ស្រីស្រស់ចេញ​ទៅ​ញ៉ាំអី​ជាមួយ​​បងប្អូន​ស្រាប់តែ​បុរស​ម្នាក់​មក​ឆ្មក់​ពីក្រោយ​បាន​​​សម្រេច


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នារី​ស្រស់​ស្អាត​ម្នាក់​​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ជាមួយ​បងប្អូន​2​ទៅ​3​នាក់​ទៀត ក្នុង​គោលបំណង​ចង់ទៅ​ញ៉ាំ​អាហារ​នៅ​ម្តុំ​ស្ពាន​បា​ឡេ លុះ​ពេល​ជិះ​ជិត​ទៅ​ដល់ ស្ត្រី​រង​គ្រោះ​ក៏​ដក​ទូរស័ព្ទ​ដៃ​មក​ចុច ក៏​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម មក​ឆក់​បាន​សម្រេច រួច​គេចខ្លួន​បាត់​ស្រមោល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​8​យប់ ថ្ងៃ​ទី​22 ខែមិថុនា ឆ្នាំ​2020 តាម​បណ្តា​យ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​កែង​ផ្លូវ​84​នៅ​ចំណុច​ម្តុំ​ផែ​ថ្ម ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​មានឈ្មោះ​អុក ច​ន្ថា ភេទ​ស្រី អាយុ​25​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ បានឱ្យ​ដឹង​ថា មុន​កើតហេតុ​ខាងលើ​នេះ គឺ​នាង​បាន​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ជាមួយ​បងប្អូន​២​ទៅ​៣​នាក់​ទៀត ក្នុង​គោលបំណង​ទៅ​លេង​នៅ​ឯក្រោយ​ម្តុំ​រង្វង់​មូល​នាង​មច្ឆា ដើម្បី​អង្គុយ​ញ៉ាំ​អាហារ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

ជន​រង​គ្រោះ​បន្ត​ថា លុះ​ពេល​ជិះ​ជិត​មក​ដល់​ពាក់​កណ្តាលផ្លូវ​ហើយ​នោះ ជន​រង​គ្រោះ​ដក​ទូរស័ព្ទ​ដៃ​ម៉ាក iPhone Xs max ដើម្បី​យក​មក​មើល​ការ​ឡាយ​លក់​ផលិតផល ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស៊េរី​នោះ​ទេ អត់​មាន​ស្លាក​លេខ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​បាន​សម្រេច ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​នោះ ទោះបីជា​ជន​រង​គ្រោះ​ស្រែ​កថា «​ចោរ​ៗ» យ៉ាងណា​ក៏​ដោយ ក៏​គ្មាន​អ្នក​ណា​ជួយ​ដេញចោរ​នោះ​ទេ ។ ក្រោយ​ពេល​ដែល​កើតហេតុ​រួច ជន​រង​គ្រោះ​អត់​ដឹង​ថា ត្រូវ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅឯណា​នោះ​ទេ ក៏​ជិះ​ទៅ​ប៉ុស្តិ៍​ទួល​សង្កែ​1 ហើយ​សមត្ថកិច្ច​ក៏​បាន​ណែនាំ​ឱ្យមក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ស្រះ​ចក​វិញ​។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរ​បាល​​ស្រះ​ចក ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​តាម​ចាប់​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ