ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​បាន​ថវិកា​ជាង​៧​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ចិន​សម្រាប់​គម្រោង​ថ្មី ចំនួន​២០​បន្ថែម​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ធ្វើការ​ចុះហត្ថលេខា នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​គម្រោង​កិច្ច​សហប្រតិបត្តិការ សម្រាប់​មូលនិធិ​ពិសេស​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ធ្វើការ​ចុះហត្ថលេខា នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​គម្រោង​កិច្ច​សហប្រតិបត្តិការ សម្រាប់​មូលនិធិ​ពិសេស​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ២០២០ ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ​គឺ ទទួល​បាន​ថវិកា​សរុប​ចំនួន​ប្រមាណ​ជាង​៧​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​គម្រោង​ថ្មី​ចំនួន​២០​បន្ថែម​ទៀត ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ដោយ លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ លោក​ឯកអគ្គរដ្ឋទូត វ៉ាង វិ​ន​ធាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។

ថ្លែង​ក្នុង​ឱកាស​នោះ​លោក ប្រាក់ សុ​ខុន បាន​និយាយ​ថា «​មូលនិធិ​ពិសេស​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​នេះ​បាន​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​២០១៦ មក​ម្ល៉េះ គម្រោង​ទាំងនេះ​បាន​រួមចំណែក​ក្នុង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​របស់​បណ្តា​ប្រទេស​មេគង្គ​ឡាន​ឆាង តាម​រយៈ​ការ​បង្រួម​គម្លាត​នៃ​ការ​អភិវឌ្ឍ ការ​ពង្រឹង​ទំនុកចិត្ត​និង​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​ពង្រឹងសមត្ថភាព​របស់​យើង​ក្នុង​ការ​ឆ្លើយ​តប​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ទៅ​នឹង​តម្រូវការ​របស់​ប្រជាជន​យើង​» ។

លោក​បាន​បន្ត​ថា «​សម្រាប់​គម្រោង​ថ្មី​ចំនួន​២០​បន្ថែម​ទៀត​នេះ​នឹង​បន្ត​រួមចំណែក​ដល់​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​អភិវឌ្ឍន៍ជនបទ ធនធានទឹក កសិកម្ម កា​រត​ភ្ជាប់​ផ្លូវអាកាស អប់រំ បេតិកភណ្ឌ​វប្បធម៌ ជាដើម​» ។

លោក​បាន​បន្ថែម​ថា ប្រទេស​កម្ពុជា​បាន​ទទួល​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​វិបត្ដិ​កូ​វី​ដ​-១៩ ហើយ​ប្រទេស​ចិន​បាន​ចាត់​ទុក​ប្រទេស​កម្ពុជា​ជា​អាទិភាព​ចម្បង​ក្នុង​ការ​ចូលរួម​ចំណែក​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​-​សង្គម ។

លោក​បាន​បន្ថែម​ទៀត​ថា «​គ្រឿង​បរិក្ខារ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត និង​អ្នកជំនាញ​វេជ្ជសាស្ត្រ ត្រូវ​បាន​បញ្ជូន​យ៉ាង​ឆាប់រហ័ស ដើម្បី​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ហើយ​នាវា​ដឹក​ជញ្ជូន​ត្រូវ​បាន​ចាត់ចែង​ជា​ពិសេស ដើម្បី​ធានា​នូវ​លំហូរ​នៃ​វត្ថុធាតុដើម សម្រាប់​ផលិតកម្ម​ឧស្សាហកម្ម​របស់​យើង​» ។

លោក​ក៏​បាន​រំលឹក​ឡើង​វិញ​ថា កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ លោក​បាន​ចុះហត្ថលេខា​ជាមួយ លោក វ៉ាង វិ​ន​ធាន សម្រាប់​គម្រោង​ចំនួន​១៩ របស់​កម្ពុជា ដែល​គាំទ្រ​ដោយ​មូលនិធិ​ពិសេស​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ឆ្នាំ​២០១៨ ។ គម្រោង​ទាំងនេះ​ត្រូវ​បាន​អនុវត្ត​ប្រកបដោយ​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់ ហើយ​បាន​បង្កើត​នូវ​សមិទ្ធផល​រូបី​ជា​ច្រើន​ក្នុង​ការ​លើកកម្ពស់​ជីវភាព និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ