ខេត្តព្រៃវែង ៖ បើទោះបីជាជំងឺឆ្លងកូវីដ១៩ បានជះឥទ្ធិពលខ្លាំងទៅលើសេដ្ឋកិច្ចពិភពលោក ក៏ដូចជាប្រទេសកម្ពុជា និងបានធ្វើឱ្យឈ្មួញរកស៊ីធំៗជាច្រើន ត្រូវប្រឈមនឹងការខាតបង់លើមុខជំនួញ រហូតដល់មានអ្នកខ្លះត្រូវបង្ខំចិត្តបិទអាជីវកម្មក៏ដោយ ប៉ុន្តែនៅលើកំណាត់ផ្លូវជាតិលេខ៨អា ក្នុងខេត្តព្រៃវែង គេនៅតែឃើញមានវត្តមានរថយន្តដឹកទំនិញធំៗបន្តធ្វើចរារណ៍ជាធម្មតា និងជារៀងរាល់ថ្ងៃ ដោយគ្រាន់តែចំនួនរថយន្តមានការថយចុះជាងមុនបន្តិចប៉ុណ្ណោះ។
តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺគេបានសង្កេតឃើញថា ក្រុមរថយន្តដឹកទំនិញទាំងនោះ ពេលមកដល់ចំណុចរង្វង់មូលស្វាយអន្ទរ ក្នុងស្រុកស្វាយអន្ទរ មន្ត្រីជំនាញគយ និងរដ្ឋាករសាខាខេត្តព្រៃវែង ដែលឈរជើងនៅទីនោះ មិនដែលធ្វើការត្រួតពិនិត្យនោះទេ មិនថារថយន្តដឹកទំនិញទាំងនោះ មកដល់ពេលថ្ងៃ ឬពេលយប់នោះឡើយ។
តាមការកត់សម្គាល់ជាក់ស្តែងពេលមកដល់ គេឃើញតែតៃកុងរថយន្ត ឬព្រូរត់ការចុះចូលទៅជួបសួស្តីគយ គឺគ្រាន់តែចូលទៅជួបនៅក្នុងស្នាក់ការតែមួយភ្លែតក៏ចេញមកវិញ ហើយបើករថយន្តចេញទៅយ៉ាងរំភើយ ។
សកម្មភាពបែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការមួយចំនួនដែលបានឃើញ ហើយបានយកទៅជជែកវែកញែកនៅតាមតុកាហ្វេ ដោយលេចឮតពីមាត់មួយទៅមាត់មួយថា រថយន្តដឹកទំនិញទាំងនោះ បិតគ្របជិតស្លុងមិនអាចមើលពីខាងក្រៅឃើញ ឬអាចដឹងថាជាទំនិញអ្វីនោះទេ ហើយបើមកដល់មន្ត្រីគយដែលជាអ្នកត្រួតពិនិត្យតាមដងផ្លូវជាតិលេខ៨ មិនខ្ចីត្រួតពិនិត្យបែបនេះ តើមិចនឹងដឹងថា តើក្នុងនោះជាទំនិញអ្វី? ចុះបើទំនិញទាំងនោះជាទំនិញខុសច្បាប់វិញ តើនរណាទទួលខុសត្រូវ?
ជាមួយគ្នានោះក៏មានអ្នកខ្លះទៀតបាននាំគ្នាក្លែមសំដីតាមរបៀបឌឺដងថា គេមិនពិនិត្យព្រោះគេបាននិយាយគ្នាជាមួយឈ្មួញរួចអស់ទៅហើយ ដូច្នេះពេលរថយន្តមកដល់ តៃកុងរថយន្ត ឬព្រូ គ្រាន់តែចូលទៅប្រាប់ថា របស់ចែនេះ របស់ចែនោះជាការស្រេច ដោយមិនចាំបាច់ពិនិត្យទំនិញលើរថយន្តនាំឱ្យខាតពេលនោះទេ ។
ដោយឡែកប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានខ្លះទៀត បានឱ្យដឹងថា នៅលើកំណាត់ផ្លូវជាតិលេខ៨អា ត្រង់ចំណុចរង្វង់មូលស្វាយអន្ទរនោះ មិនមែនមានតែមន្ត្រីគយ និងរដ្ឋាករសាខាខេត្តព្រៃវែងមួយទេ គឺមានទាំងមន្ត្រីប៉ូលិសសេដ្ឋកិច្ចក្រសួង និងប៉ូលិសសេដ្ឋកិច្ចខេត្ត ជាពិសេសគយចល័ត ដែលដាក់កម្លាំងប្រចាំការនៅទីនោះ ប៉ុន្តែមន្ត្រីទាំងនោះក៏មិនដែលឃើញឃាត់រថយន្តរបស់ឈ្មួញ ដើម្បីត្រួតពិនិត្យម្តងណាដែរ ដូច្នេះហើយទើបគេសង្ស័យថា មានការត្រូវរ៉ូវគ្នាជាប្រព័ន្ធហើយមើលទៅ….!
ទោះជាយ៉ាងណាក៏ដោយ កោះសន្តិភាពមិនអាចសុំការបំភ្លឺពីមន្ត្រីគ្រប់ស្ថាប័ន ដែលប្រចាំការនៅចំណុចក្បែររង្វង់មូលស្វាយអន្ទរនោះទេ ចំណែកមន្ត្រីប៉ូលិសសេដ្ឋកិច្ចទាំង២ស្ថាប័ន ក៏មិនអាចសុំការបំភ្លឺបានដែរ ព្រោះទូរស័ព្ទមិនអាចទំនាក់ទំនងបាន។
ចែករំលែកព័តមាននេះ