រុះរើសំណង់លើផ្លូវបេតុងភូមិអង្គ ក្នុងសង្កាត់ចោមចៅ៣ ក្រោយហាមលែងស្ដាប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកភូមិមួយចំនួនបាននាំគ្នាសង់តូបលក់ដូរក៏ដូចជាធ្វើសំយ៉ាបផ្ទះ និងផ្ទះបាយជាដើមរំលោភលើផ្លូវបង្កឲ្យមានលក្ខណៈតូចចង្អៀតពិបាកក្នុងការធ្វើដំណើរចេញចូល ហើយជាការមិនពេញចិត្តដល់អ្នកដំណើរទូទៅជាខ្លាំង ដោយឡែកអាជ្ញាធរសង្កាត់ចោមចៅទី៣ បានជូនដំណឹងដល់អ្នកដែលសង់រួចត្រូវរុះរើចេញដោយខ្លួនឯងជាបន្ទាន់ ព្រមទាំងហាមឃាត់មិនឲ្យមានអ្នកសាងសង់ថ្មឡើយ ។ ប៉ុន្តែទោះបីជាខំហាមឃាត់យ៉ាងណាក៏មិនឈ្នះដែរ ឯអ្នកសង់មុនរួចរាល់ហើយក៏មិនព្រមរុះរើចេញទៀត ទើបអាជ្ញាធរខាងលើដាក់កម្លាំងចុះទៅធ្វើការរុះរើតែម្ដង ដោយមិនបានទទួលខុសត្រូវលើការខូចខាតអ្វីទាំងអស់។

ប្រតិបត្តិការចុះរុះរើខាងលើនេះដែរបានធ្វើឡើងកាលពីវេលា២រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោកវ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ និងលោកសុទ្ធ សុជាតិ ព្រមទាំងលោកអុឹម វណ្ណា ដែលជាចៅង្កាត់រងសង្កាត់ចោមចៅទី៣ និងមានការចូលរួមពីមន្ត្រីក្រុមប្រឹក្សាសង្កាត់នេះផងដែរ។

អាជ្ញាធរសង្កាត់ខាងលើបាននិយាយថា ប្រជាពលរដ្ឋមួយចំនួននៅតែរំលោភបំពានផ្លូវសាធារណៈដោយការសាងសង់ផ្ទះ តូបលក់ដូរ ផ្ទះបាយ សំយ៉ាបផ្ទះ ឬរបងផ្សេងៗ ដែល បង្កលក្ខណៈលំបាកដល់អ្នកដទៃដែលជាអ្នកប្រើប្រាស់ផ្លូវ ខ្លះមួរម៉ៅក្ដៅក្រហាយ ព្រោះតែផ្លូវតូចចង្អៀតទើសមុខទើសក្រោយ ហើយអ្វីដែលត្រូវតែគិតគូថែមទៀតនោះ ពេលមានហេតុការណ៍សង្គ្រោះបន្ទាន់ផ្សេងៗមិនងាយ និងចូលទៅទាន់ពេលឡើយ ។ ដោយឡែកផ្លូវមួយខ្សែខាងលើនេះត្រូវបានប្រជាពលរដ្ឋមួយចំនួននាំគ្នាសង់រំលោភជាបន្តបន្ទាប់ ទោះបីជាអាជ្ញាធរទាំងសង្កាត់និងភូមិបានទប់ស្កាត់យ៉ាងណាក៏មិនព្រមស្ដាប់តាមដែរ ដោយពួកគាត់អត់ខ្វល់ចំពោះការណែនាំអ្វីទាំងអស់ ដែលបានធ្វើឲ្យផ្លូវនោះពោរពេញទៅដោយផ្ទះ សំយ៉ាបផ្ទះ និងតូបលក់ដូរ ហើយបើគ្មានការគិតគូរទេ និងត្រូវបាត់បង់ផ្លូវនៅថ្ងៃអនាគត។
តាមប្រភពដដែលបានបន្តទៀតថា ក្រោយពេលទប់ស្កាត់អត់បាន ទើបអាជ្ញាធរចាត់វិធានការជូនដំណឹងឲ្យពួកគាត់រុះរើចេញដោយខ្លួនឯង ហើយអ្នកដែលកំពុងចាប់ផ្ដើមសាងសង់ត្រូវផ្អាកឬឈប់ជាបន្ទាន់ ។ ប៉ុន្តែការជូនដំណឹងហាក់ដូចឥតប្រយោជន៍គឺដូចពាក្យចាស់លោកពោលថា«កោកៗសឹកមាត់ត្រដោកឆ្អែតពោះក្របី»នោះមិនខុសឡើយគឺពួកគាត់មិនព្រមស្ដាប់និងរុះរើឡើយ ទើបពេលនេះអាជ្ញាធរសង្កាត់បានប្រើធម៌ក្ដៅដាក់កម្លាំងចុះទៅធ្វើការរុះរើដោយមិនទទួលខុសត្រូវលើការខូចខាតឡើយ។

តាមប្រភពខាងលើបានបន្តថា ក្រោយពេលចុះទៅដល់ កម្លាំងសមត្ថកិច្ចធ្វើការរុះរើបានតូបលក់ដូរនិងផ្ទះបាយមួយចំនួន ហើយមិនមានការរារាំងឬជំទាស់ពីម្ចាស់តូបទាំងនោះឡើយ កម្លាំងសមត្ថកិច្ចបានអនុវត្តការងារសម្អាតផ្លូវមួយនេះបានដោយរលូន ប៉ុន្តែនៅជាច្រើនតូបទៀតដែលត្រូវប្រើពេលច្រើនថ្ងៃដើម្បីធ្វើការរុះរើ ។ មិនតែប៉ុណ្ណោះនៅក្នុងខណៈនោះមានម្ចាស់ផ្ទះនិងតូបខ្លះបានសំណូមពរសុំធ្វើការរុះរើដោយខ្លួនឯង ដើម្បីចៀសវាងការខូចខាតរបស់របរផ្សេងៗ ហើយក្រោយពីប្រតិបត្តិការរយៈពេលជាង១ម៉ោងអាជ្ញាធរក៏បានដកកម្លាំងថយសិន និងរង់ចាំឲ្យពួកគាត់រុះរើដោយខ្លួនឯង ហើយបើមិនព្រមរុះទេ អាជ្ញាធរលែងយោគយល់និងទុកពេលឲ្យតទៅទៀតហើយ៕ (កែសម្រួលដោយ ៖ ធីតា)









ចែករំលែកព័តមាននេះ