ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆាយ នី​តា សារភាព​មាន​បុរស​នៅ​ក្នុង​ចិត្ត តែ​មិន​ទាន់​លាក់​សិន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រស់​ស្អាត​កញ្ញា ឆាត នី​តា បាន​សារភាព​ថា ខ្លួន​ពិតជា​មាន​បុរស​ម្នាក់​នៅ​ក្នុង​ចិត្ត​រួច​ហើយ ប៉ុន្តែ​នាង​បដិសេធ​មិន​ទាន់​ហ៊ាន​បញ្ចេញ​អត្តសញ្ញាណ​ពី​បុរស​រូប​នេះ​ឡើយ ដោយសារ​តែ​នាង​ត្រូវ​ចំណាយពេល​មើលចិត្ត​ពី​គ្នា​ទៅ​វិញ​មក​មួយ​រយៈ​ទៀត​សិន​។ ការ​​លើក​ឡើង​ខាងលើ​ពី​ស្រី​ស្អាត​រូប​នេះ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រស់​ស្អាត​កញ្ញា ឆាត នី​តា បាន​សារភាព​ថា ខ្លួន​ពិតជា​មាន​បុរស​ម្នាក់​នៅ​ក្នុង​ចិត្ត​រួច​ហើយ ប៉ុន្តែ​នាង​បដិសេធ​មិន​ទាន់​ហ៊ាន​បញ្ចេញ​អត្តសញ្ញាណ​ពី​បុរស​រូប​នេះ​ឡើយ ដោយសារ​តែ​នាង​ត្រូវ​ចំណាយពេល​មើលចិត្ត​ពី​គ្នា​ទៅ​វិញ​មក​មួយ​រយៈ​ទៀត​សិន​។

ការ​​លើក​ឡើង​ខាងលើ​ពី​ស្រី​ស្អាត​រូប​នេះ បាន​ធ្វើ​ឡើង​ស្របគ្នា​ដែល​នាង​កំពុង​មមាញឹក​នៅ​ក្នុង​ការ​ថត​រឿង​ភាគ​ថ្មី​មួយ ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​តាម​ទូរទស្សន៍​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

តារា​សម្តែង​ជើង​ថ្មី​កញ្ញា ឆាត នី​តា បាន​អះអាង​ថា ដោយសារ​តែ​មមាញឹក​នៅ​ក្នុង​ការងារ​សិល្បៈ​ច្រើន​នៅ​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ ទើប​នាង​មិន​ទាន់​គិតដល់​រឿង​ស្នេហា ប៉ុន្តែ​បច្ចុប្បន្ន​នាង​ក៏​មាន​បុរស​នៅ​ក្នុង​ចិត្ត​ម្នាក់​រួច​ហើយ​ដែរ តែ​នាង​សុំ​លាក់​សិន​។ ដោយសារ​មិន​បាន​បញ្ជាក់​ពី​រយៈ​ពេល​នៃ​ការ​ស្គាល់គ្នា​ជាមួយ​បុរស​រូប​នេះ ប៉ុន្តែ​ស្រី​ស្រស់​រូប​នេះ​បាន​និយាយ​ដោយ​ខ្លី​ថា បុរស​ដែល​នាង​កំពុង​សម្លឹង​ឃើញ​នេះ គឺជា​បុរស​ធ្វើ​ការងារ និង​រកស៊ី​ធម្មតា ពោល​គឺ​មិនមែន​ជា​អ្នក​ក្រៅ​ស្រុក ឬ​អ្នកសិល្បៈ​ដូច​គ្នា​ឡើយ​។

ទោះជា​យ៉ាងណា ឆាយ នី​តា បាន​អះអាង​ថា បើ​ទោះបីជា​នាង​មិន​ចង់​បង្ហាញ​អត្តសញ្ញាណ​បុរស​នោះ​ក៏​ដោយ ប៉ុន្តែ​ទស្សនិកជន​អាច​នឹង​ឃើញ​មុខមាត់​បាន​នៅ​ក្នុងអំឡុងពេល​ណាមួយ​ដែល​នាង និង​បុរស​រូប​នោះ​សម្រេច​ដឹក​ដៃ​គ្នា​ចូល​រោងការ​ជា​ផ្លូវការ​។

គួរ​រំលឹក​ថា តារា​សម្តែង ឆាយ នី​តា គឺជា​អតីត​ជ័យ​លា​ភី​លេខ​៣ ក្នុង​កម្មវិធី Miss Cambodia 2016​។ ក្រោយមក​នាង​បាន​ធ្វើ​ជាតា​រា​ម៉ូ​ដែល ហើយ​ចុង​ក្រោយ​បាន​វិវត្តន៍​មក​ជា​តារា​សម្ដែង​ទៀត ដោយសារ​នាង​បាន​លេចមុខ​ដំបូង​ក្នុង​រឿង «​កុំ​ងាក​ក្រោយ​» ក្នុង​តំណែង​ជា​តួឯក​តែ​ម្ដង​។ បន្តបន្ទាប់​នាង​ក៏​បាន​មាន​វត្តមាន​ក្នុង​ភាពយន្ត​ខ្នាត​ធំ និង​ភាពយន្ត​ភាគ​ទូរទស្សន៍​បន្ត ដោយពេល​នេះ នាង​កំពុង​សម្ដែង​ក្នុង​រឿង «​ចំណងអាពាហ៍ពិពាហ៍​» ក្នុង​តំណែង​ជា​តួឯក​ផង​ដែរ​។

ឆាយ នី​តា មាន​វ័យ​២៤​ឆ្នាំ ជា​អ្នក​រស់នៅ​ភ្នំពេញ នាង​កើត​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ជា​គ្រូ​បង្រៀន និង​ម្ដាយ​ជា​អាជីវករ ព្រមទាំង​មាន​បងប្អូន​ទាំងអស់​៦​នាក់ (​ក្នុង​នោះ ស្រី​៤ ប្រុស​២) ហើយ​នាង​ជា​កូន​ទី​៤ ក្នុង​ចំណោម​បងប្អូន​ទាំងអស់ (​ហើយ​ក៏​ជា​កូនស្រី​ពៅ​ក្នុង​ចំណោម​បងប្អូន​ស្រី​ផង​ដែរ​)​។

ដោយសារ​មាន​ឪពុក​ជា​គ្រូបង្រៀន បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​កូន​ស្ទើរ​ទាំងអស់​ក្លាយជា​គ្រូបង្រៀន រួម​បញ្ចូល​ទាំង នី​តា ផង​ដែរ​។ តាម​រយៈ​សមិទ្ធផល​នៃ​ការ​សម្តែង​ជា​បន្តបន្ទាប់​ខាងលើ​នេះ តារា​រូប​នេះ​បាន​សម្តែង​ក្ដី​សង្ឃឹមថា ទស្សនិកជន​ជា​ច្រើន​ទៀត នឹង​បាន​ស្គាល់​នាង ក៏​ដូច​ជា​ជួយ​ឲ្យ​ប្រជាប្រិយភាព​នាង​កាន់តែ​ខ្ពស់​នៅ​ក្នុង​ពេល​ខាង​មុខ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ