រាជធានីភ្នំពេញ ៖ អ្នកជំនាញកសិកម្មរបស់ប្រទេសជប៉ុនបានលើកឡើងថា កម្ពុជាមានសក្តានុពលលើការដាំដុះខ្លាំងណាស់ តែមូលហេតុបណ្តាលឲ្យបន្លែកម្ពុជាមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារបានដោយសារកសិករមិនទាន់ប្រើឲ្យអស់សក្តានុពលដែលមានចាប់ពេលដាំដុះ ថែរក្សា ការពារ ប្រមូលផល លាងស្អាត វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូនជាដើម។
ប្រតិភូជប៉ុនតំណាងក្រុមហ៊ុនជប៉ុនចំនួន១០ ដែលមានក្រុមហ៊ុន IT លើវិស័យផលិតកម្មបន្លែ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងយន្ត ឧបករណ៍ និងសម្ភារបម្រើឱ្យវិស័យផលិតកម្មបន្លែ ក្រុមហ៊ុន Nippon Express (Cold Chain Logistics) ក្រុមហ៊ុនផលិតជី និងក្រុមហ៊ុនគ្រាប់ពូជ និងចែកចាយ ដឹកនាំដោយ លោក Nabeshima Katsuhito បានជួប លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មនៅព្រឹកថ្ងៃទី២៣មិថុនានេះ។
លោក Nabeshima Katsuhito ថា ក្រុមហ៊ុនជប៉ុនទាំងអស់នោះនឹងដោះស្រាយបញ្ហាខាងលើនោះជាមួយកម្ពុជា ។ លោកបានបញ្ជាក់ថា ជប៉ុនមានឆន្ទៈយ៉ាងមុតមាំថា នឹងចូលរួមចែករំលែកបទពិសោធន៍ និងបច្ចេកទេសថ្មីៗ ដើម្បីរួមគ្នាដោះស្រាយនូវរាល់ចំណុចខ្វះខាតដែលកសិករកម្ពុជាកំពុងជួបប្រទះឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងទិសដៅរួមគ្នាមួយ គឺផលិតបន្លែមានគុណភាព សុវត្ថិភាព ផ្គត់ផ្គង់បានគ្រប់គ្រាន់តាមតម្រូវការទីផ្សារពេញមួយឆ្នាំ មានសមត្ថភាពធ្វើការប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ និងចុងក្រោយចង់នាំចេញផលិតផលបន្លែកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាកសញ្ញា Made in Cambodia or Product of Cambodia ។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម គាំទ្រនូវរាល់ចំណុចសំខាន់ៗ ដែលខាងជប៉ុនបានលើកឡើង លោកសង្ឃឹមថា ក្រុមហ៊ុនជប៉ុននឹងនាំបច្ចេកវិទ្យាថ្មីៗ សម្រាប់អភិវឌ្ឍវិស័យផលិតកម្មបន្លែនៅកម្ពុជានាពេលអនាគតដ៏ខ្លី ។
លោកវេង សាខុន បានណែនាំឲ្យអង្គភាពជំនាញរបស់ក្រសួងបង្កើតក្រុមការងាររៀបចំឯកសារ MOU ជាមួយភាគីជប៉ុន ដើម្បីផ្តល់កិច្ចសហការឱ្យបានពេញលេញជាមួយក្រុមហ៊ុនធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ ។ ក្រុមហ៊ុនជប៉ុនទាំងនោះទំនងចុះវិនិយោគនៅក្នុងខេត្ត ខេត្តបាត់ដំបង និងខេត្តមណ្ឌលគីរី៕
ចែករំលែកព័តមាននេះ