ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តកំពង់ស្ពឺ គ្រោង​បង្កើត​ផ្ទះ​ស្នាក់​កម្សាន្ត នៅ​រមណីយដ្ឋាន​«​ទេ​ទឹក​ពុះ​»

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ អាជ្ញាធរ​ខេត្ត គ្រោង​បង្កើត​ផ្ទះ​ស្នាក់​កម្សាន្ត នៅ​រមណីយដ្ឋាន​ទេ​ទឹក​ពុះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ឲ្យ​មក​កម្សាន្ត នៅ​តំបន់​នេះ ឲ្យ​កាន់តែ​ច្រើន​ឡើង តាម​រយៈ​មាន​សេវាកម្ម​ផ្ទះ​ស្នាក់​នៅ​ត្រឹមត្រូវ…

ខេត្តកំពង់ស្ពឺ ៖ អាជ្ញាធរ​ខេត្ត គ្រោង​បង្កើត​ផ្ទះ​ស្នាក់​កម្សាន្ត នៅ​រមណីយដ្ឋាន​ទេ​ទឹក​ពុះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ឲ្យ​មក​កម្សាន្ត នៅ​តំបន់​នេះ ឲ្យ​កាន់តែ​ច្រើន​ឡើង តាម​រយៈ​មាន​សេវាកម្ម​ផ្ទះ​ស្នាក់​នៅ​ត្រឹមត្រូវ ។

លោក សៅ សា​រ៉​ន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​ឲ្យ​មានផ្ទះ​ស្នាក់​នៅ​នេះ គឺ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរណ៍ ដែល​មាន​បំណង​ចង់​ស្នាក់​នៅ​កម្សាន្ត ក្នុង​រមណីយដ្ឋាន​នេះ ដោយសារ​រមណីយដ្ឋាន​ទេ​ទឹក​ពុះ មានទឹក​ក្តៅ​បែប​ធម្មជាតិ ដោយ​គ្រាន់តែ​ត្រាំ​ទឹក អាច​ព្យាបាល​ជំងឺ​ជា​ច្រើន​មុខ ដូច​ជា​ជំងឺ​សើ​ស្បែក ក​ន្តួ​ល​រមាស់ ជំងឺលើសឈាម ទឹកនោមផ្អែម​ជាដើម ដែល​នេះ ជា​ជំនឿ​មាន​តាំងពី​បុរាណ​មក​ម្លេះ ។

លោក សៅ សា​រ៉​ន បាន​បន្ត​ថា បច្ចុប្បន្ន​នេះ រមណីយដ្ឋាន​ទេ​ទឹក​ពុះ មាន​ត្រឹមតែ​កញ្ចុះ សម្រាប់​អង្គុយ​លេង​បរិភោគ​អាហារ និង​ទីតាំង​ទឹក​ក្តៅ​ធម្មជាតិ​តែ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ចំនួន ភ្ញៀវ​ទេសចរណ៍ នៅ​មាន​កម្រិត​នៅឡើយ ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ បាន​ដ​បន្ថែម​ថា គម្រោង​នេះ មានការ​ចូលរួម​សហការ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ដោយ​មាន​បែប​ចែក​ទៅ​មាន​ជំនាញ​នីមួយ​ៗ ។

លោក សៅ សា​រ៉​ន ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «​មន្ទីរ​មាន​គម្រោង​រៀបចំ​សហគមន៍​នេះ​ធ្វើ​ឲ្យ​មាន Home stay ដែល​ហៅ​ថា ផ្ទះ​ស្នាក់​នៅ និង​មាន​កន្លែង​ហូប​ឆ្ងាញ់​ៗ ហើយ​ការ​រៀបចំ​នេះ គឺ​យើង​មានការ​សហការ​ជាមួយ​មន្ទីរ​ជា​ច្រើន ពាក់ព័ន្ធ​ជាមួយនឹង​មន្ទីរ​បរិស្ថាន មន្ទីរ​អភិវឌ្ឍន៍ជនបទ ដោយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ គាត់​ស្ថាបនា​ផ្នែក​បន្ទប់ទឹក​អនាម័យ កុំ​ឲ្យ​មានការ​បន្ទោ​របង់​ពាស​វាល​ពាស​កាល ហើយ​អាជ្ញាធរ​ស្រុក​អាជ្ញាធរ​ខេត្ត​នេះ ក៏​មាន​ភារកិច្ច​មួយ ដែល​គេ​ហៅ​ថា អភិវឌ្ឍន៍​ផ្លូវ ហើយ​ផ្លូវ​ឥឡូវនេះ​ធំ​ហើយ ប៉ុន្តែ​នៅ​ហុយ​នៅឡើយ ។

សូម​បញ្ជាក់​ថា រមណីយដ្ឋាន «​ទេ​ទឹក​ពុះ​» មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ពុទ្រា ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ហើយ​បើសិន​ធ្វើ​ដំណើរ​នៅ​រមណីយដ្ឋាន​នេះ យើង​ត្រូវ​ចេញពី​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចម្ងាយ​ប្រហែល​៤៨​គីឡូម៉ែត្រ យើង​នឹង​ទៅ​ដល់​ផ្សារ​កំពង់ស្ពឺ​ឆ្លងកាត់​ក្រោម​ស្ពាន​អាកាស​ថ្មើរជើង​ទៅ​ខាងលិច​ប្រហែល​២០០​ម៉ែត្រ ទៅ​ដល់​ស្ថានីយ​ប្រេង​តេ​លា រួច​បត់​ស្តាំ​ទៅ​ផ្លូវជាតិ​លេខ​៤៤ ជាង​១​គីឡូម៉ែត្រ​បត់​ទៅ​ឆ្វេង​ដៃ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ដដែល ឆ្ពោះ​ទិស​ខាងលិច​ចម្ងាយ​៥០​គីឡូម៉ែត្រ និង​ទៅ​ដល់​រង្វង់​ផ្សា​រក​ន្តួ​ត (​ទីរួមស្រុក​ឱ​រ៉ា​ល់​)​។

បន្ទាប់​មក​បន្តដំណើរ​តាម​ផ្លូវលំ​ទៅ​ទិស​ខាងលិច​ចម្ងាយ​ប្រហែល​២៦​គីឡូម៉ែត្រ និង​ទៅ​ដល់​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ «​ទេ ទឹក​ពុះ​» ដែល​ជា​កន្លែង​ទឹក​ពុះ ស្ថិត​នៅ​ក្នុងភូមិ​ពុទ្រា ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ហើយ «​ទេ ទឹក​ពុះ​» នេះ ជា​កន្លែង​រមណីយដ្ឋាន​មាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​អ្នក​ភ្នំពេញ​ទៅ​លេង​កំសាន្ត មិនតែប៉ុណ្ណោះ​ទឹក​ពុះ​នៅ​តំបន់​តេ​នេះ តាម​ជំនឿ​បុគ្គល​អាច​ព្យាបាល​ជំងឺ​ជា​សះស្បើយ​ជា​ច្រើន​មុខ​ថែម​ទៀត​ផង​។

ពាក់ព័ន្ធ​ប្រវត្តិ «​ទេ ទឹក​ពុះ​» ខ្លាច​បែក​ទ្រព្យ​ឱ្យ​កូនបង្កើត​យក​គ្នា​ជា​ប្តី​ប្រពន្ធ មាន​ប្រវត្តិ និង​ដំណាល​រឿងព្រេង​របស់​សេដ្ឋី​ម្នាក់ មានទ្រព្យ​ស្តុកស្តុ​ម្ភ តែ​បែរជា​ខ្លាច​បែក​ទ្រព្យសម្បត្តិ​របស់​ខ្លួន ដោយ​បានឱ្យ​កូនបង្កើត យក​គ្នា​ជា​ប្តី​ប្រពន្ធ ហើយ​ក៏​ត្រូវ​ព្រះធរណី​ស្រូប​យក ហើយ​ក្រោយមក​ទីនោះ ក៏​ក្លាយជា​ទឹក​ពុះ រហូត​មក​ដល់​បច្ចុប្បន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ