាបន្តបន្ទាប់មកហើយ នៅក្នុងឆ្នាំ២០២០នេះ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ