ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​ជាន់​លើ​ទុក្ខ​! ស្ត្រី​ខ្មែរ​នៅ​កូរ៉េ​ប្រឈម​មុខ​នឹង​ការ​ផាកពិន័យ​ជិត​២​ម៉ឺន​ដុល្លារ​ត្រូវ​បង្ខំចិត្ត​បញ្ជូន​កូន​មក​ខ្មែរ​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

កូរ៉េ ៖ ជា​ករណី​មួយ​ដែល​ស្មុគស្មាញ​ជុំវិញ​រឿងរ៉ាវ​របស់​ប្អូនស្រី មក​រា ដែល​កំពុង​រស់នៅ​ប្រទេស​កូរ៉េ តែ​នាង​កំពុង​ប្រឈម​មុខ​ធ្ងន់ធ្ងរ ដើម្បី​រក​លុយ​សម្រាប់​ការ​បង់​ផាកពិន័យ​ក្នុង​ទឹកប្រាក់​ជិត ២ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ជា​សងការ​ពិន័យ​ទៅ​លើ​ច្បាប់​អន្តោរ​ប្រវេសន៍​នៅ​កូរ៉េ…

កូរ៉េ ៖ ជា​ករណី​មួយ​ដែល​ស្មុគស្មាញ​ជុំវិញ​រឿងរ៉ាវ​របស់​ប្អូនស្រី មក​រា ដែល​កំពុង​រស់នៅ​ប្រទេស​កូរ៉េ តែ​នាង​កំពុង​ប្រឈម​មុខ​ធ្ងន់ធ្ងរ ដើម្បី​រក​លុយ​សម្រាប់​ការ​បង់​ផាកពិន័យ​ក្នុង​ទឹកប្រាក់​ជិត ២ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ជា​សងការ​ពិន័យ​ទៅ​លើ​ច្បាប់​អន្តោរ​ប្រវេសន៍​នៅ​កូរ៉េ សម្រាប់​ការ​រស់នៅ​ខុសច្បាប់ អស់​រយៈពេល​ប្រមាណ​៥​ឆ្នាំ នៅ​ទឹកដី​កូរ៉េ ។

អ្វី​ដែល​កាន់តែ​ពិបាក​សម្រាប់​ស្ត្រី​ខ្មែរ​រូប​នេះ គឺ​ពេល​នេះ​នាង​ត្រូវ​តតាំង​ក្តីក្តាំ​ង​ជាមួយ​អតីត​ប្តី​ជា​ជនជាតិ​កូរ៉េ​ផង ហើយ​ត្រូវ​ស្វះ​ស្វែងរក​ជំនួយ​ពី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ដើម្បី​ទទួលយក​សេវា​ធ្វើ​លិខិតបើកផ្លូវ និង​ផ្ទេរ​សិទ្ធ​អោយ​គេ​ជួយ​យក​កូន​ៗ​មក​ស្រុក​ខ្មែរ​វិញ ដើម្បី​ខ្លួន​នាង​អាច​បន្ត​ធ្វើការ​នៅ​កូរ៉េ រក​លុយ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើត​មាន​រុំកោះ​នោះ ។

បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក ឡុ​ង ឌី​ម៉​ង់ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ឲ្យ​ដឹង​ថា ប្រវត្តិ​រឿងរ៉ាវ​របស់​ប្អូនស្រី មក​រា គឺ​វែង​ឆ្ងាយ និង​ស្មុគស្មាញ​ខ្លាំង ដោយ​ដំបូង​ឡើយ​គាត់​បាន​រៀប​ការ​ជាមួយ​ប្តី​ជា​ជនជាតិ​កូរ៉េ និង​បាន​រស់នៅ​ប្រ​ទស​កូរ៉េ​១០​ឆ្នាំ​ហើយ ។

អំឡុង​ពេល​រស់នៅ​កូរ៉េ ដោយសារ​តែ​ភាព​មិន​ចុះសម្រុង​នឹង​គ្រួសារ នាង​បាន​ចាក​ចេញពីផ្ទះ​បុរស​ជា​ប្តី​ជនជាតិ​កូរ៉េ ហើយ​មានកូន​២​នាក់​ជាមួយ​ប្តី​ជា​ជនជាតិ​កូរ៉េ តែ​អ្វី​ដែល​កាន់តែ​ពិបាក​បំផុត​នោះ គឺ​ទោះបីជា​នាង​បាន​រស់នៅ​កូរ៉េ​យូរ​ឆ្នាំ​ក៏​ពិតមែន តែ​នាង​មិន​ទាន់​បាន​ទទួល​សញ្ជាតិ​កូរ៉េ​សម្រាប់​ការ​រស់នៅ​ស្របច្បាប់​នៅ​កូរ៉េ​ឡើយ ។

ក្រោយ​បែកបាក់​ប្តី​ជា​ជនជាតិ​កូរ៉េ គាត់​ក៏​ស្រលាញ់​គ្នា​ជាមួយ​ពលករ​ខ្មែរ​បម្រើ​ការងារ​នៅ​កូរ៉េ ហើយ​ក៏​មានកូន​ជាមួយ​គ្នា ។ ក៏​ប៉ុន្តែ​យោង​តាម​ច្បាប់​នៅ​កូរ៉េ ក៏​ដូច​ជា កិច្ចសន្យាការងារ គឺ​ពលករ​បម្រើ​ការងារ​នៅ​កូរ៉េ កាន់​វី​សារ​ប្រភេទ E9 (​ដែល​មាន​ថេរវេលា​៤​ឆ្នាំ ១០​ខែ​) គឺ​មិន​ត្រូវ​បាន​អនុញ្ញាតិ ឬ​មាន​សិទ្ធ​មានកូន​បាន​ទេ ។ តែ​បើសិនជា​ជ្រុល​មានកូន អ៊ីចឹង​កូន​នោះ​មិន​អាច​រស់​ជា​អចិន្ត្រៃយ៍​នៅ​ប្រទេស​កូរ៉េ​បាន​ទេ ដូច្នេះ​នៅ​ពេល​ក្មេង​ធំធាត់​ដល់​វ័យ​ត្រូវធ្វើ​អត្ត​សញ្ញា​បណ្ណ គឺ​ដាច់ខាត ឪពុក​-​ម្តាយ​ដែល​ជា​ពលករ​ជាប់​ធ្វើការ​នៅ​កូរ៉េ ត្រូវ​តែ​រក​សេវា​ធ្វើ​លិខិតបើកផ្លូវ និង​ផ្ទេរសិទ្ធិ​អោយ​គេ​ជួយ​យក​កូន​ទៅ​កម្ពុជា ។

លោក ឡុ​ង ឌី​ម៉​ង់ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​គឺ​កិច្ចសន្យាការងារ​គេ​បាន​កំណត់​អ៊ីចឹង​តែ​ម្តង គឺ​មិន​អោយ​មានកូន​បាន​ទេ តែបើ​ជ្រុល​ជា​មាន​ហើយ កូន​ហ្នឹង គឺ​មិន​អាច​នៅ​កូរ៉េ​បាន​ទេ បើ​ទុក​ឲ្យ​នៅ​កូរ៉េ​កូន​ហ្នឹង​នឹង​ក្លាយជា​ខុសច្បាប់ ។ បើ​ខុសច្បាប់​អត់​ក្រដាស់​ស្នាម​ទាំង​ក្មេង​មិន​ទាន់​ដឹងក្តី គឺ​មិនល្អ​ទេ ។ អ៊ីចឹង បានជា​យើង​តែងតែ​ផ្សព្វផ្សាយ​ឲ្យ​បងប្អូន​ខ្មែរ​យើង​ឲ្យ​បានដឹង​» ។

លោក​បាន​បន្ត​ថា ករណី​ប្អូនស្រី មក​រា ជា​ករណី​ស្មុគស្មាញ​ដោយសារ​តែ​គាត់​បាន​រត់​ចេញពីផ្ទះ​មុន​មាន​សាលក្រម​លែង​លៈ​ប្តី​កូរ៉េ អ​ញ្ចឹ​ង​អតីត​ប្តី​កូរ៉េ​បាន​ប្តឹង​ធ្វើ​ឲ្យ​គាត់​ត្រូវ​រស់នៅ​ខុសច្បាប់​ប្រមាណ​៥​ឆ្នាំ ដែល​ការ​រស់នៅ​ខុសច្បាប់​ប្រមាណ ៥​ឆ្នាំ​នាំ​ឲ្យ​ប្អូនស្រី កំពុង​ប្រឈម​មុខ​នឹង​ការ​ពិន័យ​ទៅ​តាម ច្បាប់​អន្តោរ​ប្រវេសន៍​កូរ៉េ ប្រមាណ​ជិត​២ ម៉ឺន​ដុល្លារ ។

លោក​បាន​បន្ត​ថា ប្អូនស្រី​មក​រា បាន​មក​កាន់​ស្ថានទូត​ជួប​រូប​លោក «​ដើម្បី​មក​ទទួល​សេវា​ធ្វើ​លិខិតបើកផ្លូវ និង​ផ្ទេរសិទ្ធិ​អោយ​គេ​ជួយ​យក​កូន​ទៅ​កម្ពុជា ដើម្បី​ខ្លួន​បាន​បន្ត​នៅ​ធ្វើការ​នៅ​កូរ៉េ រក​ថវិកា​ជួយ​ដោះស្រាយ​បញ្ហា​លំបាក​របស់​ខ្លួន​។ រឿងរ៉ាវ​របស់​គាត់​វែង​ឆ្ងាយ​ណាស់ តែ​ជា​ដំណោះស្រាយ​ស្ថានទូត​បាន​ជួយ​សម្រួល​រៀប​ឯកសារ​ជូន​គាត់ » ។

លោក​ឡុ​ង ឌី​ម៉​ង់ បាន​ឲ្យ​ដឹង​ហើយ សម្រាប់​ពលករ​ខ្មែរ​ដែល​ជ្រុល​ជា​មានកូន​ដាច់ខាត​ត្រូវធ្វើ​លិខិត​ផ្ទេរ​សិទ្ធ ពឹងពាក់​អ្នក​ណា​ដែល​គាត់​ស្គាល់​ធ្វើ​ដំណើរ​មក​ខ្មែរ យក​កូន​មក​របស់​គាត់​មក​ឲ្យ​សាច់ញាតិ​ចិញ្ចឹម​បីបាច់​នៅ​ស្រុក​ខ្មែរ​វិញ ។ លោក​ឯកអគ្គរាជទូត​បាន​បន្ត​ថា «​បើសិនជា​គាត់ (​ករណី​ប្អូនស្រី​មក​រា​) សងការ​ពិន័យ​ទៅ​លើ​ច្បាប់​អន្តោរ​ប្រវេសន៍​ហើយ គឺ​គាត់​អាច​សុំ​សិទ្ធ ឬ​អាច​រក​មេធាវី​ស្ថានទូត​ជួយ​គាត់​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឯកសារ​ឲ្យ​គាត់​មាន​សិទ្ធ​រស់នៅ​ស្របច្បាប់​ឡើង​វិញ ក្រោយ​ពី​គាត់​ទូទាត់​តាម​ច្បាប់​អន្តោរ​ប្រវេសន៍​របស់ កូរ៉េ​សិន »​។

យ៉ាងណាមិញ ករណី​ស្ត្រី​ខ្មែរ​រូប​នេះ​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ដោយសារ​តែ​គាត់​រក​ចំណូល​បាន​ត្រឹម​ជាង ៧០០ ដុល្លារ​ក្នុង​មួយ​ខែ ខណៈ​គូស្នេហ៍​ដែល​ជា​ពលករ​ខ្មែរ​នោះ​ក៏​កំពុង​បម្រើ​ការងារ​ខុសច្បាប់​នៅ​កូរ៉េ​ផង​ដែរ ។

លោក ឡុ​ង ឌឺ​ម៉​ង់ បាន​បន្ត​ថា «​ខ្ញុំ​ជឿ​ថា​នៅ​មាន​ករណី​កម្សត់​បែប​នេះ​ទៀត​នៅ​កូរ៉េ​សម្រាប់​នារី​ខ្មែរ​។ សូម​បងប្អូន​ណា​ដែល​ដឹង ជួយ​ភ្ជាប់​ទំនាក់ទំនង​មក​ឱ្យ​ស្ថានទូត​ផង​» ។ ដោយ​ក្តី​អាណិតអាសូរ លោក​ទូត​បាន​ឲ្យ​ដឹង​ថា តែ​ជា​ដំណោះស្រាយ​ស្ថានទូត​បាន​ជួយ​សម្រួល​រៀប​ឯកសារ​ជូន​គាត់ ផ្តល់​សំភារ​:​សម្រាប់​ទារក​អាយុ​៦​ខែ និង​ថវិកា​មួយ​ចំនួន​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​។

សង្ឃឹមថា​អ្វី​ៗ​នឹង​ប្រសើរ​ឡើង ហើយ​ជូនពរ​ក្មួយ​បាន​ទៅ​ដល់​កម្ពុជា​ដោយ​សុវត្ថិភាព ។ លោក​ទូត​បាន​បន្ត​ថា​នេះ​មិនមែន​ជា​ករណី​ដំបូង​ទេ គឺ​កើតជា​ប្រចាំ​ដែល​ខាង​ស្ថានទូត​តែងតែបាន​ជួយ​សម្រួល​ច្រើន​ករណី​ហើយ​ដែល​ពលករ​ខ្មែរ​កាន់​វី​សារ E9 បង្កើតកូន​នៅ​កូរ៉េ ហើយ​សុំ​ខាង​ទូត​សម្រួល​សេវា​ធ្វើ​លិខិតបើកផ្លូវ និង​ផ្ទេរសិទ្ធិ​អោយ​គេ​ជួយ​យក​កូន​មក​កាន់​ទឹកដី​កម្ពុជា​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ